ម្ហូបអាហារតាមលំនាំបែបមេឌិតតេរ៉ានៀន ត្រូវបានគេពណ៌នាថា ជាចំណីអាហារដែលមានរសជាតិឆ្ងាញ់ និងជួយឲ្យមានសុខភាពល្អថែមទៀត។
នៅឆ្នាំ១៩៩៣ អង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះ Oldways, សកលវិទ្យាល័យ Harward ផ្នែកសុខភាពសាធារណៈ និងនាយកដ្ឋានអឺរ៉ុបនៃអង្គការសុខភាពពិភពលោក បានធ្វើសន្និសីទមួយនៅទីក្រុង Cambridge រដ្ឋMassachusetts សហរដ្ឋអាមេរិក ដើម្បីណែនាំ និងបង្ហាញសាធារណជនឲ្យបានស្គាល់ និងដឹងអំពីរបៀបរបបនៃការបរិភោគ ព្រមទាំងបានបង្ហាញតារាងម្ហូបអាហារ តាមលំនាំបែបមេឌិតតេរ៉ានៀន ដែលបណ្ដាប្រទេសនៅជុំវិញសមុទ្ទមេឌីទែរ៉ាណេ នាំគ្នាបរិភោគរហូតមកដល់សព្វថ្ងៃនេះ។
របាយការណ៍នៃអង្គការ Oldways.org បានឲ្យដឹងថា ចាប់តាំងពីពេលនោះមក ប្រភេទអាហារបែបមេឌិតតេរ៉ានៀននេះ បានត្រូវគេទទួលស្គាល់ជាទូទៅថា ជាចំណីអាហារដែលបរិភោគទៅនាំឲ្យមានសុខភាពល្អ និងជួយឲ្យមនុស្សមានអាយុវែង ហើយបន្ទាប់ពីនោះមក ក៏ត្រូវបានប្រជាពលរដ្ឋជាច្រើននាំគ្នាអនុវត្តតាមអស់ជាច្រើនឆ្នាំមកហើយ។ រីឯអ្នកជំនាញអប់រំផ្នែកសុខភាព ក៏បានប្រឹងប្រែងផ្សព្វផ្សាយយ៉ាងទូលំទូលាយ អំពីទម្លាប់ល្អនៃការបរិភោគអាហារដែលមានជីវជាតិសម្រាប់ទ្រទ្រង់រូបរាងកាយផងដែរ។
ម្ហូបអាហារតាមបែបមេឌិតតេរ៉ានៀន ដែលប្រជាពលរដ្ឋនៅតំបន់មេឌីទែរ៉ាណេ នាំគ្នាបរិភោគរាល់ថ្ងៃនោះ គឺមានគ្រាប់ធញ្ញជាតិ ផ្លែឈើ និងបន្លែស្រស់ ប្រេងអូលីវ cheese ឬហ្វ្រូម៉ាហ្ស យូហ្គឺត Yogurt ពពួកសណ្ដែកគ្រប់មុខ ដំឡូង នំប៉័ង អង្ករ ប៉ាស្តា សណ្ដែកដី គ្រាប់ស្វាយចន្ទីជាដើម។
សម្រាប់អាហារបរិភោគប្រចាំសប្ដាហ៍នោះ មានត្រី ហើយនិងអាហារសមុទ្ទ (Seafood) មានត្រីសមុទ្ទ បង្កង បង្គាស្រស់ ក្តាម គ្រំ ងាវ ជាដើម សាច់មាន់ និងស៊ុតមាន់ទា និងបង្អែម។ រីឯសាច់ពណ៌ក្រហម ឬអង់គ្លេសហៅថា Red meat រួមមានសាច់គោ សាច់ជ្រូកជាដើមនោះ គឺបរិភោគតិចតួចប្រមាណជា ១ខែម្ដងប៉ុណ្ណោះ។ ចំណែកស្រាក្រហមវិញ ពិសាពី ១កែវ ទៅ ២កែវ ក្នុងមួយថ្ងៃ។
ចំណុចសំខាន់ៗនៃម្ហូបអាហារតាមបែបលំនាំមេឌិតតេរ៉ានៀន ដូចបានជម្រាបខាងលើនេះ ក្រុមអ្នកជំនាញផ្នែកសុខភាពបានណែនាំបន្ថែមអំពីអត្ថប្រយោជន៍ និងរបៀបបរិភោគដូចខាងក្រោមនេះ ៖
ទី១ គ្រាប់ធញ្ញជាតិ បន្លែ និងផ្លែឈើ គួរតែបរិភោគស្ទើរតែគ្រប់ពេលអាហារ ពីព្រោះវាជាប្រភពសម្បូរទៅដោយវីតាមីន ជាតិរ៉ែ ជាតិឋាមពល និងជាតិអង់ទីអក់ស៊ីឌេន (Antioxidants) ដែលមានសារប្រយោជន៍ចំពោះសុខភាព ដូចជាជួយភ្នែក ជួយបេះដូង និងសរសៃឈាម ជួយឲ្យស្បែកល្អ ជួយពង្រឹងប្រព័ន្ធការពាររាងកាយ ទប់ទល់នឹងជំងឺផងទាំងឡាយ។ នៅក្នុងបន្លែ និងផ្លែឈើសម្បូរទៅដោយជាតិសរសៃៗពីធម្មជាតិ ដែលភាសាអង់គ្លេសហៅថា ហ្វាយប៊ឺ (fiber) ដែលជួយធ្វើឲ្យពោះវៀនដំណើរការបានល្អ ជួយការពារមិនឲ្យកើតជំងឺឫសដូងបាត និងរក្សាទម្ងន់បានជាដើម។
ទី២ បរិភោគគ្រាប់ធញ្ញជាតិឲ្យបានគ្រប់មុខ។ នៅប្រទេសកម្ពុជា គ្រាប់ធញ្ញជាតិ គឺមានសណ្ដែកដី សណ្ដែកសៀង គ្រាប់ស្វាយចន្ទី គ្រាប់ល្ពៅ គ្រាប់ល្ងជាដើម ពីព្រោះវាសម្បូរទៅដោយជាតិខ្លាញ់ល្អសម្រាប់រាងកាយ មានជាតិប្រូតេអ៊ីន និងជាតិហ្វាយប៊ឺ ដែលទាំងអស់នេះសុទ្ធតែមានសារសំខាន់សម្រាប់ការលូតលាស់នៃរាងកាយ។
ទី៣ យូហ្គឺត (Yogurt) និង ឈីស្ស៍ (cheese) ឬហ្វ្រូម៉ាហ្ស ពួកគេបរិភោគរាល់ថ្ងៃទៀងទាត់ ប៉ុន្តែក្នុងបរិមាណតិច។ ជាតិកាល់ស្យូមក្នុងយូហ្គឺត និងហ្វ្រូម៉ាហ្ស មានសារសំខាន់ធ្វើឲ្យឆ្អឹងរឹងមាំ និងជួយបេះដូង។
ទី៤ ពិសាត្រីគ្រប់មុខ មានត្រីធូណា (Tuna) ត្រីសាឌីន (Sardine) ត្រីសាលម៉ិន (Salmon) និងShellfish មានបង្កង ក្តាម បង្គា គ្រំ ងាវ ដែលជាប្រភពសម្បូរជាតិប្រូតេអ៊ីន។ ចំណែកសាច់មាន់វិញ ពួកគេបរិភោគបរិមាណតិចតួច និងជាសាច់សុទ្ធ ក្នុងមួយសប្ដាហ៍ពីមួយដងទៅពីរដង។
ទី៥ ចំពោះសុរាវិញ ពួកគេពិសារាល់ថ្ងៃ តែក្នុងបរិមាណតិចតួច គឺស្ត្រីមួយកែវ បុរសពីរកែវ។ ចំពោះអ្នកដែលប្រើថ្នាំជាប្រចាំ គេត្រូវពិភាក្សាពីវេជ្ជបណ្ឌិតជាមុនសិន។ ពិសាទឹកឲ្យបានច្រើនរាល់ថ្ងៃ ពីព្រោះជួយដល់សុខភាព កុំឲ្យក្នុងខ្លួនខ្សោះជាតិទឹក។ មនុស្សខ្លះ ខ្លួនប្រាណរបស់គេអាចពិសាទឹកបានច្រើន ប៉ុន្តែខ្លះបានតិច គឺអាស្រ័យទៅលើបុគ្គលនីមួយៗ។
ទី៦ ត្រូវមានសកម្មភាពរស់រវើកក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដូចជារត់ហាត់ប្រាណតាមរបៀបអារ៉ូប៊ីក (Aerobics) ដើររាំរែក ធ្វើកិច្ចការក្នុងផ្ទះ ឬនៅសួនច្បារក្រោយផ្ទះ មិនប្រើជណ្ដើរយន្តជាដើម។ ភាពសកម្មទាំងនេះហើយ នឹងជួយឲ្យលោកអ្នកមានសុខភាពល្អ រក្សាទម្ងន់មិនឲ្យឡើងចុះច្រើនផងដែរ។
ប្រជាពលរដ្ឋនៅតំបន់មេឌីទែរ៉ាណេ មានទម្លាប់រស់នៅប្រកបដោយសុខភាពល្អ។ ពួកគេមិនសូវចៀន ឬបំពងទេ ភាគច្រើនគឺអាំង ដូចជាសាច់ ឬបន្លែក្ដី។ ចំពោះបាយ គេនិយមពិសាអង្ករសម្រូប ដែលមិនកិនយកសំបកចេញ នំប៉័ងពណ៌ត្នោត ដែលសំបូរជាតិ ហ្វាយប៊ឺ ហើយបើពិសាប៉ាស្តាវិញ គឺគេដាក់លាយជាមួយប្រេងអូលីវ។
ទាក់ទងនឹងម្ហូបអាហារនៅក្នុងប្រទេសកម្ពុជាវិញ លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ផ្នែកកែសម្ផស្សនៅមន្ទីរពេទ្យព្រះកេតុមាលា និងជាប្រធានទស្សនាវដ្ដីសុខភាពនៅក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរភាគច្រើនចូលចិត្តបរិភោគត្រី និងបន្លែផ្លែឈើ ហើយដែលលោកគិតថា ការទទួលទានបែបនេះ គឺនាំឲ្យមានសុខភាពល្អ ៖ «សម្រាប់ប្រទេសកម្ពុជាយើង ខ្ញុំសូមទាញចំណាប់អារម្មណ៍ថា ប្រជាពលរដ្ឋខ្មែរមិនសូវនិយមសាច់ទេ ចូលចិត្តបរិភោគបន្លែ និងត្រីជាអាហារចម្បង។ ដូចនេះពួកគាត់អាចបន្តទទួលទានតាមទំនៀមទម្លាប់ខ្មែរតទៅទៀត ដូចជាសាច់ត្រី បន្លែបង្ការ នៅជុំវិញផ្ទះ និងផ្លែឈើ ដែលយើងមាននៅក្នុងដី និងភូមិរបស់យើង។ បើស្ត្រីខ្មែរអាចទទួលទានទាំងអស់នោះបាន គឺជួយឲ្យសុខភាពល្អ»។
របាយការណ៍នៃអង្គការ Oldways.org ដដែលបន្តថា ទម្លាប់នៃការទទួលទានអាហាររបស់ប្រជាពលរដ្ឋ នៅបណ្ដាប្រទេសនៅជុំវិញសមុទ្ទមេឌីទែរ៉ាណេនេះ គឺជាលំនាំតាមបែបម្ហូបអាហារស្រដៀងទៅនឹងការណែនាំដោយសមាគមផ្នែកបេះដូងនៅសហរដ្ឋអាមេរិក ដែលបញ្ជាក់លទ្ធផលថា ការបរិភោគពពួកចំណីអាហារបែបនេះ អាចជួយកាត់បន្ថយនូវអត្រាកើតជំងឺបេះដូង ជំងឺមហារីកកាត់បន្ថយភាពតានតឹងក្នុងជីវិតរស់នៅ ដែលមានសារសំខាន់សម្រាប់សុខភាពទាំងផ្នែករូបរាងកាយ និងស្មារតី៕
