មូលហេតុដែលនាំអោយស្ត្រីមានចំនួនតិចចូលរៀនមុខវិជ្ជាវិទ្យាសាស្ត្រនយោបាយ
2012.11.10
វិទ្យាសាស្ត្រនយោបាយ គឺជាមុខវិជ្ជាសំខាន់មួយសម្រាប់អ្នកដែលចង់ស្វែងយល់ពីវិស័យនយោបាយ ជាពិសេសសម្រាប់អ្នកដែលចង់ចូលរួមការងារក្នុងជួរអ្នកគ្រប់គ្រងរដ្ឋ ពោលគឺការចូលប្រឡូកក្នុងឆាកនយោបាយដឹកនាំប្រទេស។
នៅក្នុងបរិបទកម្ពុជា បច្ចុប្បន្ន មុខវិជ្ជាវិទ្យាសាស្ត្រនយោបាយហាក់ពុំត្រូវគេចាប់អារម្មណ៍ច្រើនឡើយ ហើយយុវតីដែលចាប់យកមុខវិជ្ជានេះ គឺកាន់តែតិចតួចទៅទៀត។ មានមូលហេតុមួយចំនួនត្រូវបានបញ្ជាក់ពីប្រការនេះ។
និស្សិតឆ្នាំទី៤ ផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យខេមរៈ កញ្ញា ចាន់ ម៉ាឡែន បានអោយដឹងថា នាងបានចូលរៀនដោយចិត្តស្រឡាញ់ ចង់ចេះចង់ដឹងច្រើនពីសង្គម និងចង់ក្លាយជាអ្នកដឹកនាំមួយរូប។ បើទោះជាយ៉ាងណា ម៉ាឡែន បញ្ជាក់ថា ការចាប់យកមុខវិជ្ជានេះ គឺត្រូវប្រាប់ខ្លួនឯងទុកជាមុនថា អាចប្រឈមនឹងការលំបាកក្នុងការរកការងារធ្វើបន្ទាប់ពីបញ្ចប់ការសិក្សា។
និស្សិតម្នាក់ទៀតកំពុងរៀនឆ្នាំទី៤ ផ្នែកទំនាក់ទំនងការទូតនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ កញ្ញា ផៃ ផារី បានលើកឡើងថា មិត្តភ័ក្ដិនារីរបស់នាងភាគច្រើន បានចាប់យកមុខវិជ្ជាដែលអាចរកប្រាក់បានងាយស្រួល និងមិនសូវប្រើប្រាស់ពេលវេលាសម្រាប់កិច្ចការសង្គមច្រើន។
អត្ថបទនៅក្នុងគេហទំព័រវីឃីផេឌា (Wikipedia) បានបញ្ជាក់ថា មុខវិជ្ជាវិទ្យាសាស្ត្រនយោបាយ គឺផ្នែកមួយនៃវិទ្យាសាស្ត្រសង្គមដែលត្រូវបែងចែកជាបីផ្នែកសំខាន់ ក្នុងនោះរួមមាន ទស្សនវិជ្ជានយោបាយ ការប្រៀបធៀបនយោបាយ និងទំនាក់ទំនងការទូត។
ពាក្យ "នយោបាយ" មានឫសគល់ចេញពីភាសាក្រិក ថា ប៉ូលីទិកា (Politica) ដែលមានន័យថា កិច្ចការទំនាក់ទំនងការងារក្នុងសង្គម។ ទស្សនវិទូជាច្រើន បានឲ្យនិយមន័យ "វិទ្យាសាស្ត្រនយោបាយ" ថា ជាការសិក្សាស្រាវជ្រាវទៅលើដំណើរការគោលនយោបាយ និងរចនាសម្ព័ន្ធនៃរដ្ឋាភិបាលមួយ ឬស្ថាប័ននយោបាយមួយ និងអាចនិយាយបានថា គឺជាវិទ្យាសាស្ត្រដែលសិក្សាអំពីជីវិតនយោបាយសង្គមចំពោះគ្រប់បាតុភូតនយោបាយទាំងអស់។
និស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រ កញ្ញា ផៃ ផារី បានលើកឡើងថា ក្មេងស្រីហាក់ពុំទទួលបានការគាំទ្រទេនៅពេលគេមានទឹកចិត្តចង់ចូលរៀនមុខវិជ្ជាវិទ្យាសាស្ត្រនយោបាយ។
អ្នកវិភាគពីបញ្ហាសង្គម អ្នកស្រី ជា វណ្ណាត មានប្រសាសន៍ថា សេដ្ឋកិច្ចគ្រួសារក៏ជាកត្តាមួយដែរ ដែលជំរុញអោយសង្គមគ្រួសារខ្មែរត្រូវតម្រែតម្រង់ផ្លូវកូនស្រីអោយសិក្សាមុខវិជ្ជាដែលជួយគ្រួសារបានច្រើន ពោលគឺឃ្លាតឆ្ងាយពីការយកចិត្តទុកដាក់លើបញ្ហាសង្គម។ អ្នកស្រី ជា វណ្ណាត បន្តថា មានក្មេងស្រីដ៏តិចតួចបំផុត បានសម្រេចគោលបំណងដែលពួកគេប្រាថ្នាក្នុងការចូលប្រឡូកក្នុងវិស័យនយោបាយ។
បច្ចុប្បន្ន កម្ពុជា មានយុវជនសរុបចំនួន ៣៣% នៃប្រជាជនសរុប គឺស្មើនឹងជាង ៤លាននាក់ ក្នុងចំណោមនោះ គឺមានយុវជន ១% បានចូលរៀនឧត្ដមសិក្សា។ បើទោះជាយ៉ាងណា ពុំមានរបាយការណ៍ជាក់លាក់ពីចំនួនក្មេងស្រីដែលបន្តការសិក្សាដល់មហាវិទ្យាល័យឡើយ។
សកលវិទ្យាធិការសាកលវិទ្យាល័យខេមរៈ លោក សុខ ទូច មានប្រសាសន៍ថា និស្សិតស្រីដែលបានទៅរៀនមុខជំនាញវិទ្យាសាស្ត្រនយោបាយមានតិចតួច។ លោកបន្តថា មុខវិជ្ជាដែលពួកគេចូលចិត្តរៀន គឺទំនាក់ទំនងការទូត។
លោក សុខ ទូច បន្តថា ក្នុងបរិបទនយោបាយកម្ពុជា ស្ត្រីគឺមានអំណាចដែលមិនចេញមុខ ហើយអំណាចទាំងនោះពួកគេតែងទទួលបានទៅតាមតំណែង និងតួនាទីរបស់ប្ដី។ បើទោះជាយ៉ាងណា ការជ្រើសរើសរៀនមុខវិជ្ជាណាមួយក្នុងចំណោមមុខវិជ្ជាដែលស្ថិតក្នុងចង្កោមវិទ្យាសាស្ត្រនយោបាយ គឺអាចជួយអោយពួកគេដែលបញ្ចប់ការសិក្សា បានយល់ដឹងស៊ីជម្រៅពីវិស័យនយោបាយ ដែលបង្កភាពងាយស្រួលដល់ពួកគេក្នុងការចូលប្រឡូកក្នុងវិស័យនេះ ដោយមានទំនុកចិត្ត និងជោគជ័យ។
តាមបទពិសោធន៍ក្នុងការសិក្សាវិទ្យាសាស្ត្រនយោបាយ គេត្រូវពឹងផ្អែកជាដំបូងទៅលើចំណង់ចំណូលចិត្ត ហើយដើម្បីបណ្ដុះគំនិតនេះចាំបាច់ត្រូវអានសៀវភៅច្រើន និងបំពេញការងារសង្គមញឹកញាប់។
និស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រ កញ្ញា ផៃ ផារី បញ្ជាក់ថា យុវនារីដែលមានគោលដៅចូលរៀនវិទ្យាសាស្ត្រនយោបាយ ត្រូវចាប់ផ្ដើមអានសៀវភៅអោយបានច្រើនទៅតាមលទ្ធភាព។
បើទោះជាយ៉ាងណា យុវតីដែលសិក្សាវិទ្យាសាស្ត្រនយោបាយ បានអោយដឹងប្រហាក់ប្រហែលគ្នាថា អ្នកសិក្សាផ្នែកនេះច្រើនអ្នកមានសាច់ញាតិជាអ្នកនយោបាយ អ្នកមានតួនាទីធំដំក្នុងជួរអ្នកដឹកនាំ ឬជាអ្នកមានទ្រព្យធន ដែលអាចជួយយឹតយោងពួកគេអោយសម្រេចគោលដៅក្នុងការចូលប្រឡូកក្នុងឆាកនយោបាយ ឬប្រែក្លាយខ្លួនទៅជាអ្នកដឹកនាំដោយជោគជ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។