មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារកឃើញថាស្ត្រីមានជម្លោះដីធ្លីភាគច្រើនមានជំងឺផ្លូវចិត្ត
2016.10.07
មជ្ឈមណ្ឌលសិទ្ធិមនុស្សរកឃើញថា ភាគច្រើននៃស្ត្រីដែលមានជម្លោះដីធ្លីកំពុងមានបញ្ហាផ្លូវចិត្តញាំញីធ្ងន់ធ្ងរ។ ក្នុងរបាយការណ៍ស្រាវជ្រាវរបស់មជ្ឈមណ្ឌលនេះរកឃើញថា ស្ត្រីអ្នករងគ្រោះផ្ទាល់ពីជម្លោះដីធ្លី ដោយបាត់បង់មុខរបរ និងកើតមានអំពើហិង្សាក្នុងគ្រួសារជាដើម។ មន្ត្រីរដ្ឋាភិបាលហៅរបាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ថា មើលឃើញតែមួយជ្រុង និងពុំបានមើលឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល។ បើទោះជាយ៉ាងណា មន្ត្រីរដ្ឋាភិបាលក៏បានសន្យាថា នឹងនាំយកបញ្ហាដែលស្ត្រីជួបប្រទះទៅពិភាក្សាដើម្បីរកលទ្ធភាពជួយដោះស្រាយ។
ស្ត្រីដែលមានជម្លោះដីធ្លីជាង ៩០ភាគរយនៃអ្នកដែលបានផ្ដល់សម្ភាសបានរាយការណ៍ថា សុខភាពផ្លូវចិត្តរបស់ពួកគាត់មានបញ្ហាដោយសារតែទំនាស់ដីធ្លី ស្របពេលដែលជិត ៥០ភាគរយនៃចំនួននោះធ្លាប់គិតចង់បញ្ចប់ជីវិតខ្លួន។
របាយការណ៍កម្រាស់ ៣១ទំព័ររបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ត្រូវបានផ្សព្វផ្សាយកាលពីចុងខែកញ្ញា បន្ទាប់ពីបានសាកសួរស្ត្រីចំនួន ៦០០នាក់ នៅក្នុងសហគមន៍ចំនួន២២ នៅក្នុងរាជធានីភ្នំពេញ និងនៅតាមខេត្តចំនួន១២។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព មានប្រសាសន៍ថា របាយការណ៍នេះជាលទ្ធផលនៃការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ដែលអាចយកជាមូលដ្ឋានសម្រាប់ការសិក្សាបន្ថែមទៀត ឬសម្រាប់ភាគីពាក់ព័ន្ធយកទៅពិភាក្សាដើម្បីរកដំណោះស្រាយ៖ «ការស្ទាបស្ទង់មតិនេះក្នុងគោលបំណងមួយ ដើម្បីកុំអោយថា ក្នុងនាមអង្គការសង្គមស៊ីវិលនេះយើងចេះតែរិះគន់ ឬក៏ចេះតែលើកមកថា មានបញ្ហាទំនាស់ មានបញ្ហាអ៊ីចេះដែលកើតឡើងចំពោះស្ត្រី ប៉ុន្តែយើងអត់បានធ្វើការស្រាវជ្រាវអោយបានលំអិត»។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រកឃើញថា មានផលប៉ះពាល់ធំៗចំនួន ៧ចំណុច ដែលកើតចេញពីទំនាស់ដីធ្លី ហើយជះឥទ្ធិពលទៅលើស្ត្រីក្នុងនោះរួមមានការរំលោភបំពានលើសិទ្ធិដីធ្លី ការយាយីគំរាមកំហែងពីសំណាក់អាជ្ញាធរ និងស្ថាប័នឯកជន អសុវត្ថិភាពផ្នែកសេដ្ឋកិច្ច ផលប៉ះពាល់លើទំនាក់ទំនងគ្រួសារអំពើហិង្សាក្នុងគ្រួសារ កុមារ និងផលប៉ះពាល់ផ្នែកចិត្តសាស្ត្រ។ ស្ត្រីចំនួនជាងពាក់កណ្ដាល ឬស្មើនឹងជាង ៥២ភាគរយ (៥២,៤) មានគំនិតថា ការកាន់កាប់ដីធ្លីរបស់ពួកគាត់គ្មានសុវត្ថិភាពដែលជាក្ដីបារម្ភធំបំផុតរបស់ស្ត្រី។
ស្ត្រីដែលត្រូវបានសម្ភាសស្ទើរគ្រប់គ្នាបារម្ភថា អាចនឹងត្រូវគេបណ្ដេញចេញពីដីធ្លីដោយសារតែពុំមានប័ណ្ណកម្មសិទ្ធិផ្លូវការ។ ក្នុងករណីនេះដែរ ស្ត្រីចំនួនជាង ២០ភាគរយ ឬស្មើនឹងចំនួន ១៤៩នាក់ត្រូវបានបណ្ដេញចេញពីផ្ទះដោយបង្ខំ ឬប្រើហិង្សា និងភាគច្រើនមិនបានសំណង។ ក្នុងចំណោមអ្នកដែលត្រូវបណ្ដេញចេញស្ទើរតែទាំងអស់ទទួលបានលំនៅឋាននៅតំបន់ទីតាំងថ្មី ជាទីដែលស្ត្រីបន្តទទួលរងការរំលោភបំពានសិទ្ធិ ដោយខ្វះខាតហេដ្ឋារចនាសម្ពន្ធ និងក្ដីបារម្ភពីការបណ្ដេញចេញជាថ្មីទៀត។
របាយការណ៍ដដែលរកឃើញទៀតថា ស្ត្រីដែលធ្លាប់មានវិវាទដីធ្លីស្ទើរតែទាំងអស់ទទួលរងការគំរាមកំហែង ការយាយី ឃាត់ខ្លួន ឬអំពើហិង្សាពីសំណាក់អាជ្ញាធរ ឬក្រុមហ៊ុនសម្បទានដី រួមទាំងកម្លាំងសន្តិសុខឯកជន ឬបុគ្គលិកក្រុមហ៊ុន។ ទាក់ទិននឹងសេដ្ឋកិច្ចគ្រួសារវិញ មជ្ឈមណ្ឌលរកឃើញថា ស្ត្រីភាគច្រើនអះអាងថា វិវាទដីធ្លីបានប៉ះពាល់ដល់ពួកគាត់ដោយសារប្រាក់ចំណូលថយចុះ ពិបាករកអាហារគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់គ្រួសារ និងតម្រូវការថ្នាំសង្កូវ។ ជារឿយៗបុរសជាអ្នកធ្វើចំណាកស្រុក ស្ត្រីជាអ្នកទទួលបន្ទុកផ្គត់ផ្គង់គ្រួសារ និងរ៉ាប់រងការងារជំនួសបុរស។ បញ្ហានេះជំរុញអោយស្ត្រីស្ទើរពាក់កណ្ដាលបានខ្ចីប្រាក់ពីធនាគារ។ ក្នុងនោះស្ត្រីជាងកណ្ដាលបានទទួលស្គាល់ថា វិវាទដីធ្លីបានធ្វើអោយប៉ះពាល់ទំនាក់ទំនងគ្រួសារ ដោយសារពួកគេខ្វាយខ្វល់តែពីរឿងដីធ្លី។ លើសពីនេះ ស្ត្រីដែលមានគ្រួសារចំនួន ២៣ភាគរយបានកំណត់ខ្លួនឯងថា ជាជនរងគ្រោះនៃអំពើហិង្សាក្នុងគ្រួសារ ដែលបញ្ហានេះពួកគេពុំធ្លាប់ជួបនៅមុនពេលពួកគេមានវិវាទដីធ្លី។ អ្នកម្ដាយជាច្រើនដែលបានផ្ដល់សម្ភាសបញ្ជាក់ថា បានប្រើហិង្សាទៅលើកូនៗ ដោយសារអារម្មណ៍ខឹងសម្បាបន្ទាប់ពីមានវិវាទដីធ្លី។ កុមារត្រូវបង្ខំអោយបោះបង់ការសិក្សាទៅជួយរកចំណូលសម្រាប់គ្រួសារ ហើយនេះក៏ជាកត្តាជំរុញអោយកើនឡើងនូវពលកម្មកុមារ។
លោកស្រី រ៉ែម ផលចាន់លី តំណាងអោយអ្នកមានជម្លោះដីធ្លីមកពីស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ លោកស្រីកំពុងមានជំងឺដោយសារបញ្ហាដីធ្លីចេះតែអូសបន្លាយជាច្រើនឆ្នាំ ហើយចុងក្រោយគឺនៅចុងឆ្នាំ២០១៥ និងដើមឆ្នាំ២០១៦ លោកស្រីត្រូវបង្ខំបណ្ដេញចេញពីផ្ទះដោយការដុតបំផ្លាញ៖ «មួយថ្ងៃៗដឹងតែដើរប្ដឹង ដើរដាក់គ្រប់ស្ថាប័នទាំងអស់ ក៏ប៉ុន្តែគេមិនដែលអើពើពីការទុក្ខលំបាករបស់ពួកខ្ញុំទេ។ ទោះបីជាខ្ញុំខំស្រែកយ៉ាងណាក៏គ្មានក្ដីមេត្តាដែរ»។
ធ្លាប់ជាគ្រូបង្រៀនមួយរូបនៅក្នុងឃុំឡពាង ខេត្តកំពង់ឆ្នាំង អ្នកស្រី អ៊ុំ សុភី ថ្លែងថា ដោយសារជម្លោះដីធ្លីជីវភាពគ្រួសារអ្នកស្រីបានធ្លាក់ចុះខ្លាំង៖ «កូនតូចៗ (ពីមុន) មិនធ្លាប់ស្គាល់ទេរសជាតិនៃការកាប់ជន្លេន។ កាប់ជន្លេនលក់មួយថ្ងៃជួនកាលអត់បានអង្ករមួយគីឡូផង។ ឥឡូវនេះទៀត ដំណោះស្រាយសម្រាប់ពួកខ្ញុំអត់ឃើញមានអ្វីដែលរីកចម្រើនទេ»។
ឆ្លើយតបនឹងការលើកឡើង និងការរកឃើញរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នេះ អគ្គនាយករងនៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក វុឌ្ឍី វណ្ណារ៉ា បានរិះគន់របាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ថាពុំមានភាពត្រឹមត្រូវនៅឡើយ។ លោកជំរុញអោយមជ្ឈមណ្ឌលនេះផ្ទៀងផ្ទាត់ឡើងវិញ និងត្រូវទទួលស្គាល់ការប្រឹងប្រែងរបស់អាជ្ញាធរ៖ «ថាតើមានបានយោងទេ រដ្ឋាភិបាលបានធ្វើអីខ្លះ? ឆ្នាំ២០១២ និង២០១៣ ចុះបញ្ជីដីធ្លីតាមបទបញ្ជាលេខ០១ គឺបានជូនដោះស្រាយបញ្ហាប្រជាជនច្រើនណាស់ ក្នុងនោះរួមមានទាំងស្រ្តីផងដែរ។ ដល់របាយការណ៍សរសេរអ៊ីចឹង ដល់ទៅថ្ងៃក្រោយគេបានរបាយការណ៍ហ្នឹងមកក៏ថា អាហ្នឹងទៀតហើយ។ អ៊ីចឹងកន្លែងខ្លះរបាយការណ៍មិនបានឆ្លុះបញ្ចាំងការពិតពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលក៏ដូចជាដៃគូ»។
បើទោះជាយ៉ាងណា លោក វុឌ្ឍី វណ្ណារ៉ា ក៏បានស្នើអោយពលរដ្ឋដែលមានជម្លោះដីធ្លីព្យាយាមអត់ធ្មត់រង់ចាំដំណោះស្រាយពីអាជ្ញាធរ៖ «ការដោះស្រាយវិវាទមិនអាចធ្វើតាមអ្វីដែលយើងចង់បានទេ អ៊ីចឹងយើងត្រូវតែព្យាយាម។ ក្រសួងដែនដីមានតួនាទីសម្របសម្រួលលើការងារដីធ្លី ព្រោះដីធ្លីជាការងារដែលមានចរិតអន្តរវិស័យ ជាពិសេសការងារដោះស្រាយទំនាស់ត្រូវមានការចូលរួមទាំងអស់គ្នា ទាំងអាជ្ញាធរសមត្ថកិច្ច ទាំងបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ»។
ជាស្ត្រីដែលបានឆ្លងកាត់ជម្លោះដីធ្លី ការតវ៉ារាប់លើកមិនអស់ និងធ្លាប់ជាប់ពន្ធនាគារ អ្នកស្រី យ៉ោម បុប្ផា ដែលតំណាងអោយសហគមន៍ដីធ្លីបឹងកក់ ថ្លែងថា ជម្លោះដីធ្លីអូសបន្លាយរយៈពេលវែងបានធ្វើអោយពួកគាត់ជាស្ត្រីមេផ្ទះជួបការលំបាកជាច្រើន មានទាំងការឈ្លោះប្រកែកក្នុងគ្រួសារ ការលែងលះគ្រួសារ ធ្លាក់ខ្លួនឈឺ មានអ្នកសម្លាប់ខ្លួន និងជាប់ពន្ធនាគារ។
អ្នកស្រី យ៉ោម បុប្ផា ស្នើអោយអាជ្ញាធរពាក់ព័ន្ធ ជាពិសេសក្រសួងកិច្ចការនារី យកចិត្តទុកដាក់ចំពោះបញ្ហាដែលស្ត្រីមានជម្លោះដីធ្លីជួបប្រទះ៖ «អ៊ីចឹងខ្ញុំសុំអោយក្រសួងកិច្ចការនារីគួរតែពិនិត្យហិង្សាក្នុងគ្រួសារ ហិង្សាពីសំណាក់ក្រុមហ៊ុន ពីសំណាក់កងកម្លាំងដែលបម្រើក្រុមហ៊ុន។ ដូច្នោះគួរតែក្រសួងកិច្ចការនារី សួរថា ឥឡូវហ្នឹងស្ត្រីតំណាងបឹងកក់ ជាប់គុកបានទៅសួរថា មូលហេតុអី កើតអីបានគាត់ជាប់អត់? គឺអត់ដែលមានទាល់តែសោះ»។
ឆ្លើយតបនឹងការលើកឡើងនេះ អគ្គនាយករងអភិវឌ្ឍន៍សង្គមនៃក្រសួងកិច្ចការនារី អ្នកស្រី សាខឿន សាវ៉ាតឌី មានប្រសាសន៍ថា នឹងនាំយកបញ្ហានេះទៅពិភាក្សាជាមួយមន្ត្រីជំនាញពាក់ព័ន្ធដើម្បីរិះរកមធ្យោបាយ៖ «ចុះមកហ្នឹងខ្ញុំមិនមែនចុះមកទទេ។ ខ្ញុំធ្វើរបាយការណ៍ទៅជូនគាត់វិញ ហើយនិងលើកសំណូមពរដែលលោក លោកស្រីជួបប្រទះ។ តើក្រសួងកិច្ចការនារីហ្នឹងដែលកន្លងមកមិនបានជួយទៅដល់លោកស្រីហ្នឹង ឥឡូវជួយបានអ្វីទៅមុខទៀតខ្លះ? យើងត្រូវតែមើលទៅអ្វីដែលជាវិជ្ជមានខ្លះ»។
ក្រុមស្ត្រីដែលមានជម្លោះដីធ្លីក៏បានស្នើទៅឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា អោយជួយអន្តរាគមន៍ដោះស្រាយជម្លោះដីធ្លី ដើម្បីបញ្ចប់បញ្ហាដែលកើតឡើងចំពោះពួកគេ និងគ្រួសារ។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក ច្សច អេដហ្គា (George Edgar) មានប្រសាសន៍តបថា លោកនឹងបន្តការងារជាមួយរដ្ឋាភិបាលបន្តទៀតដើម្បីរកមធ្យោបាយជួយទៅដល់ជនរងគ្រោះដោយសារជម្លោះដីធ្លី៖ «យើងបានជំរុញដល់រដ្ឋាភិបាល និងក្រុមហ៊ុន អោយមានការជួបប្រាស្រ័យជាមួយខាងសហគមន៍ ដើម្បីស្វែងរកដំណោះស្រាយសមរម្យ ផ្ដល់សំណងសមរម្យ ដើម្បីអោយប្រជាជនគាត់អាចទ្រទ្រង់ជីវភាពរស់នៅរបស់ពួកគាត់បាន»។
ក្រៅពីបង្ហាញរបាយការណ៍ពីស្ត្រីនៅក្នុងជម្លោះដីធ្លីនៅកម្ពុជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏បានចេញផ្សាយប្រវត្តិថ្មីៗរបស់សកម្មជន និងសហគមន៍ពាក់ព័ន្ធនឹងដីធ្លីចំនួន ១០ នៅក្នុងខេត្តចំនួន៨ នៅកម្ពុជា។ ប្រវត្តិករណីដីធ្លីទាំង ១០ នោះជាការបញ្ចប់ការចងក្រងជីវប្រវត្តិដីធ្លីដែលលើកឡើងនូវទំនាស់ដីធ្លីសរុបចំនួន ៣០ករណី នៅក្នុងខេត្តចំនួន១៥ និងរាជធានីភ្នំពេញ ដែលមានសហគមន៍ និងសកម្មជនពាក់ព័ន្ធនឹងជម្លោះដីធ្លីជាច្រើនបានរងការរំលោភបំពានដីធ្លី និងសិទ្ធិមនុស្សពីសំណាក់អាជ្ញាធរ និងវិស័យឯកជន៕