តួនាទី​ស្ត្រី​បច្ចុប្បន្ន​មាន​ការ​ផ្លាស់ប្ដូរ​ច្រើន

តួនាទី​ស្ត្រី​ជា​ភរិយា​បច្ចុប្បន្ន​នេះ​មាន​ការ​ផ្លាស់ប្ដូរ​យ៉ាង​ខ្លាំង​ក្នុង​សង្គម​កម្ពុជា។

0:00 / 0:00

តួនាទី​ស្ត្រី​ខ្មែរ​នៅ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន​មាន​ការ​ផ្លាស់ប្ដូរ​ច្រើន។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា បាន​អះអាង​ថា ជា​ប្រពៃណី និង​ទំនៀម​ទម្លាប់​ខ្មែរ​ពី​ដើម​មក ស្ត្រី​រៀបការ​ហើយ​គឺ​គ្រាន់តែ​ក្លាយ​ជា​ភរិយា ជា​ស្ត្រី​មេផ្ទះ មើល​ថែ​រក្សា​កូន រៀបចំ​ទុក​ដាក់​ផ្ទះសម្បែង ចម្អិន​ម្ហូប​អាហារ និង​ចាត់ចែង​សន្សំ​លុយ​កាក់​ដែល​ប្តី​រក​បាន។ ប៉ុន្តែ​សព្វថ្ងៃ​នេះ ស្ត្រី​ត្រូវ​ធ្វើការ​រក​ប្រាក់​ចំណូល​សម្រាប់​ក្នុង​គ្រួសារ​បន្ថែម​ទៅ​នឹង​កិច្ចការ​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​ផ្ទះ។

លោកស្រី ធីដា ឃិះ នាយិកា​អង្គការ​សីលការ និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ដើម្បី​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​អំពី​ការ​ផ្លាស់ប្ដូរ​តួនាទី​របស់​ស្ត្រី​ខ្មែរ​បច្ចុប្បន្ន​នេះ ៖ «ផ្លាស់ប្ដូរ​ច្រើន។ សង្គម​ខ្មែរ​មិន​មែន​ស្ត្រី​នៅ​ចាំ​ផ្ទះ​ឲ្យ​ប្ដី​រក​ស៊ី​ចិញ្ចឹម ធ្វើការ​នៅ​ក្នុង​ផ្ទះ​តែប៉ុណ្ណោះ​ទេ។ ស្ត្រី ៧០ ទៅ ៨០% ចេញ​ទៅ​រក​ស៊ី​ចិញ្ចឹម​គ្រួសារ​ដែរ ហើយ​ការងារ​ផ្ទះ​នៅ​ធ្វើ​ដដែល ទាំង​ចេញ​ទៅ​រក​ស៊ី និង​ធ្វើការ​ក្នុង​ផ្ទះ...»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ត​ថា ទោះ​បី​ថា​តួនាទី​របស់​ស្ត្រី​មាន​ការ​ផ្លាស់ប្ដូរ​ក៏​ពិត​មែន ក៏​ប៉ុន្តែ​តួនាទី​របស់​បុរស​ជា​ស្វាមី​ហាក់​ដូច​ជា​នៅ​មិន​ទាន់​មាន​ការ​ផ្លាស់ប្ដូរ​នៅ​ឡើយ​ទេ។ បុរស​មួយ​ចំនួន​ច្រើន​យល់​ឃើញ​ថា ការងារ​នៅ​ក្នុង​ផ្ទះ​ជា​ការងារ​កំប៉ិកកំប៉ុក​របស់​ស្រី​ភេទ ហើយ​មាន​បុរស​ខ្លះ​ថា ស្ត្រី​មាន​ការ​ប៉ិនប្រសព្វ​ច្រើន​ក្នុង​ការ​ធ្វើ​កិច្ចការ​ទាំង​នោះ។

លោកស្រី ធីដា ឃិះ បញ្ជាក់​ថា ប្រការ​ដែល​បុរស​ជា​ប្ដី​មិន​បាន​គិតគូរ ឬ​ចែក​រំលែក​ជួយ​ការងារ​នៅ​ផ្ទះ​ទាំង​នោះ គឺ​ជា​ឧបសគ្គ​ដែល​រារាំង​ស្ត្រី​មិន​អាច​បង្កើន​សមត្ថភាព ឬ​ចូល​រួម​សកម្មភាព​ក្នុង​សង្គម​បាន​ច្រើន ៖ «ខាង​បុរស​នៅ​ពុំ​ទាន់​ប្រែប្រួល ផ្លាស់ប្ដូរ​ឥរិយាបថ​ក្នុង​ការ​ជួយ​កិច្ចការ​របស់​ប្រពន្ធ​នៅ​ឡើយ។ នេះ​ជា​ការ​បន្ទុក​លើ​ស្ត្រី និង​ជា​ការ​រើសអើង​ដែល​ស្ត្រី​មិន​អាច​ទៅ​រៀន មិន​អាច​ចូល​រួម​ការងារ​ក្នុង​សង្គម ដោយសារ​តែ​បន្ទុក​ធ្ងន់​ខ្លាំង...»

ទោះបីជា​តួនាទី​របស់​ស្ត្រី​ខ្មែរ​បច្ចុប្បន្ន​មាន​ការ​ផ្លាស់ប្ដូរ​ក្នុង​គ្រួសារ ស្ត្រី​ត្រូវ​ធ្វើការ​រក​ប្រាក់​ចំណូល និង​បំពេញ​ការងារ​នៅ​ក្នុង​ផ្ទះ​ក៏ដោយ ក៏​ប៉ុន្តែ​ដោយសារ​តែ​ប្រពៃណី និង​ទំនៀម​ទម្លាប់​ក្នុង​សង្គម​គ្រួសារ​កន្លង​មក គេ​នៅ​តែ​រំពឹង​ចង់​បាន​ឲ្យ​ស្ត្រី​មាន​ឫក្សពារ​សុភាព​រាបសា មាន​សេចក្ដី​ថ្លៃថ្នូរ​ដើម្បី​ផ្ដល់​កិត្តិយស​ដល់​ក្រុម​គ្រួសារ។ ស្ត្រី​ត្រូវ​តែ​ខិតខំ​តស៊ូ ទ្រាំ​ការ​លំបាក​គ្រប់​បែប​យ៉ាង ទោះ​បី​ជា​រង​ការ​វាយ​ធ្វើ​បាប​ពី​ប្ដី​ខាង​ផ្នែក​ផ្លូវ​កាយ ផ្លូវ​ចិត្ត និង​លុយ​កាក់​ក៏ដោយ។

ទាក់ទង​នឹង​បញ្ហា​ថវិកា​ក្នុង​គ្រួសារ​នេះ លោកស្រី ឈុំ សារ៉ានី ប្រធាន​ការ​គាំទ្រ​អង្គការ​សង្គម​ស៊ីវិល​បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា បញ្ហា​ប្រាក់​កាស​នេះ​គឺ​ជា​ចំណែក​មួយ​ដ៏​ធំ​ដែរ​សម្រាប់​សុភមង្គល​ក្នុង​គ្រួសារ​នីមួយៗ ៖ «ជា​ធម្មតា​ទេ ពាក់ព័ន្ធ​នឹង​លុយ​កាក់​នេះ​ទាល់​តែ​មាន​លុយ​ដែរ​ទើប​អាច​រស់​នៅ​បាន​សុខ​ស្រួល​ដែរ។ ក៏ប៉ុន្តែ​ពិបាក​ដែរ ដោយ​សង្គម​យើង​សព្វថ្ងៃ​នេះ​វា​ជា​សង្គម​ជឿនលឿន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​បុរសៗ​ដែល​សម្បូណ៌​លុយ​ធ្វើ​ផ្ដេសផ្ដាស​ទៅ នាំ​ឲ្យ​មាន​បញ្ហា​ក្នុង​គ្រួសារ មាន​ការ​សងសឹក​គ្នា...»

លោក យ៉ែម កូវ មេ​ឃុំ​កំពាន់ ស្រុក​មេមត់ ខេត្ត​កំពង់ចាម បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​ទូរស័ព្ទ​ថា នៅ​ក្នុង​ឃុំ​របស់​គាត់​ពុំ​មាន​បញ្ហា​រឿង​លុយ​កាក់​ក្នុង​គ្រួសារ​ទេ។ ដោយ​ឡែក​ក្នុង​ក្រុម​គ្រួសារ​របស់​គាត់​ផ្ទាល់ នៅ​ពេល​ដែល​គាត់​រក​បាន​ប្រាក់​ចំណូល​មក គាត់​តែងតែ​ប្រគល់​ឲ្យ​ភរិយា​ទុក​ដាក់។

ក្នុង​ប្រទេស​កម្ពុជា ក្នុង​ចំណោម​ពលរដ្ឋ​សរុប​ទាំង​អស់​ជាង ១៤​លាន​នាក់ គឺ​មាន​អត្រា​ស្ត្រី​ជាង ៥២% ហើយ​ដែល​ស្ត្រី​ទាំង​នោះ​ភាគ​ច្រើន​ជា​មេ​គ្រួសារ ជា​ស្ត្រី​មេម៉ាយ​ដែល​ត្រូវ​រក​ប្រាក់​ចំណូល​សម្រាប់​ចិញ្ចឹម​ផ្គត់ផ្គង់​ក្នុង​គ្រួសារ។ ចំពោះ​គ្រួសារ​ដែល​មាន​ប្ដី​ប្រពន្ធ​រស់​នៅ​ជុំ​គ្នា​វិញ គឺ​គេ​ពុំ​ដែល​មាន​របាយការណ៍​ស្រាវជ្រាវ​ណា​មួយ​ទាក់ទង​នឹង​បញ្ហា​ដែល​កើត​ឡើង​ក្នុង​គ្រួសារ​បណ្ដាល​មក​ពី​រឿង​លុយ​កាក់​នោះ​ទេ។ ប៉ុន្តែ​ជា​ទូទៅ តាម​ការ​សាកសួរ​គឺ​ថា ទម្លាប់​របស់​គ្រួសារ​ខ្មែរ ប្ដី​ដែល​ធ្វើការ​រក​ប្រាក់​ចំណូល​បាន​មក​តែង​ប្រគល់​ឲ្យ​ភរិយា​ទុក​ដាក់​សន្សំ​សំចៃ ហើយ​ការ​ចាយ​វាយ​ផ្សេងៗ​គឺ​ប្ដី​ប្រពន្ធ​ទាំង​នោះ​តែងតែ​ពិភាក្សា​ជាមួយ​គ្នា​មុន​សម្រេច​ធ្វើ​អ្វី​មួយ ជា​ពិសេស​គឺ​ទាក់ទង​នឹង​ការ​ទិញដូរ​ដែល​ត្រូវ​ការ​ចំណាយ​ប្រាក់​ច្រើន៕