លោកស្រីវេជ្ជបណ្ឌិត ចុង វណ្ណដារ៉ា បានឲ្យដឹងថា ៖ «...គូស្វាមីភរិយាតាំងពីចាប់ផ្តើមរៀបការ ចាប់ដៃគ្នាផ្សំដំណេកដំបូង គួរពិភាក្សាគ្នារឿងសុខភាពផ្លូវភេទ។ សុខភាពផ្លូវភេទគឺគ្របដណ្តប់តាំងពីការរួមភេទ គ្របដណ្តប់តាំងពីការសម្រេចចិត្តចំនួនកូនដែលចង់បាន រយៈពេលមានកូននីមួយៗ គឺវាសរុបទាំងអស់ អ៊ីចឹងគេត្រូវពិភាក្សាគ្នា...»។
លោកស្រីវេជ្ជបណ្ឌិត វណ្ណដារ៉ា មានប្រសាសន៍បន្តថា ក្នុងសង្គមខ្មែរយើងភាគច្រើនជាទីបំផុតស្ត្រីជាភរិយាតែងតែគិតថា រឿងផ្លូវភេទគឺជាការសម្រេចចិត្តរបស់បុរសជាស្វាមីទៅវិញ។
លោកស្រីវេជ្ជបណ្ឌិត ចុង វណ្ណដារ៉ា បានមានប្រសាសន៍ថា ៖ «...បរិបទខ្មែរយើងមួយទៀត ស្ត្រីតែងតែទុកដាក់ប្តីជាអ្នកសម្រេចចិត្ត។ ក្នុងការទុកដាក់ឲ្យប្តីជាអ្នកសម្រេចចិត្តនេះ គឺបានផ្តល់អំណាចឲ្យប្តី គឺមានសិទ្ធិក្នុងការគ្របសង្កត់ខ្លួនឯង។ ប៉ុន្តែជីវិតគ្រួសារ ដើម្បីឈានទៅរកប្រកបដោយសុភមង្គល គឺការសម្រេចចិត្តស្ថិតនៅលើស្វាមីភរិយា...»។
យោងតាមការចុះផ្សាយក្នុងទំព័រវ៉ឹបសាយថ៍ Revolutionhealth.com លោកស្រីបណ្ឌិត Mira Kirshenbaum អ្នកជំនាញផ្នែកទំនាក់ទំនងស្នេហាប្តីប្រពន្ធ និងសម្ព័ន្ធភាពរវាងមនុស្សដែលមានបទពិសោធន៍ជាង៣០ឆ្នាំ បានផ្តល់ដំបូន្មានថា គន្លឹះដែលនឹងធ្វើឲ្យទំនាក់ទំនងស្នេហាមានភាពយូរអង្វែងគឺមានបីចំណុចសំខាន់ៗ។
ចំណុចទី១ជាមូលដ្ឋាន ត្រូវគិតថាអាពាហ៍ពិពាហ៍គឺជាកិច្ចសន្យា។ នេះមានន័យថា គូស្វាមីភរិយាត្រូវសន្យាជាមួយគ្នាថានឹងរួមចំណែកសុខទុក្ខ គិតគូរពីគ្នា និងដោះស្រាយរួមជាមួយគ្នានៅពេលមានបញ្ហាណាមួយកើតឡើង។
ចំណុចសំខាន់ទី២ គឺស្តាប់គ្នាដោយយកចិត្តទុកដាក់ និងគោរពគ្នាទៅវិញទៅមក។ នេះមានន័យថា បើស្វាមីឬភរិយាយកចិត្តទុកដាក់ស្តាប់គ្នាទៅវិញទៅមក នៅពេលម្នាក់ៗមានកិច្ចការអ្វីចង់និយាយប្រាប់នោះ នឹងធ្វើឲ្យស្វាមីឬភរិយានោះមានអារម្មណ៍ថា គេស្រឡាញ់ យកចិត្តទុកដាក់ និងយល់អំពីអារម្មណ៍របស់ខ្លួន។
ចំណុចនេះលោកស្រីបណ្ឌិត Mira បានសង្កត់ធ្ងន់ថា គឺជាមូលដ្ឋានសំខាន់សម្រាប់ឈានទៅរកសហប្រតិបត្តិការ និងមានចិត្តសប្បុរសនឹងគ្នាក្នុងការដោះស្រាយបញ្ហាណាមួយក្នុងគ្រួសារ។
ចំណុចសំខាន់ទី៣ គឺការថែរក្សានិងគិតគូរពីគ្នារាល់ថ្ងៃ។ ត្រង់ចំណុចនេះ លោកស្រីបណ្ឌិត Mira បានបកស្រាយថា គូស្វាមីភរិយាត្រូវចៀសវាងការជេរប្រមាថ ដៀលត្មេះ និងមាក់ងាយគ្នាទៅវិញទៅមក។ កុំព្យាយាមប្រើអំណាចជិះជាន់សង្កត់សង្កិនគ្នា ឬនិយាយអាក្រក់តែពីគ្នា។ នេះមានន័យថា គូស្វាមីភរិយាត្រូវយកចិត្តទុកដាក់ គិតគូរ និងចំណាយពេលជាមួយគ្នាទាំងសប្បាយក៏ដូចជានៅពេលមានបញ្ហា ដើម្បីធ្វើយ៉ាងណាឲ្យទំនាក់ទំនងស្នេហាប្តីប្រពន្ធមានភាពស្និទ្ធស្នាល មានភាពកក់ក្តៅ និងមានអារម្មណ៍ល្អក្នុងការអាចនិយាយឬជជែកគ្នាដោយចំហបាន។
លោកស្រី ជា វណ្ណាត អតីតប្រធានអង្គការអភិវឌ្ឍន៍សង្គម បានមានប្រសាសន៍លើកឡើងនូវចំណុចសំខាន់ៗជាច្រើនដែលមានលក្ខណៈស្រដៀងគ្នានឹងដំបូន្មានរបស់លោកស្រីបណ្ឌិត Mira យ៉ាងនេះថា ៖ «....ការពិតទៅ រូបមន្តនៃសុខដុមរម្យនារវាងប្តីប្រពន្ធ គឺថាត្រូវចេះសន្តោសគ្នាទៅវិញទៅមក មានការគោរពគ្នា ការយល់គ្នា ការដឹងអធ្យាស្រ័យ។ កុំឲ្យមានការចង់ចាញ់ចង់ឈ្នះជាមួយគ្នា យល់គ្នាឲ្យបាន ច្រើនមែនទែនជាទីបំផុត មានខន្តីមែនទែន ហ្នឹងហើយជាអាថ៌កំបាំង ដែលនាំឲ្យគ្រួសារមានសុភមង្គល...»។
សូមជម្រាបជូនថា ស្តីពីបញ្ហាទំនាក់ទំនងគ្រួសារប្តីប្រពន្ធនេះ ទាំងលោកស្រីវេជ្ជបណ្ឌិត ចុង វណ្ណដារ៉ា និងលោកស្រី ជា វណ្ណាត បានអះអាងស្របគ្នាថា បើទោះបីជាបុគ្គលនោះមានវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ខុសប្លែកគ្នាពីជាតិសាសន៍នីមួយៗក៏ដោយក្តី ក៏ប៉ុន្តែគន្លឹះសំខាន់ដើម្បីធ្វើឲ្យសុខភាពផ្លូវភេទមានលក្ខណៈល្អប្រសើរ និងធ្វើឲ្យជីវិតគ្រួសារមានសុភមង្គលនោះគឺផ្អែកទាំងស្រុងនូវមូលដ្ឋានសំខាន់ៗបីដូចដែលបានបកស្រាយដោយលោកស្រីបណ្ឌិត Mira Kirshenbaum អ្នកជំនាញផ្នែកទំនាក់ទំនងស្នេហាប្តីប្រពន្ធនិងសម្ព័ន្ធភាពរវាងមនុស្សផងដែរ។
លោកស្រីវេជ្ជបណ្ឌិត ចុង វណ្ណដារ៉ា នៃអង្គការUNFPA មានប្រសាសន៍បន្ថែមយ៉ាងនេះថា ៖ «...ក្នុងជីវិតពីរនាក់ កុំថាឡើយរឿងហូបចុក គេងនៅ គឺថារឿងគ្រប់យ៉ាងទាំងអស់ គឺត្រូវពិភាគ្សាគ្នានិងសម្រេចចិត្តរួមគ្នា។ នេះជាគន្លឹះតែមួយគត់ដែលអាចនាំឲ្យគូស្វាមីភរិយា គឺថា ត្រូវស្មោះត្រង់ ការដឹងពីគ្នា ស្មោះត្រង់ជាមួយគ្នាតាំងពីលុយកាក់ បងប្អូនក្រុមគ្រួសារទាំងក្នុងទាំងក្រៅ។ យើងជជែកគ្នាទៅ ដោះស្រាយជាមួយគ្នាទៅ ហ្នឹងហើយដែលធ្វើឲ្យមានសុភមង្គលយូរអង្វែង...»៕