ក្នុងសង្គមខ្មែរយើងជាទំនៀមទម្លាប់និងប្រពៃណីចាស់ទុំក្នុងគ្រួសារ ក៏ដូចជាមិត្តភ័ក្តិ ញាតិសន្តានច្រើនតែផ្តល់ដំបូន្មានដល់ភរិយាដែលមានស្វាមីក្បត់ថា ឲ្យស្ត្រីស៊ូទ្រាំនិងអត់ធ្មត់ មិនយូរមិនឆាប់ស្វាមីនឹងវិលត្រឡប់មករកភរិយាខ្លួនវិញ។
លោកស្រី ជា វណ្ណាត អតីតប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមបានមានប្រសាសន៍ថា ការអត់ធ្មត់គឺជាគន្លឹះក្នុងការដោះស្រាយកុំឲ្យមានការបែកបាក់ប្តីប្រពន្ធ និងដើម្បីអនាគតកូនចៅ ៖ «ទំនៀមទម្លាប់ប្រពៃណីខ្មែរយើងហ្នឹងមិនចង់ឲ្យបែកបាក់គ្នាទេ។ ម្ល៉ោះហើយតែងប្រាប់ខាងប្រពន្ធឲ្យចេះអត់ធន់ ឲ្យចេះទ្រាំ ក្នុងន័យថាកុំឲ្យខឹងឆេវឆាវ កុំឲ្យច្រឡោត ឲ្យចេះអត់ធ្មត់ខំប្រឹងធ្វើតែល្អទៅ។ ឧទាហរណ៍ដូចថា ក្រោយភ្លៀងមេឃស្រឡះ គ្រួសារមានសុភមង្គលឡើងវិញ ហើយក៏មិនមែនសម្រាប់តែខ្លួនឯងដែរ ពិសេសគឺសម្រាប់កូនចៅតែម្តង»។
បន្ថែមទៅនឹងការលើកឡើងរបស់លោកស្រី ជា វណ្ណាត ខាងលើនេះ លោកស្រីវេជ្ជបណ្ឌិត ចុង វណ្ណដារ៉ា មន្ត្រីទទួលបន្ទុកកម្មវិធីសុខភាពបន្តពូជយុវវ័យ និងអេច.អាយ. វី.អេដស៍ របស់អង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន UNFPA ក៏បានផ្តល់យោបល់ថា ស្រ្តីត្រូវគិតគូរពិចារណា រិះរកមធ្យោបាយត្រជាក់ដើម្បីទាក់ទាញឲ្យប្តីត្រឡប់មកវិញ។
លោកស្រី ចុង វណ្ណដារ៉ា មានប្រសាសន៍ដូច្នេះ ៖ «នេះជាគំនិតផ្ទាល់ខ្លួនរបស់នាងខ្ញុំទេ គឺបើសិនជាប្តីមានប្រពន្ធក្រៅ ប្រពន្ធនោះពុំគួរយកកំហឹងទល់កំហល់អី ចំណុចខ្វះខាតត្រង់ណាខ្លះដើម្បីយើងធ្វើការបំពេញក្នុងការទាក់ទាញឲ្យប្តីត្រឡប់មកវិញដោយសន្តិវិធី។ មានស្ត្រីខ្លះយកកំហឹងទល់កំហល់ទៅវាយគ្នា ឬពេលឃើញមុខប្តីរករឿងប្ដី ហើយធ្វើឲ្យប្តីមិនសប្បាយចិត្ត»។
ស្តីពីសំណួរដែលចង់ដឹងថាបើនិយាយជាមួយស្វាមីហើយ តែស្វាមីនៅតែពុំព្រមបញ្ឈប់ការផិតក្បត់ តើភរិយាសុខចិត្តតែស៊ូទ្រាំកើតទុក្ខគ្រាំចិត្តរហូត ឬក៏ត្រូវធ្វើដូចម្តេច? លោកស្រី ជា វណ្ណាត បានបញ្ជាក់ប្រាប់យ៉ាងនេះថា ៖ «ទ្រាំហ្នឹងមិនមែនថាទ្រាំគិតជាអវិជ្ជមានទេ ទ្រាំហ្នឹងគិតជាវិជ្ជមាន។ ដូចជាអ្នកខ្លះគិតថាប្តីទៅសប្បាយខាងក្រៅ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ក៏ប្តីហ្នឹងមិនភ្លេចប្រពន្ធដែរ។ ហើយនៅក្នុងន័យថា ទទួលស្គាល់ថាមានពាក្យនិយាយថា "ទន្លេដប់មិនស្កប់សមុទ្រមួយ" បានន័យថាបុរសតែងតែមានស្រីច្រើននៅក្នុងជីវិតរបស់ខ្លួនឯងអ៊ីចឹង ម្ល៉ោះហើយទ្រាំពិបាកដើម្បីទទួលយកបានកិត្តិយស លាភសក្ការៈដែលប្ដីយកមកដល់គ្រួសារ»។
ទាក់ទងនឹងបញ្ហាផិតក្បត់នេះដែរ លោកស្រីបណ្ឌិត Mira Kirshenbaum អ្នកប្រឹក្សាផ្នែកទំនាក់ទំនងស្នេហា ដែលមានបទពិសោធន៍ជាង ៣០ឆ្នាំ ក្នុងការផ្តល់ដំបូន្មានដល់ស្វាមីភរិយានៅសហររដ្ឋអាមេរិក និងជាអ្នកនិពន្ធសៀវភៅល្បីល្បាញដែលទើបបោះពុម្ពផ្សាយសៀវភៅចុងក្រោយកាលពីពេលថ្មីៗនេះ ក្រោមចំណងជើងថា "ពេលដែលមនុស្សល្អប្រព្រឹត្តអំពើផិតក្បត់" ក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ CBS កាលពីដើមខែមិថុនា ឆ្នាំ២០០៨ បានបញ្ជាក់ហេតុផលយ៉ាងនេះថា ៖ "យើងម្នាក់ៗតែងតែប្រព្រឹត្តអំពីខុសឆ្គង ឬធ្វើអ្វីអាក្រក់ នេះមិនមែនមានន័យថាយើងជាមនុស្សអាក្រក់ទេ។ យើងដឹងច្បាស់ក្នុងខ្លួនថា យើងជាមនុស្សល្អពេលធ្វើអ្វីខុស ឬធ្វើអាក្រក់ណាមួយនោះយើងមានអារម្មណ៍សោកស្តាយនិងដឹងថាខ្លួនខុស ហើយមនុស្សល្អៗដែលបានមកជួបខ្ញុំដើម្បីស្វែងរកដំណោះស្រាយក្នុងរឿងគ្រួសាររបស់គេ តែងតែនិយាយថា គេចង់ធ្វើល្អនិងគោរពចំពោះស្វាមីភរិយា ហើយគេមានការសោកស្តាយនូវទង្វើដែលគេបានប្រព្រឹត្តខុស ដូច្នេះខ្ញុំអាចដឹងថាគេជាមនុស្សល្អ"។
សូមរំឭកថាលោកស្រីបណ្ឌិត Mira Kirshenbaum គឺជាអ្នកនិពន្ធល្បីល្បាញនៅស.រ.អា ដែលបានទទួលរង្វាន់សរសើរចំពោះសៀវភៅ ១០ក្បាលខុសៗគ្នា ដែលផ្តោតលើបញ្ហាក្នុងចំណងអាពាហ៍ពិពាហ៍ ទំនាក់ទំនងស្នេហារវាងស្ត្រីបុរស ។ល។ ហើយដែលបច្ចុប្បន្ននេះក៏ជាអ្នកផ្តល់ប្រឹក្សាតាមប្រព័ន្ធអ៊ិនធឺណេតឈានមុខគេ ដែលមានអាសយដ្ឋានវ៉ឹបសៃថ៍ Revolutionhealth.com បានឲ្យយោបល់ដល់ស្ត្រីជាភរិយាថា ៖ "ជជែកជាមួយអ្នកផ្តល់ដំបូន្មាន ដែលអ្នកទុកចិត្តជាទីបំផុត កុំមានប្រតិកម្ម កុំអាលទាន់ធ្វើការសម្រេចចិត្តណាមួយ មានការអត់ធ្មត់ គិតឲ្យច្បាស់នូវអ្វីដែលខ្លួនចង់បាន អ្វីដែលសំខាន់ក្នុងជីវិតរបស់ខ្លួន ហើយបើសិនថាមានអ្វីដែលល្អៗច្រើនក្នុងចំណងអាពាហ៍ពិពាហ៍ ដូចនេះកុំលែងលះគ្នាឲ្យសោះ"។
លោកស្រីថាមានពេលខ្លះមធ្យោបាយស្រួលបំផុតដើម្បីដោះស្រាយបញ្ហាផិតក្បត់នោះ គឺបដិសេធធ្វើមិនដឹងមិនឮ គិតថាមិនមានអ្វីកើតឡើង ក៏ប៉ុន្តែលោកស្រីសង្កត់ធ្ងន់ថា ការបដិសេធពុំទទួលស្គាល់កំហុស ការមិនអើពើដោះស្រាយក្នុងរឿងផិតក្បត់នោះ គឺជាបញ្ហាធ្ងន់ធ្ងរដែលនាំឲ្យមានការបាក់បែកក្នុងគ្រួសារ។
អត្ថបទចុះផ្សាយក្នុងទំព័រវ៉ឹបសៃថ៍ Revolutionhealth.com បានឲ្យដឹងផងដែរថាប្តីប្រពន្ធភាគច្រើន ក្រោយពីបានទទួលដំបូន្មាននិងការប្រឹក្សាជាមួយលោកស្រីបណ្ឌិត Mira មក ទោះបីថាមានការពិបាកស្មុគស្មាញខ្លះៗក៏ពិតមែន ប៉ុន្តែប្តីប្រពន្ធទាំងនោះអាចចាត់ចែង និងចាប់ផ្តើមកសាងជីវិតគ្រួសារថ្មីឡើងវិញប្រកបដោយសុភមង្គល គឺក្រោយដែលអ្នកប្រព្រឹត្តខុស មានការសោកស្តាយនិងទទួលកំហុស ហើយឈប់ប្រព្រឹត្តអំពើផិតក្បត់។
ក៏ប៉ុន្តែផ្ទុយទៅវិញនៅក្នុងប្រទេសកម្ពុជា បើតាមប្រសាសន៍អះអាងរបស់មន្ត្រីសង្គមស៊ីវិល ក៏ដូចជាវេជ្ជបណ្ឌិតជំនាញសុខភាពបានឲ្យដឹងថា ស្វាមីភាគច្រើនដែលផិតក្បត់ទៅមានស្ត្រីផ្សេង មិនព្រមលះបង់ស្ត្រីកំណាន់ចិត្តនោះទេ គឺបង្ខំឲ្យភរិយាទទួលស្គាល់ និងយល់ព្រមថាអំពើរបស់ខ្លួនជារឿងធម្មតា ជាធម្មជាតិរបស់បុរស៕
