យោងតាមស្ថិតិស្រាវជ្រាវថ្មីៗនេះរបស់ក្រសួងកិច្ចការនារីបានបង្ហាញថា ស្ត្រីនិងកុមារនៅកម្ពុជាចំនួនប្រមាណ ២៥% នៃចំនួនពលរដ្ឋភេទស្រីនៅកម្ពុជាកំពុងប្រឈមមុខនូវការកើនឡើងនៃអំពើហិង្សាក្នុងគ្រួសារ ការចាប់រំលោភសេពសន្ថវៈ និងរាល់ទម្រង់នៃការបំពានខាងផ្លូវភេទ។
ទាក់ទងនឹងស្ថិតិកើនឡើងនៃអំពើហិង្សាក្នុងគ្រួសារនេះដែរ លោកជំទាវ ស៊ីឌេហ្វីន រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានមានប្រសាសន៍ឲ្យហេតុផលថា អាចដោយសារតែស្ត្រីរងគ្រោះមានការយល់ដឹងច្រើនអំពីសិទ្ធិរបស់ខ្លួន មិនចង់លាក់លៀមតទៅទៀត និងចង់ស្វែងរកជំនួយ។
លោកជំទាវ ស៊ីឌេហ្វីន មានប្រសាសន៍ដូច្នេះ ៖ «យើងគួរចាប់អារម្មណ៍ថាក្រោយដែលយើងបានផ្សព្វផ្សាយទៅតាមមូលដ្ឋាន បងប្អូនស្ត្រីយើងមានយល់ឃើញច្រើន ដូចថាយើងបានបណ្តុះបណ្តាលនិងពន្យល់ថាត្រូវធ្វើដូចម្តេច យើងបានប្រាប់គេឲ្យប្តឹងដល់អាជ្ញាធរដែនដី ម្ល៉ោះហើយបានជាស្ថិតិឃើញកើនឡើង...»។
យោងតាមអត្ថបទចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន BBC កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៨ ដែលបានស្រង់ប្រសាសន៍របស់លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានឲ្យដឹងថា ការស្រាវជ្រាវថ្មីៗចុងក្រោយនេះបានបង្ហាញថា ប្រជាពលរដ្ឋខ្មែរភាគច្រើនទទួលស្គាល់និងមានទស្សនៈយល់ឃើញថា ស្វាមីដែលវាយធ្វើបាបភរិយាគឺជារឿងធម្មតា ហើយជាបញ្ហាដែលតែងតែកើតមានឡើងក្នុងគ្រួសារ។
ចំពោះការលើកឡើងខាងលើនេះ លោកជំទាវ ស៊ីឌេហ្វីន រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានមានប្រសាសន៍អះអាងថា រឿងអំពើហិង្សាមិនមែនជាបញ្ហាបុគ្គលទេ គឺជារឿងសង្គមទាំងមូល ដែលត្រូវតែជួយដោះស្រាយទាំងអស់គ្នា ៖ «រឿងនេះ ឲ្យយល់ទាំងអស់គ្នាថាជាបញ្ហាសង្គម ដូច្នេះបើមានឃើញបញ្ហាហិង្សាកើតឡើង អ្នកជិតខាងអាចជួយព្រោះជាបញ្ហាសង្គម។ ហើយយើងបានណែនាំឲ្យប្រជាពលរដ្ឋបានយល់ កុំឲ្យគិតអ៊ីចឹង បើជារឿងសង្គមយើងគិតដោះស្រាយរួមគ្នា»។
ទោះជាយ៉ាងណាក្តីលោកជំទាវ ស៊ីឌេហ្វីន បានថ្លែងផងដែរថា បញ្ហាហិង្សាក្នុងគ្រួសារគឺមានកើតឡើង មិនថាតែគ្រួសារនោះមានជីវភាពរស់នៅក្រីក្រ ឬពុំមានការចេះដឹងនោះទេ ៖ «និយាយរួមទៅអំពើហិង្សាវាមិនសំដៅកើតតែចំពោះអ្នកក្រ ឬអ្នកល្ងង់ខ្លៅទេ។ បញ្ហាផឹកស្រា បញ្ហាលេងល្បែង បញ្ហាគ្រឿងញៀន គឺជំរុញឲ្យមានអំពើហិង្សាក្នុងគ្រួសារ»។
ការស្រាវជ្រាវដដែលនោះ ក៏បានបង្ហាញផងដែរថា ការកើនឡើងនៃការប្រើប្រាស់គ្រឿងញៀន និងការពិសាស្រារបស់លោកបុរសៗ បានជំរុញឲ្យមានអំពើហិង្សាកើតឡើង និងប៉ះពាល់យ៉ាងខ្លាំងដល់សុវត្ថិភាពរបស់ស្ត្រីនិងកុមារ។ ហើយថាការចាប់រំលោភបូកទៅលើកុមារី ឬនារីដោយក្រុមពាលអាវាសែ បានត្រូវគេគិតថាជាល្បែងកីឡាដើម្បីការសប្បាយរបស់ពួកគេ ហើយថាក្រុមអាជ្ញាធរមានសមត្ថិកិច្ចត្រូវតែពង្រឹងការអនុវត្តច្បាប់ និងចាត់វិធានការសមស្របដើម្បីកាត់បន្ថយ និងបញ្ឈប់អំពើព្រៃផ្សៃទាំងនោះ។
លោកស្រី លឹម មុន្នី ប្រធានកម្មវិធីស្ត្រីនិងកុមារ នៃសមាគមសិទ្ធិមនុស្ស អាដហុក បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីកាលពីសប្តាហ៍មុនថា ចាប់ពីខែមករា រហូតដល់ខែតុលា ឆ្នាំ២០០៨ នេះ សមាគមអាដហុក បានទទួលពាក្យបណ្តឹងនានា ទាក់ទងជាមួយអំពើហឹង្សាលើស្ត្រីនិងកុមារចំនួន១០១៧ករណី ក្នុងនោះទាក់ទងអំពើហិង្សាចំនួន៥៨៤បណ្តឹង ការចាប់រំលោភមាន៣៦៨បណ្តឹង និងការជួញដូរមាន៦៥បណ្តឹង។
លោកជំទាវ ស៊ីឌេហ្វីន រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានមានប្រសាសន៍បន្តថា ក្រសួងកិច្ចការនារីកំពុងខិតខំរៀបចំផែនការសកម្មភាពជាតិ ដើម្បីផ្សព្វផ្សាយនិងជំរុញឲ្យការអនុវត្តច្បាប់ប្រឆាំងអំពើហិង្សានិងកិច្ចគាំពារដល់ជនរងគ្រោះមានប្រសិទ្ធភាព ៖ «ក្រសួងកិច្ចការនារីកំពុងខិតខំរៀបចំផែនការជាតិ ដោយមានការផ្សព្វផ្សាយសហការជាមួយស្ថាប័នពាក់ព័ន្ធ។ យើងជំរុញការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព។ យើងមានត្រៀមវិធានការបណ្តុះបណ្តាលទៅដល់នគរបាលយុត្តិធម៌ មន្ត្រីប៉ូលិស ប៉ុន្តែយើងធ្វើបន្តិចម្តងៗ ព្រោះផ្អែកលើថវិកាដែរ»។
សូមជម្រាបជូនថា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៨ ដែលជាទិវាអន្តរជាតិលុបបំបាត់រាល់អំពើហិង្សាលើស្ត្រីនិងកុមារ លោកស្រី Ines Alberdi នាយិកាប្រតិបត្តិនៃអង្គការមូលនិធិរបស់ស្ត្រីនៃអង្គការសហប្រជាជាតិ ហៅកាត់ជាភាសាអង់គ្លេស UNIFEM និងលោកស្រី Nicole Kidman តារាភាពយន្តហូលីវូដល្បីល្បាញ ដែលមានតួនាទីជាឯកអគ្គរដ្ឋទូតសុឆន្ទៈនៃអង្គការ UNIFEM ដែរនោះ ក៏បានដាក់ជូននូវហត្ថលេខារបស់ស្ត្រីនិងកុមារចំនួនជាង ៥លាននាក់ទូទាំងពិភពលោក ក្នុងនោះមានជាង ៥,០០០នាក់ មកពីកម្ពុជាដែរនោះ ជូនលោក Ban Ki-Moon អគ្គលេខាធិការអ.ស.ប ដែលទទួលបានមកពីការធ្វើយុទ្ធនាការពិភពលោក ដោយដាក់ចំណងជើងថា "ត្រូវតែបញ្ឈប់រាល់អំពើហិង្សាលើស្ត្រីនិងកុមារ"៕
