អត្ថន័យ​នៃ​យុទ្ធនាការ​បំពាក់​បូ​ពណ៌​ស

អង្គការ​បណ្ដាញ​បុរស​កម្ពុជា ចាប់​ផ្ដើម​យុទ្ធនាការ​រយៈពេល ១៦​ថ្ងៃ នៅ​តាម​បណ្ដា​ខេត្ត​ក្រុង​ចំនួន​៦ ទូទាំង​ប្រទេស​ឈ្មោះ​ថា យុទ្ធនាការ​បំពាក់​បូ​ពណ៌​ស។ យុទ្ធនាការ​នេះ​មាន​គោលដៅ​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​តម្រូវ​ការ​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារ។
ដោយ សុ ជីវី
2012.11.29

ជា​រៀង​រាល់​ឆ្នាំ គឺ​ចាប់​ពី​ថ្ងៃ​ទី២៥ វិច្ឆិកា ដល់​ថ្ងៃ​ទី១០ ខែ​ធ្នូ ប្រទេស​ជា​ច្រើន​ក្នុង​ពិភពលោក បាន​នាំ​គ្នា​ធ្វើ​យុទ្ធនាការ​យុទ្ធនាការ​បំពាក់​បូ​ពណ៌​ស។

នៅ​ឆ្នាំ​នេះ នៅ​កម្ពុជា យុទ្ធនាការ​បូ​ពណ៌​ស រៀបចំ​ឡើង​ដោយ​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ធ្វើ​កិច្ចការ​ពាក់ព័ន្ធ​ស្ត្រី ដោយ​ផ្ដោត​លើ​ប្រធានបទ "ការ​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​មនុស្ស​គ្រប់​រូប និង​ផ្ដល់​ផល​ប្រយោជន៍​ដល់​យើង​ទាំង​អស់​គ្នា"។

ប្រធាន​បណ្ដាញ​បុរស​នៃ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា លោក ឆាយ គឹមស័រ មាន​ប្រសាសន៍​ថា បណ្ដាញ​របស់​លោក​បាន​រៀបចំ​សកម្មភាព​មួយ​ចំនួន​ដូច​ជា ការ​រៀបចំ​មិទ្ទិញ ការ​ដង្ហែ​ក្បួន​តាម​ទី​សាធារណៈ និង​ពាក់​បូ​ពណ៌​ស​តាម​ផ្ទះ នៅ​ក្នុង​ខេត្ត​ចំនួន​៦ ព្រម​ទាំង​ការ​ពិភាក្សា​តាម​វិទ្យុ និង​ទូរទស្សន៍។

ទីកន្លែង​នៃ​ការ​រៀបចំ​អង្គ​មិទ្ទិញ និង​ការ​ដើរ​ដង្ហែ​ក្បួន​តាម​ទី​សាធារណៈ ត្រូវ​ធ្វើ​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ កំពង់ធំ និង​រតនគិរី។ ចំណែក​យុទ្ធនាការ​ដើរ​បំពាក់​បូ​ពណ៌​ស​តាម​ផ្ទះ ត្រូវ​ធ្វើ​នៅ​ក្នុង​ឃុំ​គោលដៅ​មួយ​ចំនួន នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ ព្រៃវែង និង​បាត់ដំបង។

ប្រធាន​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា អ្នកស្រី រស់ សុភាព មាន​ប្រសាសន៍​ថា ការ​បំពាក់​បូ​ពណ៌​ស គឺ​សំដៅ​ដល់​ការ​ចូល​រួម​របស់​បុរស​ក្នុង​ការ​ចូល​រួម​លប់​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារ។

យុទ្ធនាការ​រយៈពេល ១៦​ថ្ងៃ​នៃ​ដំណើរ​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី ត្រូវ​អនុម័ត​ដោយ​សន្និបាត​អង្គការ​សហប្រជាជាតិ កាល​ពី​ឆ្នាំ​១៩៩១។ អង្គការ​សហប្រជាជាតិ​ក៏​បាន​បង្កើត​ទិវា​អន្តរជាតិ​ប្រឆាំង​អំពើ​ហិង្សា​លើ​ស្ត្រី ដោយ​កំណត់​យក​ថ្ងៃ​ទី២៥ ខែ​វិច្ឆិកា។ ការ​បង្កើត​យុទ្ធនាការ និង​ទិវា​នេះ គឺ​ដើម្បី​រំលឹក​ដល់​អំពើ​ហិង្សា​លើ​ស្ត្រី​ដ៏​ធ្ងន់ធ្ងរ​កើត​ឡើង​នៅ​ប្រទេស​ដូមីនិក (Dominica) កាល​ពី​ឆ្នាំ​១៩៦០ និង​ក្នុង​ប្រទេស​កាណាដា កាល​ពី​ឆ្នាំ​១៩៨៩។ ក្នុង​ឆ្នាំ​១៩៦០ អ្នក​នយោបាយ​ជា​ស្ត្រី​ចំនួន ៤​នាក់ ត្រូវ​សម្លាប់ ដោយ​សារ​ពួក​គេ​ប្រកាន់​យក​នយោបាយ​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​គណបក្ស​កាន់​អំណាច។ ចំណែក​នៅ​ក្នុង​ប្រទេស​កាណាដា ខ្មាន់​កាំភ្លើង​ដែល​ជា​អ្នក​មាន​ទស្សនៈ​ប្រឆាំង​នឹង​ស្ត្រី បាន​បាញ់​សម្លាប់​សិស្ស​ស្រី​ចំនួន ១៤​នាក់ នៅ​ក្នុង​សាលា​ពហុ​បច្ចេកវិទ្យា។

នៅ​កម្ពុជា បណ្ដាញ​បុរស​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ប្រឆាំង​អំពើ​ហិង្សា​លើ​ស្ត្រី ចាប់​តាំង​ពី​ឆ្នាំ​១៩៩៩។ ប្រធាន​បណ្ដាញ​បុរស​នៃ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា លោក ឆាយ គឹមស័រ មាន​ប្រសាសន៍​ថា ក្នុង​រយៈ​ពេល ១៣​ឆ្នាំ​កន្លង​ទៅ​នេះ មាន​ចំណុច​វិជ្ជមាន​មួយ​ចំនួន​ដែល​ក្រុម​របស់​លោក​ទទួល​បាន ដោយ​រួម​ទាំង​ការ​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​ទាក់​ទិន​នឹង​អំពើ​ហិង្សា​ចំពោះ​ស្ត្រី និង​កុមារ​ផង។

ក្រៅ​ពី​ការ​ផ្សព្វផ្សាយ​ដើម្បី​លើក​កម្ពស់​ចំណេះ​ដឹង​ពលរដ្ឋ បណ្ដាញ​បុរស​កម្ពុជា បាន​អូស​ទាញ​បុរស​ជា​ច្រើន​អោយ​បញ្ឈប់​អំពើ​ហិង្សា និង​ងាក​មក​ចូល​រួម​ក្នុង​បណ្ដាញ​នេះ។

និយាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះ សកម្មជន​បណ្ដាញ​បុរស​នៅ​ក្នុង​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង បាន​អោយ​ដឹង​ថា គាត់​បាន​សម្រេច​ចិត្ត​ឈប់​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​បាន​ចូល​រួម​ក្នុង​បណ្ដាញ ដើម្បី​ផ្សព្វផ្សាយ​បន្ត​ពី​ការ​ប្រឆាំង​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី និង​កុមារ​ក្នុង​តំបន់​ដែល​គាត់​រស់​នៅ។

នៅ​កម្ពុជា អំពើ​ហិង្សា​ផ្អែក​លើ​យេនឌ័រ រួម​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ អំពើ​រំលោភ​សេពសន្ថវៈ និង​ការ​ជួញ​ដូរ​មនុស្ស គឺ​ជា​ក្ដី​កង្វល់​ដ៏​ធ្ងន់ធ្ងរ​មួយ។

យោង​តាម​សន្ទស្សន៍​វិសមភាព​យេនឌ័រ​អន្តរជាតិ ប្រទេស​កម្ពុជា ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៩៥ ក្នុង​ចំណោម ១៣៣​ប្រទេស។ របាយ​ការណ៍​នៃ​ការ​ស្រាវ​ជ្រាវ បាន​បង្ហាញ​ថា ស្ត្រី​កម្ពុជា ម្នាក់ ក្នុង​ចំណោម​ស្ត្រី ៥នាក់ ដែល​រៀប​ការ​រួច បាន​ទទួល​រង​អំពើ​ហិង្សា​ពី​ស្វាមី​របស់​ពួក​គេ ក្នុង​នោះ​ក៏​មាន​ស្ត្រី​ច្រើន​ជាង​ពាក់​កណ្ដាល បាន​និយាយ​ថា ពួក​គេ​ស្គាល់​បុរស​ដែល​បាន​ប្រើ​ហិង្សា​លើ​ភរិយា។ ការ​ស្ទង់​មតិ​បង្ហាញ​ថា បុរស និង​ស្ត្រី​ច្រើន​ជាង​៨០% ដឹង​ពី​សកម្មភាព​អំពើ​ហិង្សា​លើ​ស្ត្រី ដោយ​មិន​បាន​ធ្វើ​សកម្មភាព​ឆ្លើយ​តប​អ្វី​ទាំង​អស់។

បើ​ទោះ​ជា​យ៉ាង​ណា កម្ពុជា បាន​បង្កើត​បទដ្ឋាន​ច្បាប់​ជា​ច្រើន​រួច​មក​ហើយ ដើម្បី​ទប់​ស្កាត់​អំពើ​ហិង្សា និង​ការពារ​ជន​រងគ្រោះ​ពី​អំពើ​នេះ។

រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី អ្នកស្រី ស៊ីវណ្ណ បុទុម មាន​ប្រសាសន៍​ថា ក្នុង​បរិបទ​កម្ពុជា បច្ចុប្បន្ន ការ​តាម​ដាន​ការ​អនុវត្ត​ច្បាប់​ដែល​នៅ​ជា​ធរមាន​នោះ គឺ​ជា​កត្តា​ចម្បង។

ទាក់​ទិន​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី និង​កុមារ ក្រសួង​កិច្ចការ​នារី កំពុង​រៀបចំ​ប្រមូល​ការ​ចូល​រួម​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​នារី ដើម្បី​បង្កើត​ផែនការ​សកម្មភាព​ថ្នាក់​ជាតិ ដែល​ឈាន​ទៅ​រក​ការ​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។