ពលរដ្ឋគ្មានជំនឿថា ការបោះឆ្នោតជ្រើស​រើស​ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិប្រព្រឹត្តទៅដោយតម្លាភាព

ដោយ មាន ឫទ្ធិ
2024.05.20
ពលរដ្ឋគ្មានជំនឿថា ការបោះឆ្នោតជ្រើស​រើស​ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិប្រព្រឹត្តទៅដោយតម្លាភាព គណបក្សប្រជាជនកម្ពុជា ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ អាណត្តិទី៤ ក្នុងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។
រូប៖ គណនី​ហ្វេសប៊ុកគណបក្សប្រជាជនកម្ពុជា

ប្រជាពលរដ្ឋ​គ្មាន​ជំនឿ​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ​អាណត្តិទី៤ នេះ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​តម្លាភាព​ឡើយ ស្រប​ពេល​ដែល​អង្គ​បោះឆ្នោត​របស់​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ នៅ​តែ​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ការ​ចាប់​ដាក់​ពន្ធនាគារ​ឥត​ស្រាកស្រាន្ត។

ពលរដ្ឋ​មិន​រំពឹង​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​សម្រាប់​ដឹកនាំ​នៅ​ថ្នាក់​ក្រោម​ជាតិ អាណត្តិ​ថ្មី​នេះ ​នឹង​បម្រើ​ផលប្រយោជន៍​ឱ្យ​ពលរដ្ឋ​នោះ​ឡើយ។ ពួកគាត់​សង្កេត​ឃើញ​ថា បក្ស​កាន់​អំណាច​បាន​ប្រើប្រាស់​មធ្យោបាយ​គ្រប់​រូបភាព​ ដើម្បី​គំរាមកំហែង​ដល់​អង្គ​បោះឆ្នោត​មក​ពី​បណ្ដា​គណបក្ស​ប្រឆាំង។

ពលរដ្ឋ​រស់នៅ​ខេត្ត​សៀមរាប លោក មូល ម៉ៃ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី១៩ ខែ​ឧសភា ថា  បើ​ទោះបី​ជា​មាន​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ថ្នាក់​ក្រោម​ជាតិ​ ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន៥​ ចូលរួម​ប្រកួតប្រជែង។​ ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​លោក​យល់​ថា គណបក្ស​កាន់​អំណាច​នៅ​តែ​ទទួល​បាន​កៅអី​ច្រើន ពីព្រោះ​លោក​ថា អង្គ​បោះឆ្នោត​មួយ​ចំនួន​រង​ការ​គំរាមកំហែង និង​ការ​បំភិតបំភ័យ​ពី​បក្ស​កាន់អំណាច ដូច្នេះ​ការ​បោះឆ្នោត​នៅ​ពេល​ខាងមុខ​នេះ​ គឺ​គ្រាន់តែ​ជា​ការ​បោះឆ្នោត​បង្គ្រប់​កិច្ច។

លោក មូល ម៉ៃ៖ «ខ្ញុំ​ចង់​ថា​ប្រសិនបើ​បោះឆ្នោត បើក​សិទ្ធិ​សេរីភាព​ទាំងអស់​គ្នា​ឱ្យ​ស្មើភាព​គ្នា​ទាំង​បក្ស​តូច​ទាំង​បក្ស​ធំ ​យើង​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ​ទៅ​ឃោសនា​ៗ​ បាន​ដូច​គ្នា។ ពេល​គូស​សន្លឹក​ឆ្នោត​ យើង​បើក​​ឱ្យ​ទូលាយ​ទៅ បើ​ថា​ក្នុង​បន្ទប់​រាប់​សន្លឹក​ឆ្នោត​ យើង​បើក​មើល​ទាំងអស់​គ្នា​ទៅ ​ឱ្យ​ប្រជាពលរដ្ឋ​អើត​មើល​តាម​បង្អួច​តាម​ទ្វារ​ទៅ​ កុំ​តែ​រញ៉េរញ៉ៃ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់»

ដោយឡែក តំណាង​សហគមន៍​សាមគ្គី​រមាសហែក​ខេត្ត​ស្វាយរៀង លោកស្រី ខៀវ សារ៉ុន ថ្លែង​ថា លោកស្រី​មិន​ទុក​ចិត្ត​ ចំពោះ​ដំណើរការ​បោះឆ្នោត​ខាងមុខ​នេះ​ឡើយ ​ពីព្រោះ​មន្ត្រី​បក្ស​កាន់​អំណាច​បាន​យក​លុយ​ទិញ​ទឹកចិត្ត​អង្គ​បោះឆ្នោត​មក​ពី​បក្ស​ប្រឆាំង​មួយ​ចំនួន។ លោកស្រី​ចង់​ឃើញ​ការ​បោះឆ្នោត​ខាងមុខ​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដើម្បី​បើក​លំហ​សិទ្ធិ​នយោបាយ​ឱ្យ​មាន​ការ​ប្រកួតប្រជែង​ដោយ​ស្មើ​មុខ​ស្មើ​មាត់។

លោកស្រី ខៀវ សារ៉ុន៖ «សូម​ឱ្យ​គិតគូរ​ដល់​ប្រជាពលរដ្ឋ​ជា​ធំ​ធ្វើ​អ្វី​ឱ្យ​តាម​អ្វី​ ដែល​គាត់​ប្រកាស​មុន​បោះឆ្នោត​ ធ្វើ​តាម​គោលការណ៍​ ដែល​គាត់​បាន​និយាយ​ឱ្យ​បាន​។ កុំ​និយាយ​ហើយ​មុន​ពេល​បោះឆ្នោត​ និយាយ​ល្អ ដល់​ពេល​បោះឆ្នោត​ហើយ​ និយាយ​ផ្សេង។ មួយ​វិញ​ទៀត​ ចង់​ឱ្យ​មាន​ការ​កែប្រែ​នៃ​អ្នក​ដឹក​នាំ​ថ្នាក់​ក្រោម​ឱ្យ​គាត់​យក​ចិត្ត​ទុក​ដាក់​លើ​ប្រជាពលរដ្ឋ​ដែរ ពីព្រោះ​ទាំង​សេវា​អប់រំ​ទាំង​សេវា​សុខភាព​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ»

ក្ដី​បារម្ភ​របស់​ពលរដ្ឋ​ទាំងនេះ គឺ​ក្រោយ​ពេល​ដែល តុលាការ​ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​បក្ស​កាន់​អំណាច​បាន​បង្កើត​បទ​ចោទ​ប្រកាន់​ប្លែកៗ​ ដើម្បី​តាម​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​សមាជិក​គណបក្ស​ប្រឆាំង​នៅ​តាម​រាជធានី-ខេត្ត​នានា។  ក្រៅពី​នេះ​ ក៏​មាន​មន្ត្រី​គណបក្ស​កាន់​អំណាច​ដើរ​សូកប៉ាន់​ដោយ​សន្យា​ផ្ដល់​តួនាទី និង​លុយ​កាក់​ដល់​អង្គ​បោះឆ្នោត ​ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​មក​ពី​បក្ស​ភ្លើង​ទៀន ​ឱ្យ​ចុះ​ចូល និង​បោះឆ្នោត​ឱ្យ​បក្ស​ប្រជាជន​កម្ពុជា​នៅ​ពេល​ខាងមុខ​នេះ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​លោក ហង្ស ពុទ្ធា និង​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​ នៅ​ថ្ងៃទី១៩ ខែ​ឧសភា។

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤​ នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃអាទិត្យ ទី២៦ ខែ​ឧសភា ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន​៥ ចូលរួម​ប្រកួតប្រជែង​គឺ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​កម្លាំង​ជាតិ គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ។ ការ​បោះឆ្នោត​អសកល​នេះ​មាន​អ្នក​បោះឆ្នោត​សរុប​ចំនួន ១១.៦២២នាក់ ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់។ ប៉ុន្តែ​គិតត្រឹមថ្ងៃទី១៨ ខែឧសភា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ឱ្យ​ដឹង​ថា ​មាន​គណបក្ស​នយោបាយ​ចំនួន៤​ បាន​ចូលរួម​ការ​ឃោសនា​បោះឆ្នោត ខណៈ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ពុំ​ទាន់​ធ្វើ​សកម្មភាព​នៅ​ឡើយ​ទេ។ ការ​ឃោសនា​បោះឆ្នោត​មាន​រយៈពេល ៨ថ្ងៃ ចាប់​ពី​ថ្ងៃទី១៧ រហូត​ដល់​ថ្ងៃទី២៤ ខែ​ឧសភា។ ..គ្រោងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតនេះ យ៉ាងយូរបំផុតត្រឹមថ្ងៃទី៨ ខែ​មិថុនា។

ជុំវិញ​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​ផ្នែក​អង្កេត និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែម (Comfriel) លោក កន សាវាង្ស មាន​ប្រសាសន៍​ថា ប្រសិនបើ​មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អង្គ​បោះឆ្នោត​គណបក្ស​ប្រឆាំង គឺ​នឹង​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​បរិយាកាស​នៃ​ការ​បោះឆ្នោត។

លោក កន សាវាង្ស៖ «ប្រសិនជា​អង្គ​បោះឆ្នោត​នោះ ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​នៅ​ក្នុង​ខណៈ​ពេល​ហ្នឹង ឬ​មួយ​ក៏​មាន​ការ​ឃុំ​ខ្លួន​អី​ផ្សេងៗ។ មាន​ន័យ​ថា​ អង្គ​បោះឆ្នោត​ហ្នឹង​មិន​អាច​ចូលរួម​បាន​ទេ​ នៅ​ក្នុង​ដំណើរការ​បោះឆ្នោត។ ​អ៊ីចឹង​ កាលណា​មិន​អាច​ចូលរួម​បាន​ន័យ​ថា​ សំឡេង​អង្គ​បោះឆ្នោត​មាន​ការ​បាត់បង់ ដែល​ធ្វើ​ឱ្យ​ចំនួន​សំឡេង​ការ​គាំទ្រ​ក្នុង​ការ​ចាប់​យក​សំឡេង​អាសនៈ​ក្នុង​ការ​បោះឆ្នោត​ខាងមុខ​ហ្នឹង ​វា​អាច​មាន​ផល​ប៉ះពាល់​ដែរ »

គិត​មក​ទល់​ពេល​នេះ​សកម្មជន​របស់​គណបក្ស​ប្រឆាំង​ជិត​ ៣០​នាក់​ ត្រូវ​បាន​ចាប់ខ្លួន​ជា​បន្ត​បន្ទាប់​ក្រោម​ការ​ដឹក​នាំ​របស់ លោក ហ៊ុន ម៉ាណែត បន្ទាប់​ពី​ពួកគាត់​មិន​ព្រម​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច។ ក្រៅ​ពី​នោះ​នៅ​មាន​សកម្មជន​បក្ស​ប្រឆាំង ​ដែល​ជា​អង្គ​បោះឆ្នោត​មួយ​ចំនួន​ទៀត ​កំពុង​រត់​ភៀស​ខ្លួន​ទៅ​កន្លែង​មាន​សុវត្ថិភាព ​ដើម្បី​គេច​ពី​អាជ្ញាធរ​គណបក្ស​កាន់​អំណាច​ចាប់​ខ្លួន។

ពលរដ្ឋ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​រៀបចំ​ដំណើរការ​ការ​បោះឆ្នោត​ដោយ សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ព្រមទាំង​ធ្វើ​កំណែ​ទម្រង់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការ​របស់​ពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕

អត្ថបទពេញនិយម
RFA
ប៉ូលិស​ថៃ​ស៊ើបអង្កេត​ឃើញ​ថា ករណី​ធ្វើឃាត​លើ​លោក លិម គិមយ៉ា មាន​ការ​រៀបចំ​ជា​ប្រព័ន្ធ ដោយ​មាន​មេខ្លោង​នៅ​កម្ពុជា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។