ពលករខ្មែរឈ្មោះ មាស សាវ៉ាង អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសថៃ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខ្មែរ នៅថ្ងៃទី៣១ មីនា។
ប៉ុន្តែក្រសួងមិនបានបញ្ជាក់ថា ពលកររូបនោះ បានស្លាប់នៅទីតាំងអាគារកម្ពស់ជាង៣០ជាន់ ដែលដួលរលំដោយសារគ្រោះរញ្ជួយដីឬយ៉ាងណានោះទេ។ ក្រសួងបន្តថា មន្ត្រីស្ថានទូតខ្មែរនៅថៃ និងសាច់ញាតិបានទៅមន្ទីរពេទ្យតម្កល់សព ដើម្បីទទួលសពបញ្ជូនមកស្រុកកំណើតវិញ។
មន្ត្រីគម្រោងទទួលបន្ទុកផ្នែកពលករចំណាកស្រុកនៃអង្គការសង់ត្រាល់ (Central) លោក លឹង សុផុន ប្រាប់អាស៊ីសេរីនៅថ្ងៃទី៣១ មីនាថា សាច់ញាតិមួយចំនួនដែលប្រាប់មកអង្គការសង់ត្រាល់ ថាមិនអាចទាក់ទងទៅបងប្អូនបាន បន្ទាប់ពីមានការដួលរលំអាគារ ហើយសង្ស័យថាស្ថិតក្នុងគំនរអាគារ នៅតែមិនទាន់ទាក់ទងបានដដែល មកដល់ពេលនេះ។
យើងមិនទាន់ដឹងច្បាស់ថា មានខ្មែរប៉ុន្មាននាក់ នៅក្នុងអាគារហ្នឹងទេ។ តែកន្លងមក អ្នកដែលរកសមាជិកមិនទាន់ឃើញ ហើយរកបងប្អូនមិនទាន់ឃើញ មកដល់ពេលនេះ គឺអ្នកមួយចំនួនហ្នឹង អត់ទាន់បានដំណឹងនៅឡើយទេ សម្រាប់បងប្អូនខ្មែរយើង។
— លោក លឹង សុផុន
មន្ត្រីអង្គការសង់ត្រាល់ធ្លាប់បញ្ជាក់ថា តាមព័ត៌មានដែលខ្លួនទទួលបានពីសាច់ញាតិ គឺយ៉ាងហោចណាស់មានពលករខ្មែរ៤នាក់ កំពុងបាត់ខ្លួននៅក្នុងគំនរអាគារ ដែលដួលរលំកាលពីថ្ងៃទី២៨ ខែមីនា។ ប៉ុន្តែចំនួនពលករខ្មែរបាត់ខ្លួនពិតប្រាកដ ត្រូវបានគេសង្ស័យថា អាចមានច្រើនជាងនេះ ដោយសារពលករ ចូលធ្វើការតាមរយៈថៅកែផ្សេងៗគ្នា។
ក្នុងចំណោមពលករទាំង៤នាក់នោះ គឺមានពលករពីរនាក់ជាប្ដីប្រពន្ធនឹងគ្នា គឺលោកស្រី សុខ គឹមសី និងលោក សឿន សាន់ ដែលសាច់ញាតិចេញមកបញ្ជាក់តាមបណ្ដាញសង្គមថា កំពុងបាត់ខ្លួននៅក្នុងគំនរអាគារបាក់រលំ ក៏មិនទាន់រកឃើញនៅឡើយ ហើយបងប្អូនកំពុងរង់ចាំដំណឹងពីក្រុមអ្នករុករកនៅក្បែរគំនរអាគារ។
អភិបាលក្រុងបាងកកលោក សាតឆាត សិតធិផាន់ (Chadchart Sittipunt) បានប្រាប់សារព័ត៌មាននៅរសៀលថ្ងៃចន្ទនេះថា ប្រតិបត្តិរុករកសម្រាប់អ្នកនៅមានជីវិតនៅក្នុងគំនរអាគារដួលរលំ នឹងបន្តធ្វើទៅមុខទៀត មិនមែនបញ្ចប់ប្រតិបត្តិការរុករកត្រឹមរយៈពេល៧២ម៉ោងនោះទេ។ លោកបន្តថា សញ្ញានៅមានជីវិតពីជនរងគ្រោះក្នុងគំនរអាគារ អាចនឹងត្រូវបានរកឃើញបន្ថែម។
សារព័ត៌មានថៃ Khaosod រាយការណ៍ថា គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី៣១មីនា អ្នកស្លាប់ដោយសារដួលរលំអាគារកើនដល់១៣នាក់ របួស៩នាក់ និង៧៤នាក់ទៀតបន្តបាត់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។