ពលករខ្មែរធ្វើការសំណង់នៅទីក្រុងបាងកក ថ្លែងសុំមិនបញ្ចេញឈ្មោះប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៦មិថុនាថា នៅតំបន់ដែលលោកធ្វើការមានពលកររាប់ពាន់នាក់បានព្រួយបារម្ភអំពីសុវត្ថិភាព និងបានតាមដានព័ត៌មានអំពីជម្លោះព្រំដែនប្រទេសទាំងពីរជាប្រចាំ។ ពលកររូបនេះ អះអាងថា សព្វថ្ងៃគាត់ធ្វើការងារទាំងភិតភ័យ ស្របពេលដែលជនជាតិថៃមួយចំនួនបានរើសអើង និងមិនសូវជួលពួកគាត់ធ្វើការងារដូចពេលដែលមិនទាន់មានជម្លោះព្រំដែនឡើយ។
គឺខ្ញុំភ័យ ភ័យមិនចង់ឱ្យគេធ្វើសង្គ្រាមជាមួយគ្នា ព្រោះប្រជាជនខ្មែរយើងនៅស្រុកថៃច្រើនណាស់។ លឺតែសង្គ្រាមកាលគេបាញ់ខ្មែរស្លាប់ ពួកថៃគេចាប់ផ្ដើមស្អប់ខ្មែរយើងបណ្ដើរៗហើយ ។ឥឡូវមិនបាច់គិតច្រើនទេ សូម្បីតែប៉ូលិសចាប់ក៏គេយកលុយដែរ គេព្រមានយើងចាប់បញ្ជូនទៅខ្មែរវិញក៏មានដែរ។ ឥឡូវថៃកំពុងចោមស្អប់ខ្មែរយើងបណ្ដោយ មិនថានៅកន្លែងនៅកន្លែងផ្សេងទេគឺព្រួយបារម្ភទាំងអស់គ្នាបណ្ដោយ ណាមួយខ្លាចអត់មានការណាមួយខ្លាចគេចាប់ខ្មែរយើងទៅខ្មែរវិញអស់។
— ពលករសុំមិនបញ្ចេញឈ្មោះ
ស្រដៀងគ្នានេះដែរ ពលករខ្មែរធ្វើការនៅខេត្តជាប់ទីក្រុងបាងកកម្នាក់ទៀត បានថ្លែងថា នៅកន្លែងធ្វើការរបស់គាត់ក៏មានការរើសអើងពីជនជាតិថៃដែរ។ ពលកររូបនេះបញ្ជាក់ថា នៅពេលជួបមុខជនជាតិថៃម្ដងៗពួកគេតែងបង្ហាញកាយវិការមិនពេញចិត្តពួកលោក និងពលករខ្មែរដទៃទៀត ចាប់តាំងពីមានជម្លោះព្រំដែនប្រទេសទាំងពីរមក។
ដូចថាគេមិនសូវពេញចិត្តយើងគេយើងជាជនជាតិខ្មែរអីចឹង គេមើលដើមផ្នែកចុង។ពេលយើងកំពុងអង្គុយគេទាត់តុទ្រគោះបោះបោកកន្លែងការងារយើង។គេតាំងទាំងបង្រៀនកូនចៅគេតូចៗចេះនិយាយមិនទាន់ច្បាស់ផង ថាខ្មែរទៅប្រទេសឯងវិញទៅឯងកុំមកនៅស្រុកអញ។
— សំឡេងពលករសុំមិនបញ្ចេញឈ្មោះ
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រីស្ថានទូតខ្មែរនៅប្រទេសថៃ និងអ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន ដើម្បីសុំអត្ថាធិប្បាយជុំវិញក្ដីបារម្ភរបស់ពលករនេះបានទេនៅថ្ងៃទី៦ខែមិថុនា។
ជុំវិញរឿងនេះ មន្ត្រីគម្រោងនៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្សរបស់អង្គការសង់ ត្រាល់ (CENTRAL) ប្រចាំនៅប្រទេសថៃ លោក លឹង សុផុន មានប្រសាសន៍ថា ពលករខ្មែរធ្វើការនៅប្រទេសថៃ ភាគច្រើនពិតជាមានការព្រួយបារម្ភពីសុវត្ថិភាពការរស់នៅនិងការងារប្រាកដមែន។ លោកថា ក្នុងស្ថានភាពបែបនេះរដ្ឋាភិបាលកម្ពុជាគួរតែផ្សព្វផ្សាយព័ត៌មានជាក់លាក់អំពីដំណោះស្រាយបញ្ហាព្រំដែនប្រទេសទាំងពីរឱ្យពួកគាត់បានដឹង ដើម្បីផ្ដល់ភាពកក់ក្ដៅដល់ពលរដ្ឋ។
ហើយមួយផ្សេងទៀតយើងដឹងស្រាប់ហើយថាពលរដ្ឋខ្មែរ នៅថៃច្រើនយើងគួរតែមានសេចក្ដីប្រកាសឱ្យបានទាន់ពេលវេលាផងដែរ កុំឱ្យអត់មានព័ត៌មានច្បាស់លាស់ណាមួយទេធ្វើឱ្យបងប្អូនពលករខ្មែរហ្នឹងរឹតតែព្រួយបារម្ភថែមទៀត។
— លោក លឹង សុផុន
ភាពតានតឹងរវាងកម្ពុជានឹងថៃបន្តឡើងកម្ដៅ បន្ទាប់ពីប្រទេសទាំងពីរបានបញ្ជូនកងទ័ពនិងអាវុធបន្ថែមទៅកាន់ព្រំដែន ក្រោយមានករណីផ្ទុះអាវុធស្លាប់ទាហានខ្មែរម្នាក់ និងការជួបចរចារវាងមេទ័ពជើងគោកនិងប្រមុខការពារជាតិប្រទេសទាំងពីរគ្មានដំណោះស្រាយ។
ទោះជាយ៉ាងណាលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានបង្ហោះនៅក្នុងហ្វេសប៊ុកនៅថ្ងៃទី៦មិថុនាថា កម្ពុជា ប្រកាន់ជំហររក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ ហើយថាការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែននៅតំបន់ទាំងនោះដោយសន្តិវិធីអោយបានឆាប់ចប់ជាស្ថាពរ ។
កម្ពុជាបន្តសហការជាមួយថៃដើម្បីជំរុញការវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែនប្រទេសទាំងពីរដែលនៅសេសសល់ ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC)កម្ពុជា-ថៃ និងបន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាប្រយោជន៍ដល់ពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។