មេទ័ពភូមិភាគ២ថៃព្រមានឈប់ជជែករឿងព្រំដែនជាមួយភាគីកម្ពុជា

មេទ័ពភូមិភាគ២ថៃបានព្រមានថា នឹងឈប់ជជែកជាមួយភាគីកម្ពុជា ដោយចោទថា កម្ពុជាមិនមានឆន្ទៈដកកងទ័ពចេញពីព្រំដែន និងចោទថា កម្ពុជាបន្តដាក់មីនថ្មី និងបង្ហោះដ្រូនចូលដីថៃជាដើម។ ការចោទប្រកាន់នេះ ធ្វើឡើងស្របពេលក្រុមមេបញ្ជាការភូមិភាគកម្ពុជា-ថៃ ត្រៀមជួបគ្នាដើម្បីពិភាក្សារឿងដកទ័ព និងយុទ្ធោបករណ៍ដើម្បីបន្ធូរបន្ថយភាពតានតឹងតាមព្រំដែន។

មេទ័ព​ភូមិភាគ​២​របស់​ថៃ​លោក ប៊ុនស៊ីន ផាតក្លាង (Boonsin Padklang) បាន​និយាយ​ថា ភាគី​ថៃ​នឹង​អាច​បញ្ឈប់​ការ​ជជែក​គ្នា​ជាមួយ​ភាគី​កម្ពុជា​ដើម្បី​បន្ធូរ​បន្ថយ​ភាព​តានតឹង​នៅ​ព្រំដែន។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ Khaosod នៅ​ថ្ងៃ​ទី២២ ខែកញ្ញា។

មេទ័ព​ថៃ​ប្រចាំ​ភូមិភាគ​រូប​នេះ បាន​ព្រមាន​នេះ ដោយសារ​លោក​បន្ត​ចោទប្រកាន់​ថា កងទ័ព​កម្ពុជា​បាន​បង្ហោះ​ដ្រូន​ចូល​ទឹក​ដី​ថៃ និង​បន្ត​ដាក់​មីន​ថ្មី​ជាដើម ខណៈ​ការ​ចោទ​ប្រកាន់​ទាំង​នេះ ត្រូវ​បាន​ក្រសួង​ការពារ​ជាតិ​កម្ពុជា ចេញ​បដិសេធ​ជាបន្តបន្ទាប់ និង​អះអាង​ថា ជា​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត ដើម្បី​ធ្វើ​ជា​លេស​ប្រើ​កម្លាំង​យោធា​ឈ្លានពាន​ទឹក​ដី​កម្ពុជា​ជា​ថ្មី។

ការ​លើក​ឡើង​ពី​មេទ័ព​ភូមិភាគ​២​របស់​ថៃ​បាន​កើតឡើង ស្របពេល​កិច្ច​ប្រជុំ​របស់​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា-ថៃ (RBC) នឹង​ចាប់ផ្ដើម​ក្នុង​សប្ដាហ៍​នេះ ដើម្បី​ពិភាក្សា​ជុំវិញ​ផែនការ​សកម្មភាព ដែល​មាន​លក្ខណៈ​ជាក់ស្ដែង និង​ជា​ជំហានៗ ហើយ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ និង​ផ្ទៀងផ្ទាត់​ពី​ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល​អាស៊ាន ក្នុង​ការ​សម្រេច​កែសម្រួល​យុទ្ធោបករណ៍ និង​សម្ភារៈយោធា ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​នៅ​ព្រំដែន។ ការ​ប្រជុំ​ដើម្បី​កែសម្រួល​កងទ័ព​ឬ​សព្វាវុធ​ធន់ធ្ងន់​នៅ​តាម​ព្រំដែន​នេះ ធ្វើ​ឡើង​ស្របតាម​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិសេស​លើកទី​១​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) រវាង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ប្រទេស​ទាំង​ពីរ កាល​ពី​ថ្ងៃ​ទី១០ ខែកញ្ញា​នៅ​ក្នុង​ខេត្ត​កោះកុង។

ទន្ទឹម​ការ​ព្រមាន​ពី​មេភូមិភាគ​២​របស់​ថៃ នៅ​ថ្ងៃ​ទី ២៣ ខែកញ្ញា អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​អ្នកស្រី ម៉ាលី សុជាតា បាន​លើកឡើង​នៅ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ថា កម្ពុជា​បន្ត​ប្តេជ្ញាចិត្ត​ក្នុង​ការ​សហការ​ជាមួយ​ភាគី​ថៃ​នៅ​គ្រប់​កម្រិត ដើម្បី​លើកកម្ពស់​សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​សម្រាប់​ជា​ប្រយោជន៍​ដល់​ប្រទេស​ទាំង​ពីរ។

អ្នកស្រី​ក៏​បាន​បដិសេធ​ចំពោះ​ការ​លើកឡើង​របស់​កងទ័ព​ថៃនិង​សារព័ត៌មាន​ថៃ​ដែល​បាន​ចុះផ្សាយ​ថាកងកម្លាំង​កម្ពុជា​បាញ់​អាវុធ​ធុន​តូច​៣​ទៅ​៥​គ្រាប់​ចូល​ទឹក​ដី​ថៃដើម្បី​ញុះញង់នៅ​តំបន់​តាម​បណ្តោយ​ព្រំដែនក្រោយ​ពី​មាន​សេចក្ដី​រាយការណ៍​ថាគេ​បាន​លឺ​សំឡេង​គ្រាប់​កាំភ្លើង​ផ្ទុះ​ឡើង​នៅ​ជិត​ភ្នំ​ខ្មោច។អ្នកស្រីម៉ាលី សុជាតាបាន​បញ្ជាក់​ថាកងកម្លាំង​កម្ពុជា​បាន​រៀល​កៃ​ផ្ទុះ​អាវុធ​ទៅ​លើ​មេឃ​ប៉ុណ្ណោះមិន​បាន​បាញ់​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃហើយ​ត្រូវ​បាន​ដោះស្រាយ​ជាមួយ​ភាគី​ថៃ​រួច​ហើយ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។