ជនជាតិដើមភាគតិចកួយឡើងមកសុំដំណោះស្រាយដីធ្លីនៅភ្នំពេញ ក្រោយរងការគំរាមបាញ់ពីមន្ត្រីទាហាន

ជនជាតិដើមភាគតិចកួយដែលមានវិវាទរឿងដីស្រែចម្ការ និងដីព្រៃជំនឿ ក្នុងឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ បានឡើងមកភ្នំពេញកាលពីថ្ងៃទី០៣ មីនា ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាល។ ពលរដ្ឋទាំងនេះអះអាងថា ពួកគាត់ព្រួយបារម្ភពីសុវត្ថិភាពកាន់តែខ្លាំង ក្រោយរងការគំរាមគំហែងពីក្រុមទាហានដែលកាងដីឱ្យលោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ។ កាលពីថ្ងៃទី ២២ កុម្ភៈ ក្រុមជនជាតិដើមភាគតិចកួយទាំងនេះជាង១០០នាក់ បានចុះឃ្លាំមើលសកម្មភាពគ្រឿងចក្រជាង១០គ្រឿងឈូសរំលោភយក ព្រៃជំនឿរបស់ពួកគាត់ជាង១ពាន់ហិកតារ ហើយក៏បានប៉ះទង្គិចប្រកែកគ្នាជាមួយទាហានមួយក្រុម ស្ពាយកាំភ្លើងអាកា (AK) ដែលហាមឃាត់ និងគំរាមពួកគាត់មិនឱ្យចូលទៅតំបន់ឈូសឆាយនោះ៕