ពីមួយឆ្នាំទៅមួយឆ្នាំគេតែងតែឃើញលេចចេញនូវជំនឿផ្សេងៗបែបអរូបីដែលផ្ទុយពីច្បាប់របស់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
ជំនឿទាំងនោះ បានអូសទាញប្រជាពលរដ្ឋឲ្យជឿលង់ខ្លួនរហូតខាតបង់ទ្រព្យសម្បត្តិ ពេលវេលា និងធ្វើឲ្យបរិយាកាសសង្គមពោរពេញទៅដោយភាពច្របូកច្របល់។
តើក្នុងឆ្នាំ២០២៣ មានលេចចេញនូវជំនឿបែបណាខ្លះ ហើយអ្នកទាំងនោះធ្វើសកម្មភាពអ្វីខ្លះទើបធ្វើឲ្យពលរដ្ឋមានជំនឿរហូត ធ្វើឲ្យបាត់ម្ចាស់ការលើខ្លួនឯងបែបនេះ...ហើយទង្វើទាំងនេះធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិបែបដែរ...?
អ្នកតាមដានព្រឹត្តិការណ៍សង្គម ព្រះសង្ឃពុទ្ធសាសនា មើលឃើញថា ពលរដ្ឋមានជំនឿទៅលើទឹកមន្ត បារមី សក្ដិសិទ្ធិ តាមរូបភាពផ្សេងៗ ដូចជាព្រះសង្ឃ ការតាំងខ្លួនឯងថាជាអ្នកមានបុណ្យ ចេះទស្សន៍ទាយ អាចព្យាបាលជំងឺរ៉ាំរ៉ៃ និងអាចរំដោះគ្រោះចង្រៃជាដើមនោះ ថា ជាការបោកបញ្ឆោត និងធ្វើឲ្យមានភាពវឹកវរ ច្របូកច្របល់ពេញសង្គម។
ពួកគាត់កំពុងមានមន្ទិលថា ក្រុមនេះអាចបង្កើតឡើង និងធ្វើសកម្មភាពដោយមានអ្នកនយោបាយ អ្នកមានអំណាច មានលុយកាក់ច្រើននៅពីក្រោយខ្នង។
ម្យ៉ាងវិញទៀតក្រុមភូតកុហកដោយយកជំនឿសាសនា ជាឈ្នាន់នេះ ហាក់មានសុវត្ថិភាព និងមានសេរីភាពខ្លាំងជាងអ្នកនយោបាយ សកម្មជនសង្គម ដែលធ្វើការលើកស្ទួយសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ តែបែរជាត្រូវរដ្ឋាភិបាលចោទថា ក្បត់ជាតិ ធ្វើឲ្យវឹកវរ ប៉ះពាល់ដល់សន្តិសុខសង្គមទៅវិញ។
អ្នកវិភាគនយោបាយ លោក គឹម សុខ មើលឃើញថា ក្រុមមន្ត្រីនយោបាយ ដែលកំពុងកាន់អំណាច អាចបង្កើតប្រព្រឹត្តិការណ៍ជំនឿទាំងនេះឡើងដើម្បីបង្វែរស្ថានការណ៍សង្គម សេដ្ឋកិច្ច និងនយោបាយ ដែលខ្លួនដោះស្រាយមិនចេញ ហើយខ្លាចមានចលនាពលរដ្ឋងើបតវ៉ាច្រើន ទើបឆ្លៀតឱកាសឆក់យកពេលពលរដ្ឋកើតទុក្ខមានវិបត្តិគ្រប់បែបយ៉ាង រកអ្នកជួយដោះស្រាយមិនបាន និងធ្លាប់មានជំនឿអរូបីដក់ជាប់ពីអតីតកាលផងនោះ ទើបពួកគេរុញបញ្ហានេះទៅឲ្យប្រពលរដ្ឋវង្វេងក្នុងល្បែងជំនឿនេះតែម្តងទៅ។
លោក គឹម សុខ៖ «ជំនឿមន្តអាគមន៍នេះវាស្ទើរតែក្លាយជាអាជីវកម្មនយោបាយ របស់មេដឹកនាំប្រទេសទៅហើយ ដូចដែលខ្ញុំបញ្ជាក់ខាងដើមថា គេដោះស្រាយបញ្ហាប្រទេសជាតិមិនចេញទេ វិបត្តិគ្រប់វិស័យទាំងអស់ រៀបរាប់មិនអស់ទេច្រើនណាស់ ហើយបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការសុទ្ធតែបានដឹងហើយ...»។
ឆ្នាំ២០២៣ មានលេចចេញនូវរូបភាពជំនឿជាច្រើនទម្រង់ ប៉ុន្តែអ្វីដែលធ្វើឲ្យពលរដ្ឋមានជំនឿភ្លូកទឹកភ្លូកដី ល្បីតគ្នាដោយគ្មានមូលដ្ឋានច្បាស់លាស់នោះ គឺបុគ្គល សុន ចាន់វីរៈ ឬគេស្គាល់និងហៅតគ្នាថា ព្រះអង្គធម្ម វនវាសី ចន្ទមុនី ដែលមានអត្តសញ្ញាណមិនច្បាស់លាស់ និងតាំងខ្លួនឯងថា ជាព្រះសង្ឃធុតង្គនៅក្នុងព្រៃរាប់សិបឆ្នាំ ហើយបានជួបខ្មោច ព្រាយ បិសាច ទេវតា អ្នកបម្រើទេវតា និងប្រភេទអមនុស្សជាច្រើនផ្សេងទៀត ហើយបានផ្តល់មន្តអាគមពិសេស អាចព្យាបាលជំងឺ និងជួយឲ្យរកស៊ីមានបានជាដើម។
ជាងនេះទៅទៀត ក៏មានការល្បីតគ្នាទៀតថា បុគ្គលរូបនេះ ចេះវិជ្ជាបង្រួញដី ឬទេវតាដើរដី ជាកូនសិស្ស លោក ឪ សួង ដែលជាអតីតព្រះសង្ឃធុតង្គ នៅភ្នំត្បែងមានជ័យ ខេត្តព្រះវិហារ ក្រោយមកទៅគង់នៅប្រទេសថៃរហូតដល់សុគតនៅទីនោះតែម្តង។
អ្នកប្រើប្រាស់បណ្ដាញសង្គមដែលមានជំនឿខ្លះបានបង្ហោះរូបភាពព្រះសង្ឃអង្គនេះ ជាមួយនឹងសារដូចៗគ្នាថា៖ «ជ្រះថ្លាណាស់បានជួបព្រះអង្គ ឃើញហើយស៊ែ (Share) មួយ នឹងមានសេចក្តីសុខ រកស៊ីមានបាន និងពាក្យថា៖ បើមិនជឿកុំប្រមាថ»។
ចំពោះក្រុមអ្នកមិនជឿលើរឿងនេះមួយចំនួនផ្សេងទៀតក៏មិនហ៊ានប្រកែកដោយត្រង់ៗដែរ ដោយគ្រាន់តែផ្ញើសារបែបឌឺដងកំប្លុកកំប្លែងទៅវិញថា៖ «បើជឿកុំប្រមាថ បើឆ្លាត កុំជឿ ...» រីឯអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនទៀតបានផុសសារ និងរូបភាពចំអកតបវិញដែរថា៖ ខ្មែរមានព្រះសង្ឃពូកែដើរដី រីឯវៀតណាមវិញមានអ្នកដឹកនាំពូកែយកដី ...»។
ទាក់ទងនឹងរឿងរ៉ាវដែលកើតឡើងមកនេះ បុគ្គល សុន ចាន់វីរៈ ហៅ ធម្ម វនវាសី ចន្ទមុនី មានថេរដីការបញ្ជាក់ថា លោកមិនដែលបំផុសឲ្យពុទ្ធបរិស័ទមានជំនឿហួសប្រមាណ ដោយគ្មានហេតុផល ជឿតាមគ្នាដោយគ្មានការពិចារណា និងជឿខុសឬលើសពីអ្វីដែលលោកបានថ្លែងផ្ទាល់នោះទេ។
បុគ្គល សុន ចាន់វីរៈ៖ «ខ្ញុំករុណាខ្ញុំតែងតែប្រាប់ហើយតើថា ពាក្យណា សំដីណាដែលចេញពីមាត់ខ្ញុំចាំយកទៅគិតពិចារណា មិនឲ្យទៅទៀតនោះ ប៉ុន្តែរឿងទាំងឡាយចេញពីអ្នកលក់ផ្កាអ្នកលក់ធូបអីអ៊ីចឹងទៅអ្នកលក់គ្នាមិនទៅដឹងអី យកអ្នកទាំងហ្នឹងធ្វើគ្រូមិនកើតទេ គ្នាក៏មិនដឹងអីដែរ អ៊ីចឹងបានលឺយ៉ាងម៉េចកុំឲ្យជំនឿខ្លួនឯងខ្វះសតិ»។
ទោះបីមានការបកស្រាយបែបនេះក្តី ក៏ពេលថ្មីនេះ ពេលលោកជិះទូកកាត់បឹងមួយក៏មានពលរដ្ឋទៅដងទឹកបឹងនោះយកមកមុជ មកផឹក ដោយសង្ឃឹមថា នឹងទទួលបានសេចក្តីសុខ និងជាពីរោគាទាំងឡាយ។ ដូចគ្នានេះដែរ ពេលលោកទៅទេសនាក្រោមដើមទឹកដោះគោ ក្នុងទីអារាមមួយ ក្រោយមកក៏មានមនុស្សប្រជែងគ្នាឡើងកាច់ស្លឹកដោះទឹកដោះនោះ ស្ទើរអស់ពីដើមដ៏ធំនោះ និងមានដើមឈើផ្សេងទៀតបានងាប់ដោយសារមានមនុស្សដណ្តើមគ្នាកាច់ស្លឹកនិងមែករបស់វា ក្រោយបុគ្គលរូបនេះបក់ផ្លិតប៉ះដើមឈើទាំងនោះ។
កាលពីឆ្នាំមុនក៏មានលេចចេញនូវជំនឿផ្សេងដែរ ដូចជាគ្រូចូលរូបទាយ និងគ្រូសូត្រធម៌ស្រោចទឹកបញ្ចូលគាថា សូត្រធម៌៧ភាសាជាដើម រហូតមានអ្នកខ្លះយកទៅបញ្ចូលសាច់ភ្លេងរ៉េបបែបកំប្លុកកំប្លែងលេងសើចទៀតផង។
វិទ្យុអាស៊ីសេរី ពុំទាន់អាចទាក់ទងរដ្ឋលេខាធិការ និងជាប្រធានក្រុមអ្នកនាំពាក្យ ក្រសួងធម្មការ និងសាសនា លោក សេង សុមុនី ដើម្បីសុំការពន្យល់ អំពីបញ្ហាទាំងនេះបានទេ កាលពីថ្ងៃទី២២ ធ្នូ។
ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ នៅទីស្ដីការក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ធ្នូ បានស្នើឲ្យក្រសួងធម្មការ និងសាសនា ព្រមទាំងស្ថាប័នពាក់ព័ន្ធ ត្រូវពិនិត្យមើលសកម្មភាពមួយចំនួន ដែលកើតមានទ្បើងក្នុងទម្រង់ជាការប្រតិបត្តិជំនឿសាសនា តែធ្វើខូចខាតប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា និងវប្បធម៌របស់ជាតិ ដើម្បីធានាបាននូវការថែរក្សាតម្លៃនៃសាសនានីមួយៗ តម្លៃសង្គម ដោយឈរលើមូលដ្ឋាននៃជំនឿច្បាស់លាស់ និងមិនធ្វើឲ្យបរិយាកាសនៃជំនឿលើសាសនា និង វប្បធម៌ មានភាពច្របូកច្របល់។
លោកបញ្ជាក់ទៀតថា សិទ្ធិសេរីភាពនៅក្នុងការប្រតិបត្តិសាសនា ត្រូវតែគោរព ប៉ុន្តែត្រូវមានព្រំដែនកំណត់។
លោក ហ៊ុន ម៉ាណែត៖ «តិចៗឃើញឥសីចេញមក មិញខ្ញុំជិះឡានមកឃើញពីណាទៅរាំ .. កន្លែងមួយនោះ តិចៗឃើញស្ត្រីម្នាក់យកស្បង់ចីពរទៅតាំងខ្លួនជាព្រះ និងក្រុមតាំងខ្លួនជាឥសីចេញមកជាបន្តបន្ទាប់ ដែលកើតមានទ្បើងក្នុងទម្រង់ជាការប្រតិបត្តិជំនឿសាសនា ...»។
តែទោះយ៉ាងនេះក្តី លោក ហ៊ុន ម៉ាណែត មិនបានលើកឲ្យចំករណីបុគ្គល សុន ចាន់វីរៈ ឬគេស្គាល់ថា ព្រះសង្ឃ ធម្ម វនវាសី ចន្ទមុនី នោះទេ។
ព្រះសង្ឃអង្គនេះ សព្វថ្ងៃគង់នៅវត្តតាសុត ឃុំរលាប្អៀរ ខេត្តកំពង់ឆ្នាំង។
នៅលើបណ្ដាញសង្គមដែលអ្នកខ្លះខំផ្សព្វផ្សាយដើម្បីរកលុយផងនោះ បានអះអាងពីភាពអស្ចារ្យជាច្រើនរបស់សង្ឃអង្គនេះ។
សកម្មភាពរបស់បុគ្គលសង្ឃនេះ មើលទៅហាក់ខុសពីព្រះសង្ឃដទៃភាគច្រើន ដោយពេលទៅទេសនាតាមរោងបុណ្យនានា ឃើញមានក្រុមការងារចាំតាមថតដោយប្រើឧបករណ៍ទំនើបៗរបៀបដូចគេថតភាពយន្តដូច្នោះដែរ។
ចំណែកការធ្វើដំណើរវិញតែងតែមានរថយន្តទំនើបចាំដឹកជញ្ជូនទៅមក ក្រៅពីនេះទៀត នៅមានក្រុមជួយផ្សាយបំប៉ោងថែមអំពីជំនឿអរូបី ដូចជាក្រុមរកស៊ីទស្សន៍ទាយ ចូលរូបអារក្ស ស្រោចទឹកមន្ត និងក្រុមឃោសនារកលុយតាមប្រព័ន្ធអនឡាញ (Online) ហៅថា ក្រុម MMOជាដើម។
លើសពីនេះទៀត ក៏មាន លោក ហ៊ុន ជា ដែលជាបងប្អូនជីដូនមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកស្រី ហ៊ុន ស៊ីណាត និងក្រុមសមាជិកគ្រួសារត្រកូលហ៊ុនមួយចំនួនផ្សេងទៀតផង ក្រៅពីនេះក៏នៅមានក្រុមឧកញ៉ា មន្ត្រីរដ្ឋាភិបាលមួយចំនួនក៏មានជំនឿ និងហាក់ជួយជំរុញលើកទឹកចិត្តគាំទ្រជំនឿបែបអរូបីនេះទៀតផង។
គេសង្កេតឃើញទៀតថា ក្នុងរយៈពេលខ្លីប៉ុណ្ណោះ បុគ្គល សុន ចាន់វីរៈ មានលុយរាប់ម៉ឺនដុល្លារសម្រាប់បរិច្ចាគចូលមូលនិធិផ្សេងៗ ដូចជាបរិច្ចាគទៅខាងកាកបាទក្រហមកម្ពុជា និងខាងមហាសេដ្ឋីស្រុកខ្មែរ គឺអ្នកឧកញ៉ា សុខ គង់ ជាដើម។
ទាក់ទងនឹងជំនឿដែលគ្មានហេតុផលនេះដែរ ព្រះតេជព្រះគុណ លួន សុវ៉ាត មានថេរដីកាថា រឿងជំនឿ ទោះជឿរឿងខ្មោចព្រាយ បិសាច មន្តអាគម អីក៏ដោយ វាគឺជាសិទ្ធិរបស់បុគ្គល ប៉ុន្តែពលរដ្ឋគប្បីគិតពិចារណា រកហេតុផលត្រឹមត្រូវ សមរម្យ កុំជឿអ្វីដែលមើលមិនឃើញ ខុសឆ្ងាយពីវិទ្យាសាស្ត្រ ដែលនាំឲ្យអន្តរាយដល់អាយុជីវិត កិត្តិយស ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងសហគមន៍។
ព្រះតេជព្រះគុណ លួន សុវ៉ាត៖ «ឥឡូវយើងមើលឃើញប្រទេសយើងនេះ តើវារងគ្រោះ រងផលប៉ះពាល់ខាតបង់វិស័យសេដ្ឋកិច្ច នយោបាយ ដែលយើងមើលឃើញដោយភ្នែក ព្រៃឈើបាត់បង់ យើងឃើញភ្នំត្រូវបានគេកាយ បឹងទាំងឡាយត្រូវបានគេលុប។ យើងត្រូវជឿលើអ្វីដែលជារូបី កុំទៅជឿលើអរូបី បើសិនជាអរូបីពូកែការពារព្រៃ ភ្នំ បឹង មិនឲ្យគេកាប់គេលប់បានទេ..?ព្រោះជាសម្បត្តិ និងជាជម្រករបស់ពពួកអមនុស្សដែរ»។
អ្នកតាមដានសង្គមអំពាវនាវដល់ក្រសួងធម្មការ និងសាសនា គួរបង្កើនការផ្សព្វផ្សាយអំពីព្រះពុទ្ធសាសនាដែលត្រឹមត្រូវ ដើម្បីជាជំនួយបញ្ញាស្មារតីដល់ពលរដ្ឋ ឱ្យចៀសវាងបាននូវការជឿទៅលើអ្វីមួយដែលមិនសមហេតុផល និងពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងជឿលើរឿងអ្វីមួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។