បារាំង​នឹង​បង្កើន​ជំនួយ​ច្រើន​ជាង ៦៥​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៣

រដ្ឋាភិបាល​បារាំង បាន​បង្កើន​ជំនួយ និង​ជំរុញ​ឲ្យ​អ្នក​វិនិយោគ​ចូល​មក​កម្ពុជា ឲ្យ​បាន​ច្រើន ចាប់​ពី​ឆ្នាំ​២០១៣។ មន្ត្រី​ស្ថានទូត​បារាំង ឲ្យ​ដឹង​ថា នឹង​បង្កើន​ជំនួយ​ឲ្យ​កម្ពុជា ឲ្យ​បាន​ច្រើន​ជាង ៦៥​លាន​ដុល្លារ​ក្នុង​ឆ្នាំ​នេះ។ ប៉ុន្តែ​សម្រាប់​មន្ត្រី​សង្គម​ស៊ីវិល ចង់​ឲ្យ​បារាំង ជួយ​ជំរុញ​ឲ្យ​ប្រព័ន្ធ​តុលាការ​កម្ពុជា មាន​ឯករាជ និង​យុត្តិធម៌។

0:00 / 0:00

លោក ស៊ែហ្ស ម៉ូស្ទូរ៉ា (Serge Mostura) ឯកអគ្គរដ្ឋទូត​បារាំង ប្រចាំ​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​កាសែត​ថ្ងៃ​អង្គារ ទី៥ ខែ​កុម្ភៈ នា​ស្ថានទូត​បារាំង តាម​សំឡេង​អ្នក​បកប្រែ​ភាសា​ថា លោក ហ្សង់-ម៉ាក អេរ៉ូ (Jean-Marc Ayrault) នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​បារាំង ក្នុង​ដំណើរ​ទស្សនកិច្ច ២ថ្ងៃ​មក​កម្ពុជា ដើម្បី​ចូល​រួម​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ព្រះ​មហា​វីរក្សត្រ សម្ដេច នរោត្តម សីហនុ លោក​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​រវាង​លោក ហ្សង់-ម៉ាក អេរ៉ូ ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ភាគី​ទាំង​ពីរ​បាន​សន្យា​បន្ត​ពង្រឹង​ទំនាក់​ទំនង​ឲ្យ​កាន់​តែ​រឹងមាំ​លើ​គ្រប់​វិស័យ។ ក្នុង​នោះ បារាំង នឹង​បន្ត​ផ្តល់​ជំនួយ​ឲ្យ​កម្ពុជា ឲ្យ​បាន​ច្រើន​ចាប់​ពី​ឆ្នាំ​២០១៣ ត​ទៅ។

លោក ស៊ែហ្ស ម៉ូស្ទូរ៉ា៖ «ឆ្នាំ​២០១២ បារាំង បាន​ផ្តល់​ជំនួយ​ឥត​សំណង​មក​កម្ពុជា ក្នុង​រង្វង់​ទឹក​ប្រាក់​ប្រមាណ ៦៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ហើយ​នឹង​បង្កើន​ជំនួយ​នេះ​នៅ​ឆ្នាំ​២០១៣ បន្ថែម​ទៀត។ ជំនួយ​របស់​បារាំង មិន​មែន​ត្រឹម​តែ​ជំនួយ​ទឹក​ប្រាក់​ដែល​បារាំង ឲ្យ​ទេ ប៉ុន្តែ​មាន​ដូច​ជា​ឲ្យ​ប្រាក់​កម្ចី​ផង​ដែរ។ ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ទៀត​នេះ នឹង​មាន​ការ​ចុះ​ហត្ថលេខា​ទៅ​លើ​កិច្ច​ព្រមព្រៀង​នៃ​ការ​ផលិត​ទឹក​ដែល​មាន​ទឹក​ប្រាក់​រហូត​ដល់​ជាង ៣០​លាន​ដុល្លារ»

បន្ថែម​លើ​នេះ លោក​ឯកអគ្គរដ្ឋទូត​បារាំង ស៊ែហ្ស ម៉ូស្ទូរ៉ា ក៏​បាន​ឲ្យ​ដឹង​ថា បារាំង នឹង​ជំរុញ​ឲ្យ​អ្នក​វិនិយោគទុន​របស់​ខ្លួន​មក​កម្ពុជា បាន​ច្រើន​ថែម​ទៀត​នា​ថ្ងៃ​អនាគត។ លោក​ថា សព្វថ្ងៃ​នេះ​ទំហំ​ទឹក​ប្រាក់​វិនិយោគ​បារាំង ក្នុង​ប្រទេស​កម្ពុជា មាន​ប្រមាណ ៤០០​លាន​អឺរ៉ូ ឬ​ស្មើ​ប្រមាណ ៥០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក មាន​ដូច​ជា​វិនិយោគ​ទៅ​លើ​វិស័យ​ប្រេង វិស័យ​អគ្គិសនី និង​រោង​ម៉ាស៊ីន​កិន​ស្រូវ​ជាដើម។

ទាក់​ទិន​បញ្ហា​នេះ មន្ត្រី​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​កម្ពុជា បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​បារាំង ជួយ​ជំរុញ​ឲ្យ​ប្រព័ន្ធ​តុលាការ​កម្ពុជា មាន​ឯករាជ យុត្តិធម៌ គោរព​សិទ្ធិ​មនុស្ស និង​មាន​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មាន​ប្រសាសន៍​ថា កន្លង​មក​ឃើញ​រដ្ឋាភិបាល​បារាំង បាន​ផ្តល់​ជំនួយ និង​ជួយ​ពង្រឹង​ប្រព័ន្ធ​តុលាការ​ឲ្យ​មាន​ឯករាជ និង​យុត្តិធម៌។ ប៉ុន្តែ​លោក​ថា ជំនួយ​នេះ​មិន​ទាន់​មាន​លទ្ធផល ឬ​ប្រសិទ្ធភាព​ទេ។

លោក អ៊ូ វីរៈ៖ «បារាំង ឃើញ​ជួយ​ខ្លះ​ដែរ​ទាក់​ទង​រឿង​ក្រម​ព្រហ្មទណ្ឌ​អី​ហ្នឹង។ តែ​មក​ដល់​បច្ចុប្បន្ន​នេះ តុលាការ​កម្ពុជា ក៏​មិន​ទាន់​មាន​ឯករាជ ហើយ​បារាំង ក៏​មិន​ទាន់​បាន​ជួយ​ផ្នែក​អី​ទាក់​ទង​រឿង​ឯករាជ​ភាព​របស់​តុលាការ គឺ​មិន​ទាន់​បាន​ជួយ​ទាល់​តែ​សោះ។ ចំពោះ​ខ្ញុំ គឺ​សញ្ជាតិ​បារាំង មួយ​រូប​ដ៏​សំខាន់ គឺ​លោក ម៉ម សូណង់ដូ កំពុង​ជាប់​ក្នុង​ពន្ធនាគារ ហើយ​ប្រទេស​បារាំង មិន​ទាន់​មាន​ធ្វើ​អី​ជា​ដុំ​កំភួន ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ដោះលែង​លោក ម៉ម សូណង់ដូ ហើយ​ទន្ទឹម​គ្នា​ហ្នឹង​ដែរ បាន​ផ្តល់​ជំនួយ​បន្ថែម​ជា​រឿង​មួយ។ ខ្ញុំ​យល់​ថា បារាំង គួរ​យក​ចិត្ត​ទុក​ដាក់​ដែរ បើ​សិន​ជា​ក្នុង​ករណី​សញ្ជាតិ​បារាំង មួយ ដែល​ជាប់​ពន្ធនាគារ​ដោយ​អយុត្តិធម៌ នៅ​តែ​បន្ត​ជាប់​ពន្ធនាគារ ហើយ​បារាំង នៅ​មិន​អើពើ ហើយ​ខ្ញុំ​ជឿជាក់​ថា នេះ​ជា​ការ​ឆ្លុះ​បញ្ចាំង​មួយ​ថា បារាំង ជា​ប្រទេស​មួយ​ដែល​រើសអើង​ដល់​ខ្មែរ​មាន​សញ្ជាតិ​បារាំង»

លោក អ៊ូ វីរៈ មាន​យោបល់​ថា រដ្ឋាភិបាល​បារាំង គួរ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ខ្លួន​ទៅ​លើ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​ប្រព័ន្ធ​តុលាការ​ឲ្យ​មាន​ឯករាជ និង​មិន​ស្ថិត​ក្រោម​បុគ្គល ឬ​បក្ស​នយោបាយ​ទើប​ប្រសើរ។

យ៉ាង​ណា​ក៏​ដោយ លោក ស៊ែហ្ស ម៉ូស្ទូរ៉ា ឯកអគ្គរដ្ឋទូត​បារាំង ប្រចាំ​កម្ពុជា បាន​ដក​ស្រង់​សម្ដី​លោក​នាយក​រដ្ឋមន្ត្រី​បារាំង ឲ្យ​ដឹង​ថា បារាំង នឹង​បង្កើន​ជំនួយ និង​បន្ត​ជួយ​កម្ពុជា លើ​វិស័យ​សុខាភិបាល វិស័យ​អប់រំ និង​ជំរុញ​ក្រុមហ៊ុន​ឲ្យ​មក​បោះ​ទុន​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា បាន​កាន់​តែ​ច្រើន​នា​ថ្ងៃ​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។