សភាជាតិកម្ពុជាបានកាត់ប្រាក់ខែរបស់តំណាងរាស្ត្រគណបក្សប្រឆាំង លោកស្រី មូរ សុខហួរ គ្រប់ចំនួន ៨លានរៀលហើយ ដើម្បីសងជំងឺចិត្តលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោកស្រី មូរ សុខហួរ បានចាញ់ក្ដីក្រោមបទបរិហារកេរ្តិ៍កន្លងមក។
សភាជាតិបានកាត់ប្រាក់ខែលើកដំបូងចំនួនជាង ៤លានរៀលកាលពីចុងខែកក្កដាកន្លងទៅនេះ និងបានកាត់លើកទី២ ចំនួនជាង ៣លានរៀលកាលពីដើមខែកញ្ញានេះ សរុប ៨លានរៀល ជាចំណែកកញ្ចប់ថវិកាសងជំងឺចិត្តលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
មេធាវីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក គី តិច បានមានប្រសាសន៍បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៣ ខែកញ្ញា ថា លោកបានទទួលប្រាក់ជាង ៣លានរៀលលើកទី២នេះ កាលពីថ្ងៃទី៧ ខែកញ្ញាកន្លងទៅ ហើយបានប្រគល់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៩ ខែកញ្ញាកន្លងទៅនេះ។
លោកបានបន្តថា ៖ «...មានប្រសាសន៍ថា គាត់នឹងរៀបចំជូនទៅមជ្ឈមណ្ឌលកុមារកំព្រា។ ខ្ញុំចប់ហើយ នៅតែប្រាក់ពិន័យ គឺខាងរតនាគារគាត់អ្នកបន្តទៅបើកយកបៀវត្សហ្នឹង រហូតដល់គ្រប់ចំនួន ៨លាន ៥សែនរៀលដែរ»។
ការទទួលប្រាក់គម្រប់ ៨លានរៀលខាងលើនេះ ក្រោយពីគណៈកម្មការអចិន្ត្រៃយ៍របស់សភាជាតិ បានចេញលិខិតមួយទៀតចុះថ្ងៃទី១៩ ខែសីហាកន្លងទៅនេះ បង្គាប់ឲ្យលោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្ស សម រង្ស៊ី បង់ប្រាក់ផាកពិន័យចំនួន ៨លាន ៥សែនរៀល ជូនរតនាគារជាតិកម្ពុជា ដែលជាប្រាក់ផាកពិន័យផ្នែកទី២។ ប៉ុន្តែលោកស្រី មូរ សុខហួរ មិនបានយល់ព្រមជាមួយនឹងការបង្គាប់នោះទេ។
តំណាងរាស្រ្តគណបក្ស សម រង្ស៊ី លោកស្រី មូរ សុខហួរ បានមានប្រសាសន៍ថា ការកាត់ប្រាក់ខែកន្លងមកគឺផ្ទុយនឹងឆន្ទៈរបស់លោកស្រី ៖ «ខ្ញុំជាជនរងគ្រោះ ហើយសុំឲ្យប្រជាពលរដ្ឋពិចារណាចុះ! ហើយខ្ញុំមិនមែនជាជនរងគ្រោះតែម្នាក់នៅក្នុងប្រព័ន្ធតុលាការ ដែលជាឧបករណ៍នយោបាយ! តុលាការមួយដែលមិនអព្យាក្រឹត្យទេ!»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឈ្នះក្តីលើលោកស្រី មូរ សុខហួរ ក្នុងបណ្ដឹងបរិហារកេរ្តិ៍នៅតុលាការក្រុងភ្នំពេញ កាលពីខែសីហា ឆ្នាំ២០០៩កន្លងទៅ ដែលតុលាការនេះបានកាត់ក្តីឲ្យលោកស្រី មូរ សុខហួ ចាញ់ក្តី ហើយបង្គាប់ឲ្យបង់ប្រាក់សងជំងឺចិត្តសរុបចំនួន ១៦លាន ៥សែនរៀល គឺប្រាក់ចំនួន ៨លានរៀលសម្រាប់សំណងជំងឺចិត្ត លោក ហ៊ុន សែន និងប្រាក់ ៨លាន ៥សែនរៀលទៀត សម្រាប់បង់ចូលរតនាគារជាតិកម្ពុជា។
ក្រោយមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឈ្នះក្តីនេះនៅឯតុលាការសាលាឧទ្ធរណ៍ទៀត កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០០៩ និងបានឈ្នះក្តីចុងក្រោយនៅឯតុលាការកំពូល កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១០នេះ។
អង្គការការពារសិទ្ធិមនុស្សជាច្រើន ទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក រាប់ទាំងការិយាល័យនៃឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា បានបរិហាររិះគន់ថា មានភាពមិនប្រក្រតីមួយចំនួននៅក្នុងនីតិវិធីរបស់តុលាការកន្លងមក៕
