អាជ្ញាធរអប្សរាបានដាក់បំរាមមិនឱ្យភ្ញៀវទេសចរណ៍ចូលទៅទស្សនាប្រាសាទនាគព័ន្ធទេ ដោយសារតែប្រាសាទនោះទឹកកំពុងជន់លិចមានជម្រៅជ្រៅ និងប្រាសាទចំនួន ៣ទៀត គឺប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយក្ដី និងប្រាសាទបន្ទាយស្រី ដែលមានទឹកហូរចូលតិចតួចដែរនោះគេមិនបានដាក់បម្រាមហាមឃាត់អ្នកទេសចរណ៍ទេ ក៏ប៉ុន្តែអ្នកទេសចរណ៍ដែលចូលទៅទស្សនាត្រូវមានការប្រុងប្រយ័ត្នទៅលើសុវត្ថិភាពខ្លួនឯង។
លោក ប៊ុន ណារិទ្ធ ជាអគ្គនាយកនៃអាជ្ញាធរអប្សរាទទួលបន្ទុកការពារ និងថែរក្សាប្រាសាទបូរាណនៅក្នុងខេត្តសៀមរាប។ លោកបានមានប្រសាសន៍កាលពីរសៀលថ្ងៃសៅរ៍ ទី២៤ ខែកញ្ញា ថា អាជ្ញាធរអប្សរាកំពុងធ្វើការពិចារណាក្នុងការផ្អាកអ្នកទេសចរណ៍មិនឱ្យចូលទស្សនាប្រាសាទបូរាណចំនួន២ ជាបណ្ដោះអាសន្នសិន គឺប្រាសាទនាគព័ន្ធ ដោយសារប្រាសាទនោះទឹកលិចខ្លាំង និងប្រាសាទបន្ទាយស្រី ថ្វីបើទឹកលិចតិចតួច ប៉ុន្តែវាមានភាពរអិលដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកទេសចរណ៍។
លោក ប៊ុន ណារិទ្ធ បន្ត ៖ «ទៅនាគព័ន្ធ ផ្លូវហ្នឹងទឹកលិចខ្លាំង ជម្រៅដល់ជិត ១ម៉ែត្រឯណោះ។ ផ្លូវហ្នឹងទឹកស្ទឹងហូរកាត់ផ្លូវត្រឹមលើចង្កេះ។ ខ្ញុំទៅមើលព្រឹកមិញវាមានឡាន ១-២ចូលទៅរលត់ខូចតាមផ្លូវហ្នឹង តែខ្ញុំមកតាមប្រាសាទតាព្រហ្មលិចតិច ប្រាសាទបន្ទាយក្តី ក៏លិចដែរ ប៉ុន្តែមានទេសចរនៅចូលមើលទេ។ គ្រាន់តែអ៊ីចេះ បើចង់ទៅមើលប្រាសាទអស់ហ្នឹង ត្រូវទៅមើលផ្លូវចេញពីទ្វារជ័យចេញកន្លែងពីអង្គរធំទៅខាងកើត។ ប្រាសាទហ្នឹងអាចមើលបាន ពីព្រោះផ្លូវវាអត់ខូច»។
មន្ត្រីសាលាខេត្តសៀមរាប បានឱ្យដឹងថា ចាប់តាំងពីទឹកជំនន់ដោយសារភ្លៀងខ្លាំងបានជន់លិចស្រុកវ៉ារិន និងស្រុកបន្ទាយស្រី កាលពីថ្ងៃទី២២ ខែកញ្ញា មក គឺទឹកជំនន់នៅតែបន្តលិចនៅក្នុងស្រុកចំនួន១១ និងក្រុងសៀមរាប នៅឡើយ។
លោក ស៊ូ ភិរិន្ទ អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ទឹកជំនន់កំពុងគំរាមកំហែងស្រុកទាំងអស់របស់ខេត្តនេះ ដោយសារទឹកទន្លេផង និងដោយសារទឹកភ្លៀងផង ៖ «ទឹកភ្លៀងមកពីភ្នំដែលធ្ងន់ជាងគេហ្នឹង គឺមានវ៉ារិន មានស្រុកប្រាសាទបន្ទាយស្រី និងក្រុងសៀមរាប។ មួយផ្នែកហ្នឹងវាមានទៅអង្គរជុំ ស្រុកស្រីស្នំ ស្រុកក្រឡាញ់ ខ្លះ និងស្រុកពួក ខ្លះ ហើយក្រៅពីនោះទឹកធំ ហើយអានៅខាងកើតក្រុងកំពុងបង្ហូរតាមបណ្ដោយផ្លូវអមក្រវាត់ក្រុងទម្លាក់ទៅបឹងទន្លេសាប។ ដាក់អេស្កាវ៉ាទ័រចំនួន ៤គ្រឿងទៀត ទម្លុះខាងក្នុង និងចោះផ្លូវវាងក្រុងប៉ែកខាងសង្កាត់សាលាកម្រើក ១កន្លែងទៀត ប៉ុន្តែបើមិនភ្លៀងទឹកវាអាចចុះលឿន»។
លោក ស៊ូ ភិរិន្ទ បានឱ្យដឹងថា ទឹកជំនន់ដែលកំពុងបន្តនៅឡើយ បណ្តាលឱ្យប្រជាពលរដ្ឋជាង ៦៣០គ្រួសារ បានជម្លៀសខ្លួនចេញពីភូមិឋាន សត្វគោជាង ៣០ក្បាលបានងាប់ និងសត្វជ្រូករបស់កសិដ្ឋានក្នុងស្រុកអង្គរធំប្រមាណ ២.០០០ក្បាលបានបាត់។
ចំណែកនៅឯខេត្តព្រះវិហារវិញ ទឹកជំនន់កំពុងលិចក្រុងត្បែងមានជ័យ ក្នុងទីរួមខេត្ត និងស្រុកជ័យសែន បណ្តាលឱ្យដីស្រែ និងចម្ការប្រមាណ ៧.០០០ហិកតារកំពុងលិចលង់។ ក្នុងនោះគេបារម្ភចំពោះស្រែ និងចម្ការប្រមាណជាង ១.០០០ហិកតារថា អាចនឹងខូចខាតផលដំណាំដោយសារតែទឹកបានលិចចំនួន ១០ថ្ងៃមកហើយ៕