វៀតណាម​ហាម​ពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ភ្ជួរ​ស្រែ​ក្បែរ​បង្គោល​ព្រំដែន​ជា​ថ្មី​ទៀត

ក្រោយ​ពី​អាជ្ញាធរ​កម្ពុជា-​វៀតណាម បាន​ព្រមព្រៀង​បោះ​បង្គោល​ព្រំដែន​បណ្ដោះ​អាសន្ន​លេខ​២៧០ កាល​ពី​ថ្ងៃ​២៥ ឧសភា​កន្លង​មក អ្នក​ភូមិ​អញ្ចាញ ក្នុង​ខេត្ត​តាកែវ ដែល​មាន​ដី​ស្រែ​ចម្ងាយ​ពី​កន្លែង​បង្គោល​ព្រំដែន​នោះ​ប្រមាណ ២០០​ម៉ែត្រ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ហាម​ឃាត់​ជា​ថ្មី​ទៀត មិន​ឲ្យ​ភ្ជួរ​ស្រែ​ក្នុង​រដូវ​វស្សា​ឆ្នាំ​នេះ​ទេ។

ប្រជាជន​ភូមិ​អញ្ចាញ ឃុំ​ជ័យជោគ ស្រុក​បូរីជលសារ ខេត្ត​តាកែវ ដែល​មាន​ដី​ស្រែ​ក្បែរ​កន្លែង​បោះ​បង្គោល​ព្រំដែន​បណ្ដោះ​អាសន្ន​លេខ​២៧០ បាន​ឲ្យ​ដឹង​ថា ពួកគាត់​នៅ​មិន​ទាន់​មាន​ការ​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ភ្ជួរ​ដី​ស្រែ​លុប​ស្មៅ ត្រៀម​ធ្វើ​ស្រែ​ពង្រោះ​ដើម​ឆ្នាំ​ក្រោយ​ដូច​សព្វ​ដង​បាន​ទេ ក្រោយ​ពី​ការ​បោះ​តម្រុយ​បង្គោល​ព្រំដែន​មក​នោះ។

យុវជន​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​នៅ​ភូមិ​អញ្ចាញ ឃុំ​ជ័យជោគ បាន​ឲ្យ​ដឹង​ថា ដី​ស្រែ​ជាង ៣​ហិកតា ដែល​គេ​ធ្លាប់​ដាំ​ស្រូវ​ដើម​រដូវ​រាល់​ឆ្នាំ​នៅ​ចម្ងាយ​ប្រមាណ ២០០​ម៉ែត្រ​ពី​បង្គោល​ព្រំដែន​បណ្ដោះ​អាសន្ន​លេខ​២៧០​នោះ ទំនង​ជា​មិន​អាច​ធ្វើ​ស្រែ​បាន​ទេ​នៅ​ឆ្នាំ​នេះ ព្រោះ​ថា កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា អាជ្ញាធរ​វៀតណាម បាន​មក​ហាម​ឃាត់​លោក​មិន​ឲ្យ​ភ្ជួរ​ដី​ស្រែ​នោះ​ឡើយ។

យុវជន​ដដែល​បាន​បន្ត​ថា ៖ «ប៉ូលិស​យួន ពួក​នោះ​ពេល​ខ្ញុំ​កំពុង​ភ្ជួរ​អ៊ីចឹង​វា​អត់​ឃាត់​ទេ ប៉ុន្តែ​ពេល​ខ្ញុំ​ភ្ជួរ​ជិត​ហើយ​ហ្នឹង វា​ឃាត់។ ពេល​វា​និយាយ​ជាមួយ​ខ្ញុំ ខ្ញុំ​អត់​ចេះ​ស្ដាប់ ខ្ញុំ​គ្រាន់​តែ​គ្រវី​ក្បាល​ដើរ​ចេញ។ មាន​ពូ​ម្នាក់​គាត់​មក​ជិត​នេះ គាត់​ចេះ​និយាយ​វៀតណាម​ដែរ មក​និយាយ​ជាមួយ​ពូ​នោះ។ ពូ​នោះ​ប្រាប់​ខ្ញុំ​ថា យួន​ឈប់​ឲ្យ​ភ្ជួរ។ រួច​វា​ទូរស័ព្ទ​ទៅ​មេ​វា​ទៀត មេ​វា​ថា បើ​ខ្ញុំ​មិន​ព្រម​ឈប់​ភ្ជួរ​ទេ វា​ឲ្យ​កូន​ចៅ​វា​មក​ដក​យក​គោយន្ត និង​ចាប់​ពួក​ខ្ញុំ ដល់​ហើយ​ពួក​ខ្ញុំ​ឈប់​ភ្ជួរ​តាម​វា​ទៅ»

បុរស​អាយុ ៤៦​ឆ្នាំ​ម្នាក់​ទៀត រស់​នៅ​ភូមិ​អញ្ចាញ បាន​ប្រាប់​ឈ្មោះ​ហៅ​កាត់​ថា ម.យ ដោយ​ខ្លាច​មាន​ការ​គំរាម​កំហែង​ពី​អាជ្ញាធរ បាន​ឲ្យ​ដឹង​ថា ដី​ស្រែ​គាត់ ២​ហិកតា​មិន​ទាន់​អាច​ចូល​ទៅ​ភ្ជួរ​រាស់​ដាស់​ដី​បាន​នៅ​ឡើយ​ទេ​តាំង​ពី​មាន​ការ​បោះ​បង្គោល​ព្រំដែន​លេខ​២៧០ កន្លង​មក​នោះ។ លោក​ថា អ្នក​ភូមិ​បាន​នាំ​គ្នា​ទៅ​ភ្ជួរ​កាល​ពី​ពាក់​កណ្ដាល​ខែ​មិថុនា ប៉ុន្តែ​មាន​ការ​ហាម​ឃាត់​ពី​អាជ្ញាធរ​វៀតណាម ហេតុ​នេះ​ហើយ​ធ្វើ​ឲ្យ​គាត់​បារម្ភ​ខ្លាច​ដី​ស្រែ​ធ្លាប់​ទទួល​ផល​រាល់​ឆ្នាំ​ត្រូវ​ទុក​ទំនេរ​ចោល ព្រោះ​តែ​បញ្ហា​ព្រំដែន​នោះ។

បុរស​ឈ្មោះ ម.យ ឲ្យ​ដឹង​ដូច្នេះ ៖ «ចង់​ទៅ​ភ្ជួរ​ពន្លិច​ទឹក​ដើម្បី​ឲ្យ​ងាប់​ស្មៅ ហើយ​ដល់​សម្រក​យើង​ធ្វើ​ស្រែ​ទៀត។ មិន​ទាន់​ហ៊ាន​ទៅ​ភ្ជួរ​ទេ ប៉ូលិស​ព្រំដែន​គេ​ប្រាប់​ថា ចាំ​ច្រូត​កាត់​ហើយ​ចាំ​ទៅ​ភ្ជួរ​ជាមួយ​គេ គេ​ទៅ​ដែរ»

អ្នក​ភូមិ​ម្នាក់​ទៀត​អាយុ ៣១​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា ព្រោះ​តែ​បញ្ហា​ព្រំដែន អ្នក​ភូមិ​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ ឬ​ហ៊ាន​ផ្ដល់​ព័ត៌មាន​ឡើយ។ ចំពោះ​ការ​ធ្វើ​ស្រែ​វិញ ប្រជាពលរដ្ឋ​កំពុង​តែ​រង់ចាំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ខ្មែរ និង​វៀតណាម ប៉ុន្តែ​មិន​ដឹង​ចម្លើយ​តប​ថា ព្រម​ឲ្យ​ភ្ជួរ​ដាស់​ដី​ស្រែ​ឲ្យ​គល់​ជញ្ជ្រាំង​លិច​ទឹក ដែល​ទឹក​នឹង​ឡើង​នៅ​ខែ​ក្រោយ​នោះ​ទេ ៖ «ចាប់​ផ្ដើម​បោះ​បង្គោល​(ព្រំដែន) មាន​ប្រជាពលរដ្ឋ​គាត់​ទៅ​បាញ់​ថ្នាំ​(ស្រូវ) គេ​មិន​ឲ្យ​បាញ់​ទេ គេ​ថា អ្ហែង​មិន​មើល​បង្គោល​ព្រំដែន​ទេ​ឬ? គ្នា​ក៏​ឈប់​ទៅ។ ដល់​ពេល​ប៉ុន្មាន​ថ្ងៃ​មុន ទី​១៦-​១៧ ខែ​៦​ហ្នឹង ប្រជាពលរដ្ឋ​ទៅ​ភ្ជួរ​ដែរ អាជ្ញាធរ​យួន​គេ​មិន​ឲ្យ​ភ្ជួរ​រាស់​ទេ..»

ជំទប់​ទី​១ ឃុំ​ជ័យជោគ លោក ម៉ង់ សារ៉េត មិន​ផ្ដល់​ការ​អត្ថាធិប្បាយ​ឡើយ​ជុំវិញ​បញ្ហា​នេះ ដោយសារ​ពុំ​មាន​ការ​អនុញ្ញាត​ពី​ថ្នាក់​លើ។

អភិបាល​ស្រុក​បូរីជលសារ លោក ស៊ុត ខុន បាន​បិទ​ទូរស័ព្ទ​ភ្លាមៗ នៅ​គ្រា​ដែល​អ្នក​យក​ព័ត៌មាន​ទូរស័ព្ទ​ទៅ​លោក​ដើម្បី​សុំ​ការ​បំភ្លឺ​អំពី​ការ​មិន​អនុញ្ញាត​ឲ្យ​កសិករ​បាន​ចូល​ភ្ជួរ​ដី​ស្រែ​ក្បែរ​ព្រំដែន​លេខ​២៧០​នោះ។

បង្គោល​ព្រំដែន​លេខ​២៧០ ដែល​បោះ​បណ្ដោះ​អាសន្ន​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១០ កំពុង​តែ​បង្ក​ជា​បញ្ហា​ស្មុគស្មាញ​ដល់​ប្រជាកសិករ​នៅ​ឃុំ​ជ័យជោគ ស្រុក​បូរីជលសារ ខេត្ត​តាកែវ ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ស្រែ​ចម្ការ​នៅ​ឆ្នាំ​នេះ នៅ​តែ​មិន​មាន​ភាព​ច្បាស់​លាស់​នៅ​ឡើយ៕