ឆ្កែ​ខាំ​គីង្គក់

ដោយ ឃុត ណារិនកាន់បូ

បទ​ពាក្យ​ប្រាំពីរ (សូត្រ​បែប​ប្រជាប្រិយ)

១.អាង​តែ​ខ្លួន​ធំ​ចង្កូម​ស្រួច អា​ឆ្កែ​កំហូច​ពូជ​គម្រក់ សង្គ្រុប​ខាំ​ញេច​ខ្ទេច​គីង្គក់ បោក​បោច​វីវក់​ប៉ង​ពាធា។

២.គីង្គក់​ខ្លួន​តូច​សម្រួច​ចាំ ពិស​ដែល​បាន​ផ្សាំ​ក្នុង​កាយា បង្កប់​ក្រោម​ស្បែក​កេរ​ដូន​តា បញ្ចេញ​ឫទ្ធា​ទល់​ត​តាំង។

៣.ឆ្កែ​ស្មាន​គីង្គក់​ស្ទក់​ចុះ​ចាញ់ ប្រុង​លេប​ស្មាន​ឆ្ងាញ់​អញ​អ្នក​ខ្លាំង ពិស​គីង្គក់​បែក​ភ្នែក​ស្រវាំង ឆ្កែ​ស្រឡាំងកាំង​យោគ​ធេងធោង។

៤.វ៉ូសៗ​ង៉េចៗ​ដេក​រាប​ដី បាក់​ពោះ​ល្ហិតល្ហៃ ដួល​ដាំ​ដូង ឫទ្ធិ​ពិស​គីង្គក់​លត់​វិញ​ម្តង ឆ្កែ​បះ​ជើង​ច្រូង​ដល់​ចុះ​ចាញ់។

៥.រី​ពួក​អ្នក​ធំ​តែង​តែ​ខូច ធ្វើ​បាប​អ្នក​តូច​គុំគួន​ក្នាញ់ ចោទ​នេះ​ចោទ​នោះ​តាម​ប្រមាញ់ កេង​គាប​ចម្រាញ់​ឈាម​អ្នក​តូច។

៦.ទោះ​ធំ​ប៉ុណ្ណា​ក៏​មិន​ថ្វី អ្នក​តូច​កុំ​ភ័យ​បើ​គេ​ខូច ពេល​ជួប​សច្ចធម៌​គេ​នឹង​ប្រូច សុំ​តែ​អ្នក​តូច​កាន់​សុចរិត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។