កុំ ឬ​ត្រូវ!

ដោយ ឃុត ណារិនកាន់បូ

បទ​ពាក្យ​ប្រាំពីរ (សូត្រ​បែប​ប្រជាប្រិយ)

១-កុំ​កាប់​បំពង់​រង់ចាំ​ទឹក​ភ្លៀង ពាក្យ​នេះ​ប្រៀន​រៀង​ខ្មែរ​គ្រប់​គ្នា មិន​ថា​អ្នក​ក្រុង​ស្រែ​ចម្ការ បាន​ឮ​កាល​ណា​យល់​អត្ថន័យ។

២-ផ្ទុយ​អី​តែ​ខ្ញុំ​យល់​ខុស​គេ ទទឹង​ទទេ​មិន​ដឹង​អី ខ្ញុំ​យល់​ថា​ខុស​មិន​គួរ​ស្តី ស្ថានភាព​សព្វថ្ងៃ​រឹត​ត្រូវ​ការ។

៣-បើ​មាន​បំពង់​នៅ​ជាប់​ដៃ កាប់​ទុក​លក​លៃ​ពី​យូរយារ ទោះ​ភ្លៀង​តូច​ធំ​មិន​អាសា ត្រង​ទុក​ត្រៀប​ត្រា​ប្រើ​ការ​បាន។

៤-បើ​ចាំ​ដល់​ភ្លៀង​ទើប​រក​បំពង់ វេលា​ក៏​បង់​ទឹក​ក៏​ខាន ភ្លៀង​រាំង​ផុត​បាត់​ទើប​យើង​មាន រក​បំពង់​បាន​តែ​ខក​ការ។

៥-ត្រូវ​កាប់​បំពង់​ទោះ​គ្មាន​ភ្លៀង ត្រៀម​តាម​ជើង​រៀង​ផ្ទះ​រាល់​គ្នា ភ្លៀង​ផ្លាប់​ត្រង​ផ្លាច់​ស្រេច​គង្គា ច្រក​ទុក​ត្រៀប​ត្រា​គ្រាន់​ប្រើប្រាស់។

៦-ត្រូវ​ឬ​កុំ​កាប់​រឿង​បំពង់ សូម​ជូន​ជា​ប្លង់​ប្រៀប​ធៀប​ខ្លះ ត្រូវ​ឬ​មិន​ត្រូវ​គិត​អោយ​ច្បាស់ ញែក​អោយ​ស្រឡះ​ចេញ​ប្រយោជន៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។