១. ឱកូនស្រីមាសឪពុក ម៉ែឪដាក់ទុក ឲ្យកូនមានប្ដី។
២. កូនអឺយត្រូវប្រុងស្មារតី យល់សព្វអ្វីៗ ការស្រីក្នុងក្រៅ។
៣. កូនអឺយកុំដេកតែខ្លៅ ត្រូវដឹងរាក់ជ្រៅ ទើបគេសរសើរ។
៤. ទោះនឹងអង្គុយដេកដើរ កូនស្រីជំទើរ ឲ្យសមជាខ្មែរ។
៥. កូនអឺយកុំភ្លេចអ្នកស្រែ ដែលលោកខំថែ ដំណាំធម្មជាតិ។
៦. ការរួចត្រូវខំថែមទៀត ត្រូវប្រឹងឈ្លកឆ្លៀត បន្តវិជ្ជា។
៧. ឆ្លៀតអានឆ្លៀតរៀនគ្រប់គ្រា កុំភ្លេចពាក្យបា កូនស្រីសម្លាញ់។
៨. រស់នៅកុំចង់ឈ្នះចាញ់ នាំគេក្នក់ក្នាញ់ រលាយកេរ្តិ៍ឈ្មោះ។
៩. កូនអឺយកុំនាំពាក្យឈ្លោះ ពាក្យអស់ទាំងនោះ នាំកូនអន្តរាយ។
១០. គ្រួសារត្រូវការសប្បាយ បានលុយចេះចាយ ចាត់ចែងសមគួរ។
១១. កូនត្រូវចេះរាប់រកសួរ ពាក្យសមពាក្យគួរ ញាតិទាំងសងខាង។
១២. កូនកុំភ្លេចគុណអាងយ៉ាង ស្ដីថាសំអាង ត្រូវមានសីលធម៌។
១៣. នោះកូននឹងខ្ពស់បវរ ប្ដីនឹងសាទរ ស្រលាញ់កូនស្រី។
១៤. នៅផ្ទះត្រូវខំឃ្មាតខ្មី ចិត្តកុំពីរបី ស្រលាញ់ការផ្ទះ។
១៥. ត្រូវចេះក្រាបឱនសំពះ ពេលជួបប្រទះ ចាស់ទុំប្អូនបង។
១៦. ត្រូវឆ្លៀតបង្រៀនកូនផង កូនខុសកូនឆ្គង ត្រូវកែតម្រង់។
១៨. ត្រូវពោលពាក្យល្អផូរផង់ ដោយកាយផ្ចិតផ្ចង់ សមជាមាតា។
១៨. ពេលកូនមកពីសាលា ត្រូវពិនិត្យការ សិក្សាកូនផង។
១៩. កូនខ្វះមិនត្រូវរំលង បង្រៀនសាកល្បង បន្ថែមនៅផ្ទះ។
២០. ក្នុងនាមម្ដាយត្រូវជម្នះ ចិត្តល្អដូចព្រះ កុំប្រើហិង្សា។
២១. កូននឹងបានខ្ពស់ថ្លៃថ្លា វៃឆ្លាតប្រាជ្ញា តទៅថ្ងៃមុខ។
២២. នេះជាបណ្ដាំឪពុក សូមកូនចាំទុក ណាកូនស្រីពុក៕៚
ភ្នំពេញ, ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១១