នៅ​តែ​នឹក

១. លើក​ស្រា​ក្នុង​ពែង​គ្រលែង​ផឹក ក្នុង​ចិត្ត​សែន​នឹក​រឭក​ស្រុក
កំណើត​កើត​ជា​ផ្ដល់​ក្តី​សុខ សប្បាយ​គ្មាន​ទុក្ខ​ឥឡូវ​ឃ្លាត។

២. ដក​ដង្ហើម​ធំ​ព្រោះ​នឹក​ញាតិ នឹង​មិត្ត​ច្រើន​ទៀត​ដែល​រាប់​អាន
ពេល​នេះ​ព្រាត់​កាយ​ឆ្ងាយ​ហួស​ស្មាន នឹក​មិត្ត​គ្រប់​ប្រាណ​រាល់​វេលា។

៣. មាន​ម្ហូប​ស្រា​ឆ្ងាញ់​ផឹក​ពេល​ណា ចិត្ត​នៅ​គិត​ថា ចាញ់​ស្រុក​អញ
ក្ដាម​ស្រែ​ខ្យង​ស្ងោរ​អាំង​ត្រី​ក្រាញ់ រួម​មិត្ត​សម្លាញ់​សើច​ក្អាកក្អាយ។

៤. សណ្ដាន់​ម្ជូរ​គ្រឿង​ត្រី​សណ្ដាយ ប្រហុក​កប់​លាយ​ម្ជូរ​ក្រសាំង
កកូរ​អណ្ដែង​ឬ​ត្រី​ឆ្លាំង ឧស​ដើម​អាទ័ង្គ​រងើក​ល្អ។

៥. ត្រី​លិញ​ត្រី​រៀល​គេ​ច្រើន​ខ អំពៅ​ដាក់​ទ្រ​ទ្រាប់​បាត​ឆ្នាំង
ស្រកា​ឆ្អឹង​ផុយ​រួម​មាន​ទាំង អន្លក់​ស្លឹក​រាំង​ត្រយូងចេក។

៦. ទឹក​គ្រឿង​ផ្កា​ស្នោ​ឆ្ងាញ់​អនេក ត្រី​រ៉ស់​ហែល​ជ្រែក​អ្នក​អូស​កួន
អង្រុត​ត្រង​ចាំ​ផ្ចង់​ខ្ជាប់ខ្ជួន គេច​មិន​រួច​ខ្លួន​កាច់​ក​ផស។

៧. ម្ទេស​ហឹរ​ទឹក​ត្រី​ម្ជូរ​ប៉េងប៉ោះ ខ្ទឹម​រំដេង​នោះ​ដុត​ពន្លឹក
ម្ជូរ​អំពិល​ខ្ចី​ឆ្ងាញ់​សន្ធឹក ត្រកួន​ឈ្លក់​ទឹក​ស្ល​ម្ជូរ​ស្រែ។

៨. ទា​ខ្វៃ​មាន់​អាំង​នោះ​គ្មាន​ទេ ម្ហូប​ឆ្ងាញ់​ជាង​គេ​គឺ​ម្ហូប​ខ្មែរ
ប្រហុក​ជ្រំ​លាយ​បង់​ម្អម​ដែរ ម្រះព្រៅ​ឆ្នៃកែ​ឆា​កង្កែប។

៩. អន្ទង់​ឆា​គ្រឿង​ឆ្ងាញ់​មួយ​បែប ម្ទេស​កុំ​ហឹរ​ពេក​សណ្ដែក​ដី
បុក​លាយ​ដាក់​ឆា​យក​មក​ឆី ត្នោត​ជូរ​ដើម​ថ្មី​ក្លែម​ត្រី​ផ្ទោង។

១០. មាន​នំ​បង្អែម​ដាក់​កន្ទោង គ្រាប់​ត្នោត​ថ្មី​ផង​បបរ​ស្ករ
នំ​អាកោ​ត្នោត​ឆ្ងាញ់​ផ្អែម​ល្អ ការ​ពិត​មែន​ន! នៅ​ស្រុក​យើង៕