អ្នក​ចេះ​ដឹង​ស្លាប់​ទៅ​ប្រៀប​ដូច​បណ្ណាល័យ​ត្រូវ​ភ្លើង​ឆេះ

១. នៅ​មាន​ជីវិត យោបល់​គំនិត ពិត​ឆ្លាត​អស្ចារ្យ
រ៉េផ្លិច​ល្អ​ប្លែក បែង​បែក​ប្រាជ្ញា ដោះស្រាយ​បញ្ហា
ក្លៀវក្លា​ជោគជ័យ។

២. មនុស្ស​មិន​ធម្មតា រៀបចំ​ផែនការ គំនិត​វាងវៃ
ស្គាល់​កាល​វេលា ពិត​ជា​មាន​ន័យ ពូកែ​លក​លៃ
រំពៃ​យក​ប្រៀប។

៣. យល់​ឃើញ​ច្បាស់​ច្បង ស្គាល់​ពេល​កន្លង ពូកែ​ប្រៀបធៀប
វិភាគ​បញ្ហា ចាត់​ការ​រយ​រៀប ធ្វើ​មាន​របៀប
ថ្លា​ដូច​ចន្ទ​រះ។

៤. ប្រមើល​ទៅ​មុខ អាច​វាស់​ទាយ​ទុក ហាក់​មាន​តេជះ
រៀបចំ​ប្លង់​មេ រិះរេ​យក​ឈ្នះ បាន​ជ័យ​ជម្នះ
គ្មាន​ឡើយ​សង្ស័យ។

៥. គំនិត​បវរ ចេះ​ចាំ​ស្ទាត់​ល្អ លូត​លាស់​ខ្លាំង​ក្រៃ
រៀន​ច្រើន​ធ្វើ​ច្រើន កើត​កើន​រាល់​ថ្ងៃ ពូកែ​ផ្សំ​ច្នៃ
ជា​កុសលកម្ម។

៦. រៀង​រាល់​នាទី មើល​ម៉េម៉ូរី ថត​ជា​ប្រចាំ
កត់ត្រា​ទុក​ដាក់ តាម​ថ្នាក់​តាម​ឆ្នាំ ប្រឹង​បណ្ដុះ​ដាំ
ផ្សាំ​ក្នុង​ខួរ​ក្បាល។

៧. ឯកសារ​ច្រើន​ណាស់ មាន​ថ្មី​មាន​ចាស់ រៀប​ទុក​តាម​កាល
ដឹង​គ្មាន​ចន្លោះ ឆ្នាំ​ថោះ​ឆ្នាំ​ខាល វិសេស​វិសាល
ដំណាល​ឡើង​វិញ។

៨. ចោរ​លួច​មិន​បាន ចេះ​ចាំ​ក្នុង​ប្រាណ មិន​ដែល​ជូរ​ជ្រេញ
គឺ​ដូច​ជា​ក្រែម រស​ផ្អែម​ពោរពេញ មនុស្ស​ម្នា​ចូល​ទិញ
មិន​អស់​ឡើយ​ណា។

៩. បើ​លក់​ខ្លាំង​ណាស់ គឺ​កាន់​តែ​ច្បាស់ កើត​កើន​បញ្ញា
ដាក់​ស្តុក​ពេញ​ឃ្លាំង គ្មាន​ភាំង​ប្រាជ្ញា បើ​អ្នក​ត្រូវការ
មេត្តា​ទៅ​យក។

១០. ជា​ឃ្លាំង​ចំណេះ ភ្លើង​មិន​អាច​ឆេះ កូន​ងើប​កុំ​ជ្រក
មិន​ធ្ងន់​ស្ពាយ​យួរ ប្រើ​ខួរ​លៃលក ឱ​កូន​ពន្លក
កូន​យក​ឲ្យ​បាន។

១១. ចំណេះ​ទាំង​ឡាយ ដល់​ក្តី​អន្តរាយ ជាក់​ជា​មិន​ខាន
នៅ​ពេល​ខ្លួន​ស្លាប់ ក្បួន​ច្បាប់​ប៉ុន្មាន រលាយ​តាម​ប្រាណ
រសាត់​ឥត​ត្រើយ។

១២. ចង់​ដឹង​ចង់​ចេះ ចង់​បាន​ចំណេះ កូន​កុំ​កន្តើយ
ត្រូវ​តាំង​សំណួរ ដេញ​សួរ​ឲ្យ​ហើយ ឪ​ពុក​ត្រៀម​ឆ្លើយ
ចម្លើយ​ឲ្យ​កូន៕