១. ខ្ញុំបាទកវី សូមចងសម្ដី ពីរបាំខ្មែរ ទំនៀមពូជពង្ស ប្រភេទជាងសែ កូនចៅខំថែ តពីដូនតា។
២. មានក្ងោកប៉ៃលិន របាំមាសឆ្អិន ស្រុកប៉ៃលិនណា បន់សុំត្បូងពេជ្រ ឆាប់បានផ្លែផ្កា បន់សុំដូនតា ជួបជ័យលាភី។
៣. របាំបោកស្រូវ ជ្រាបដល់ចូលជ្រៅ ខេត្តល្បីគ្មានពីរ បាត់ដំបងខ្មែរ ខេត្តស្រស់សោភី ប្រជាមូលមីរ ស្រូវច្រើនលេខមួយ។
៤. មានរបាំត្រុដិ នាងម៉េវល្អសុទ្ធ ខ្មែរតែងលើកស្ទួយ លេងបុណ្យចូលឆ្នាំ ប្រភពតែមួយ ខេត្តសៀមរាបត្រួយ ជួរភ្នំដងរែក។
៥. របាំសែនភ្លយ បេះក្រវាញលយ ក្ងោកពោធិ៍សាត់ប្លែក របាំជនជាតិ ខ្មែរស្រស់ល្អឯក ខ្មែរខំចាយចែក ពីខេត្តពោធិ៍សាត់។
៦. មានរបាំក្អម អារក្ខចាមតម គោរពមធ្យ័ត មិនត្រូវនិយាយ ពាក្យនាំខ្ចាយខ្ចាត់ មែរលែងបង់បាត់ កំពង់ឆ្នាំងរក្សា។
៧. របាំព័ទ្ធរង្គ (រ៉ុង) នៅខេត្តកោះកុង ថែតដូនតា របាំបរគោ កំពង់ឆ្នាំងស្រស់ថ្លា ស្ករត្នោតស្នេហា កង្កែបនេសាទ។
៨. មានស្នែងទន្សោង ភ្លយសួយពត់កោង រេរាំស្អាងស្អាត កន្តែរ៉ែច្រម វាយក្រាប់ជាអាថ៌ រាំលើប្រាសាទ សក្ដិសមឥតខ្ចោះ។
៩. រាំវង់ភូមិថ្មី របាំល្បាញល្បី ខ្មែរមិនភ្លេចសោះ វង់ស្រ៊ុនហាន់ទើម នៅខេត្តកៀនកោះ ខេត្តសាងកេរ្តិ៍ឈ្មោះ រតនគីរី។
១០. មានកាប់ក្របី ផឹកស្រាដីព្រៃ ខ្ពង់រាបរមណីយ គោះអង្រែគែន អន្ទង់ហែនញី ច្រូតស្រូវស្នាពីរ ស្គរកន្សែងស្នេហ៍។
១១. ដួសទឹកប៊ូស្រា បុកល័ខស្គលចារ តូណៃទីនដែរ អាពាហ៍ពិពាហ៍ បក្សីស្រុកស្រែ ដាល់អំបុកខែ រះពេញក្រឡង់។
១២. របាំត្បាល់កាប់ គងសួយស្ទួយចាប់ ត្បាល់ក្ដឿងផូរផង់ វាយកួយចាក់គ្រើល ស្ទឹងត្រែងស្ទឹងត្រង់ អ្នកមើលរហង់ ឆៃយ៉ាំចាក់ក្បាច់។
១៣. មានចាក់អង្ក្រង កណ្ដូបសេះផង គោះត្រឡោកផ្ដាច់ ក្រមាបុរាណ ខ្មែរថ្លៃជាងពេជ្រ បានប្រើសម្រេច ការល្អគ្រប់យ៉ាង។
១៤. របាំទាំងនេះ បានផ្ដល់ចំណេះ ទុកជាសំអាង កូនចៅជាន់ក្រោយ កម្សាន្តច្រើនយ៉ាង ខំថែដូចប្រាង្គ អង្គរល្បាញល្បី៕៚
ថ្ងៃទី២ ខែឧសភា ឆ្នាំ ២០១១
ឯកសារយោង៖ ទស្សនីយភាពខ្មែរ ២០០៣ រៀបរៀងដោយគណៈកម្មការស្រាវជ្រាវសិល្បៈវប្បធម៌ តំណាងដោយលោក ពេជ្រ ទុំក្រវិល។
ប្រភេទរបាំប្រពៃណីតាមខេត្តនីមួយៗ៖
១. កំពង់ស្ពឺ (ភ្លយសួយ, កន្តែរ៉ែ, ដាល់អំបុក, ស្គរ, គងសួយ)។
២. កំពង់ឆ្នាំង (ស្នែងទន្សោង, អារក្ខចាម, ក្អម, បរគោ)។
៣. កំពង់ធំ (កន្តែរ៉ែ, ចាក់គ្រើល, ត្បាល់កាប់ ឬត្បាល់ក្ដឿង)
៤. ពោធិ៍សាត់ (បេះក្រវាញ, សែនភ្លយ, ស្នែងទន្សោង)។
៥. កណ្ដាល (វាយត្រាប់, អន្ទង់ហែន, គោះអង្រែ)។
៦. សៀមរាប និងជួរភ្នំដងរែក (ត្រុដិ, ត្រុដិនាងម៉េវ, ចាក់អង្ក្រង)។
៧. តាកែវ (ច្រម, វាយក្រាប់)។
៨. ស្វាយរៀង(គោះត្រឡាច, កណ្តូបសេះ)។
៩. មណ្ឌលគិរី (តូណែទីន, កាប់ក្រទីនស្រា)។
១០. រតនគិរី (រាំវង់ភូមថ្មី, រាំវង់ស្រ៊ុនហាន់ដើម)។
១១. ស្ទឹងត្រែង (គែន, វាយកួយ)។
១២. កំពង់ចាម (គោះអង្រែ)។
១៣. ក្រុងប៉ៃលិន (ក្ងោកប៉ៃលិន)។
១៤. កោះកុង (ព័ទ្ធរង្គ ឬព័ទ្ធរ៉ុង)។
របាំនៅចំរុះតាមខេត្តនានា៖ ស្នា, នេសាទ, កង្កែប, អាពាហ៍ពិពាហ៍បក្សី, ស្ករត្នោត, ច្រូតស្រូវ, បុកល័ក្ខណ៍, កន្សែងស្នេហ៍, ឆៃយុំា, ដួសទឹកជ្រោះប៊ូស្រា, ស្គលជនជាតិស្ទៀង, ក្រមា) ប្រភេទរបាំប្រពៃណីខ្មែរទាំង ៤២។