មតិ​នានា​ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​អ.ស.ប

ស្រប​ពេល​ដែល​អ្នក​រាយ​ការណ៍​ពិសេស​នៃ​ឧត្តម​ស្នងការ​សហ​ប្រជាជាតិ​កំពុង​ទស្សន​កិច្ច​ប្រទេស​កម្ពុជា​ក្នុង​កិច្ច​ប្រឹងប្រែង​ឲ្យ​រដ្ឋាភិបាល​ឈប់​រំលោភ​សិទ្ធិ​មនុស្ស​នោះ មាន​មតិ​ជា​ច្រើន​យល់​ឃើញ​ថា កិច្ច​ប្រឹងប្រែង​នេះ​ឥត​ប្រយោជន៍​ទេ។
ដោយ វោហារ ជាតិ
2010-01-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

នេះ​ជា​លើក​ទីពីរ​ហើយ​ចំពោះ​ដំណើរ​ទស្សន​កិចិ្ច​របស់​អ្នក​រាយការណ៍​ពិសេស​នៃ​ឧត្តម​ស្នងការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​តាមដាន​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

ដំណើរ​ទស្សន​កិច្ច​លើក​នេះ លោក ស៊ូយ៉ា ប្រាសាទ ស៊ូប៊ែឌី (Surya Prasad Subedi) នឹង​ត្រួត​ពិនិត្យ​ដោយ​ផ្ទាល់​លើ​ដំណើរការ​រដ្ឋ​សភា ស្ថាប័ន​តុលាការ ព្រម​ទាំង​ស្ថាប័ន​ឧត្តម​ក្រុមប្រឹក្សា​អង្គ​ចៅក្រម និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ ដែល​អង្គការ​សហ​ប្រជាជាតិ​សង្ស័យ​ថា ដំណើរការ​នៃ​ស្ថាប័ន​ទាំង​នោះ​គ្មាន​តម្លាភាព។

អ្នក​វិភាគ​ក្នុង​ស្រុក​ខ្លះ​មាន​ប្រសាសន៍​ថា ស្តាប់​ទៅ​ដំណើរ​ទស្សកិច្ច​របស់​មន្ត្រី​សហ​ប្រជាជាតិ​រូប​នេះ​សម្បើម​ណាស់ ទំនង​តែ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​គោរព​ខ្លបខ្លាច ហើយ​អនុវត្ត​តាម​អនុសាសន៍​ដើម្បី​លើក​ស្ទួយ​ការ​ការពារ​សិទ្ធិ​មនុស្ស តែ​ជា​រឿយៗ​មន្ត្រី​ទាំង​នោះ​មិន​ត្រឹម​តែ​មិន​ត្រូវ​បាន​ស្វាគមន៍​តែ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បាន​បដិសេធ​មិន​ចង់​ជួប ហើយ​ជួនកាល​ត្រូវ​មេ​ដឹកនាំ​រដ្ឋាភិបាល​ស្ទើរតែ​បណ្តេញ​ចេញ​ពី​ប្រទេស​ទៀត​ផង​ក៏​មាន។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ និង​ឧត្តម​ស្នងការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស មិន​មាន​អំណាច​បង្ខំ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​កែប្រែ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស​នា​ពេល​បច្ចុប្បន្ន​នេះ​បាន​ទេ តែ​រដ្ឋាភិបាល​កម្ពុជា​ទេ​ដែល​អាច​បំបាត់​ការ​រំលោភ​សិទ្ធិ​មនុស្ស​បាន បើសិន​ជា​រដ្ឋាភិបាល​នេះ​មាន​ឆន្ទៈ។

ចំណែក​លោក យឹម សុវណ្ណ សមាជិក​សភា​គណបក្ស​សមរង្ស៊ី បញ្ជាក់​ថា ដរាប​អ្នក​ដឹក​នាំ​សព្វ​ថ្ងៃ​នៅតែ​បន្ត​កាន់​អំណាច ការ​រំលោភ​សិទ្ធិ​មនុស្ស​នឹង​នៅតែ​បន្ត​ជា​រៀង​រហូត ព្រោះ​លោក​អះអាង​ថា ការ​រំលោភ​សិទ្ធិ​មនុស្ស​វា​ជា​ការ​ចាំបាច់​ដើម្បី​រក្សា​និង​ពង្រឹង​អំណាច​រដ្ឋាភិបាល​បច្ចុប្បន្ន​ឲ្យ​នៅ​ឋិតឋេរ។

លោក យឹម សុវណ្ណ បាន​ឲ្យ​ដឹង​ថា ៖ «បើសិន​ជា​គណបក្ស​ប្រជាជន​នៅតែ​កាន់​អំណាច គឺ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅតែ​បន្ត ហើយ​អត់​មាន​ថ្ងៃ​បញ្ចប់​ទេ ពីព្រោះ​ពេល​ខ្លះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ហ្នឹង​គឺ​ជា​ការ​ពង្រឹង​អំណាច​របស់​គាត់ ប៉ុន្តែ​ខ្ញុំ​ថា នឹង​បញ្ចប់​នៅ​ពេល​ណា? នៅ​ពេល​ណា​ដែល​អ្នក​ប្រជាធិបតេយ្យ​អាច​នឹង​កាន់កាប់​អំណាច​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ពេល​ណា​ប្រជាពលរដ្ឋ​យល់​ឃើញ​ថា ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ទោស​ព្រហ្មទណ្ឌ ខ្ញុំ​ថា ពេល​ហ្នឹង​ហើយ​ជា​ទី​បញ្ចប់​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស»

ទស្សនៈ​នេះ​ត្រូវ​បាន​មន្ត្រី​ស៊ើប​អង្កេត​អង្គការ​សិទ្ធិ​មនុស្ស អាដហុក លោក ចាន់ សុវ៉េត គាំទ្រ​ហើយ​បាន​មាន​ប្រសាសន៍​ប្រហាក់​ប្រហែល​គ្នា​នេះ​ថា ជួនកាល​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រើ​ការ​គាប​សង្កត់​សិទ្ធិ​មនុស្ស​នេះ​ជា​ល្បិច​កល​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ទាក់ទាញ​អ្នក​គាំទ្រ​ឲ្យ​បោះឆ្នោត​ផងដែរ។

លោក ចាន់ សុវ៉េត បាន​មាន​ប្រសាសន៍​ថា ៖ «នៅ​ពេល​ដែល​ជិត​បោះឆ្នោត​ម្ដងៗ គឺ​ឃើញ​រាជ​រដ្ឋាភិបាល​កម្ពុជា​មាន​ការបន្ធូរ​បន្ថយ និង​មាន​វិធានការ​ច្រើន​យ៉ាង​ទៅ​នឹង​សិទ្ធិ​ទាមទារ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ ដើម្បី​ជា​ការ​ទាញ​យក​សន្លឹក​ឆ្នោត​មក​វិញ។ ដល់​ពេល​បោះឆ្នោត​ហើយ ស្ថានភាព​នៃ​សេរីភាព​បញ្ចេញ​មតិ​ហ្នឹង​គឺ​ត្រូវ​បាន​រឹតត្បិត តឹងរ៉ឹង ហើយ​មាន​ការ​គំរាម​កំហែង​បំបាក់​ស្មារតី មិន​ឲ្យ​មាន​ការ​ទាមទារ​តវ៉ា មិន​ឲ្យ​មាន​អី ភាគ​ច្រើន​ណាស់! គឺ​ប្រើប្រាស់​រូបភាព​ឧទាហរណ៍ បង្ក្រាប​បាតុកម្ម​អី​អ៊ីចឹង​ជាដើម យើង​ឃើញ​ថា មាន​សភាព​តានតឹង»

ជា​រឿយៗ​របាយការណ៍​អង្គការ​សិទ្ធិ​មនុស្ស​សហ​ប្រជាជាតិ​និង​សិទ្ធិ​មនុស្ស​អន្តរជាតិ បាន​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​បណ្តេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ដី​ធ្លី និង​ផ្ទះ​សម្បែង​ដោយ​គ្មាន​សំណង​សមរម្យ ហើយ​បាន​លក់​ទ្រព្យ​សម្បត្តិ​ជាតិ ធនធាន​ធម្មជាតិ ដូច​ជា​រ៉ែ ព្រៃ​ឈើ មន្ទីរ​អគារ​រដ្ឋ​ជាដើម ហើយ​បិទ​សិទ្ធិ​បញ្ចេញ​មតិ​ជា​សាធារណៈ ហើយ​បាន​ចាប់​អ្នក​រិះគន់​រដ្ឋាភិបាល ដូច​ជា​មន្រ្តី​បក្ស​ប្រឆាំង អ្នក​តវ៉ា​រឿង​ដី​ធ្លី និង​អ្នក​កាសែត​ជាដើម ដាក់​គុក។

លោក សុក សំអឿន មន្ត្រី​អ្នក​ច្បាប់​ដ៏​ល្បី​ម្នាក់ បាន​មាន​ប្រសាសន៍​ថា នា​បច្ចុប្បន្ន​នេះ​ប្រជាជន​មិន​សូវ​ហ៊ាន​បញ្ចេញ​មតិ​ទេ។

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ខ្លះ​បាន​ឡកឡឺយ​ដាក់​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​លក់​ដី​មន្ទីរ​និង​អគារ​រដ្ឋ​នានា​ថា ប្រទេស​កម្ពុជា​ជា​ប្រទេស​សម្រាប់​ដាក់​លក់​ដូច​ទំនិញ។ ក្រៅ​ពី​នេះ​អតីត​តំណាង​ពិសេស​អង្គការ​សហ​ប្រជាជាតិ​តាមដាន​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា គឺ​លោក យ៉ាស្ហ ហ្កាយ (Yash Ghai) បាន​រិះ​គន់​ចំៗ​ថា អំណាច​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​ស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែ​ម្នាក់​ឯង ដែល​ធ្វើ​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី​ប្រតិកម្ម​យ៉ាង​ខ្លាំងៗ ឆ្លើយ​តប​យ៉ាង​គំរោះ​គំរើយ​ទៅ​វិញ រហូត​ដល់​ទៅ​ចង់​បិទ​ការិយាល័យ​សិទ្ធិ​មនុស្ស​សហ​ប្រជាជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៀត​ផង ដោយ​លោក​នាយក​រដ្ឋមន្ត្រី​បាន​ចោទ​ថា របាយការណ៍​អង្គការ​សហ​ប្រជាជាតិ​ទាំង​នោះ​ជា​រឿង​បំផ្លើស បង្ខូច​កិត្តិយស​ប្រទេស​កម្ពុជា។

នៅ​ក្នុង​ពេល​​ដែល​ក្រុម​សិទ្ធិ​មនុស្ស​ចោទ​រដ្ឋាភិបាល​ថា រំលោភ​សិទ្ធិ​ពលរដ្ឋ​ខ្មែរ ក៏​ប៉ុន្តែ​រដ្ឋាភិបាល​វិញ​បាន​ឆ្លើយ​បដិសេធ​ថា​ទេ​នោះ ចំណោទ​និង​ការ​បដិសេធ​នៃ​ភាគី​ទាំង​ពីរ​នៅតែ​បន្ត​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ដែល​ធ្វើ​ឲ្យ​គេ​មាន​ការ​ព្រួយ​បារម្ភ​ថា ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅតែ​បន្ត​មិន​ចេះ​ចប់​ដូច​គ្នា​នេះ​ដែរ។

ទាំង​លោក ផៃ ស៊ីផាន និង​លោក ជាម យៀប នៅតែ​ទទូច​ថា រដ្ឋាភិបាល​មិន​អាច​ធ្វើ​ការ​ជាមួយ​មន្ត្រី​សិទ្ធិ​មនុស្ស​សហ​ប្រជាជាតិ​និង​មន្ត្រី​សិទ្ធិ​មនុស្ស​ផ្សេងៗ​បាន​ទៀត​ទេ បើ​សិន​ជា​ក្រុម​សិទ្ធិ​មនុស្ស​ទាំង​នោះ​នៅតែ​សរសេរ​របាយការណ៍​វាយ​ប្រហារ​រដ្ឋាភិបាល​ដូច​រយៈពេល​កន្លង​មក។

លោក ជាម យៀប បាន​បញ្ជាក់​ដូច្នេះ​ថា ៖ «យក​ព័ត៌មាន​តែ​ម៉្យាងៗ​ដែល​គេ​មិន​ពេញ​ចិត្ត... ចេះតែ​ឆ្លើយ​ដាក់​កំហុស ព្រោះ​មនុស្ស​មិន​អាច​មាន​ភាព​សុក្រឹត​បាន​ទេ ទស្សន​វិទូ​សូក្រាត​ក៏​បាន​លើក​ឡើង គ្មាន​អ្នក​ណា​សុក្រឹត​ទេ វា​អាច​មាន​ការ​ខ្វះខាត ប៉ុន្តែ​គ្រាន់តែ​ការ​ខ្វះខាត​ជា​បណ្ដោះ​អាសន្ន យើង​អាច​មើល​កូន​កំព្រា យើង​អាច​ជំរុញ​ឲ្យ​គេ​គោរព​ច្បាប់ គោរព​សិទ្ធិ​មនុស្ស បាន​ទៅ​តាម​ធម្មនុញ្ញ​អង្គការ​សហ​ប្រជាជាតិ​ដែល​បាន​ចែង​ទេ»

អ្នកស្រី ពុង ឈីវកេក ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ មាន​ប្រសាសន៍​ថា បញ្ហា​នេះ​គួរ​តែ​បញ្ចប់​ឲ្យ​បាន​ឆាប់​ដើម្បី​បម្រើ​សិទ្ធិ​មនុស្ស​ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​តែ​ស្រេក​ឃ្លាន។ អ្នកស្រី​បន្ត​ថា ដំណោះស្រាយ​គឺ​ភាគី​ទាំង​ពីរ ខាង​រដ្ឋាភិបាល​កម្ពុជា​និង​មន្ត្រី​សិទ្ធិ​មនុស្ស​សហ​ប្រជាជាតិ​ត្រូវតែ​ចុះ​សម្រុង​នឹង​គ្នា ដើម្បី​រក​ដំណោះស្រាយ​ណា​មួយ​នៅ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នេះ​ឲ្យ​បាន​ល្អ​ប្រសើរ។

អ្នកស្រី ពុង ឈីវកេក បាន​មាន​ប្រសាសន៍​ថា ៖ «ចង់​ឲ្យ​មាន​ឱកាស​អង្គុយ​ជាមួយ​នឹង​អ្នក​ដឹកនាំ​របស់​ប្រទេស​យើង ហើយ​លើក​រឿង​សិទ្ធិ​មនុស្ស​ដាក់​លើ​តុ​ទាំងអស់​គ្នា ហើយ​រក​រូបមន្ត​មួយ រក​មធ្យោបាយ​មួយ​ដើម្បី​នឹង​ធ្វើ​ការ​ជាមួយ​គ្នា។ មាន​គំនិត​តែ​មួយ​ទេ គោលដៅ​គឺ​ចង់​ជួយ​ប្រទេស​កម្ពុជា​យើង​ឲ្យ​មាន​ការ​លើកស្ទួយ​និង​ការ​គោរព​សិទ្ធិ​មនុស្ស»

កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ តម្រូវ​ឲ្យ​ប្រទេស​កម្ពុជា​ធានា​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស​ដោយ​ពេញលេញ ដូច្នេះ​ហើយ​ទើប​ក្រុម​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​និង​អន្តរជាតិ​តាម​ឃ្លាំ​មើល​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​ជា​រៀងរាល់​ឆ្នាំ៕

គេហទំព័រ​ទាំងមូល