លោក ហ៊ុន ម៉ាណែត ប្រាប់អ្នកវិយោគកុំឱ្យបារម្ភពីបញ្ហាជម្លោះព្រំដែនកម្ពុជានិងថៃ

នាយករដ្ឋមន្ត្រី​ លោក​ ហ៊ុន ម៉ាណែត បាន​ប្រាប់​ក្រុម​អ្នក​វិនិយោគ​នៅ​កម្ពុជា​កុំ​ឱ្យ​ព្រួយបារម្ភ​បញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា​និង​ថៃ​ ព្រោះ​កម្ពុជា​នឹង​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​។ អ្នក​ឃ្លាំមើល​ថា បញ្ហា​ជម្លោះ​ព្រំដែន​នេះ​នឹង​ជះឥទ្ធិពល​មិន​ល្អ​ដល់​អ្នក​វិនិយោគ​នៅ​កម្ពុជា​ប្រសិន​បើ​អូសបន្លាយ​ទៅ​មុខ​។

លោក​ ហ៊ុន ម៉ាណែត​ បាន​​អះអាង​នៅ​ក្នុង​ពិធី​អបអរសាទរ​ដំណើរ​ការ​ជា​ផ្លូវ​ការ​១ឆ្នាំ របស់​សមាគម​សហព័ន្ធ​អ្នក​វិនិយោគ​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២០​មិថុនា​ថា កម្ពុជា​តែង​មាន​ការ​គិតគូរ​ខ្ពស់​ដល់​អ្នក​វិនិយោគ​ដោយ​គ្មាន​ការ​រើសអើង​។ ​លោក​អំពាវនាវ​ដល់​អ្នក​វិនិយោគ​ជាតិ​និង​អន្តរជាតិ ជា​ពិសេស​ភ្ញៀវ​​បរទេស​ដែល​ទើប​មក​ធ្វើ​ជំនួញ​នៅ​កម្ពុជា​ ឱ្យ​ជ្រើស​យក​ទីតាំង​កម្ពុជា​ក្នុង​ការ​ធ្វើ​វិនិយោគ។

លោក​ ហ៊ុន ម៉ាណែត បញ្ជាក់​ថា កម្ពុជា​មាន​សុខ​សន្តិភាព​ ហើយ​បើ​ទោះ​បី​ជា​កម្ពុជា​មាន​វិវាទ​ព្រំដែន​ក្ដី ក៏​រដ្ឋាភិបាល​ប្ដេជ្ញា​នឹង​ដោះស្រាយ​បញ្ហា​នេះ​ដើម្បី​រក្សា​សន្តិភាព​និង​ស្ថិរភាព​នៃ​ប្រទេស​ទាំង​ពីរ​ និង​ប្រទេស​ក្នុង​តំបន់​។

ជា​ការ​លើក​ទឹក​ចិត្ត​ទាំង​អស់​នេះ​ខ្ញុំ​សង្ឃឹម​ថា អ្នក​វិនិយោគ​មិត្ត​ទាំង​អស់​នឹង​បន្ត​មាន​ការ​សម្រេច​ធ្វើ​ការ​វិនិយោគ​នៅ​កម្ពុជា​។ ហើយ​អ្នក​វិនិយោគ​ដែល​ទើប​តែ​មក​ដើម្បី​ស្វែង​រក​ឱកាស​នៅ​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​នៅ​ពេល​នេះ​ ក៏​សង្ឃឹម​ថា​ នឹង​អាច​ជ្រើស​យក​កម្ពុជា​យើង​នៅ​ក្នុង​ការ​វិនិយោគ​និង​ផ្សារភ្ជាប់​ខ្មែរ​ចង្វាក់​ផលិតផល​​រវាង​កម្ពុជា​និង​បណ្ដា​ប្រទេស​ផ្សេងៗ​នៅ​លើ​ពិភព​លោក​។

—  លោក ហ៊ុន ម៉ាណែត

​​​ទោះ​ជា​យ៉ាង​​នេះ​ក្ដី​អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​អង្គការ​សង់​ត្រាល់ លោក ឃុន ថារ៉ូ ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា​ ជម្លោះ​ព្រំដែន​កម្ពុជា​និង​ថៃ អាច​នឹង​ប៉ះពាល់​ដល់​ការ​វិនិយោគ​នៅ​កម្ពុជា ព្រោះ​ជម្លោះ​នេះ​​ពុំ​ដឹង​ថា​នឹង​​បញ្ចប់​នៅ​ពេល​ណា​ឡើយ។

ជា​ការ​ពិត​ប្រសិន​បើ​ជម្លោះ​នេះ​មាន​ការ​អូស​បន្លាយ​រយៈ​ពេល​វែង​វា​ប្រាកដ​ណាស់​នឹង​ជះឥទ្ធិពល​ការ​ធ្វើ​ធុរកិច្ច​ការ​វិនិយោគ ជា​ពិសេស​ការ​ទាក់​ទាញ​នូវ​វិនិយោគ​ទុន​។​ ហើយ​បញ្ហា​នេះ​វា ប្រឈម​នឹង​ស្ថានភាព​ដែល​យើង​កំពុង​តែ​ជួប​ប្រទះ​ទៅ​នឹង​ស្ថានភាព​សេដ្ឋកិច្ច​របស់​យើង អំឡុង​ពេល​ដែល​យើង​ត្រូវ​ការ​នាំ​ចេញ​ហើយ​នឹង​ការ​ពង្រីក​ទីផ្សារ​​។

—  លោក ឃុន​ ថារ៉ូ

​​អ្នក​អត្ថាធិប្បាយ​នយោបាយ​ លោក គឹម សុខ ​​យល់​​ថា ​ការ​រក​ដំណោះ​ស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន​​របស់​រដ្ឋាភិបាល​​ត្រកូល​ហ៊ុន ​នឹង​មិន​អាច​អូស​ទាញ​​អ្នក​វិនិយោគ​ឱ្យ​មក​រក​​ស៊ី​នៅ​កម្ពុជា​បាន​ទេ​។

ក្រុម​គ្រួសារ​ហ៊ុន​ ប្រឹង​សម្ដែង​ដើម្បី​បិទ​បាំង​ ការ​សម្លាប់​ប្រជាធិបតេយ្យ​ដោយ​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​ ហើយ​នឹង​បិទបាំង​អំពើ​ឧក្រិដ្ឋកម្ម​​ឆ្លង​ដែន​។ ​ហើយ​ទី​២ ​អ្វី​ដែល​គ្រួសារ​ហ៊ុន ធ្វើ​គឺ​បិទ​បាំង​ឧក្រិដ្ឋកម្ម​របស់​ខ្លួន​ ម្ល៉ោះ​ហើយ​រឿង​ទាំង​នេះ​មិន​ឱ្យ​អ្នក​វិនិយោគ​​ទុក​ចិត្ត​ទេ​ ពីព្រោះ​​សុទ្ធតែ​ជា​រឿង​ប្រឆាំង​ទៅ​នឹង​ការ​អនុវត្ត​តាម​ផ្លូវ​ច្បាប់​​គ្មាន​តម្លាភាព​។

—  លោក គឹម សុខ

​របាយការណ៍​​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ឱ្យ​ដឹង​ថា ​រយៈ​ពេល​៥​ខែ​ក្នុង​ឆ្នាំ​២០២៥​ គម្រោង​វិនិយោគ​ចំនួន​២៩០​ត្រូវ​បាន​អនុម័ត​នៅ​ក្នុង​ទុន​វិនិយោគ​៤ពាន់​២០០​លាន​ដុល្លារ​អាមេរិក។ បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២៤ បាន​កើន​ឡើង​​១៣៧​គម្រោង​ស្មើ​នឹង​៩០​ភាគរយ ខណៈ​ទុន​វិនិយោគ​កើន​ឡើង​ជាង​១ពាន់​លាន​ដុល្លារ​ស្មើ​នឹង​៥០​ភាគរយ៕​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។