អគារ​ទាក់ទង​នឹង​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប (Prince Group) រង​ការចោទ​ប្រកាន់​ថា​មាន​អំពើ​ទារុណកម្ម និង​ការងារ​ដោយ​បង្ខំ

ដោយ៖ ហ្សាក់ អាដាមូវិក ដេវី (Jack Adamović Davies)
2024.02.15
អគារ​ទាក់ទង​នឹង​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប (Prince Group) រង​ការចោទ​ប្រកាន់​ថា​មាន​អំពើ​ទារុណកម្ម និង​ការងារ​ដោយ​បង្ខំ
ក្រាហ្វិក​ដោយ៖ អាមែនដា វៃស៍ប្រដ (Amanda Weisbrod)/RFA

[អាន​អត្ថបទ​ជា​ភាសាអង់គ្លេស៖ Torture, forced labor alleged at Prince Group-linked compound]

នេះ​គឺ​ជា​អត្ថបទ​ទី៣ ក្នុង​ចំណោម​សេចក្ដីរាយការណ៍​ចំនួន​៣ភាគ​អំពី​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប (Prince Group)។ សូម​ចុច​ត្រង់​នេះ ដើម្បី​អាន​អត្ថបទ​ទី១ និង​អត្ថបទ​ទី២ នៃ​សេចក្ដីរាយការណ៍​ស៊ើបអង្កេត​របស់​យើង។

បញ្ញា ដឹង​ពី​អារម្មណ៍​ភ័យខ្លាច​ចំពោះ​រឿងរ៉ាវ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​សួន Golden Fortune Science and Technology Park ក្នុង​ក្រុង​ជ្រៃធំ ជាប់​ព្រំដែន​កម្ពុជា-វៀតណាម នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​កម្ពុជា។ លោក​បាន​ឃើញ​ផ្ទាល់​ភ្នែក​នូវ​រឿងរ៉ាវ​ដែល​កើតមាន​ឡើង​​លើ​អ្នក​ទាំងឡាយ​ណា​ដែល​ព្យាយាម​រត់គេច​ចេញ​ពី​ទីនោះ។

បញ្ញា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ដោយ​បដិសេធ​សុំ​មិន​បញ្ចេញ​​នាម​ត្រកូល​របស់​លោក​ថា៖ «នៅ​ពេល​សន្តិសុខ​ចាប់​បញ្ជូន​កម្មករ​ដែល​រត់​គេច​ខ្លួន​មក​វិញ ពួក​គេ​បាន​វាយ​ដំ​អ្នក​ទាំងនោះ​ស្ទើរ​ស្លាប់​ស្ទើរ​រស់។ ខ្ញុំ​បាន​ឃើញ​រឿង​នោះ​ផ្ទាល់​ភ្នែក​របស់​ខ្ញុំ»។ បញ្ញា បន្ត​ថា បង​ប្រុស​របស់​គាត់​ជា​មេ​សន្តិសុខ​នៅ​បរិវេណ​អគារ​ទំហំ ៤ ហិកតារ ហើយ​លោក​បាន​ឃើញ​បង​ប្រុស​របស់​លោក​តាម​ប្រមាញ់​ពួក​អ្នក​រត់​គេច​ខ្លួន​ទាំងនោះ។ «​បើ​អ្នក​មិន​វាយដំ​ពួកគេ​ទេ ពួក​គេ​នឹង​ឈប់​ភ័យ​ខ្លាច ហើយ​មនុស្ស​ជាច្រើន​ទៀត​នឹង​ព្យាយាម​រត់គេច​ខ្លួន​ដែរ»

បើ​ទោះបីជា​បរិវេណ​អគារ​នេះ​បើក​ចំហ​ជា​សាធារណៈ និង​ត្រូវ​បាន​ផ្សព្វផ្សាយ​ថា​ជា​សួន​ឧស្សាហកម្ម​ក៏ដោយ ក៏​បរិវេណ​អគារ​នេះ​ព័ទ្ធ​ជុំវិញ​ទៅ​ដោយ​របង​បេតុង​កម្ពស់​៣ម៉ែត្រ មាន​បន្លា​លួស​នៅ​ពី​លើ។ ទ្វារ​ចូល​ខាង​មុខ​បរិវេណ​អគារ​នេះ​ធ្វើ​ពី​ដែក​ទម្ងន់​ធ្ងន់ មាន​មនុស្ស​ស្លៀកពាក់​ឯកសណ្ឋាន​ជា​អ្នក​យាមកាម​សន្តិសុខ​នៅ​ចាំ​រារាំង​មិន​ឱ្យ​ភ្ញៀវ​ធម្មតា​ចូល​ឡើយ។

សាងសង់​ឡើង​ដោយ​អ្នក​មាន​អំណាច និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប ឥឡូវ​នេះ​ អគារ​នេះ​ក្លាយជា​ទីតាំង​ប្រតិបត្តិការ​ឆបោក​អនឡាញ​ក្នុង​ចំណោម​អាជីវកម្ម​របស់​ខ្លួន។ នេះ​បើ​យោង​តាម​សាក្សី បុគ្គលិក និង​អតីត​បុគ្គលិក​ជាច្រើន​នាក់​ដែល​ធ្លាប់​បម្រើ​ការងារ​ក្នុង​អគារ​នេះ។ សម្ព័ន្ធ​ក្រុមហ៊ុន​នេះ បដិសេធ​ការ​ពាក់ព័ន្ធ​ណាមួយ​នៅក្នុង​សួន​ឧស្សាហកម្ម​នេះ បើ​ទោះបី​ជា​សួន​នេះ​ត្រូវ​បាន​ដំណើរការ​ដោយ​ក្រុមហ៊ុន​មួយ​ដែល​ដឹកនាំ​ដោយ​អ្នកគ្រប់គ្រង​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប ហើយ​មាន​តម្រុយ​ផ្សេងទៀត​ជាច្រើន បង្ហាញ​ឱ្យ​ឃើញ​ពី​ទំនាក់ទំនង​ជាមួយ​នឹង​សម្ព័ន្ធ​ក្រុមហ៊ុន​នេះ។

1 golden fortune (1).jpg
សួន​ឧស្សាហកម្ម Golden Fortune Science and Technology Park នៅ​ក្រុង​ជ្រៃធំ នៃ​ប្រទេស​កម្ពុជា ព័ទ្ធ​ជុំវិញ​ដោយ​របង​បេតុង​កម្ពស់៣ម៉ែត្រ មាន​លួស​បន្លា​នៅ​ពី​លើ។ គេ​អាច​មើល​ឃើញ​បរិវេណ​អគារ​នេះ​នៅក្នុង​រូបភាព​នេះ​ថត​កាលពី​ពេល​ថ្មីៗ​នេះ។ (រូប៖ វិទ្យុ​អាស៊ីសេរី)

អ្នកភូមិ​​ចោទ​ថា នៅ​ខាងក្នុង​បរិវេណ​អគារ​នោះ ជនជាតិ​វៀតណាម (Vietnam) ម៉ាឡេស៊ី (Malaysia) និង​ចិន (China) ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អនឡាញ។ ពួក​គេ​គឺជា​ផ្នែក​មួយ​នៃ​កម្លាំង​ពលកម្ម​ដែល​ត្រូវ​គេ​បង្ខំ​ឱ្យ​ធ្វើការ​ដូច​ជា​ទាសករ​ ហើយ​ដែល​អង្គការ​សហប្រជាជាតិ​ប៉ាន់ស្មាន​ថា​មាន​ចំនួន​ប្រហែល ១សែន​នាក់​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ រដ្ឋាភិបាល​កម្ពុជា​បាន​បដិសេធ​ការ​រក​ឃើញ​នេះ។

អ្នកភូមិ​ចំនួន​១៤នាក់ ក្នុង​នោះ​មាន​បុគ្គលិក​បច្ចុប្បន្ន និង​អតីត​បុគ្គលិក​ដែល​ធ្វើការ​ក្នុង​អគារ​ក្រុមហ៊ុន Golden Fortune បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ក្នុង​កិច្ច​សម្ភាសន៍​ដាច់​ដោយឡែក​​ពី​គ្នា​ថា ពួកគេ​បាន​ឃើញ​ផ្ទាល់​ភ្នែក​នៅពេល​អ្នក​យាម​កាម​សន្តិសុខ​បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​កម្មករ​ដែល​រត់គេច​ខ្លួន មុន​ពេល​បញ្ជូន​ពួកគេ​មក​បង្ខាំង​ក្នុង​អគារ​វិញ។ សាក្សី​ទាំងនេះ​បាន​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​របស់​ពួកគេ ដោយសារ​ហេតុផល​សន្តិសុខ។ យ៉ាង​ហោច​ណាស់ អចលនទ្រព្យ​ពីរ​ផ្សេងទៀត​ដែល​​ទាក់ទង​នឹង​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប ពី​មុន​មកបាន​ជាប់ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​ជួញដូរ​មនុស្ស និង​អំពើ​ឆបោក​តាម​អនឡាញ។ នេះ​បើ​យោង​តាម​សេចក្ដីរាយការណ៍​នានា​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​អន្តរជាតិ

អ្នកនាំពាក្យ​របស់​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប លោក ហ្គាប្រ៊ីយែល តាន់ (Gabriel Tan) បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា បើ​ទោះជា​សម្ព័ន្ធ​ក្រុមហ៊ុន​នេះ​បាន​សាងសង់​អគារ​ឱ្យ​ក្រុមហ៊ុន Golden Fortune ក៏​ពិតមែន ក៏​សម្ព័ន្ធ​ក្រុមហ៊ុន​បាន​ធ្វើ​ដូច្នេះ​តាម​ការ​ស្នើសុំ​របស់​អតិថិជន​ម្នាក់ ដែល​លោក​បដិសេធ​មិន​បញ្ចេញ​អត្តសញ្ញាណ។ នៅ​ពេល​សួរនាំ​ជុំវិញ​ការចោទ​ប្រកាន់​នានា​ចំពោះ​ប្រតិបត្តិការ​ជួញដូរ​មនុស្ស និង​​ឆបោក​តាម​អនឡាញ​នៅ​ក្នុង​បរិវេណ​អគារ​នេះ លោក ហ្គាប្រ៊ីយែល តាន់ បាន​បន្ថែម​ថា៖ «យើង​មិន​បាន​ដឹង​អំពី​ឧបទ្ទវហេតុ​ដែល​អ្នក​បាន​លើកឡើង​នោះ​ទេ»

ទិន្នន័យ​សាជីវកម្ម​នៅ​កម្ពុជា បង្ហាញ​ថា ក្រុមហ៊ុន​មេ​របស់​សួន​ឧស្សាហកម្ម​នោះ គឺ​ក្រុមហ៊ុន Golden Fortune គ្រប់គ្រង​ដោយ​ឈ្មោះ អ៊ឹង តារា ជា​អ្នក​រកស៊ី​ម្នាក់​ដែល​មាន​ចំណង​ទាក់ទង​ជ្រាលជ្រៅ​ជាមួយ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប។ លោក​កាន់​តំណែង​ជា​អភិបាល​នៅ​ក្នុង​ក្រុមហ៊ុន​មួយចំនួន​របស់​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប រួម​ទាំង​ក្រុមហ៊ុន​មួយ​ដែល​ស្ថាបនិក​របស់​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប បាន​យក​មក​ធ្វើ​ជា​សម្អាង​នៅក្នុង​ឯកសារ​បញ្ចេញ​ព័ត៌មាន​ទៅ​ឱ្យ​ធនាគារ​មួយ​នៅ​ឯនាយ​សមុទ្រ​ថា​ជា​ប្រភព​មួយ​ភាគ​ធំ​នៃ​ទ្រព្យសម្បត្តិ​របស់​លោក។ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក អ៊ឹង តារា និង​ក្រុមហ៊ុន Golden Fortune ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​បាន​ទេ។

វិទ្យុ​អាស៊ីសេរី​បាន​លាតត្រដាង​កាលពី​ពេល​មុន​ថា ប៉ូលិស​ចិន​បាន​បង្កើត​ក្រុម​ការងារ​ពិសេស​មួយ​ដើម្បី​ស៊ើបអង្កេត​​ករណី​លាង​លុយ​កខ្វក់ និង​ប្រតិបត្តិការ​បន​ល្បែង​អនឡាញ​ខុសច្បាប់ ដែល​មាន​ប្រភព​ចេញ​មក​ពី​ប្រទេស​កម្ពុជា។ នៅ​ក្នុង​ភាគ​ពីរ​នៃ​សេចក្ដីរាយការណ៍​ជា​ភាគ​របស់​យើង វិទ្យុ​អាស៊ីសេរី​ពិនិត្យ​មើល​អំពី​របៀប​ដែល​មូលនិធិ​មិន​ស្របច្បាប់​នានា ទំនង​ដូចជា​ត្រូវ​បាន​គេ​លាង​លុយ និង​ចាក់​បញ្ចូល​ទៅ​ក្នុង​អាជីវកម្ម​ស្របច្បាប់​ដែល​មាន​ចំណង​ទាក់ទង​នឹង​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប។

ភាគ​បញ្ចប់​នៃ​សេចក្ដីរាយការណ៍​ចំនួន​៣​ភាគ​នៃ​ការស៊ើបអង្កេត​ទៅ​លើ​សម្ព័ន្ធ​ក្រុមហ៊ុន​នេះ ពិនិត្យ​មើល​ការ​ចោទ​ប្រកាន់​នានា​ដែល​ថា អគារ​មួយ​ក្នុង​​ចំណោម​អគារ​ជាច្រើន​ទាក់ទង​នឹង​សម្ព័ន្ធ​ក្រុមហ៊ុន​នេះ មាន​បង្ខាំង​ជនរងគ្រោះ​ជាច្រើន​នាក់​​ក្នុង​​ឧស្សាហកម្ម​ទាសករ​អនឡាញ​ដែល​កំពុង​រីក​ដុះដាល​ដូច​ផ្សិត​នៅ​អាស៊ី។

ការងារ​កខ្វក់

ជ្រៃធំ​គឺជា​ក្រុង​ជាប់​ព្រំដែន​ដែល​មាន​ផ្លូវ​មួយ​ខ្សែ​តាម​បណ្តោយ​ទន្លេ​បាសាក់ នៅ​ចម្ងាយ​ប្រមាណ​តែ​មួយរយ​ទៅ​ពីរ​រយ​ម៉ែត្រ​ពី​ខ្សែ​ទឹក​ខាង​លើ​​នៅ​ប្រទេស​វៀតណាម។ មិន​ខុស​ពី​សហគមន៍​ជាប់​ព្រំដែន​ជាច្រើន​ទៀត​នៅ​កម្ពុជា​ដែរ ក្រុង​មួយ​នេះ​សម្បូរណ៍​ទៅ​ដោយ​កាស៊ីណូ​ដែល​ត្រូវ​បាន​គេ​សាងសង់​ឡើង​ដើម្បី​ផ្តល់​សេវាកម្ម​បន​ល្បែង​ស៊ីសង​ឱ្យ​ជនបរទេស​ដែល​ល្បែង​ស៊ីសង​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ​ត្រូវបាន​រឹតត្បិត។

ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​កម្ពុជា​ប្រឆាំង​នឹង​កាស៊ីណូ​អនឡាញ​កាលពី​ឆ្នាំ២០១៩ បាន​បង្ខំ​ឱ្យ​កាស៊ីណូ​ជាច្រើន​បិទ​ទ្វារ។ ករណី​ខ្លះ អចលនទ្រព្យ​ទំនេរ ត្រូវ​បាន​​ក្រុម​ឧក្រិដ្ឋជន​ជើងកាង​យក​ទៅ​គ្រប់គ្រង​បន្ត ដោយ​បង្ខំ​កម្មករ​ដែល​ត្រូវ​បាន​គេ​ជួញដូរ ឱ្យ​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អនឡាញ។ ការប្រព្រឹត្ត​អំពើ​ឆបោក​នេះ បាន​ផ្ទុះ​រាលដាល​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ជា​ពិសេស «ការ​ឆបោក​តាមរយៈ​ការ​វិនិយោគ (Pig Butchering)» ដែល​ក្នុង​នោះ​ជនរងគ្រោះ​ត្រូវ​បាន​គេ​អន្ទង​ឱ្យ​ដាក់​លុយ​ជាច្រើន​ទៅ​ក្នុង​គម្រោង​វិនិយោគ​បែប​ក្លែងបន្លំ។ ក៏ប៉ុន្តែ អ្នក​​ដែល​ប្រព្រឹត្ត​អំពើ​ឆបោក​ទាំងនេះ ជារឿយៗ​ក៏​ជា​ជនរងគ្រោះ​ដែល​ត្រូវ​គេ​បង្ខាំង​ឱ្យ​ធ្វើការ​ផ្ទុយ​ពី​ឆន្ទៈ​របស់​ពួកគេ និង​​បង្ខំ​ឱ្យ​ស្វែងរក​មនុស្ស​ដើម្បី​បោក​ប្រាស​ តាម​ទម្រង់ ផ្លេតហ្វម (Platforms) អនឡាញ​ជាច្រើន។

នៅពេល​ប្រតិបត្តិការ​ឆបោក​អនឡាញ​បាន​រីក​រាលដាល​ខ្លាំង​ឡើងៗ អំពើ​ទាំងនោះ​ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ប្រព្រឹត្តិ​ចេញ​ពី​ទីតាំង​អគារ​ការិយាល័យ បរិវេណ​អាផាតធឺមិន និង​អ្វី​ដែល​ទំនងជា​អគារ​ដែល​គេ​សាងសង់​ឡើង​សម្រាប់​បម្រើ​ឱ្យ​គោលបំណង​ជាក់លាក់។

3 Hotel outside Golden Fortune (1).jpg
ប្រភព​នានា​​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា «សណ្ឋាគារ»​មួយ​នៅ​ខាងក្រៅ​បរិវេណ​អគារ​ក្រុមហ៊ុន Golden Fortune នៅ​ក្រុង​ជ្រៃធំ មាន​ចម្រឹង​​ដែក​នៅ​តាម​រានហាល ដើម្បី​​មិន​ឱ្យ​មនុស្ស​រត់​ចេញ​ក្រៅ​បាន។ (រូប៖ វិទ្យុ​អាស៊ីសេរី)

ស្ថិត​នៅ​លើ​ដី​ទំហំ​ជាង ៦ហិកតា និង​ព័ទ្ធជុំវិញ​ដោយ​របង​បេតុង​ដែល​មាន​បន្លា​លួស​នៅ​ពីលើ បរិវេណ​អគារ​ក្រុមហ៊ុន Golden Fortune មាន​តារាង​លេង​បាល់​ទាត់ តារាង​លេង​បាល់​បោះ (basketball) និង​អគារ​ទម្រង់​ជា​អន្តេវាសិកដ្ឋាន​ធំៗ​ចំនួន​១៨​អគារ ដែល​អគារ​ទាំងអស់​នេះ​ត្រូវ​បាន​សាងសង់​ឡើង​ចាប់តាំង​ពី​ពាក់កណ្តាល​ឆ្នាំ២០១៩ មក​ម៉្លេះ។ នេះ​បើ​យោង​តាម​រូបភាព​ពី​ផ្កាយរណប​ដែល​វិទ្យុ​អាស៊ីសេរី​បាន​ពិនិត្យមើល។

ចម្រឹង​ដែក​ដែល​បិទបាំង​បង្អួច​​អន្តេវាសិកដ្ឋាន​នោះ​នៅ​តាម​ជាន់​នីមួយៗ​នៃ​ជាន់​ទាំង​៥​នៃ​អគារ​ទាំងនោះ បញ្ជាក់​ថា​វា​ត្រូវ​បាន​គេ​សង់​ឡើង​ដើម្បី​បង្ខាំង​មនុស្ស​នៅ​ក្នុង​នោះ។

អ្នកភូមិ​និយាយ​ថា មនុស្ស​ដែល​ត្រូវ​បាន​បង្ខាំង​ទុក​​ខាងក្នុង​​អគារ​ទាំងនោះ ដែល​រងនូវ​ការ​ចោទ​ប្រកាន់​នេះ​ ភាគច្រើន​គឺ​ជា​ជនជាតិ​វៀតណាម (Vietnam) និង​ជនជាតិ​ចិន (China)។ ពលរដ្ឋ​កម្ពុជា​ក៏​ធ្វើការ​នៅក្នុង​បរិវេណ​អគារ​ទាំងនោះ​ដែរ ក្នុង​តួនាទី​ជា​អ្នក​មើលការ​ខុសត្រូវ​ផ្នែក​សន្តិសុខ។ ការផ្សាយ​ពាណិជ្ជកម្ម​ជា​ភាសាខ្មែរ​តាម​អនឡាញ​ជ្រើសរើស​បុគ្គលិកសម្រាប់​ធ្វើ​ការ​​នៅក្នុង​បរិវេណ​អគារ​ដែល​វិទ្យុ​អាស៊ីសេរី​បាន​ឃើញ​នោះ ប្រកាស​ស្វែងរក​ពលរដ្ឋ​កម្ពុជា​ដែល​ចេះ​និយាយ​ភាសា​វៀតណាម ជាមួយនឹង​ការ​ផ្តល់​ប្រាក់​បៀវត្ស​ពី ៦០០ ទៅ ៨០០​ដុល្លារ​ក្នុង​មួយ​ខែ ការផ្តល់​អាហារ​បី​ពេល​ក្នុង​មួយ​ថ្ងៃ និង​កន្លែង​ស្នាក់នៅ។

បើ​ទោះ​ជា​នេះ​ជា​ប្រាក់ខែ​គួរសម​ក៏ដោយ សម្រាប់​លោកស្រី មឿន អាយុ ៦០​ឆ្នាំ ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​ពេញ​របស់​លោកស្រី លោកស្រី​មិន​ចាប់អារម្មណ៍​នឹង​ការងារ​ដូច្នេះ​ទាល់តែសោះ។ លោកស្រី​បាន​និយាយ​ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី​ ក្នុង​ពេល​កំពុង​ឈរ​ត្រាំ​ទឹកភក់​​ត្រឹម​ភ្លៅ​នៅក្នុង​​ព្រែកជីក​មួយ ខណៈ​លោកស្រី​ចាប់​ត្រី​ដោយ​ដៃ​ទទេ។

លោកស្រី មឿន ដែល​មាន​កូន​ធ្លាប់ធ្វើ​ការ​នៅ​ក្នុង​បរិវេណ​អគារ​នោះ បាន​និយាយ​ថា៖ «ប្រសិន​បើ​យើង​មិន​ធ្វើ​ការងារ​ឱ្យ​បាន​ល្អ និង​មិន​ធ្វើ​ទារុណកម្ម​លើ​កម្មករ​ដែល​រត់គេច​ខ្លួន​ទេ ថៅកែ​នឹង​កាត់​​ប្រាក់ខែ​មួយ​ចំនួន​​របស់​យើង ដូច្នេះ​យើង​ចូលចិត្ត​មក​ចាប់ត្រី​នៅ​ទីនេះ​ជាង​ធ្វើការ​បាន​លុយ​បែបនោះ»។ លោក​ស្រី​បន្ត​ថា៖ «ជាជាង​ធ្វើការ​ឱ្យ​ពួកគេ តើ​យើង​អាច​ធ្វើ​អ្វី​បាន​ផ្សេង​ពី​នេះ

4 golden fortune satellite CNESAirbus 12192023 (1).jpg
អតីត​អ្នក​យាមកាម​សន្តិសុខ​ឱ្យ​ក្រុមហ៊ុន Golden Fortune ម្នាក់​ និយាយ​ថា កម្មករ​ទាំងឡាយ​ដែល​បាន​រត់គេច​ខ្លួន​ចេញ​ពី​បរិវេណ​អគារ​​ដែល​​មាន​ទ្រង់ទ្រាយ​ដូច​ត្រីកោណ ​ឃើញ​ក្នុង​រូបភាព​ថត​តាម​ផ្កាយរណប​កាលពី​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ត្រូវ​បាន​គេដេញ​ចាប់​យក​មក​វិញ ហើយ​ឆ្មាំ​សន្តិសុខ​ដែល​ចាប់​បាន​អ្នក​ប៉ុនប៉ង​រត់​គេច​ណាម្នាក់​ទទួល​បាន​ប្រាក់រង្វាន់។ (CNES/Airbus)

ការ​លើកឡើង​របស់​លោកស្រី មឿន ក៏​ត្រូវ​បាន​បញ្ជាក់​ដូចគ្នា​ដោយ​បុគ្គលិក​បច្ចុប្បន្ន​ម្នាក់​របស់​ក្រុមហ៊ុន Golden Fortune ដែល​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា កម្មករ​ដែល​មិន​ស្តាប់​បង្គាប់ ឬ​មិន​មាន​ផលិតភាព ត្រូវ​បាន​គេ​បង្ខាំង​​នៅ​​ជាន់​ទីមួយ​នៃ​អគារ​មួយ​ដែល​គេ​ដាក់​ឈ្មោះ​ថា​ជា​អគារ B1។ ពួកគេ​ទាំងនោះ​​ត្រូវ​បាន​គេ​ដាក់​ទណ្ឌកម្ម​យ៉ាង​ហិង្សា។ បុគ្គលិក​រូប​នោះ​បន្ថែម​ថា កម្មករ​ជា​ស្ត្រី​ជាច្រើន​នាក់​នៅ​ក្នុង​បរិវេណ​អគារ​នោះ ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ធ្វើ​ពេស្យាចារ និង​ផលិត​រូបភាព​អាសអាភាស។

បុគ្គលិក​រូប​នោះ​បាន​ប្រៀបធៀប​ស្ថានភាព​នៅក្នុង​បរិវេណ​អគារ​ក្រុមហ៊ុន Golden Fortune ទៅ​នឹង​ខ្សែភាពយន្ត​ចិន​បែប​រំជួល​ចិត្ត​មួយ​ដែល​មាន​ចំណងជើង​ថា «ឈប់​ភ្នាល់​តទៅ​ទៀត» (No More Bets) ដែល​ជនជាតិ​ចិន​ត្រូវ​បាន​គេ​ជួញដូរ​ក្នុង​បរិវេណ​ឆបោក​មួយ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ជាទី​ដែល​ពួកគេ​ត្រូវ​បាន​គេ​រំលោភ​បំពាន និង​បង្ខំ​ឱ្យ​ប្រព្រឹត្តិ​អំពើ​ឆបោក​តាម​អនឡាញ​ខុសច្បាប់។

បុគ្គលិក​រូប​នោះ​និយាយ​ថា៖ «បញ្ហា​នានា​ដែល​កើតមាន​ឡើង​នៅ​ទីនោះ គឺ​ដូចគ្នា​ទៅ​នឹង​អ្វី​ដែល​ខ្សែភាពយន្ត​ចិន​បាន​លាតត្រដាង​អ៊ីចឹង»។ លោក​បន្ត​ថា៖ «អំពើ​ឆបោក និង​ការ​ជំរិត​យក​ប្រាក់ កើតមាន​ឡើង​មាន​នៅ​ទីនេះ»

យោង​តាម​បុគ្គលិក​រូប​នោះ ក្រៅតែ​ពី​ការប្រព្រឹត្តិ​អំពើ​ឆបោក ពេស្យាចារ និង​ការផលិត​រូបភាព​អាសអាភាស ការ​ជំរិត​យក​ប្រាក់​គឺជា​ម៉ូដែល​អាជីវកម្ម​មួយ​ទៀត។ ជនរងគ្រោះ ត្រូវ​បាន​គេ​ដោះលែង​តែ​ក្នុង​ករណី​ដែល​ក្រុម​គ្រួសារ​របស់​ពួកគេ​ព្រម​ផ្តល់​ប្រាក់​លោះ​ ដែល​ជា​វិធី​ទូទៅ​មួយ​ត្រូវ​គេ​យក​មក​ប្រើ​ក្នុង​បរិវេណ​អគារ​ដែល​មាន​ការប្រព្រឹត្តិ​អំពើ​ឆបោក

បុគ្គលិក​រូប​នេះ​បាន​និយាយ​ថា៖ «ប្រសិន​បើ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​មិន​បង់​ប្រាក់​លោះ​ដូច​តាម​ការ​ទាមទារ​នោះ​ទេ ការរំលោភ​បំពាន ការ​វាយ​ដំ និង​ការប្រើ​ខ្សែ​ភ្លើង​ឆក់ នឹង​ត្រូវ​បាន​គេ​យក​មក​អនុវត្ត ហើយ​វីដេអូ​ខ្លី [ពី​ការ​ធ្វើ​ទារុណកម្ម​នោះ] នឹង​ត្រូវ​បាន​គេ​ផ្ញើ​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ជនរងគ្រោះ​មើល»

អ្នកភូមិ​ម្នាក់​ទៀត ដែល​រស់​នៅ​ជិត​បរិវេណ​អគារ​នោះ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​ធ្លាប់​បាន​ឃើញ​អ្នក​យាមកាម​សន្តិសុខ​វាយដំ​អ្នក​រត់​គេចខ្លួន​បោក​ផ្តួល​ទៅ​នឹង​ដី​នៅ​ជាប់​រថយន្ត​មួយ ដោយ​ប្រើ​ដំបង​ឆក់​អេឡិចត្រូនិក មុន​ពេល​បញ្ជូន​ជនរងគ្រោះ​ទាំងនោះ​មក​បង្ខាំង​ក្នុង​បរិវេណ​អគារ​នោះ​វិញ។ លោក​បាន​អះអាង​ថា ប៉ូលិស​មូលដ្ឋាន​ត្រូវ​បាន​គេ​ជួល​ឱ្យ​បម្រើ​ការងារ​ជា​អ្នក​យាមកាម​សន្តិសុខ​នៅ​ក្នុង​បរិវេណ​អគារ​នោះ។

មេ​ប៉ុស្តិ៍​ប៉ូលិស​សង្កាត់​សំពៅពូន​ លោក ឃុត ប៊ុនថន បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​មិនបាន​ដឹង​អំពី​ករណី​ឃុំខ្លួន​បុគ្គលិក ឬ​បង្ខំ​មនុស្ស​ឱ្យ​ធ្វើការ​នៅក្នុង​សង្កាត់​សំពៅពូន​របស់​លោក​នោះ​ទេ។

អតីត​អ្នក​យាមកាម​សន្តិសុខ​ម្នាក់​នៅ​ក្នុង​បរិវេណ​អគារ​ក្រុមហ៊ុន Golden Fortune បាន​និយាយ​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា បុគ្គលិក​ដែល​ត្រូវ​បាន​គេ​ជួញដូរ​ឱ្យ​ប្រព្រឹត្ត​អំពើ​ឆបោក​ ធ្វើការ ១២ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​ជា​ទូទៅ​ត្រូវ​បាន​គេ​លក់​បន្ត​ទៅ​ឱ្យ​អគារ​ដទៃទៀត​ក្នុង​រយៈពេល ៦ខែ​ទៅ​១២ខែ។ អតីត​អ្នក​យាមកាម​រូប​នោះ បាន​អះអាង​បន្ថែម​ថា ក្រុមហ៊ុន Golden Fortune ផ្តល់​រង្វាន់​ជា​ប្រាក់​ចំនួន ៥០ដុល្លារ ដល់​ឆ្នាំ​សន្តិសុខ​ណា​ដែល​ចាប់​បាន​​អ្នក​រត់​គេច​ខ្លួន​ណាម្នាក់​​ត្រលប់​មកវិញ។

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង ដែល​ជា​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​​អំពើ​ជួញដូរ​មនុស្ស (...) បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា អ្នកស្រី​មិនបាន​ដឹង​អំពី​ករណី​ជួញដូរ​មនុស្ស​ណាមួយ​នៅ​តំបន់​ជ្រៃធំ​ឡើយ។

បរិវេណ​អគារ​ពេញ​ដោយ​មនុស្ស

ក្រុម​អ្នករាយការណ៍​វិទ្យុ​អាស៊ីសេរី ត្រូវ​បាន​គេ​រារាំង​មិន​ឱ្យ​ចូល​ក្នុង​បរិវេណ​អគារ​ក្រុមហ៊ុន Golden Fortune នៅ​ពេល​ដែល​ពួកគេ​ទៅ​មើល​ក្រុង​ជ្រៃធំ​កាលពី​ឆ្នាំមុន។ អ្នក​យាមកាម​សន្តិសុខ​បាន​បដិសេធ​មិន​ប្រាប់​ពី​មូលហេតុ​នៃ​ការ​ហាម​ប្រាម​នេះទេ។

វីដេអូ​​បង្ហោះ​នៅ​លើ​បណ្តេញ​សង្គម​កាលពី​ខែកញ្ញា បង្ហាញ​ថា​នៅក្នុង​អាណាចក្រ​ដែល​មាន​របង​ព័ទ្ធ​ជុំវិញ​នេះ មាន​ភោជនីយដ្ឋាន​ជាជួរ ហាង​ម៉ាស្សា និង​​មន្ទីរពេទ្យ​តូច​មួយ។ ទាំង​វីដេអូ និង​រូបភាព​ថត​បាន​តាម​ផ្កាយ​រណប បញ្ជាក់​ថា ទីតាំង​នោះ​មាន​ផ្លូវ​​ល្អ​ជាង​ផ្លូវ​ក្នុង​ភូមិ​ដែល​នៅ​ជុំវិញ​នោះ។ នៅក្នុង​វីដេអូ​មួយ នៅក្នុង​សួន​នោះ គេ​ឃើញ​មាន​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម (billboard) លក់​ផ្ទះ​វីឡា​ទំហំ ៦២២​ម៉ែត្រការ៉េ នៅ​ក្រុង​ភ្នំពេញ។

អគារ​ក្រុមហ៊ុន Golden Fortune ត្រូវ​បាន​​ចុះ​ផ្សាយ​នៅ​លើ​វែបសាយ​ផ្លូវការ​នៃ​ក្រុមហ៊ុន Prince Huan Yu Real Estate ដែល​ជា​បុត្រ​សម្ព័ន្ធ​មួយ​របស់​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប ហើយ​ទីតាំង​របស់​ក្រុមហ៊ុន​នោះ​ត្រូវ​គេ​កំណត់​នៅ​លើ​ «ផែនទី​លក់​អចលនទ្រព្យ»

5 Prince property distribution map (1).png
បរិវេណ​អគារ​ក្រុមហ៊ុន Golden Fortune ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​លើ​វែបសាយ​នៃ​ក្រុមហ៊ុន Prince Huan Yu Real Estate ដែល​ជា​បុត្រ​សម្ព័ន្ធ​មួយ​របស់​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប ហើយ​ទីតាំង​របស់​ក្រុមហ៊ុន​នោះ​ត្រូវ​គេ​កំណត់​នៅ​លើ​ «ផែនទី​លក់​អចលនទ្រព្យ»។ (រូប៖ Prince Huan Yu Real Estate)

សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប ពណ៌នា​ខ្លួន​ឯង​ថា​ជា​សម្ព័ន្ធ​ក្រុមហ៊ុន​ដ៏​ល្បី​មួយ​នៅ​កម្ពុជា ដែល​មាន​ផលប្រយោជន៍​អាជីវកម្ម​លើ​គ្រប់​វិស័យ​រាប់​ចាប់ពី​វិស័យ​អចលនទ្រព្យ រហូតដល់​ផលិតកម្ម​ខ្សែភាពយន្ត។ សម្ព័ន្ធ​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​បង្កើត​ឡើង​តិច​ជាង​មួយ​ទសវត្សរ៍​មុន​ដោយ​លោក ចេន ហ្ស៊ី ជា​ជន​ចំណាកស្រុក​ចិន​មាន​ខ្សែ​បណ្តេញ​នយោបាយ ហើយ​បាន​ចូល​សញ្ជាតិ​ខ្មែរ​កាលពី​ឆ្នាំ២០១៤។ ឯកសារ​របស់​តុលាការ​ចិន បាន​ហៅ​សម្ព័ន្ធ​ក្រុមហ៊ុន​របស់​លោក​ថា​ជា «ក្រុម​ឧក្រិដ្ឋជន​បនល្បែង​អនឡាញ​ឆ្លងដែន» ហើយ​បាន​ចោទ​ប្រកាន់​ថា​យ៉ាងហោចណាស់​ទឹកប្រាក់​ចំនួន ៥ពាន់​លាន​យ័ន (៧០០​លាន​ដុល្លារ​អាមេរិក) នៃ​ប្រាក់ចំណូល​របស់​សម្ព័ន្ធ​ក្រុមហ៊ុន​នេះ​បាន​មក​ពី​បនល្បែង​អនឡាញ​ខុសច្បាប់។

នៅ​ឆ្នាំ២០២២ តុលាការ​ប្រចាំ​តំបន់​វ៉ានឆាង (Wangcang) របស់​ប្រទេស​ចិន បាន​ប្រកាស​ថា បុគ្គល​ចំនួន ៤៥នាក់ ត្រូវ​បាន​រក​ឃើញ​ថា​មាន​កំហុស​ពាក់ព័ន្ធ​នឹង​ការបង្កើត​កាស៊ីណូ​អនឡាញ​ខុសច្បាប់ ក្រោម​ការ​សហការ​ជាមួយ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប។ ការប្រកាស​នេះ ក៏​មាន​លើកឡើង​ពី​ទីតាំង​ចំនួន​បី​នៅ​កម្ពុជា ដែល​មាន​ការប្រព្រឹត្ត​អំពើ​ខុសច្បាប់​នេះ។ ក្នុងចំណោម​ទីតាំង​ទាំង​នោះ​ ក៏​មាន «ក្រុង​ឆាយថុង (Caitong)» ដែល​ជា​ឈ្មោះ​​ចិន​ដាក់​ឱ្យ​ក្រុង​ជ្រៃធំ។

សាក្សី​ផ្ទាល់​ភ្នែក​ដែល​​វិទ្យុអាស៊ីសេរី​បាន​ទាក់ទង បញ្ជាក់​ថា មិនខុស​ពី​ប្រតិបត្តិការ​ល្បែងស៊ីសង​អនឡាញ​ជាច្រើន​ទៀត​នៅ​កម្ពុជា​ដែរ សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប បាន​ប្តូរ​ទិសដៅ​អាជីវកម្ម​ទៅ​ជា​ពលកម្ម​ដោយ​បង្ខំ។

នៅក្នុង​វីដេអូ​ឯកសារ​មួយ​កាលពី​ឆ្នាំ២០២២​ផលិត​ដោយ​ទូរទស្សន៍ Al Jazeera ជនរងគ្រោះ​ម្នាក់​បាន​ពន្យល់​ពី​របៀប​ដែល​គាត់​ត្រូវ​បាន​​បង្ខាំង និង​បង្ខំ​ឱ្យ​ឆបោក​កសិករ​ក្រីក្រ​ជនជាតិ​ចិន​ជាច្រើន​នាក់ ដោយ​ប្រើ​កម្មវិធី​ផ្ញើ​សារ (Messaging Apps) ចេញ​ពី​ក្នុង​អចលនទ្រព្យ​មួយ​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Heng Xin Real Estate នៅ​កម្ពុជា។ ក្រុមហ៊ុន​នោះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក ចេន ហ្ស៊ី។ នៅក្នុង​ឯកសារ​ទិន្នន័យ​ធនាគារ​ដែល​បែកធ្លាយ ហើយ​ដែល​ត្រូវ​បាន​ចែក​រំលែក​ដោយ​អង្គការ​មិន​រក​ប្រាក់​ចំណេញ ធ្វើការ​ដើម្បី​ទម្លាយ​ព័ត៌មាន​សម្ងាត់​ឈ្មោះ Distributed Denial of Secrets ក្រុមហ៊ុន​នោះ​ត្រូវ​បាន​គេ​ដាក់​ថា​ជា​ប្រភព​នៃ​ទ្រព្យសម្បត្តិ​របស់​លោក ចេន ហ្ស៊ី។ សព្វថ្ងៃ​នេះ ក្រុមហ៊ុន ខេមបូឌាន ហេង ស៊ីន រៀល អ៊ីស្ទេត អ៊ិនវេសមិន (Cambodian Heng Xin Real Estate) មាន​អភិបាល​ពីរ​នាក់ ដែល​មាន​ចំណងទាក់ទង​ជ្រៅ​ជាមួយ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប។ ពួកគេ​ម្នាក់ គឺ​លោក អ៊ឹង តារា (Ing Dara) ត្រូវ​គេ​ចុះ​បញ្ជី​ថា​ជា​ប្រធាន​ក្រុមហ៊ុន Golden Fortune Resorts World ដែល​ឈ្មោះ និង​អាសយដ្ឋាន​របស់​ក្រុមហ៊ុន​នេះ​ត្រូវគ្នា​ទៅ​នឹង​បរិវេណ​អគារ​នៅ​ក្រុង​ជ្រៃធំ។

នៅ​មុន​ពេល​​រដ្ឋាភិបាល​កម្ពុជា​បិទប៉ុន្មាន​ខែ វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (Voice of Democracy) បាន​រាយការណ៍​ពី​ការ​ចុះ​ឆែកឆេរ​ករណី​ជួញដូរ​មនុស្ស​នៅក្នុង​អចលនទ្រព្យ​ដទៃទៀត​ដែល​ទាក់ទង​នឹង​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប។

ការ​ពាក់ព័ន្ធ​គ្នា​រវាង​អចលនទ្រព្យ​របស់​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប និង​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ អាច​បញ្ជាក់​ឱ្យ​ឃើញ​ពី​ភាព​ឆ្គាំឆ្គង​​របស់​ចៅហ្វាយនាយ​ផ្នែក​នយោបាយ​របស់​សម្ព័ន្ធ​ក្រុមហ៊ុន​នេះ។ ចៅហ្វាយ​នាយ​ទាំងនេះ រួមមាន​អតីត​នាយករដ្ឋមន្ត្រី​ទើប​ចូលនិវត្តន៍ លោក ហ៊ុន សែន អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អតីត​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ព្រមទាំង​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន លោក ហ៊ុន ម៉ាណែត។ លោក ចេន ហ្ស៊ី បម្រើ​ការងារ​ឱ្យ​ក្រុម​មេដឹកនាំ​កំពូលៗ​ទាំងនេះ​ជា​ទីប្រឹក្សា​នយោបាយ​ដោយ​មាន​ការ​តែងតាំង​ជា​​ផ្លូវការ។

6 Chen Zhi at rice meeting with Cuban President (1).jpg
ស្ថាបនិក​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប អង្គុយ​នៅ​កៀន​ខាងក្រោយ (ឆ្វេង) នៅ​ឯ​កិច្ចប្រជុំ​មួយ​នៅ​ប្រទេស​គុយបា (Cuba) កាលពី​ខែកញ្ញា ឆ្នាំ២០២២ កំពុង​បំពេញ​ការងារ​ជា​ទីប្រឹក្សា​ម្នាក់​របស់​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន រូបទីពីរ​ឆ្វេង; លោក​ ចេន ហ្ស៊ី ក៏​ជា​ទីប្រឹក្សា​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន លោក ហ៊ុន ម៉ាណែត និង​មន្ត្រី​ដ៏​មាន​ឥទ្ធិពល​ដទៃទៀត។ (រូប៖ ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន)

ចិន ដែល​ជា​ប្រទេស​ធានា​​ជួយ​កម្ពុជាដ៏​មាន​ឥទ្ធិពល​ជាង​គេ​បង្អស់​នៅ​លើ​​ពិភពលោក បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ចេតនា​របស់​ខ្លួន​ក្នុង​ការ​បង្ក្រាប​​ឧក្រិដ្ឋកម្ម​​អនឡាញ​នៅ​ក្រៅប្រទេស។ កាលពី​ខែ​តុលា នាយករដ្ឋមន្ត្រី​ទើប​តែងតាំង​ថ្មី​របស់​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ជួប​ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង (Xi Jinping) នៅ​ទីក្រុង​ប៉េកាំង (Beijing)សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​ដោយ​ក្រសួង​ការបរទេស​កម្ពុជា​ ក្រោយ​ជំនួប​នោះ បង្ហាញ​ឱ្យ​ឃើញ​ពី​​ការ​ប្តេជ្ញាចិត្ត​មួយ «ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​បន្ថែម​លើ​វិស័យ​អនុវត្ត​ច្បាប់ ជាពិសេស​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​លេង​ល្បែង​ឆ្លងដែន គ្រឿងញៀន និង​ការ​ជួញដូរ​មនុស្ស ឧក្រិដ្ឋកម្ម​អនឡាញ និង​ព័ត៌មាន​ក្លែងក្លាយ»

ទោះជា​យ៉ាងណា​ក៏ដោយ សម្រាប់​មនុស្ស​មួយ​ចំនួន​នៅ​ក្រុង​ជ្រៃធំ កិច្ច​សហប្រតិបត្តិការ​នោះ ​នឹង​មិន​កើតមានឡើង​ក្នុង​ពេល​ឆាប់ៗ​​នោះ​ឡើយ។

អ្នក​ក្រុង​ជ្រៃធំ​ម្នាក់ បាន​និយាយ​ថា លោក និង​អ្នកភូមិ​ផង​របង​ជាមួយ​​លោក តែង​ព្យាយាម​ជួយ​​អ្នក​រត់​គេចខ្លួន​នៅពេល​ណា​ដែល​ពួក​លោក​ប្រទះឃើញ។ លោក​នៅ​ចាំ​ថា ពេល​មួយ​ ជាពិសេស​នៅ​ពេល​ដែល​លោក​ឮ​សំឡេង​ស្រែក​ខ្លាំងៗ​​ថា «ចោរ ចោរ ចោរ» មុន​ពេល​បុរស​ម្នាក់​​ប្រឡាក់​ទៅ​ដោយ​ភក់​បាន​សម្រុក​ចូល​ក្នុង​ផ្ទះ​របស់​លោក។

លោក​រំឭក​ថា៖ «បុរស​នោះ​បាន​លើក​ដៃ​សំពះ ហើយ​អង្វរករ​សុំ​ការ​អាណិត​អាសូរ​ពី​លោក»។ លោក​បន្ថែម​ថា លោក​បាន​ឱ្យ​បុរស​នោះ ៥ដុល្លារ មុន​ពេល​លោកឱ្យ​​​បុរស​រូប​នោះ​​​រត់គេច​​ចេញ​ទៅ។ ពេលនោះ លោក​ប្រាថ្នា​ថា​ លោក​គួរតែ​មាន​លទ្ធភាព​ជួយ​បុរស​រូប​នោះ​ច្រើន​ជាងនេះ។

លោក​បាន​និយាយ​ថា៖ «យើង​អាណិត​អាសូរ​ពួកគេ និង​ភាព​អយុត្តិធម៌​ដែល​ពួកគេ​បាន​រង​នូវ​ការឈឺចាប់។ ប៉ុន្តែ យើង​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ»

កែសម្រួល​អត្ថបទ​ជា​ភាសា​អង់គ្លេស​ដោយ អាប៊ី ស៊ីហ្វ (Abby Seiff), ជីម ស្នាយឌឺរ (Jim Snyder), ម៉ាត់ ផេនីងថុន (Mat Pennington) និង បូអឺរ ដេង (Boer Deng)

អត្ថបទពេញនិយម
RFA
លោក ហ៊ុន សែន និង​លោក សេង សារី បន្ត​ឆ្លើយឆ្លង​គ្នា​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​សារ​បែក​ធ្លាយ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។