ភាព​មិន​ប្រក្រតី​ជាច្រើន​ក្នុង​ប្រតិបត្តិការ​អាជីវកម្ម​របស់​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប (Prince Group) នៅ​ក្រៅ​ប្រទេស

ការស៊ើបអង្កេត​មួយ​របស់​វិទ្យុ​អាស៊ីសេរី នាំ​ឱ្យ​មាន​សំណួរ​ជាច្រើន​ជុំវិញ​ភាព​ស្របច្បាប់​នៃ​បុត្រ​សម្ព័ន្ធ​អាជីវកម្ម​ល្បែង​ស៊ីសង​របស់​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប។
ដោយ៖ ហ្សាក់ អាដាមូវិក ដេវី (Jack Adamović Davies)
2024.02.13
ភាព​មិន​ប្រក្រតី​ជាច្រើន​ក្នុង​ប្រតិបត្តិការ​អាជីវកម្ម​របស់​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប (Prince Group) នៅ​ក្រៅ​ប្រទេស
ក្រាហ្វិក​ដោយ៖ អាមែនដា វៃស៍ប្រដ (Amanda Weisbrod)/RFA

[អាន​អត្ថបទ​ជាភាសាអង់គ្លេស៖ Red flags abound in Prince Group's offshore dealings]

នេះ​គឺ​ជា​អត្ថបទ​ទី២​ក្នុង​ចំណោម​សេចក្តីរាយការណ៍​ចំនួន៣​ភាគ​អំពី​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប។ សូម​ចុច​ត្រង់​នេះ ដើម្បី​អាន​អត្ថបទ​ទី១ នៃ​សេចក្តីរាយការណ៍​ស៊ើបអង្កេត​របស់​យើង។

ចាប់តាំង​ពី​ក្រោយ​ពេល​បង្កើត​​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប (Prince Group) ដំបូង​កាលពី​៨ឆ្នាំ​មុន ឈ្មោះ​របស់​សម្ព័ន្ធ​ក្រុមហ៊ុន​នេះ​បាន​ក្លាយ​ជា​យីហោ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​មួយ​ដែល​គេ​ឃើញ​មាន​នៅ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​កម្ពុជា។ ឈ្មោះ​របស់​ក្រុមហ៊ុន​នេះ គ្រប​ដណ្ដប់​ស្ទើរ​គ្រប់​ច្រកល្ហក​នៃ​ទីផ្សារ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ រាប់​ចាប់តាំង​ពី​អគារ​ពាណិជ្ជកម្ម សប់ភីង ម៉ល (Shopping Malls) ផ្សារ​ទំនើប ធនាគារ កាស៊ីណូ អាផាតធឺមិន (Apartments) រោងកុន អគារ​ការិយាល័យ យន្តហោះ​ឯកជន នាវា​កម្សាន្ត ផលិតកម្ម​ខ្សែភាពយន្ត សណ្ឋាគារ ក្រុមហ៊ុន​ផ្តល់​ទុន​ផ្សង​រកស៊ី​សម្រាប់​អាជីវកម្ម​ដំបូង (Venture Capital Firms) រហូតដល់ សេវាកម្ម​ដឹកជញ្ជូន ភោជនីយដ្ឋាន និង​វិស័យ​ជាច្រើន​ទៀត។

វិសាលភាព​នៃ​អាជីវកម្ម​របស់​សម្ព័ន្ធ​ក្រុមហ៊ុន​នេះ ក៏​ត្រូវ​​បាន​ពង្រីក​ឆ្ងាយ​ហួស​ពី​ដែនដី​នៃ​ប្រទេស​កម្ពុជា​ដែរ។ ថ្នាក់​ដឹកនាំ​របស់​សម្ព័ន្ធ​ក្រុមហ៊ុន​នេះ មាន​ផលប្រយោជន៍​ផ្នែក​គ្រប់គ្រង​អាជីវកម្ម​ក្នុង​ក្រុមហ៊ុន​យ៉ាង​ហោច​ណាស់​ចំនួន​៣ ដែល​បាន​ចុះបញ្ជី​នៅ​លើ​​ទីផ្សារ​ភាគហ៊ុន​ក្រុង​ហុងកុង (Hong Kong Stock Exchange)។ ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប លោក ចេន ហ្ស៊ី (Chen Zhi) ជា​ជនជាតិ​ចិន​អាយុ​៣៦ឆ្នាំ​ ដែល​ជា​បុគ្គល​ដ៏​អាថ៌កំបាំង​ម្នាក់ ​បានឡើង​តួនាទី​ខ្ពស់​ជា​​បន្តបន្ទាប់​​រហូត​ក្លាយ​ជា​ទីប្រឹក្សា​ជាន់ខ្ពស់​ម្នាក់​របស់​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន និង​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា។ លោក​គឺ​ជា​ម្ចាស់​កម្មសិទ្ធិ​មួយ​ភាគ​បួន​នៃ​ក្រុមហ៊ុន​លក់​ស៊ីហ្គារ (Cigar) លំដាប់​ជាតិ​របស់​ប្រទេស​​គុយបា (Cuba) ដែល​មាន​តម្លៃ ២,៨ ពាន់​លាន​ដុល្លារ និង​ជា​ម្ចាស់​អគារ​ការិយាល័យ​តម្លៃ ១១៤​លាន​ដុល្លារ ស្ថិត​ក្នុង​ម្តុំ​អ្នក​មាន​បំផុត​មួយ​នៅ​ទីក្រុង​ឡុងដ៍ (London) នៃ​ចក្រភព​អង់គ្លេស។

ជារួម វិទ្យុ​អាស៊ីសេរី​បាន​រក​ឃើញ​ទ្រព្យសម្បត្តិ​តម្លៃ​ជាង ១,៥ពាន់​លាន​ដុល្លារ និង​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​ចំនួន៣១ ដែល​អ្នក​គ្រប់គ្រង​ជាន់ខ្ពស់​របស់​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប មាន​ភាគហ៊ុន​នៅ​ក្នុង​ប្រទេស​ទាំងនោះ។

ទោះបី​ជា​យ៉ាងណា សម្ព័ន្ធ​ក្រុមហ៊ុន​នេះ មិនដែល​បញ្ចេញ​ឱ្យ​ដឹង​នូវ​ព័ត៌មាន​ទាំងស្រុង​នៃ​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ទាំងនេះ​ឡើយ។ សម្ព័ន្ធ​ក្រុមហ៊ុន​នេះ អះអាង​ថា កំណើន​រាប់ពាន់​លាន​ដុល្លារ​នៃ​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​ក្នុង​រយៈពេល​៨ឆ្នាំ​ចុងក្រោយ​នេះ គឺ​ដោយសារតែ​ការអនុវត្ត​អាជីវកម្ម​ប្រកប​ដោយ​សុភនិច្ឆ័យ ហើយ​រហូត​មក​ទល់​ពេល​ថ្មីៗ​នេះ គឺ​ដោយសារ​តែ​ការរីក​ចម្រើន​​ឥត​ឈប់ឈរ​យ៉ាង​ឆាប់រហ័ស​នៃ​ទីផ្សារ​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ក៏ប៉ុន្តែ ការស៊ើបអង្កេត​មួយ​របស់​វិទ្យុ​អាស៊ីសេរី​ដែល​រួមមានការពិនិត្យ​មើល​លើ​​កំណត់ត្រា​របស់​តុលាការ ឯកសារ​ធនាគារ បង្កាន់ដៃ​ទូទាត់ប្រាក់ និង​បទសម្ភាសន៍​ជាមួយ​អ្នកធ្លាប់​បម្រើ​ការងារ​​ក្នុង​នៅ​ក្រុមហ៊ុន​នេះ ប្រាប់​ឱ្យ​ដឹង​ពី​រឿងរ៉ាវផ្សេង​​ពី​នេះ​។

ក្នុង​អត្ថបទ​ទី១​នៃ​សេចក្ដីរាយការណ៍​ជា​ភាគ​របស់​យើង វិទ្យុ​អាស៊ីសេរី ពិនិត្យ​មើល​ការ​កើន​ឡើង​យ៉ាង​ឆាប់រហ័ស​នៃ​ចំណង​ទំនាក់ទំនង ឬ​ខ្សែ​បណ្តាញ​នយោបាយ និង​ឧក្រិដ្ឋភាព​ដែលសម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប ​រង​ការចោទប្រកាន់​។

នៅក្នុង​អត្ថបទ​ទី២​នៃ​សេចក្ដីរាយការណ៍​ស៊ើបអង្កេត​នេះ យើង​នឹង​ពិនិត្យមើល​ថា​តើ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប បាន​បង្វិល​លុយ​រាប់​លាន​ដុល្លារ​យ៉ាង​លាក់លៀម​នៅ​ជុំវិញ​ពិភពលោក​តាម​របៀប​មួយ​ដែល​ក្រុម​អ្នក​ជំនាញ​និយាយ​ថា​ បាន​ធ្វើឡើង​ក្នុង​​ទម្រង់​ជាច្រើន​នៃ​ការ​លាង​លុយ​កខ្វក់ បាន​ដោយ​របៀបណា។

ការស៊ើប​អង្កេត​របស់​វិទ្យុ​អាស៊ីសេរី បាន​លាតត្រដាង​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​មួយ​ដែល​គ្រប់គ្រង​ដោយ​លោក ចេន ហ្ស៊ី គឺ​ក្រុមហ៊ុន Amiga Entertainment ចុះបញ្ជី​នៅ​លើ​កោះ Isle of Man ដែល​ស្ថិតនៅ​ចន្លោះ​ចក្រភព​អង់គ្លេស (U.K.) និង​ប្រទេស​អៀរឡង់ (Ireland) មែនទែន​ទៅ គឺជា​ក្រុមហ៊ុន​សំបក​មួយ ដែល​ប្រើប្រាស់​យុទ្ធវិធី​នៃ​ការលាងលុយ​កខ្វក់​ដែលជាប់​សង្ស័យ​ទាំងនេះ។

ការស៊ើបអង្កេត​របស់​វិទ្យុ​អាស៊ីសេរី​នេះ រក​ឃើញ​ភស្តុតាង​ដូចគ្នា​មិន​ខុស​ពី​ការចោទប្រកាន់​នានា​ដែល​ធ្វើឡើង​ដោយ​រដ្ឋអាជ្ញា​ចិន ដែល​ថា ទឹកប្រាក់​ភាគច្រើន​ដែល​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប បាន​ប្រើ​ដើម្បី​កសាង​អាណាចក្រ​ពាណិជ្ជកម្ម​របស់​ខ្លួន គឺ​បាន​មក​តាមរយៈ​អំពើ​ឆបោក រួម​ទាំង​លុយ​រាប់​រយ​លាន​ដុល្លារ​ដែល​ត្រូវបាន​គេ​បង្វិល​ចេញ​ពី​បនល្បែង​ស៊ីសង​ខុសច្បាប់ និង​បណ្ដាញ​លាង​លុយ​កខ្វក់​ដ៏​ទូលំទូលាយ​ផងដែរ។

វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​លោក ចេន ហ្ស៊ី ច្រើន​លើក​ច្រើន​សា តែ​ពុំ​ទទួល​បាន​ជោគជ័យ។ ក៏ប៉ុន្តែ សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប បដិសេធ​រាល់​ការចោទប្រកាន់​នានា​​មកលើ​ក្រុមហ៊ុន និង​ប្រធាន​របស់​ខ្លួន។ អ្នកនាំពាក្យ​ម្នាក់​របស់​សម្ព័ន្ធ​ក្រុមហ៊ុន​នេះ ក៏​បាន​ឆ្លើយតប​ទៅ​នឹង​ការចោទប្រកាន់​នានា​ពាក់ព័ន្ធនឹង​អំពើ​ខុសច្បាប់​ដែល​​តុលាការ​​ចិន​បាន​អះអាង។ អ្នកនាំពាក្យ​រូប​នោះ អះអាង​ថា សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប គឺជា​ជនរងគ្រោះ​នៃ​ការ​លួច​អត្តសញ្ញាណ និង​ថា ក្រុម​ឧក្រិដ្ឋជន​បាន​ប្រើប្រាស់​អត្តសញ្ញាណ​សាជីវកម្ម​របស់​ខ្លួន​ដើម្បី​ប្រតិបត្តិការ​សកម្មភាព​មិន​ស្រប​ច្បាប់​នានា។

1 cigar.jpg
មហាសេដ្ឋី លោក ចេន ហ្ស៊ី (រូប​ឆ្វេង​គេ​បង្អស់) ឈរ​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន (រូប​ទី​៣​ពី​ឆ្វេង) និង​ប្រធាន​រដ្ឋសភា​ជាតិ​នៃ​ប្រទេស​គុយបា (Cuba) លោក អេស្តេបាន ឡាហ្សូ អ៊ែរណង់ដេស៍ (Esteban Lazo Hernández) (រូបទី៤​ពី​ឆ្វេង) កាលពី​ថ្ងៃទី២៤ ខែ​កញ្ញា ឆ្នាំ២០២២។ លោក ចេន ហ្ស៊ី បច្ចុប្បន្ន គឺ​ជា​ម្ចាស់​កម្មសិទ្ធិ​មួយ​ភាគ​បួន​នៃ​ក្រុមហ៊ុន​លក់​ស៊ីហ្គារ (Cigar) របស់​គុយបា។ (រូប៖ រដ្ឋសភា​ជាតិ​គុយបា)

ឪពុកមា​​សម្បូរ​ទ្រព្យ​ម្នាក់

នៅ​ខែធ្នូ ឆ្នាំ២០១៨ ក្រុមហ៊ុន​មួយ​ជា​កម្មសិទ្ធិ​របស់​ស្ថាបនិក​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប លោក ចេន ហ្ស៊ី ឈ្មោះ Amiga Entertainment បាន​ដាក់​ពាក្យ​បើក​កុង​ធនាគារ​នៅ​ធនាគារ​មួយ​ឈ្មោះ Cayman National Bank នៅ​លើ​កោះ Isle of Man។ ធនាគារ​នេះ បាន​បដិសេធ​ពាក្យ​សុំ​បើក​កុង​ធនាគារ​របស់​សម្ព័ន្ធ​ក្រុមហ៊ុន​នេះ បើទោះបី​ជា​ គិត​ត្រឹម​ពេល​នោះ សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប បាន​ដើរ​តួនាទី​ដ៏​សំខាន់​មួយ​នៅ​លើ​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​យ៉ាងណា​ក្តី។ ១១ខែ​ក្រោយមក ឯកសារ​បែក​ធ្លាយ​មួយ​ដែល​បាន​មក​ពី​ការ​លួច​ចូល​យក​ទិន្នន័យ​របស់​ធនាគារ​នេះ​ ផ្តល់​នូវ​តម្រុយ​ឱ្យ​ដឹង​ពី​មូលហេតុ​នៃ​ការ​បដិសេធ​នេះ។

ការលាងលុយ​កខ្វក់ គឺ​ជា​វីធី​ប្រែក្លាយ​លុយ​ដែល​បាន​មក​តាមរយៈ​មធ្យោបាយ​ខុសច្បាប់​នានា​ឱ្យ​​មើល​ទៅ​ហាក់​ដូចជា​ស្របច្បាប់​វិញ។ ជាទូទៅ​ដំណើរការ​លាងលុយ​កខ្វក់​នេះ ពាក់ព័ន្ធ​នឹងការ​បង្វិល​លុយ​ចុះឡើង​ៗ​តាមរយៈ​សេរី​នៃ​ប្រតិបត្តិការ​សាច់ប្រាក់​បែប​ប្រឌិត ដែល​ជា​ញឹកញាប់​​​ឆ្លងកាត់​តាម​យុត្តាធិការ​ជាច្រើន ដើម្បី​បំភ័ន្ត​ថា លុយ​ទាំងនោះ​គឺ​ជា​ផលិតផល​បាន​មក​ពី​សកម្មភាព​អាជីវកម្ម​ស្របច្បាប់។

សារអេឡិចត្រូនិក (អ៊ីមែល) ទិន្នន័យ​ប្រតិបត្តិការ​សាច់ប្រាក់ និង​ឯកសារ​ដទៃ​ទៀត ដែល​មាន​នៅ​ក្នុង​ឯកសារ​បែក​ធ្លាយ​នោះ ហើយ​ដែល​​ត្រូវ​បាន​ចែក​រំលែក​ដោយ​អង្គការ​មិន​រក​ប្រាក់​ចំណេញ ធ្វើការ​ដើម្បី​ទម្លាយ​ព័ត៌មាន​សម្ងាត់​ ឈ្មោះ Distributed Denial of Secrets បង្ហាញ​ឱ្យ​ឃើញ​ពី​បរាជ័យ​នៃ​ការប៉ុនប៉ង​​របស់​ក្រុមហ៊ុន Amiga Entertainment ក្នុងការ​បើក​កុង​ធនាគារ​មួយ​នៅ​ធនាគារ Cayman National Bank។ ឯកសារ​បែក​ធ្លាយ​នោះ បង្ហាញ​ថា សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប ពុំ​មាន​បំណង​លាតត្រដាង​ឱ្យ​ដឹង​ពី​ប្រភព​​លុយ​របស់​ខ្លួន​​ទេ សូម្បី​តែ​នៅ​ពេល​ដាក់ពាក្យ​​បើក​កុង​ធនាគារ​ក៏ដោយ។

នៅពេល​ណា​ដែល​បុគ្គល​ម្នាក់ ឬ​អាជីវកម្ម​មួយ ដាក់​ពាក្យ​សុំ​បើក​​កុង ឬគណនី​ធនាគារ ឬ​ធ្វើ​ប្រតិបត្តិការ​ទូទាត់​សាច់ប្រាក់​ក្នុង​ទ្រង់ទ្រាយ​ធំ​មួយ មន្ត្រី​ធនាគារ​ត្រូវ​សួរនាំ​ថាតើ​លុយ​ទាំង​នោះ​បាន​មកពី​ប្រភព​ណា និង​ត្រូវ​ផ្ទៀងផ្ទាត់​អំណះអំណាង​ទាំងនោះ​ឱ្យ​បាន​ប្រសើរ​បំផុត​តាមដែល​ពួកគេ​អាច​ធ្វើ​ទៅ​បាន។ ដំណើរការ​នេះ ធ្វើឡើង​ដើម្បី​បង្ការ​កុំ​ឱ្យ​ឧក្រិដ្ឋជន​មាន​លទ្ធភាព​ចូល​ទៅ​ប្រើប្រាស់​ប្រព័ន្ធ​ហិរញ្ញវត្ថុ និង​ចាយវាយ​លុយ​ដែល​ពួក​គេ​បាន​មក​តាម​វិធី​ទុច្ចរិត​នានា។ ក្នុង​សំណុំរឿង​របស់​ក្រុមហ៊ុន Amiga Entertainment ការពិនិត្យ​ពិច័យ​រក​ភាព​មិន​ប្រក្រតី​នានា (Due Diligence) ដែល​ធ្វើឡើង​ដោយ​ធនាគារ Cayman National Bank បង្ហាញ​ឱ្យ​ឃើញ​ពី​របៀប​​ដែល​សម្ព័ន្ធ​ក្រុមហ៊ុន​ខ្នាត​យក្ស​មួយ​នេះ មាន​ចេតនា​តិចតួច​បំផុត​ក្នុងការ​ចែក​រំលែក​ព័ត៌មាន​អំពី​ប្រភព​ដើម​នៃ​មូលនិធិ​របស់​ខ្លួន។

នៅ​អំឡុង​ពេល​ដាក់ពាក្យ​សុំ​បើក​កុង​ធនាគារ​នេះ ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន Amiga គឺជា​ប្រតិបត្តិករ​កាស៊ីណូ​អនឡាញ​មួយ​នៅ​លើ​កោះ Isle of Man មាន​ឈ្មោះ​ថា​ក្រុមហ៊ុន Ableton Prestige Global Limited។ សារអេឡិចត្រូនិក​មួយ​ផ្ញើ​ទៅ​កាន់​ធនាគារ Cayman National Bank ដោយ​នាយក​ក្រុមហ៊ុន Ableton គឺ​លោក ចន ខរធីន (John Corteen) ក្នុង​ចំណោម​ឯកសារ​បែក​ធ្លាយ លាតត្រដាង​ថា ម្ចាស់​ក្រុមហ៊ុន Ableton គឺជា​ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប រួមមាន លោក ចេន ហ្ស៊ី និង​ប្រពន្ធ​របស់​លោក គឺ​អ្នកស្រី លី ឆាយយ៉ីន (Li Caiyun)។ លោក ចន ខរធីន បាន​បញ្ចូល​តំណ​ភ្ជាប់​នៃ​ការផ្សាយ​ពាណិជ្ជកម្ម​មួយ​របស់​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប នៅក្នុង​កាសែត ភ្នំពេញ ប៉ុស្តិ៍ (Phnom Penh Post) ទៅក្នុង​ឯកសារ​នោះ ដើម្បី​ផ្តល់«ព័ត៌មាន​លម្អិត​ខ្លះ​ៗ​អំពី​អាជីវកម្ម​នានា​របស់​លោក ចេន ហ្ស៊ី»

ធនាគារ Cayman National Bank បាន​ឆ្លើយតប​វិញ​ដោយ​ស្នើសុំ​ព័ត៌មាន​បន្ថែម​អំពី​ប្រភព​ដើម​នៃ​ទ្រព្យសម្បត្តិ​របស់​លោក ចេន ហ្ស៊ី។

ឯកសារ​កំណត់ត្រា​ផ្ទៃក្នុង​របស់​ធនាគារ Cayman National Bank ដែល​សង្ខេប​ចម្លើយ​របស់​តំណាង​​លោក ចេន ហ្ស៊ី ចុះ​កាលបរិច្ឆេទ​ខែកក្កដា ឆ្នាំ២០១៩ បាន​សរសេរ​ថា «ទាក់ទង​ទៅនឹង​ប្រភព​ទ្រព្យ​សម្បត្តិ​របស់​លោក ចេន ហ្ស៊ី ដំបូង​ឡើយ លោក ចេន ហ្ស៊ី បាន​ទទួល​​កម្ចី​ផ្ទាល់​ខ្លួន​មួយ​ចំនួន ២លាន​ដុល្លារ ពី​ឪពុក​មា​របស់​លោក ដើម្បី​​បើក​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​ឈ្មោះ ខេមបូឌាន ហេង ស៊ីន រៀល អ៊ីស្ទេត អ៊ិនវេសមិន (Cambodian Heng Xin Real Estate Investment Co., Ltd.) ក្នុង​អំឡុង​ពេល​មួយ​ក្នុង​ឆ្នាំ២០១១»

យោង​តាម​អ្នកជំនាញ​ផ្នែក​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ លោក ក្រាម បាររ៉ូ (Graham Barrow) ដែល​បាន​ចំណាយ​ពេល ២៥ឆ្នាំ បម្រើ​ការងារ​ឱ្យ​ធនាគារ និង​ឧស្សាហកម្ម​សេវាកម្ម​ហិរញ្ញវត្ថុ​ធំៗ​ជាច្រើន ការពន្យល់​របស់​លោក ចេន ហ្ស៊ី អំពី​ប្រភព​ដើម​នៃ​ទ្រព្យសម្បត្តិ​របស់​លោក​បែប​នេះ មិន​អាច​ទទួល​យក​បាន​ឡើយ​ចំពោះ​ធនាគារ​ភាគច្រើន។

លោក ក្រាម បាររ៉ូ បាន​និយាយ​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា៖ «ការណ៍​ដែល​អះអាង​ថា​ឪពុក​មា​ម្នាក់​បាន​ឱ្យ​អ្នកខ្ចី​លុយ​២លាន​ដុល្លារ គឺជា​អំណះអំណាង​បែប​ទូលំទូលាយ​មួយ​ដែល​មិន​សមស្រប​ទាល់តែ​សោះ​ដើម្បី​ឱ្យ​ស្ថាប័ន​ហិរញ្ញវត្ថុ​ណាមួយ​​ទទួល​យក​ហេតុផល​របស់​ខ្លួន ដោយសារតែ​ពួកគេ​ត្រូវការ​យល់ដឹង​អំពី​ប្រភព​ទាំងមូល​នៃ​លុយ​ទាំងនោះ ពោលគឺ​មិនមែន​ជា​ប្រភព​អន្តរកាល​ឡើយ»។ លោក ក្រាម បាររ៉ូ បន្ត​ថា៖ «ការណ៍​នេះ​នាំ​ឱ្យ​មាន​ចំណាប់អារម្មណ៍​ថា ពួកគេ​មិន​ចង់​ឱ្យ​អ្នកណាម្នាក់​ដឹង​ពី​ប្រភព​នៃ​ទ្រព្យសម្បត្តិ​របស់​ពួកគេ​កាន់តែ​ស៊ីជម្រៅ​ឡើយ»

ប្រមាណ​ជាង​២ខែ​ក្រោយ​ឯកសារ​លើ​សំណុំ​រឿង​របស់​លោក ចេន ហ្ស៊ី ត្រូវបាន​គេ​កត់ត្រា​ទុក មន្ត្រី​ត្រួត​ពិនិត្យ​ផ្នែក​អនុលោមភាព​នៅ​ធនាគារ Cayman National Bank បាន​ស្នើសុំ​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត តាមរយៈ​សារអេឡិចត្រូនិក​មួយ​ចុះ​ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩។ មន្ត្រី​ធនាគារ​រូប​នោះ​ចង់​ដឹង​ពី​​ឈ្មោះ​ឪពុក​មា​របស់​លោក ចេន ហ្ស៊ី ដែល​បាន​ផ្តល់​កម្ចី​ឱ្យ​លោក ចេន ហ្ស៊ី នូវ​ទឹកប្រាក់​ចំនួន ២លានដុល្លារ កាល​ពី​ឆ្នាំ២០១១ និង​ថា​តើ​ឪពុក​មា​រូប​នោះ​បាន​​លុយ​ទាំងនេះ​មក​ពី​ណា។

យោង​តាម​លោក អូលីវើរ ប៊ូលឡូហ្វ (Oliver Bullough) អ្នកនិពន្ធ​សៀវភៅ​មាន​ចំណងជើង​ថា «ដែនដី​ប្រាក់៖ ហេតុអ្វី​បាន​ជា​ក្រុម​ចោរ និង​ក្រុម​មនុស្ស​ទុច្ចរិត​ គ្រប់គ្រង​ពិភពលោកបច្ចុប្បន្ន​នេះ ហើយ​តើ​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​ដណ្ដើម​យក​ពិភពលោក​មក​វិញ» (Moneyland: Why Thieves and Crooks Now Rule the World and How To Take It Back) និយាយ​ថា លោក ចេន ហ្ស៊ី និង​តំណាង​​របស់​លោក មិនដែល​បាន​ឆ្លើយតប​ចំពោះ​សំណួរ​ទាំងនេះ​ឡើយ ដែល​នេះ​គឺ​ជា​ភាព​មិន​ប្រក្រតី​មួយ​ទៀត។

លោក អូលីវើរ ប៊ូលឡូហ្វ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា៖ «ប្រសិន​បើ​នរណា​ម្នាក់​សួរនាំ​អ្នក​ឱ្យ​ពន្យល់​អំពី​ទ្រព្យសម្បត្តិ​របស់​អ្នក តែ​អ្នក​មិន​ឆ្លើយ​ ហើយ​អ្នក​បែរជា​ដើរ​ចេញ​ទៅ​បាត់ ទង្វើ​ដូច្នេះ​មិនមែន​ជា​សញ្ញា​ល្អ​មួយ​ឡើយ ពីព្រោះ​ថា​វា​មិន​ពិបាក​ដល់​ថ្នាក់​ហ្នឹង​ទេ​ក្នុង​ការ​ពន្យល់​នោះ»

លោក ចន ខរធីន និង​លោក ចេន ហ្ស៊ី មិន​បាន​ឆ្លើយតប​ទៅ​នឹង​សំណើ​សុំ​អត្ថាធិប្បាយ​ជាច្រើន​លើក​ច្រើន​សា​លើ​បញ្ហា​នានា​ដែល​ត្រូវ​បាន​លើកឡើង​ក្នុង​រឿង​នេះ​ឡើយ។ សារអេឡិចត្រូនិក​ជាច្រើន​ដង​ដែល​បាន​ផ្ញើ​ទៅ​កាន់​អាសយដ្ឋាន​ដាក់​នៅលើ​វែបសាយ​របស់​ក្រុមហ៊ុន Amiga ត្រូវបាន​បញ្ជូន​ត្រលប់​មក​វិញ ជាមួយ​នឹង​សារ error ដែល​ការណ៍​នេះ​បញ្ជាក់​ថា សារ​នោះ​ត្រូវ​បាន​បិទ​ខ្ទប់ ឬ​ប្លុក ខណៈ​សារអេឡិចត្រូនិក​នានា​ផ្ញើ​ទៅ​កាន់​ក្រុមហ៊ុន Ableton ក៏​មិន​ទទួល​បាន​ការ​ឆ្លើយតប​វិញ​នោះ​ដែរ។

2 amiga.jpg
ក្រុមហ៊ុន Amiga Entertainment ជា​ក្រុមហ៊ុន​អនឡាញ​របស់​លោក ចេន ហ្ស៊ី ដែល​បង្កើត​កម្មវិធី​លេង​ល្បែង​ស៊ីសង​អនឡាញ មាន​មុខងារ​ដូច​ទៅ​នឹង​ម៉ាស៊ីន​ល្បែង​ស៊ីសង (Slot Machines)។ (រូប៖ វែបសាយ​ក្រុមហ៊ុន Amiga Entertainment)

វិធីសាស្ត្រ​មិន​សួរ​មិន​ប្រាប់

ប្រសិនបើ​មូលនិធិ​ដ៏​អាថ៌កំបាំង​នេះ នាំឱ្យ​មាន​សញ្ញា​ព្រមាន​ពី​ភាព​មិន​ប្រក្រតី​ជាច្រើន នោះ​រចនាសម្ព័ន្ធ​កម្មសិទ្ធិ​នៃ​ក្រុមហ៊ុន Amiga ក៏​អាច​នឹង​ក្លាយ​ជា​មុខ​សញ្ញា​ដ៏​សង្ស័យ​បំផុត​ចំពោះ​រឿងរ៉ាវ​​នៃ​ភាព​មិន​ប្រក្រតី​ដទៃ​ទៀត​ដែរ។

នៅ​ពេល​បង្កើត​សាជីវកម្ម​ក្នុង​ខែតុលា ឆ្នាំ២០១៨ ក្រុមហ៊ុន​មេ​ចុងក្រោយ​របស់​ក្រុមហ៊ុន Amiga Entertainment គឺជា​ក្រុមហ៊ុន​ឈ្មោះ Infinite Deemarco Pte Ltd ចុះ​បញ្ជី​នៅ​ប្រទេស​សិង្ហបុរី។ បុគ្គល​ដែល​ចុះឈ្មោះ​ក្នុង​ទិន្នន័យ​ក្រុមហ៊ុន​នៅ​សិង្ហបុរី​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Infinite Deemarco នៅ​ពេល​នោះ គឺ​ជា​មេធាវី​ជនជាតិ​អាមេរិកាំង​ដើមកំណើត​ហ្វីលីពីន​មួយ​រូប ឈ្មោះ ហេនរី យេហ៍ (Henry Yeh)។ បុគ្គល​រូប​នេះ​បាន​និយាយ​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​មិន​ដឹង​ថាតើ​ហិរញ្ញប្បទាន​របស់​ក្រុមហ៊ុន​នោះ​មាន​ប្រភព​ចេញ​មកពី​ណា​នោះទេ។

លោក ហេនរី យេហ៍ បាន​និយាយ​ថា៖ «គេ​ប្រាប់​ខ្ញុំ​ថា លុយ​នោះ​ចេញ​មកពី​ប្រទេស​ចិន ដោយសារតែ​[ថ្នាក់ដឹកនាំ]​របស់​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប សុទ្ធតែ​មាន​ប្រភព​ចេញ​មក​ពី​ប្រទេស​ចិន»។ លោក​បន្ត​ថា៖ «ពួកគេ​មាន​សិទ្ធិ​គ្រប់​បែប​យ៉ាង ​មិន​ប្រាប់​ខ្ញុំ ឬ​ក៏​ភូត​កុហក​ខ្ញុំ​ ដោយសារតែ​ខ្ញុំ​គ្រាន់តែ​ជា​បុគ្គលិក​ម្នាក់​ប៉ុណ្ណោះ»

ដោយ​​ទទួលស្គាល់​ថា​លោក​គឺជា​ម្ចាស់​កម្មសិទ្ធិ​ដែល​មាន​ឈ្មោះ​តែ​នៅ​លើ​ក្រដាស​ប៉ុណ្ណោះ លោក ហេនរី យេហ៍ បាន​ផ្ដល់​ជា​តម្រុយ​ឱ្យ​ដឹង​ពី​របៀប​ដែល​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប ជារឿយៗ គ្រប់គ្រង​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន តាម​របៀប​ជា​សេរី​នៃ​សាជីវកម្ម​ដែល​មានតែ​សំបក​​ជាច្រើន ដើម្បី​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ពួកគេ​ជាមួយ​នឹង​ក្រុមហ៊ុន​​ទាំងនេះ មើល​ទៅ​គ្មាន​នរណា​ដឹង​ថា​មាន​ប្រភព​ចេញ​មក​ពី​ម្ចាស់ភាគហ៊ុន​ និង​អភិបាល​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន​របស់​ពួកគេ​ឡើយ។ របាយការណ៍​ឆ្នាំ​២០២២ របស់​ធនាគារ​ពិភពលោក (World Bank) បាន​ព្រមាន​ថា រចនាសម្ព័ន្ធ​យ៉ាង​ដូច្នេះ គឺជា​ឱកាស​នាំ​ឱ្យ​មាន​ការរំលោភ​ច្បាប់។

វិធីសាស្ត្រ «មិន​សួរ​មិន​ប្រាប់» ដើម្បី​ចាត់ចែង​លុយ​រាប់ពាន់​លាន​ដុល្លារ​គឺ​ជា​រឿងរ៉ាវ​ដែល​អ្នកនាង ឃីមប៊ឺលី ឃេយ ហ័ង (Kimberly Kay Hoang) ជា​សាស្ត្រាចារ្យ​ផ្នែក​សង្គមវិទ្យា​នៃ​សាកលវិទ្យាល័យ ឆីកាហ្គោ (University of Chicago) ដែល​បាន​ចំណាយ​ពេល​១៨ខែ ឃ្លាំមើល​ការវិនិយោគ​​បែប​វិជ្ជាជីវៈ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ ដើម្បី​និពន្ធ​សៀវភៅ​​មួយ​ដែល​មាន​ចំណងជើង​ថា «សំណាញ់​ពីងពាង​នៃ​មូលធននិយម» (Spiderweb Capitalism) ធ្លាប់​ដឹងឮ។ សៀវភៅ​នេះ លាតត្រដាង​ឱ្យ​ឃើញ​ពី​មធ្យោបាយ​ដែល​អាជីវកម្ម​ខ្នាត​ធំ​នៅ​ក្នុង​តំបន់​នេះ អនុញ្ញាត​ឱ្យ​បុគ្គល​មាន​ខ្សែ​បណ្តាញ​នយោបាយ ច្របាច់​បញ្ចូល​គ្នា​នូវ​ទ្រព្យសម្បត្តិ​មិន​ស្របច្បាប់​របស់​ពួកគេ​ជាមួយ​នឹង​សហគ្រាស​អាជីវកម្ម​ស្របច្បាប់​នានា។

អ្នកនាង ឃីមប៊ឺលី ឃេយ ហ័ង បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ប្រធាន​អគ្គនាយក ដូចជា លោក ហេនរី យេហ៍ ខ្លួនឯង គិត «ដោយ​បាន​សន្មត​ពី​រាល់​ហានិភ័យ​ផ្នែក​ឧក្រិដ្ឋកម្ម និង​ហានិភ័យ​ផ្នែក​កេរ្តិ៍ឈ្មោះ​ទាំងអស់ ថា​នឹង​ទទួល​បាន​មកវិញ​នូវ​តម្លៃ​តបស្នង​យ៉ាង​ខ្ពស់​តាមរយៈ​ការធ្វើ​ដូច្នេះ»។ នោះ​គឺ​ជា​ថ្នូរនៅពេល​ពួកគេ «ជា​ទូទៅ​មិន​សួរ​នាំ​សំណួរ​នានា​ទាក់ទង​នឹង​ប្រភព​ដើម និង​ប្រភព​នៃ​មូលនិធិ​ទាំងនេះ​ទេ»។ លោក ហេនរី យេហ៍ មិន​ត្រូវ​បាន​ចោទប្រកាន់​ពី​ការប្រព្រឹត្ត​ខុស​ឡើយ។

យោង​តាម​ទិន្នន័យ​សាជីវកម្ម​នៅ​កម្ពុជា និង​សិង្ហបុរី ដែល​វិទ្យុ​អាស៊ីសេរី​បាន​ពិនិត្យ​មើល ១៨ខែ​ក្រោយ​ពេល​​លោក​បាន​បង្កើត​ក្រុមហ៊ុន​នោះ លោក ហេនរី យេហ៍ បាន​ផ្ទេរ​ភាគហ៊ុន​របស់​លោក​ទៅ​ឱ្យ​បុគ្គល​ម្នាក់​​ដែល​កាន់កាប់​តួនាទី​ជា​អភិបាល​នៅ​ក្នុង​​ក្រុមហ៊ុន​ចំនួន​៣​របស់​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប នៅ​កម្ពុជា។

អ្នកស៊ើប​អង្កេត​ជាន់ខ្ពស់​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ ប្រចាំ​ចក្រភព​អង់គ្លេស (Transparency International U.K) លោក ប៊េន ខោវដុក (Ben Cowdock) ក៏​ជឿជាក់​ដែរ​ថា ការ​ពណ៌នា​របស់​លោក ហេនរី យេហ៍ អំពី​ការ​រៀបចំ​ចាត់ចែង​នៅ​ក្នុង​ក្រុមហ៊ុន Infinite Deemarco គឺជា​មូលហេតុ​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ។

ដោយ​បាន​ពន្យល់​សង្ខេប​អំពី​រចនាសម្ព័ន្ធ​នៃ​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Infinite Deemarco លោក ប៊េន ខោវដុក បាន​ប្រាប់​វិទ្យុអាស៊ីសេរី​ថា៖ «ប្រសិន​បើ​អ្នកមាន​ប្រធាន​អគ្គនាយក និង​ម្ចាស់​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​មួយ ដែល​មិន​ដឹង​ថា​អាជីវកម្ម​របស់​ខ្លួន​រក​លុយ​បាន​មក​ពី​ណា​នោះ អាច​ថា​ពួកគេ​ទាំងនោះ​ធ្វេសប្រហែស​ខ្លាំង ឬ​ក៏ថា​ពួកគេ​កំពុង​ដើរ​តួនាទី​ជំនួស​មុខ​ឱ្យ​មនុស្ស​ណា​ម្នាក់​ផ្សេងទៀត»។ លោក​បន្ត​ថា៖ «អ្នក​ទាំងឡាយ​ណា​ដែល​ដាក់​ឈ្មោះ​របស់​ពួកគេ​នៅ​លើ​ឯកសារ​លិខិតស្នាម​ផ្លូវការ​ជំនួស​ឱ្យ​ភាគី​ទីបី​ណា​មួយ ការ​ធ្វើ​ដូច្នេះ​គឺជា​វិធីសាស្ត្រ​មួយ​ដែល​គេ​ដឹងឮ​យ៉ាង​ទូលំទូលាយ​គឺ​ដើម្បី​​បញ្ចៀស​កុំ​ឱ្យ​មាន​ការ​ពិនិត្យពិច័យ​ជ្រុល​ហួសហេតុ​ពី​អាជ្ញាធរ»

3 cayman bank.jpg
ធនាគារ Cayman National Bank នៅ​កោះ Isle of Man បាន​បដិសេធ​ពាក្យ​ស្នើសុំ​បើក​កុង​ធនាគារ​មួយ​របស់​ក្រុមហ៊ុន Amiga Entertainment ក្រោយ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប មិន​បាន​ប្រកាស​ប្រភព​លុយ​របស់​ខ្លួន។ (រូប៖ Google Street View)

ម៉ាស៊ីន​​ល្បែង​ស៊ីសង (Slot Machines) និង​ម៉ាស៊ីន​លាង​លុយ​កខ្វក់

នៅ​ឆ្នាំ២០២០ ក្រុង​ប៉េកាំង​បាន​បង្កើត​ក្រុមការងារ​ប៉ូលិស​ពិសេស​មួយ​ដើម្បី​ស៊ើបអង្កេត​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប។ សំណុំ​រឿង​ជា​បន្តបន្ទាប់​របស់​តុលាការ​នៃ​ប្រទេស​ចិន​ប្រឆាំង​នឹង​បុគ្គលិក​ថ្នាក់ក្រោម​របស់​សម្ព័ន្ធ​ក្រុមហ៊ុន​នេះ បាន​កំណត់​ថា យ៉ាងហោចណាស់​ទឹកប្រាក់​ចំនួន ៥ពាន់​លាន​យ័ន (៧០០​លានដុល្លារ) នៃ​មូលនិធិ​របស់​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប បាន​មកពី​បនល្បែង​ខុសច្បាប់។

ការស៊ើបអង្កេត​របស់​វិទ្យុអាស៊ីសេរី​​លើ​ក្រុមហ៊ុន Amiga Entertainment ផ្តល់​នូវ​ព័ត៌មាន​បន្ថែម​អំពី​របៀប​ដែល​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប បាន​ព្យាយាម​លាក់បាំង​ប្រភព​លុយ​​របស់​ខ្លួន។

គឺ​នៅ​ក្នុង​អាណត្តិ​ដ៏​ខ្លី​របស់​លោក ហេនរី យេហ៍ ក្នុងនាម​ជា​​ម្ចាស់ និង​ជា​ប្រធាន​អគ្គនាយក​នៃ​​ក្រុមហ៊ុន Infinite Deemarco នេះ​ហើយ ដែល​ក្រុមហ៊ុន​មួយ​នេះ បាន​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​ក្រុមហ៊ុន Amiga Entertainment បង្កើត​បាន​ជា​បុត្រ​សម្ព័ន្ធ​របស់​សម្ព័ន្ធ​ក្រុមហ៊ុន​នេះ​នៅ​លើ​កោះ Isle of Man។ លោក ហេនរី យេហ៍ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ម៉ូដែល​អាជីវកម្ម​របស់​ក្រុមហ៊ុន Amiga Entertainment គឺ «​ដើម្បី​បង្កើត​កម្មវិធី​ល្បែង​ស៊ីសង​ស្រដៀងគ្នា​ដោយ​មិន​រំលោភ​កម្មសិទ្ធិ​បញ្ញា (IPs)»។ សំខាន់​នោះ​គឺ​ដើម្បី​ផលិត​បាន​វីដេអូហ្គេម​លេង​ល្បែង​ស៊ីសង​ដែល​មាន​តម្លៃ​ថាក​ជាង​វីដេអូហ្គេម​លេង​ល្បែង​ស៊ីសង​ដែល​មាន​ស្រាប់។

ឯកសារ​នានា​ដែល​វិទ្យុ​អាស៊ីសេរី​បាន​ពិនិត្យមើល បង្ហាញ​ឱ្យ​ឃើញ​ពី​ម៉ូដែល​អាជីវកម្ម​ពិតប្រាកដ ដែល​មាន​ភាព​ស្មុគស្មាញ​​ជាង​នេះ។

វែបសាយ​របស់​ក្រុមហ៊ុន Amiga Entertainment អួត​សរសើរ​ពី​កម្មវិធី​លេង​ល្បែងស៊ីសង​ដែល​ក្រុមហ៊ុន​នេះ​ផលិត​ឡើង។ កម្មវិធី​លេង​ល្បែង​ស៊ីសង​នីមួយៗ​​ផ្ដោត​សំខាន់​លើ​ម៉ាស៊ីន​ល្បែង​ស៊ីសង (Slot Machine) មួយ​ ដែល​ពួក​អ្នក​លេង​ល្បែង​នាំគ្នា​ចាក់​ភ្នាល់​ដោយ​សង្ឃឹម​មក​វិញ​ថា រូប​សញ្ញា​ដូច​គ្នា​មួយ​នឹង​​បង្ហាញ​ឡើង​នៅ​លើ​អេក្រង់។ ការ​លេង​ល្បែង​ដូច្នេះ គឺ​ស្របច្បាប់​នៅ​លើ​កោះ Isle of Man។ ក៏ប៉ុន្តែ ទិន្នន័យ​ធនាគារ​ដែល​វិទ្យុ​អាស៊ីសេរី​បាន​ឃើញ បង្ហាញ​ថា ក្រុមហ៊ុន Amiga បាន​ផ្តល់​អាជ្ញាប័ណ្ណ​បង្កើត​កម្មវិធី​ល្បែង​ស៊ីសង​ទាំងនេះ ទៅ​ឱ្យ​ក្រុមហ៊ុន​នានា​នៅ​ក្នុង​ប្រទេស​ចិន​ជាទី​ដែល​រាល់​ទម្រង់​ទាំងអស់​នៃ​ការ​លេង​ល្បែង​ស៊ីសង​ត្រូវ​បាន​ហាមប្រាម​យ៉ាង​តឹងរ៉ឹង​បំផុត លើកលែង​តែ​ការ​លេង​ឆ្នោត​ផ្សង​សំណាង​របស់​រដ្ឋ។

6 china lottery.jpg
អ្នកលេង​ល្បែង​ម្នាក់​កោស​ឆ្នោត​ផ្សងសំណាង​របស់​រដ្ឋ ដែល​ជា​ទម្រង់​លេង​ល្បែង​ស៊ីសង​ស្របច្បាប់​តែមួយ​គត់​នៅ​ប្រទេស​ចិន នៅ​លើ​បញ្ជរ​​មួយ​កន្លែង​ក្នុង​ក្រុង​ប៉េកាំង (Beijing) កាលពី​ថ្ងៃទី១០ ខែ​សីហា ឆ្នាំ២០២៣។ (រូប៖ Pedro Pardo/AFP)

កិច្ចសន្យា​ផ្តល់​អាជ្ញាប័ណ្ណ​ទាំងនោះ​បញ្ជាក់​ថា ក្រុមហ៊ុន​ចិន​ត្រូវ​បង់​ប្រាក់​ចំនួន ៩៤០.០០០ ផោន (១លាន​ដុល្លារ) ក្នុង​មួយ​ឆ្នាំ ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​សិទ្ធិ​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​រក​ទីផ្សារ​លក់​ម៉ាស៊ីន​ល្បែង​ស៊ីសង​មួយ​របស់​ក្រុមហ៊ុន Amiga Entertainment ទៅដល់​អតិថិជន​របស់​ពួកគេ។ លើស​ពី​នេះ​ទៀត ក្រុមហ៊ុន​ចិន ត្រូវ​បង់​ប្រាក់ ៣០% នៃ​ចំណូល​​ដែល​ពួកគេ​រក​បាន។ (នៅ​ពេល​សួរនាំ​អំពី​កិច្ចសន្យា​ទាំងនេះ លោក ហេនរី យេហ៍ បាន​ឆ្លើយតប​ថា «ខ្ញុំ​មិន​ដឹង​រឿង​អ្វី​ទាល់តែសោះ​អំពី​ម៉ាស៊ីន​ល្បែង​ស៊ីសង​ដែល​ត្រូវ​គេ​ចម្លង​តាម​ដើម្បី​រក​លុយ​បាន​រាប់​លាន​ដុល្លារ​នោះ​ទេ»)

យោង​តាម​អតីត​អ្នក​​ធ្លាប់​ធ្វើការ​ឱ្យ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប ដែល​យល់ដឹង​អំពី​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន Amiga Entertainment និង​ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន​នេះ ការក្លែង​បន្លំ​គឺ​នៅត្រង់​ថា ប្រតិបត្តិការ​សាច់ប្រាក់​ទាំងនេះ ត្រូវ​បាន​គេ​ប្រឌិត​ឡើង។ អ្នក​ធ្លាប់​ធ្វើការ​ឱ្យ​​សម្ព័ន្ធ​ក្រុមហ៊ុន​ដដែល​នេះ ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយសារ​ហេតុផល​សុវត្ថិភាព។

បុគ្គល​រូប​នោះ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា៖ «[ក្រុមហ៊ុន Amiga Entertainment] គឺ​ជា​ក្រុមហ៊ុន​មួយ​ដែល​ត្រូវ​បាន​​ប្រើប្រាស់​ដើម្បី​​លាង​លុយ​កខ្វក់»«ពួកគេ​បូម​លុយ​ទាំងអស់​តាមរយៈ​ក្រុមហ៊ុន​នេះ»

ប្រភព​ដដែល​អះអាង​ថា ក្រុមហ៊ុន​នានា​នៅ​​ប្រទេស​ចិន មិនបាន​ប្រើប្រាស់​ម៉ាស៊ីន​ល្បែង​ស៊ីសង​ ហើយ​ក៏​មិន​បាន​បង់ថ្លៃ​អាជ្ញាប័ណ្ណ​ឱ្យ​ពួកគេ​ឡើយ។ ផ្ទុយ​ទៅ​វិញ កិច្ចសន្យា​ដែល​ចុះហត្ថលេខា​រវាង​ក្រុមហ៊ុន Amiga Entertainment និង​ក្រុមហ៊ុន​ចិន​នានា ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ធ្វើ​ឱ្យ​ស្របច្បាប់​ដល់​ការផ្ទេរ​សាច់ប្រាក់​ក្នុង​ទំហំ​ដ៏​ច្រើន​រវាង​តំបន់​អាស៊ីអាគ្នេយ៍ និង​កោះ Isle of Man

ជាទូទៅ អាជីវកម្ម​នានា​ បង្វិល​ប្រាក់​ពី​តំបន់​មួយ​នៃ​ប្រតិបត្តិការ​របស់​ពួកគេ​ទៅ​តំបន់​មួយ​ទៀត​តាមរយៈ​ធនាគារ​មួយ។ ក៏ប៉ុន្តែ លុយ​ដែល​ត្រូវ​បាន​គេ​ផ្ញើ​ទៅកាន់​ក្រុមហ៊ុន Amiga Entertainment ផ្ទុយទៅវិញ បាន​មកពី​ប្រតិបត្តិករ​សេវា​ផ្ទេរ​លុយ​មួយ​នៅ​ទីក្រុង​ហុងកុង (Hong Kong)។ មាន​ឈ្មោះ​ជា​ភ្នាក់ងារ​ផ្ញើ​ប្រាក់ ប្រតិបត្តិករ​សេវា​ផ្ទេរ​លុយ ដើរ​តួនាទី​ផ្ទេរ​មូលនិធិ​ជា​អន្តរជាតិ​ជំនួស​មុខ​ឱ្យ​អតិថិជន ដែល​ជារឿយៗ​ជា​មនុស្ស ឬ​អាជីវកម្ម​ខ្នាត​តូច​ដែល​ពុំ​មាន​លទ្ធភាព​ទទួល​បាន​សេវាកម្ម​ធនាគារ​បែប​ប្រពៃណី។ ធនាគារ​ខ្លះ ដូចជា ធនាគារ Western Union បាន​ក្លាយ​ជា​ធនាគារ​ដែល​ពលរដ្ឋ​តាម​ខ្នង​ផ្ទះ​ជាច្រើន​នាំ​គ្នា​ប្រើប្រាស់។ ផ្ទុយទៅវិញ​មាន​ប្រតិបត្តិករ​តូច​ជាង​នេះ​រាប់​ពាន់​នៅ​ទូទាំង​ពិភពលោក ដូចជា​ប្រតិបត្តិករ​មួយ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយ​អតិថិជន​ដែល​អះអាង​ថា​ជា​ជនជាតិ​ចិន​​របស់​ក្រុមហ៊ុន Amiga Entertainment ជាដើម។ ភ្នាក់ងារ​ផ្ញើ​ប្រាក់​ គិត​កម្រៃ​សេវា​ផ្ទេរ​ប្រាក់​ថ្លៃ​ជាង​ធនាគារ។ មិនមែន​ជា​រឿងរ៉ាវ​ធម្មតា​ទេ​សម្រាប់​ក្រុមហ៊ុន​ធំ​មួយ​ដែល​បង្វិល​លុយ​តាម​របៀប​នេះ។ ទោះជា​យ៉ាងណា​ ជាមួយ​នឹង​ការយក​កម្រៃ​ខ្ពស់​ជាង​នេះ ការ​ចោទសួរ​សំណួរ​នានា​អំពី​ប្រភព​លុយ​ក៏​មាន​តិច​ជាង​នេះ​ដែរ។

បុគ្គល​រូប​នោះ និយាយ​ថា «ក្រុមហ៊ុន​ផ្ញើ​ប្រាក់ មិន​ខ្វល់​អំពី​ថា​តើ​ប្រភព​ពិតប្រាកដ​នៃ​លុយ​ទាំងនោះ​បាន​មក​ពី​ទី​ណា​នោះ​ទេ»

ឯកសារ​ថតចម្លង​នៃ​បង្កាន់ដៃ​ផ្ញើ​ប្រាក់ កិច្ចសន្យា និង​វិក្កយបត្រ​នានា​ដែល​វិទ្យុ​អាស៊ីសេរី បាន​ពិនិត្យ​មើល មាន​ព័ត៌មាន​លម្អិត​ដែល​ប្រទាក់​ក្រឡា​គ្នា​ជាមួយ​នឹង​ការ​ទូទាត់ប្រាក់ ហើយ​ក៏​អាច​ត្រូវ​បាន​​កំណត់​អត្តសញ្ញាណ​នៅក្នុង​ឯកសារ​បែក​ធ្លាយ​របស់​ធនាគារCayman National Bank ផងដែរ។ ដោយសារ​ក្រុមហ៊ុន Amiga Entertainment មិនដែល​ធ្លាប់​មាន​គណនី​មួយ​ជាមួយ​ធនាគារ​នេះ ប្រតិបត្តិករ​សេវាកម្ម​ផ្ទេរ​ប្រាក់​ ដែល​ទទួល​ទូទាត់​ប្រាក់​សម្រាប់​ក្រុមហ៊ុន​នេះ គឺ​ជា​អតិថិជន។ (ការទូទាត់​ប្រាក់​ចំនួន​៤លើក ដែល​មាន​តម្លៃ​សរុប ៨៣០.០០០ដុល្លារ ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​​ដឹង​ថា​ធ្វើឡើង​នៅក្នុង​​ទិន្នន័យ​របស់​ធនាគារ Cayman National Bank ផ្ញើទៅ​​ឱ្យ​​ក្រុមហ៊ុន Amiga Entertainment Limited ទាំងអស់ ​មាន​លេខយោង CLA0878។ លេខ​យោង​នេះ ក៏​ជា​លេខយោង​ទូទាត់​ប្រាក់​ដែល​ត្រូវបាន​ប្រើប្រាស់​នៅលើ​បង្កាន់ដៃ​ផ្ញើ​ប្រាក់​ ដែល​វិទ្យុអាស៊ីសេរី​បាន​ពិនិត្យមើល​ផងដែរ)

មនុស្ស​​ដែល​ធ្លាប់​ធ្វើការ​ឱ្យ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប បាន​និយាយ​សំដៅ​ដល់​អ្នកកាន់​អាជ្ញាប័ណ្ណ​ថា៖ «កោះ Isle of Man នឹង​សួរនាំ​អំពី​ហេតុផល​នៃ​ការផ្ទេរ​ប្រាក់​នេះ ដូច្នេះ​អ្នក​ត្រូវតែ​មាន​អ្នកតំណាង​នៅ​​ប្រទេស​ចិន»។ តាម​ការពិត ពួកគេ​បន្ថែម​ថា៖ «ប្រាក់​នេះ​មិនដែល​មាន​ប្រភព​ដើម​ចេញ​មក​ពី​​ប្រទេស​ចិន​ឡើយ»

ប្រភព​ដដែល​បន្ត​ថា នៅ​ពេល​ដែល​លុយ​ត្រូវ​បាន​គេ​ផ្ញើ​ទៅ​ឱ្យ​គណនី​របស់​ក្រុមហ៊ុន Amiga Entertainment នៅ​លើ​កោះ Isle of Man លុយ​ទាំងនេះ​នឹង​ចាប់ផ្ដើម​បង្វិល​​ក្រោម​រូបភាព​​ជាច្រើន​នៃ​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​នេះ។

ទិន្នន័យ​សាជីវកម្ម​ដែល​វិទ្យុ​អាស៊ីសេរី​បាន​ឃើញ គាំទ្រ​ដល់​ការ​លើក​ឡើង​របស់​ប្រភព​នេះ និង​បញ្ជាក់​ថា​គោលដៅ​ចុងក្រោយ​នៃ​​មូលនិធិ​នេះ គឺ​បញ្ជូន​ដល់​លោក ចេន ហ្ស៊ី និង​ការិយាល័យ​គ្រួសារ​របស់​ប្រពន្ធ​លោក​នៅ​ប្រទេស​សិង្ហបុរី។ លុយ​ទាំង​នេះ​នឹង​ត្រូវ​បាន​បង្ហាញ​​ជា​ប្រាក់ចំណេញ​ស្របច្បាប់​ពី​ការ​វិនិយោគ​របស់​ប្តី​ប្រពន្ធ​មួយ​គូ​នេះ​នៅ​ក្នុង​អាជីវកម្ម​ជោគជ័យ​​នៃ​ការ​បើក​បន​ល្បែង​ស៊ីសង​នៅ​លើ​កោះ Isle of Man

ឯកសារ​​ទិន្នន័យ​ផ្ទៃ​ក្នុង​មួយ​នៃ​​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Amiga Entertainment ដែល​វិទ្យុ​អាស៊ីសេរី​បាន​ពិនិត្យមើល​ បញ្ជាក់​​ថា លុយ​ច្រើន​ជាង ១០០លាន​ដុល្លារ​ត្រូវ​បាន​គេ​បង្វិល​តាម​របៀប​នេះ។

លោក ប៊េន ខោវដុក នៃ​អង្គការ​តម្លាភាព​អន្តរជាតិ បាន​និយាយ​ថា ប្រតិបត្តិការ​សាច់ប្រាក់​ទាំង​នេះ ទំនងជា​បង្ក​ឱ្យ​មាន​ការសង្ស័យ​ខ្ពស់ ហើយ​លោក​អំពាវនាវ​ឱ្យ​កោះ Isle of Man ស៊ើបអង្កេត​ករណី​នេះ។

លោក ប៊េន ខោវដុក បាន​និយាយ​ថា៖ «ប្រសិន​បើ​នរណា​ម្នាក់​លក់​អាជ្ញាប័ណ្ណ​ម៉ាស៊ីន​ល្បែង​ស៊ីសង​ទៅឱ្យ​​ប្រទេស​មួយ ដែល​សកម្មភាព​នេះ​គឺ​ជារឿង​ខុសច្បាប់​នោះ ហើយ​ទទួល​យក​ការទូទាត់​ប្រាក់​មិនមែន​តាម​ច្រក​​ធនាគារ​ធម្មតា​នោះ នេះ​គឺ​ជា​ភាព​មិន​ប្រក្រតី​ដ៏​ចម្បង​មួយ​ដែល​ត្រូវការ​ការស៊ើបអង្កេត»

នាយក​ផ្នែក​ទំនាក់ទំនង​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប លោក ហ្គាប្រ៊ីយែល តាន់ (Gabriel Tan) បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​សារអេឡិចត្រូនិក​ថា សម្ព័ន្ធ​ក្រុមហ៊ុន «ផ្តោត​អាទិភាព​លើ​ការ​វិនិយោគ និង​ការអភិវឌ្ឍន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា» និង​ថា សម្ព័ន្ធ​ក្រុមហ៊ុន​«មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ដែល​ត្រូវ​បាន​លើកឡើង​​ពាក់ព័ន្ធ​នឹង​សកម្មភាព​នានា​ក្នុង... ប្រទេស​សិង្ហបុរី (Singapore) គុយបា (Cuba) ឬនៅ​កោះ Isle of Man ឡើយ»

លោក ហ្គាប្រ៊ីយែល តាន់ បាន​បន្ថែម​ថា៖ «រាល់​ប្រតិបត្តិការ​​អាជីវកម្ម​របស់​លោក ចេន ហ្ស៊ី ទាំងអស់ គឺ​លោក​ប្រធាន ចេន ហ្ស៊ី អនុលោម​យ៉ាង​ទៀងទាត់​តាម​ច្បាប់​​នៃ​យុត្តាធិការ​ដែល​លោក​ប្រតិបត្តិការ​អាជីវកម្ម ព្រមទាំង​តាម​ច្បាប់​ទាំងឡាយ​ណា​ដែល​គ្រប​ដណ្ដប់​លើ​លោក​ក្នុងនាម​ជា​ពលរដ្ឋ​កម្ពុជា​ម្នាក់»

ការ​ផ្ញើ​សារ​អេឡិចត្រូនិក​​សុំ​អត្ថាធិប្បាយ​​ទៅកាន់​អាសយដ្ឋាន​ទាក់ទង​ដែល​​ដាក់​នៅ​លើ​វែបសាយ​របស់​ក្រុមហ៊ុន Amiga Entertainment ទទួល​បាន​មកវិញ​នូវ​សារ error ដែល​បញ្ជាក់​ថា​ម៉ាស៊ីន​កុំព្យូទ័រ​មេ​របស់​ក្រុមហ៊ុន​នេះ មិន​ត្រូវ​បាន​គេ​បង្កើត​ឡើង​ដោយ​ត្រឹមត្រូវ​​ដើម្បី​ទទួល​សារអេឡិចត្រូនិក​ឡើយ។

ពង្រាយ​ទ្រព្យ

ថ្វីបើ​​ទទួល​បាន​ជោគជ័យ​ពី​អាជីវកម្ម​ក្នុងនាម​ជា​ពលរដ្ឋ​ចូលសញ្ជាតិ​កម្ពុជា​​ម្នាក់​ក៏ដោយ ក៏​លោក ចេន ហ្ស៊ី និង​អ្នកគ្រប់គ្រង​ជាន់ខ្ពស់​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប ដទៃទៀត ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បាន​ចាប់​ផ្តើម​ផ្លាស់ទី​ជីវិត​របស់​ពួកគេ​ចេញ​ពី​ទី​ក្រុង​ភ្នំពេញ ឆ្ពោះ​ទៅ​ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក។

ឈ្មោះ​របស់​លោក ចេន ហ្ស៊ី ត្រូវ​បាន​ចុះបញ្ជី​ក្នុង​ទិន្នន័យ​សាជីវកម្ម​អង់គ្លេស​ថា​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​​អាគារ​ការិយាល័យ​មួយ​កន្លែង​តម្លៃ ១១៤​លាន​ដុល្លារ​ ស្ថិតនៅ​ចំ​​បេះដូង​នៃ​សង្កាត់​ហិរញ្ញវត្ថុ​ក្នុង​ទីក្រុង​ឡុងដ៍ និង​វិមាន​ស្កឹមស្កៃ​​​មួយ​តម្លៃ​ច្រើន​ជាង ២៥លានដុល្លារ ស្ថិត​នៅ​លើ​វិថី Avenue Road ផ្តាច់មុខ​នៃ​ទីក្រុង​នេះ។

អ្នកគ្រប់គ្រង​ជាន់ខ្ពស់​របស់​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីសន៍ គ្រូប ម្នាក់ទៀត គឺជា​ម្ចាស់​កម្មសិទ្ធិ​នៃ​ក្រុមហ៊ុន​អង់គ្លេស​ចំនួន​ពីរ​ដែល​ជា​ម្ចាស់​អាផាតធឺមិន​ចំនួន​១៧​ក្នុង​ទីក្រុង​ឡុងដ៍ ទិញ​ក្នុង​តម្លៃ​សរុប ៣២លាន​ដុល្លារ។

8 chen london office building.jpg
ឈ្មោះ​របស់​លោក ចេន ហ្ស៊ី ត្រូវ​បាន​ចុះបញ្ជី​ក្នុង​ទិន្នន័យ​សាជីវកម្ម​អង់គ្លេស​ថា​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​​អាគារ​ការិយាល័យ​មួយ​នេះ​ដែល​ស្ថិតនៅ​ចំ​បេះដូង​នៃ​សង្កាត់​ហិរញ្ញវត្ថុ​ក្នុង​ទីក្រុង​ឡុងដ៍។ (រូប៖ Google Street View)

នៅ​ត្រើយ​ម្ខាង​ទៀត​នៃ​មហាសមុទ្រ​អាត្លង់ទិក (Atlantic Ocean) អ្នកគ្រប់គ្រង​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប បីនាក់ គឺជា​ម្ចាស់​កម្មសិទ្ធិ​នៃ​វិមាន​ស្កឹមស្កៃ​​មួយ​ចំនួន​​​នៅ​តំបន់​ជាយ​ក្រុង ឡូស អេនជឺឡេស (Los Angeles) ដែល​មាន​តម្លៃ​សរុប ៨លាន​ដុល្លារ។ អ្នក​គ្រប់គ្រង​ម្នាក់​ក្នុង​ចំណោម​ពួកគេ ក៏​មាន​កម្មសិទ្ធិ​លើ​នាវា​កម្សាន្ត​ប្រវែង​២៦ម៉ែត្រ ឈ្មោះ Sunseeker ដែល​ចត​នៅ​ឆ្នេរ​សមុទ្រ​នៃ​រដ្ឋ​កាលីហ្វ័រញ៉ា (California) រួម​ទាំង​កន្លែង​លក់​ឡាន​ប្រណីត​មួយ​កន្លែង និង​រោងចក្រ​ផលិត​ឧបករណ៍​ជំនួយ​ផ្លូវ​ភេទ​មួយ​នៅ​ក្នុង​រដ្ឋ​នេះ​ផង​ដែរ។ នេះបើ​យោង​តាម​កំណត់ត្រា​របស់​តុលាការ​រដ្ឋ​កាលីហ្វ័រញ៉ា និង​ទិន្នន័យ​សាជីវកម្ម​ដែល​វិទ្យុ​អាស៊ីសេរី​បាន​ពិនិត្យមើល។

គេហដ្ឋាន​ទំនើប​ៗ​ក្នុង​ទីក្រុង​ឡុងដ៍ និងទីក្រុង ឡូស អេនជឺឡេស ជា​ទូទៅ​គឺជា​កម្មសិទ្ធិ​របស់​​ក្រុម​អ្នក​មាន​លុយ​លំដាប់​កំពូល។ ក៏ប៉ុន្តែ ប្រភព​មួយ​ស្និទ្ធ​នឹង​ក្រសួងមហាផ្ទៃ​កម្ពុជា បញ្ជាក់​អំពី​ការ​ជំរុញ​ចិត្ត​មួយ​ផ្សេងទៀត​ដែល​នាំ​ឱ្យ​អ្នកគ្រប់គ្រង​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប ធ្វើ​ទេសន្តរប្រវេសន៍ ឬ​រើទៅ​ទីនោះ។ នោះ​គឺ​ដោយសារ​តែ​ពួកគេ​ត្រូវ​តែ​មាន​កន្លែង​សុវត្ថិភាព​មួយ​ដើម្បី​រត់គេច​​ខ្លួន​ប្រសិនបើ​ការស៊ើបអង្កេត​របស់​ប្រទេស​ចិន​មក​លើ​សម្ព័ន្ធ​ក្រុមហ៊ុន​នេះ​កាន់តែ​រីក​រាលដាល​ធំឡើង។

ប្រភព​ដែល​និយាយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយសារ​ពួកគេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​និយាយ​ជា​សាធារណៈ​ ថ្លែង​ថា៖ «នៅ​ឆ្នាំ២០១៩ ឯកអគ្គរដ្ឋទូត​ចិន បាន​ប្រាប់​លោក ចេន ហ្ស៊ី ឱ្យ​បញ្ឈប់​រាល់​សកម្មភាព​ឧក្រិដ្ឋកម្ម​ទាំងអស់ ហើយ​មិន​ត្រូវ​ជ្រៀតជ្រែក​ចូល​ក្នុង​ការ​ស៊ើបអង្កេត​​ទាំងឡាយ​ណា​មក​លើ​មនុស្ស​របស់​លោក​ឡើយ»«រដ្ឋាភិបាល​ចិន​មិនបាន​ឈាន​ទៅ​ធ្វើ​បត្យាប័ន​ ឬ​ចាប់បញ្ជូន​​នរណា​ម្នាក់​ឡើយ​ចាប់តាំង​ពី​មាន​ការផ្ទុះ​រាលដាល​នៃ​ជំងឺ​កូវីដ១៩ ក៏ប៉ុន្តែ​រដ្ឋាភិបាល​ចិន​អាច​នឹង​ធ្វើ​ដូច្នេះ​នា​ពេល​អនាគត»

កែសម្រួល​អត្ថបទ​ជា​ភាសា​អង់គ្លេស​ដោយ អាប៊ី ស៊ីហ្វ (Abby Seiff), ជីម ស្នាយឌឺរ (Jim Snyder), ម៉ាត់ ផេនីងថុន (Mat Pennington) និង បូអឺរ ដេង (Boer Deng)

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។