នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី សម្រាប់យប់ថ្ងៃអង្គារ ទី៣ ខែធ្នូ នឹងពិភាក្សាលើប្រធានបទ៖ ហេតុផលនៅពីក្រោយដំណើរទស្សនកិច្ចផ្លូវការរបស់លោក ហ៊ុន សែន ទៅជួបមេដឹកនាំចិន។
ភ្លាមៗ ក្រោយរុះរើគណៈរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលកូនដោយដាក់លោក ប្រាក់ សុខុន ឱ្យមកកាន់តំណែងចាស់ជារដ្ឋមន្ត្រីការបរទេសវិញ លោក ហ៊ុន សែន ដែលជាប្រធានព្រឹទ្ធសភាបានប្រញាប់ប្រញាល់ធ្វើទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃ ទៅកាន់ប្រទេសចិន ដើម្បីជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping)។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃក្រោយពេលសភាអឺរ៉ុបអនុម័តសេចក្ដីសម្រេចព្រមានដាក់ទណ្ឌកម្មជាក់លាក់លើមន្ត្រីរដ្ឋាភិបាលកម្ពុជា និងដកប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលនៅសល់ ៨០% ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនព្រមកែលម្អស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ និងដោះលែងអ្នកទោសនយោបាយទាំងអស់។ ដំណើរទស្សនកិច្ចនេះ ក៏កើតមានឡើងគាប់ជួនចំពេលសហរដ្ឋអាមេរិកត្រៀមផ្លាស់ប្ដូររដ្ឋបាលថ្មី ដែលមានទំនោរប្រឆាំងចិន តាមរយៈការបង្កើនពន្ធលើទំនិញនាំចូលពីប្រទេសចិន។
តើកត្តាអ្វីខ្លះអាចជាហេតុផលនៅពីក្រោយដំណើរទស្សនកិច្ចដ៏ប្រថុចញ៉ុចរបស់លោក ហ៊ុន សែន ទៅកាន់ប្រទេសចិននាពេលនេះ?
សូមលោកអ្នកនាងចុចស្ដាប់សំឡេង នៃកិច្ចពិភាក្សារវាងលោក មាន ឫទ្ធិ ជាមួយលោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក និងជាសហស្ថាបនិកអង្គការប្រជាធិបតេយ្យខ្មែរ និងលោក ប៉ោ មករា អ្នកសិក្សាបញ្ហាសង្គម និងនយោបាយ ដែលបានជជែកពិភាក្សាអំពីរឿងនេះ នៅក្នុងនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅរាត្រីថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ២០២៤៕