កម្ពុជា៖ ១០​ឆ្នាំ​ក្រោយ​ចូល​ជា​សមាជិក​អាស៊ាន

នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា នេះ គឺ​ជា​ខួប​លើក​ទី​១០ ដែល​កម្ពុជា​បាន​ចូល​ជា​សមាជិក​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ដែល​ហៅ​កាត់​ថា អាស៊ាន។

2009-04-30
Share

តើ​១០​ឆ្នាំ​កន្លង​មក​នេះ កម្ពុជា​បាន​ចំណេញ ឬ​ខាត​អ្វី​ខ្លះ? ហើយ​អាស៊ាន មាន​គោល​ដៅ​យ៉ាង​ណា​ក្នុង​ការ​ជួយ​ប្រទេស​ជា​សមាជិក​របស់​ខ្លួន ?

សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា​ជាតិ​កម្ពុជា បាន​មាន​ប្រសាសន៍​អះអាង​ថា កម្ពុជា បាន​ទទួល​ផល​ចំណេញ​ច្រើន ក្រោយ​ដែល​បាន​ក្លាយ​ចូល​ជា​សមាជិក​ពេញ​លេញ​នៃ​សមាគម​អាស៊ាន។

លោក ជាម យៀប តំណាង​រាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​នៃ​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម បាន​មាន​ប្រសាសន៍​ថា សមាគម​អាស៊ាន​មាន​គោល​ដៅ​មិន​ខុស​ពី​សហគមន៍​អឺរ៉ុប ចំពោះ​ប្រទេស​ដែល​ជា​សមាជិក​របស់​ខ្លួន​ឡើយ ហើយ​ភាព​ចំណេញ​ដែល​កម្ពុជា​ទទួល​បាន​នោះ​មាន ៖ «ប្រការ​សំខាន់​គឺ​យើង​បាន​ធ្វើ​សមាហរន្តកម្ម​កម្ពុជា ចូល​ទៅ​ក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់ ហើយ​គោលការណ៍​៣ សំខាន់​នោះ គឺ​សាមគ្គីភាព មិត្តភាព និង​សហ​ប្រតិបត្តិការ។ បន្ថែម​ពី​ហ្នឹង យើង​បាន​ទទួល​៣​ផ្សេង​ទៀត គឺ​នយោបាយ សន្តិសុខ​សង្គម ឬ​ស្ថិរភាព​សង្គម ទី​២ យើង​បាន​រួប​រួម​គ្នា​ធ្វើ​ការ​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច ហើយ​ទី​៣ យើង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​នានា និង​វប្បធម៌​នៃ​បណ្តា​ប្រទេស​នីមួយៗ នៅ​ក្នុង​ប្រទេស​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​អាស៊ាន»

លោក ជាម យៀប មាន​ប្រសាសន៍​បន្ត​ថា ទោះ​បី​កម្ពុជា ជា​សមាជិក​ថ្មី​នៃ​សមាគម​អាស៊ាន​ក៏ដោយ ក៏​ប្រទេស​៥ ដែល​ជា​សមាជិក​ពី​មុន មាន​ទិស​ដៅ​ជួយ​ប្រទេស​ដែល​ជា​សមាជិក​ថ្មី​ឲ្យ​មាន​ការ​រីក​ចម្រើន​ដូច​ជា​ប្រទេស​ខ្លួន។

លោក ជាម យៀប មាន​ប្រសាសន៍​បន្ត​ដូច្នេះ «អាស៊ាន​មាន ១០​ប្រទេស ៥​ប្រទេស​ចាស់ និង ៥​ប្រទេស​ថ្មី ហើយ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ទាំង​ចាស់​ទាំង​ថ្មី​មាន​ភាព​ស្មើ​គ្នា មាន​ជីវភាព​រស់​នៅ​ក្នុង​សង្គម​អាច​ប្រហាក់​ប្រហែល​គ្នា។ ហើយ​ចាស់ៗ​ដែល​ចម្រើន ជួយ​ដល់​អ្នក​ថ្មី​លើ​វិស័យ​សេដ្ឋកិច្ច ហើយ​យើង​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ផ្សេងៗ​ទៀត ដើម្បី​ឲ្យ​ប្រទេស​យើង​ក្លាយ​ជា​ប្រទេស​ដែល​មាន​ការ​ពិសោធ មាន​ការ​បណ្ដុះ​បណ្ដាល ដែល​មាន​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​សង្គមកិច្ច ឬ​ក៏​វប្បធម៌​ឲ្យ​បាន​កាន់​តែ​ខ្លាំង​ក្លា​ឡើង»

ឯកសារ​ក្នុង​ទំព័រ​វ៉ឹបសៃថ៍​នៃ​សព្វ​វចនា​ធិប្បាយ ឬ​ភាសា​អង់គ្លេស​ហៅ​ថា Encyclopediaបាន​ឲ្យ​ដឹង​ថា សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ អាស៊ាន បាន​បង្កើត​ឡើង​ដំបូង​កាល​ពី​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​១៩៦៧ ដោយ​ប្រទេស​៥ ជា​សមាជិក ក្នុង​នោះ​មាន​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និង ថៃ។

ប្រទេស​ប៊្រុយណេ បាន​ចូល​ជា​សមាជិក​ទី​៦ កាល​ពី​ខែ​មករា ឆ្នាំ​១៩៨៤ បន្ទាប់​មក​ប្រទេស​វៀតណាម បាន​ចូល​ជា​សមាជិក​ទី​៧ នៅ​ខែ​កក្កដា ឆ្នាំ​១៩៩៥។ ចំណែក​ឯ​ប្រទេស​លាវ និង ភូមា ក៏​បាន​ចូល​ជា​សមាជិក​នៅ​ថ្ងៃ​ជាមួយ​គ្នា​នេះ​ដែរ ក្នុង​ខែ​កក្កដា ឆ្នាំ​១៩៩៧ ហើយ​នា​ពេល​នោះ កម្ពុជា ក៏​បាន​សុំ​ចូល​ជាមួយ​ផង​ដែរ ប៉ុន្តែ​បាន​ត្រូវ​សមាគម​អាស៊ាន​បដិសេធ​ដោយ​ឲ្យ​ហេតុផល​ថា កម្ពុជា កំពុង​ជួប​វិបត្តិ​នយោបាយ​ផ្ទៃ​ក្នុង​ទាក់​ទង​ព្រឹត្តការណ៍​ផ្ទុះ​អាវុធ​នៅ​ថ្ងៃ​៥-​៦ កក្កដា ឆ្នាំ​១៩៩៧។ នៅ​ទី​បំផុត​កម្ពុជា ក៏​បាន​ចូល​ជា​សមាជិក​ពេញ​លេញ​នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​១៩៩៩។

លោក សុន ឆ័យ តំណាង​រាស្ត្រ​នៃ​គណបក្ស​សមរង្ស៊ី បាន​មាន​ប្រសាសន៍​រិះគន់​ថា ក្រៅ​ពី​ការ​ខាត​បង់​ប្រាក់​រាប់​លាន​ដុល្លារ​បង់​សមាជិកភាព និង​ចំណាយ​ប្រាក់​រៀបចំ​កិច្ច​ប្រជុំ​អាស៊ាន ដែល​ត្រូវ​ដាក់​វេន​គ្នា​ធ្វើ​មួយ​ឆ្នាំ​ម្តង​នោះ កម្ពុជា​មិន​បាន​ទាញ​យក​ផលប្រយោជន៍​ពី​សមាគម​អាស៊ាន ដែល​បាន​ផ្តល់​ការ​អនុគ្រោះ​ដល់​កម្ពុជា ដែល​ជា​សមាជិក​ថ្មី​នោះ​ឡើយ។

លោក សុន ឆ័យ មាន​ប្រសាសន៍​ថា ៖ «ដោយសារ​យើង​ជា​សមាជិក​ថ្មី ហើយ​មាន​សេដ្ឋកិច្ច​ទន់​ខ្សោយ​នោះ ការ​អនុគ្រោះ​របស់​គេ គឺ​យើង​មាន​សិទ្ធិ​នាំ​ទំនិញ​ចេញ​ទៅ​លក់​នៅ​ក្នុង​ទីផ្សារ​សមាជិក​ដទៃ​ទៀត ដោយ​ប្រទេស​នោះ​នឹង​មិន​ទារ​ពន្ធ​នៃ​ការ​នាំ​ចូល​ទំនិញ​ពី​ប្រទេស​កម្ពុជា ទេ។ តែ​យើង​មាន​សិទ្ធិ​ទារ​ពន្ធ​រហូត​ដល់ ២០១៥ នោះ​ទើប​យើង​អនុវត្ត​ការ​មិន​យក​ពន្ធ​ទំនិញ​សព្វ​សារពើ​បាន​ទាំង​ស្រុង ប៉ុន្តែ​យើង​មិន​បាន​រៀបចំ​ខ្លួន​ទាញ​យក​ផល​ចំណេញ​អំពី​ការ​អនុគ្រោះ​នេះ​ទេ យើង​ហាក់​ដូច​ជា​ខាត​បង់​មួយ​ផ្នែក​ធំ ដូច​ជា​ទីផ្សារ​របស់​យើង​ហ្នឹង គឺ​ត្រូវ​ទទួល​រង​នូវ​ការ​នាំ​ចូល​ទំនិញ​សព្វ​សារពើ​ពី​ប្រទេស​ផ្សេងៗ​មក»

លោក​តំណាង​រាស្ត្រ​ សុន ឆ័យ មាន​ប្រសាសន៍​បន្ត​ថា ការ​ដែល​កម្ពុជា ពុំ​មាន​នយោបាយ​ការពារ​ទីផ្សារ​នោះ​ហើយ ទើប​ផលិត​ផល​កសិកម្ម​ពុំ​មាន​ទីផ្សារ​លក់ និង​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ពុំ​មាន​ការងារ​ធ្វើ ៖ «កាល​ណា​យើង​អត់​មាន​ការ​ផលិត​និង​ការ​តម្កើង​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម​ទេ ការងារ​ក៏​ត្រូវ​បាត់ ហើយ​ដោយសារ​ប្រទេស​យើង កសិករ​យើង​មួយ​ចំនួន​ឆ្លង​ទៅ​ប្រទេស​ជិត​ខាង ដើម្បី​ទៅ​ស៊ីឈ្នួល​គេ ឥឡូវ​ដោយសារ​គេ​មាន​វិបត្តិ គេ​បិទ​មិន​ឲ្យ​យើង​ឆ្លង ហើយ​យើង​មាន​វិបត្តិ​ផ្នែក​កាត់​ដេរ​ទៀត​នេះ បើ​យើង​មិន​មាន​យោបាយ​ការពារ​ទីផ្សារ​យើង​ទេ​នោះ ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ណាស់ ថា​វិបត្តិ​សេដ្ឋកិច្ច​នេះ​នឹង​ផ្ដល់​នូវ​ផល​វិបាក​យ៉ាង​ធ្ងន់ធ្ងរ»

ទោះ​បី​ជា​មាន​ទស្សនៈ​ខុស​គ្នា​រវាង​តំណាង​រាស្ត្រ នៃ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សមរង្ស៊ី ក៏​ដោយ អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​នៅ​កម្ពុជា លោក ច័ន្ទ សុផល ប្រធាន​សមាគម​សេដ្ឋកិច្ច​កម្ពុជា បាន​មាន​ប្រសាសន៍​យ៉ាង​នេះ​ថា ៖ «យើង​បាន​ផល​ចំណេញ​ជា​ផ្នែក​នយោបាយ ការទូត ជា​មុខ​មាត់​របស់​ខ្មែរ​នៅ​ឆាក​អន្តរជាតិ។ ហើយ​យើង​បាន​ផល​ចំណេញ​មក​ពី​ការ​បាន​ចូល​រួម​ប្រាស្រ័យ​ទាក់​ទង​គ្នា ពិភាក្សា ប្រជុំ​ផ្តោះ​ប្តូរ​ខាង​ផ្នែក​បច្ចេកទេស ជា​ព័ត៌មាន ជា​ចំណេះ​ដឹង មាន​ការ​ប្រជុំ​ច្រើន។ ដោយ​ឡែក​រឿង​ថា​ឲ្យ​បាន​ចំណេញ​ច្រើន​ពី​ការ​នាំ​ចេញ​នូវ​ផលិតផល​ទៅ​បណ្ដា​ប្រទេស​អាស៊ាន​នេះ គឺ​យើង​មិន​សូវ​ឃើញ​មាន​ការ​ចំណេញ​របៀប​នេះ​ច្រើន​ទេ»

មេ​ដឹក​នាំ​នៃ​បណ្តា​ប្រទេស​ទាំង​១០ ក្នុង​សមាគម​អាស៊ាន តែង​តែ​ជួប​ប្រជុំ​គ្នា​រៀង​រាល់​ឆ្នាំ ដែល​ឲ្យ​ឈ្មោះ​ថា សន្និសីទ​កំពូល​​អាស៊ាន ដើម្បី​ពិភាក្សា​និង​ដោះ​ស្រាយ​បញ្ហា​ក្នុង​តំបន់ ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ខាង​ផ្នែក​សេដ្ឋកិច្ច ធ្វើ​ឲ្យ​មាន​ភាព​រីក​ចម្រើន​ក្នុង​សង្គម ផ្លាស់​ប្តូរ​វប្បធម៌​និង​ជំរុញ​ឲ្យ​មាន​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់។

បន្ថែម​ពី​នេះ សមាគម​អាស៊ាន​មាន​គោលការណ៍​ធំៗ​៤ ចំពោះ​ប្រទេស​ដែល​ជា​សមាជិក​ទី​១ គោរព​ឯករាជ្យភាព អធិបតេយ្យភាព និង​បូរណភាព​ដែន​ដី​ប្រទេស​នីមួយៗ។ ទី​២ ដោះ​ស្រាយ​បញ្ហា​ទំនាស់​ដោយ​សន្តិ​វិធី ទី​៣ មិន​ត្រូវ​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​នីមួយៗ និង​ចំណុច​ទី​៤ គឺ​ប្រទេស​នីមួយៗ មាន​សិទ្ធិ​សេរីភាព​រស់​នៅ​ដោយ​ពុំ​មាន​ការ​ជ្រៀត​ជ្រែក​ពី​ខាង​ក្រៅ៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល