សកម្មភាព​របស់​អង្គការ OPERATION SMILE

ក្រុម​គ្រូ​ពេទ្យ​ផ្នែក​វះ​កាត់​របស់​ប្រទេស​មួយ​ចំនួន​បាន​រួម​សហការ​គ្នា​ តាម​រយៈ​អង្គការ OPERATION SMILE CAMBODIA ដើម្បី​ពិនិត្យ និង​វះ​កាត់​ឆែប​មាត់ ឆែប​ក្រអូម ពិការ​មុខ​មាត់ ដុំ​ពក ឬ​ស្នាម​រលាក​ផ្សេងៗ។
ដោយ ខែ សុណង
2010-07-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
វេជ្ជបណ្ឌិត​នៃ​អង្គការ Operation Smile ពិនិត្យ​កុមារ​ឆែប​មាត់​នៅ​ពេទ្យ​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ២០១០
វេជ្ជបណ្ឌិត​នៃ​អង្គការ Operation Smile ពិនិត្យ​កុមារ​ឆែប​មាត់​នៅ​ពេទ្យ​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ២០១០
RFA/Khe Sonorng

តាំង​ពី​ព្រឹក​ព្រលឹម​ស្រាងៗ ទាំង​បុរស និង​ស្រី​បាន​នាំ​គ្នា​ម្នីម្នា​ដឹក​ដៃ​កូន​តូចៗ របស់​ពួក​គេ ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា-សូវៀត ហៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី ក្រុង​ភ្នំពេញ​យ៉ាង​កុះករ​ដើម្បី​សុំ​ឲ្យ​ក្រុម​គ្រូ​ពេទ្យ​ធ្វើ​ការ​ពិនិត្យ និង​វះ​កាត់​ឆែប​មាត់ ឆែប​ក្រអូម ពិការ​មុខ​មាត់ ដុំ​ពក ឬ​ស្នាម​រលាក​ផ្សេងៗ ពី​អង្គការ OPERATION SMILE CAMBODIA។

ឪពុក​ម្ដាយ​របស់​ក្មេង​តូច​ៗ​ខ្លះ​ទៀត រួម​ទាំង​មនុស្ស​ចាស់​ផង​ដែរ បាន​ព្យាយាម​ទំនាក់​ទំនង​សុំ​ការ​ពិនិត្យ​ព្យាបាល ពី​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត ដែល​ចាំ​ទទួល​ប្រជា​ពលរដ្ឋ។ ខ្លះ​ទៀត​ទទួល​បាន​លេខ​រៀង​រង់ចាំ​ជួប​វេជ្ជបណ្ឌិត​ធ្វើ​ការ​ពិគ្រោះ និង​ពិនិត្យ​សុខភាព។

ស្ត្រី​ឈ្មោះ ស៊ុំ សារ៉ាន់ វ័យ​៣៣​ឆ្នាំ​ម្នាក់​ក្នុង​ចំណោម​បុរស​ស្ត្រី និង​ក្មេង​ៗ​ជា​ច្រើន​ទៀត អង្គុយ​ឱប​កូន​ប្រុស​អាយុ ១០​ឆ្នាំ​របស់​គាត់ បាន​ផ្ដល់​សម្ភាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា អ្នក​ស្រី​បាន​សម្រេច​ចិត្ត​យក​កូន​មក​ធ្វើ​ការ​ពិនិត្យ​ម្ដង​ទៀត បន្ទាប់​ពី​បាន​វះ​កាត់​បញ្ហា​ក្រអូម​មាត់ ចំនួន​២​លើក​រួច​មក​ហើយ នៅ​មិន​ទាន់​បាន​ជោគជ័យ​នោះ ៖ «បញ្ហា​មាត់​ឆែប និង​ក្រអូម វះ​កាត់​ហើយ​តែ​វា​បើក ឥឡូវ​សុំ​ឲ្យ​ពេទ្យ​ប៉ះ​សា​ឡើង​វិញ។ វះ​២​ដង​ហើយ ពេល​៦​ខែ​ម្ដង ចា៎ ហើយ​៣​ឆ្នាំ​ម្ដង ឥឡូវ​គ្រាន់​តែ​បាន​លេខ​ទេ​នៅ​រង់ចាំ ចូល​ទៅ​ដើម្បី​សួរ​ព័ត៌មាន​គេ ត្រូវ​វះ​ឬ​ក៏​មិន​ត្រូវ​វះ»

បុរស​វ័យ​កណ្ដាល​ម្នាក់ ឈ្មោះ ម៉ន ដាវុធ ដែល​មាន​សម្លាក​ស្នាម​ពេញ​នៅ​លើ​ផ្ទៃ​មុខ និង​ភ្នែក ដោយសារ​គ្រោះ​ថ្នាក់​ចរាចរ បាន​សំដែង​ក្តី​សង្ឃឹម​ថា បន្ទាប់​ពី​បាន​វះ​កាត់​ម្ដង​ទៀត លោក​នឹង​បាន​មុខ​មាត់​ប្រសើរ​ជាង​នេះ ៖ «មាន​អារម្មណ៍​សប្បាយ​ចិត្ត​ព្រោះ​គិត​ថា មុខ​វា​អាក្រក់​ទៅ​ហើយ ដល់​ពេល​អត់​ពេល​មាន Smlie មក​អត់​មាន​អស់​លុយ អស់​កាក់​អី ចិត្ត​សប្បាយ ហើយ​ដោយ​សារ​ពី​មុន ខ្ញុំ​ធ្លាប់​ដួល​ដេក​នៅ​កាល់ម៉ែត្រ ១​ខែ​ជាង​អស់​លុយ​ច្រើន គ្មាន​លុយ​ទេ អស់​រាប់​ពាន់​ហើយ»

យុវតី​ម្នាក់​ផ្សេង​ទៀត ឈ្មោះ សុភ័ណ្ឌ បាន​ថ្លែង​ថា នាង​កំពុង​មាន​អារម្មណ៍​ភ័យ​ផង សប្បាយ​ផង លាយ​ឡំ​នឹង​ក្ដី​សង្ឃឹម​ថា​ក្រោយ​ការ​ព្យាបាល​គេ​នឹង​មាន​មាត់​ស្អាត មិន​ឆែប​ដូច​ពេល​នេះ​ទៀត ៖ «ពេទ្យ​គាត់​ឲ្យ​ក្រដាស​ខ្ញុំ​ទៅ​ទិញ​ថ្នាំ​កន្លែង​គាត់ គាត់​ឲ្យ​ក្រដាស​មក​ខ្ញុំ គេ​ដាក់​រូប​ឆែប​មាត់ ឆែប​អី ហើយ​គាត់​ឲ្យ​ពេទ្យ​ហ្នឹង​ចុះ​ឈ្មោះ ចុះ​អី។ សប្បាយ​ចិត្ត​ផង ភ័យ​ផង ពិនិត្យ​ហើយ គេ​ឲ្យ​វះ»

ស្ត្រី​វ័យ ៣១​ឆ្នាំ​មួយ​រូប​ទៀត ឈ្មោះ ចាន់ ថុល បាន​ថ្លែង​ថា គាត់​មាន​លំនៅឋាន​ក្នុង​ខេត្ត​កំពង់ចាម បាន​នាំ​កូន​ប្រុស​អាយុ ៣​ឆ្នាំ​កន្លះ ដែល​រង​គ្រោះ​ដោយ​រលាក​ទឹក​អាស៊ីដ មក​សាក​ល្បង​ឲ្យ​គ្រូ​ពេទ្យ​អង្គការ OPERATION SMILE ធ្វើ​ការ​ពិនិត្យ និង​ព្យាបាល ៖ «រលាក​ទឹក​អាស៊ីដ ទើប​រលាក​៦​ខែ​ហ្នឹង គ្រាន់​តែ​ព្យាបាល​ធម្មតា ដល់​វា​ឡើង​ផ្លែ​អ៊ីចឹង​ទៅ​មើល​ថា​តើ​វះ​កាត់​បាន​ឬ​អត់។ អត់​ទាន់​ពិនិត្យ​ផង គេ​គ្រាន់​តែ​ចាប់​លេខ​សិន បើ​ជួយ​វះ​កាត់​បាន​សម្រេច​ខ្ញុំ​សប្បាយ​ចិត្ត​ហ្នឹង សម្រេច​លើ​ពេទ្យ​មិន​ដឹង​គេ​ព្យាបាល​បាន​ឬ​អត់»

ទោះ​ជា​យ៉ាង​ណា ក្រុម​គ្រូ​ពេទ្យ​ផ្នែក​វះ​កាត់ ដែល​មាន​គ្រូ​ពេទ្យ​ឯកទេស​ខ្មែរ សហ​រដ្ឋ​អាមេរិក អូស្ត្រាលី ហ្វីលីពីន កូរ៉េ និង​វៀតណាម សរុប​ទាំង​អស់​ប្រមាណ​ជា ៤០​នាក់ មាន​បេសកកម្ម​តាម​រយៈ​អង្គការ OPERATION SMILE CAMBODIA សុទ្ធ​តែ​មាន​គោល​ដៅ​ច្បាស់​លាស់ សម្រាប់​បេសកកម្ម​របស់​ពួក​គេ ដើម្បី​ជា​ការ​រួម​ចំហែក​ជួយ​ឲ្យ​ជីវិត​របស់​កុមារ និង​ពលរដ្ឋ​មាន​ភាព​ប្រសើរ​ឡើង​វិញ។

គ្រូ​ពេទ្យ​វះ​កាត់​ផ្នែក​ជួស​ជុល​ពិការភាព​នៃ​អង្គការ OPERATION SMILE CAMBODIA លោក​វេជ្ជ. នូ សារ៉ុម មាន​ប្រសាសន៍​ដូច្នេះ ៖ «គ្រូ​ពេទ្យ​ដែល​មក​ជួប​ជុំ​គ្នា​នេះ គឺ​ជា​ការ​វះ​កាត់​ដ៏​ធំ​មួយ​ទៀត ហើយ​ការ​វះ​កាត់​នេះ​សំខាន់​ទៅ​លើ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​ទៅ​លើ​ក្មេង​ដែល​មាន​ពិការភាព ហើយ​គេ​សំដៅ​ទៅ​លើ​ក្មេង​ដែល​ឆែប​មាត់ ឆែប​ក្រអូម​មាត់ ហើយ​អ្នក​ទាំង​អស់​គ្នា​ហ្នឹង និង​មាន​ការ​បាត់​បង់​ពលកម្ម បាត់​បង់​ការ​ទំនាក់​ទំនង ឬ​ក៏​បាត់​បង់​សាលា​រៀន​បន្ទាប់​ពី​ធំ​ទៅ»

នាយក​គ្រប់គ្រង​កម្មវិធី​នៃ​អង្គការ OPERATION SMILE CAMBODIA លោក​វេជ្ជ. ម៉ុក ធាវី មាន​ប្រសាសន៍​ថា កម្មវិធី​វះ​កាត់​នេះ ជា​លើក​ទី​១១​ហើយ សម្រាប់​ទី​ក្រុង​ភ្នំពេញ ដោយ​មាន​ការ​ជួយ​គាំទ្រ​ពី​សហ​រដ្ឋ​អាមេរិក និង​កិច្ច​សហការ​ពី​ក្រសួង​សុខាភិបាល​កម្ពុជា ក្នុង​បំណង​លើក​ស្ទួយ​សុខភាព​ប្រជា​ពលរដ្ឋ។ លោក​ថា បេសកកម្ម​លើក​នេះ មាន​រយៈ​ពេល​៥​ថ្ងៃ ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ដល់​ថ្ងៃ​ទី​១ ខែ​សីហា​នេះ គឺ​ក្រុម​គ្រូ​ពេទ្យ​មាន​គម្រោង​ជួយ​ទាំង​មនុស្ស​ចាស់ និង​កុមារ​ប្រមាណ​ជា​១២០ ទៅ​១៣០​នាក់។

លោក​វេជ្ជ. ម៉ុក ធាវី មាន​ប្រសាសន៍ ៖ «អង្គការ OPERATION SMILE មាន​ការ​គាំទ្រ​ធំ​នៅ​សហ​រដ្ឋ​អាមេរិក ដែល​បញ្ជូន​សម្ភារៈ​បរិក្ខារ​ពេទ្យ និង​ក្រុម​ស្ម័គ្រ​ពី​សហ​រដ្ឋ​អាមេរិក ហើយ​យើង​មាន​៥៤​ប្រទេស​នៅ​លើ​សកល​លោក ដែល​ជួយ​ការ​ងារ​ស្ម័គ្រ​ចិត្ត និង​ការ​ឧបត្ថម្ភ​របស់​សប្បុរស​ជន​ក្នុង​ស្រុក​ទាំង​អស់ ដែល​បាន​ជួយ​ឧបត្ថម្ភ​អង្គការ OPERATION SMILE តាំង​ពី​ឆ្នាំ​២០០២​មក»

អង្គការ OPERATION SMILE CAMBODIA តាំង​ពី​ឆ្នាំ២០០២ មក បាន​ធ្វើ​ការ​វះ​កាត់​ដល់​ពលរដ្ឋ​កម្ពុជា​នៅ​ទូទាំង​ខេត្ត​ក្រុង​ចំនួន​១៩​លើក មាន​ប្រមាណ​ជាង​២​ពាន់​នាក់​ទទួល​បាន​ការ​វះ​កាត់​ដោយ​ជោគ​ជ័យ។ អង្គការ​នេះ​មាន​គម្រោង​ចុះ​ពិនិត្យ និង​វះ​កាត់​ដល់​កុមារ​ឆែប​មាត់​បន្ត​ទៀត នៅ​ខេត្ត​ក្រចេះ ក្នុង​ខែ​វិច្ឆិកា និង​ខេត្ត​សៀមរាប ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១០​នេះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល