ប្រតិកម្ម​ជុំវិញ​ការ​បោះ​តម្រុយ​បង្គោល​ព្រំដែន​​នៅ​តាកែវ

ក្រុម​អ្នក​ឃ្លាំ​មើល​បញ្ហា​ព្រំដែន​របស់​ប្រទេស​កម្ពុជា​នៅ​ឯ​នាយ​សមុទ្រ បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​តាម​រយៈ​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន ទៅ​នឹង​ការ​បោះ​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​ក្នុង​ភូមិ​អញ្ចាញ ខេត្ត​តាកែវ ថា​បាន​ធ្វើ​ឲ្យ​បាត់​បង់​ទឹក​ដី​ខ្មែរ។
ដោយ តាំង សារ៉ាដា
2010-05-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បង្គោល​តម្រុយ​កំណត់​ព្រំដែន​កម្ពុជា​-​វៀតណាម លេខ​២៧០ នៅ​ភូមិ​អញ្ចាញ ឃុំ​ជ័យជោគ ស្រុក​បុរីជលសា ខេត្ត​តាកែវ ដែល​អ្នក​ស្រុក​អះអាង​ថា បោះ​នៅ​លើ​ដី​ស្រែ​ពួក​គាត់។
បង្គោល​តម្រុយ​កំណត់​ព្រំដែន​កម្ពុជា​-​វៀតណាម លេខ​២៧០ នៅ​ភូមិ​អញ្ចាញ ឃុំ​ជ័យជោគ ស្រុក​បុរីជលសា ខេត្ត​តាកែវ ដែល​អ្នក​ស្រុក​អះអាង​ថា បោះ​នៅ​លើ​ដី​ស្រែ​ពួក​គាត់។
រូបថត​ផ្ដល់​ដោយ​ក្រុម​អ្នក​បច្ចេកទេស​ខណ្ឌ​សីមា​បង្គោល​ព្រំដែន​គោក​កម្ពុជា​ទី​៤

ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ន័រវ៉េ កាល​ពី​ថ្ងៃ​ពុធ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ប្រើ​ប្រព័ន្ធ GPS ក្នុង​ការ​វាស់​កំណត់​ព្រំដែន​របស់​ខ្លួន ដើម្បី​ការពារ​កុំ​ឲ្យ​បាត់​ទឹក​ដី​របស់​ខ្លួន​ទៅ​ប្រទេស​វៀតណាម។

ការ​ជំរុញ​របស់​ក្រុម​នេះ​បាន​ធ្វើ​ឡើង នៅ​បន្ទាប់​ពី​មាន​ការ​បោះ​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​ក្នុង​ស្រុក​បុរីជលសា ខេត្ត​តាកែវ ដែល​ពលរដ្ឋ​ខ្មែរ​នៅ​ទី​នោះ​អះអាង​ថា តម្រុយ​បង្គោល​ព្រំដែន​បាន​បោះ​នៅ​លើ​ដី​ស្រែ​របស់​ពួក​គាត់ ហើយ​ធ្វើ​ឲ្យ​បាត់​បង់​ដែន​ដី​របស់​កម្ពុជា​ប្រមាណ ១៦២​ម៉ែត្រ​ចូល​ក្នុង​ទឹក​ដី​វៀតណាម។

អគ្គលេខាធិការ​នៃ​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក អៀ ចាន់ណា បាន​ថ្លែង​តាម​ទូរស័ព្ទ​ពី​ប្រទេស​ន័រវ៉េ កាល​ពី​ថ្ងៃ​ពុធ ថា ការ​បោះ​តម្រុយ​បង្គោល​ព្រំដែន​នោះ​ត្រូវ​ធ្វើ​ឡើង​ឲ្យ​ស្រប​ទៅ​នឹង​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ។ លោក​បាន​ផ្ដល់​អនុសាសន៍​ដល់​រដ្ឋាភិបាល​ខ្មែរ​ថា កម្ពុជា​ត្រូវ​យក​ផែនទី​របស់​ខ្លួន ដែល​ដាក់​តម្កល់​នៅ​ក្នុង​តុលាការ​អន្តរជាតិ​មក​ផ្ទៀងផ្ទាត់ ដើម្បី​ធ្វើ​ការ​លើ​បញ្ហា​ព្រំដែន និង​ដើម្បី​ធានា​ឲ្យ​បាន​ច្បាស់​ថា ទឹក​ដី​របស់​កម្ពុជា​សូម្បី ១​មិល្លីម៉ែត្រ​មិន​ត្រូវ​បាត់​បង់​ទៅ​ឲ្យ​ប្រទេស​វៀតណាម​ឡើយ។

លោក អៀ ចាន់ណា បាន​បញ្ជាក់​ថា ៖ «គឺ​ត្រូវតែ​អនុញ្ញាត​ឲ្យ​មន្ត្រី​សង្គម​ស៊ីវិល គណបក្ស​ប្រឆាំង និង​ជា​ពិសេស​ប្រើប្រាស់​ប្រព័ន្ធ GPS ដែល​បង្ហាញ​យ៉ាង​ជាក់​ច្បាស់ ពីព្រោះ​សព្វ​ថ្ងៃ​នេះ​វា​អត់​ចាំបាច់​ធ្វើ​ការងារ​ដូច​កាល​ពី​សម័យ​បូរាណ ដែល​រាវ​រក ឬ​ក៏​វាស់វែង​ដោយ​ប្រើ​ម៉ែត្រ​នោះ​ទេ។ គេ​ប្រើ​តែ​ប្រព័ន្ធ GPS ដែល​មាន​លក្ខណៈ​ទំនើប ហើយ​បង្ហាញ​យ៉ាង​ជាក់​ច្បាស់​ដោយ​អសុក្រិតភាព​ទៀត​នោះ ហើយ​បង្ហាញ​ទៅ​ដល់​មតិ​មហាជន​យ៉ាង​ច្បាស់​ថា ការ​ធ្វើ​ធានា​ឲ្យ​ច្បាស់​ថា ការ​បោះ​បង្គោល​នេះ​ពិត​ជា​មិន​បាត់​បង់​ទឹក​ដី​ខ្មែរ​ទេ។ រដ្ឋាភិបាល​ត្រូវតែ​យក​ផល​ប្រយោជន៍​ជាតិ​ជា​ធំ ហើយ​ត្រូវតែ​យក​មតិ​រាស្ត្រ និង​គោរព​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ឲ្យ​បាន​ត្រឹមត្រូវ។ យក​ផែនទី​ដែល​មាន​តម្កល់​ស្រាប់​នៅ​ក្នុង​អង្គការ​សហ​ប្រជាជាតិ យក​មក​ធ្វើ​ការ​ទៅ យើង​នឹង​ធ្វើ​ការ​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ​ហើយ!»

ទាក់ទិន​នឹង​បញ្ហា​ព្រំដែន​នេះ លោក វ៉ា គឹមហុង ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អង្គារ​ថា លោក​នៅ​ពុំ​ទាន់​ទទួល​របាយការណ៍​អំពី​បញ្ហា​ខាង​លើ​នោះ​នៅ​ឡើយ​ទេ។ នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ វិទ្យុ​អាស៊ី​សេរី​បាន​ព្យាយាម​តាម​ទូរស័ព្ទ​សុំ​ការ​បំភ្លឺ​ពី​លោក វ៉ា គឹមហុង ម្ដង​ទៀត ប៉ុន្តែ​ទូរស័ព្ទ​របស់​លោក​រោទ៍ តែ​មិន​មាន​អ្នក​លើក។

ប៉ុន្តែ​លោក លោក ស៊ឹន សុធានី ប្រធាន​ប្រធាន​ក្រុម​ខណ្ឌ​សីមា​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា​ទី​៤ បាន​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ពុធ ថា ការ​អះអាង​របស់​ប្រជា​ពលរដ្ឋ​ដែល​ថា អាជ្ញាធរ​វៀតណាម​បង្ខិត​បង្គោល​តម្រុយ​ព្រំដែន​របស់​ខ្លួន​ចូល​ទឹក​ដី​កម្ពុជា​នោះ ជា​ការ​មិន​ពិត ប៉ុន្តែ​លោក​បាន​ទទួល​ស្គាល់​ថា មាន​តម្រុយ​បង្គោល​ឈើ​លេខ​២៧០ ជា​តម្រុយ​បង្គោល​ព្រំដែន​បណ្ដោះ​អាសន្ន។

លោក ស៊ឹន សុធានី បាន​អះអាង​ថា ៖ «បញ្ហា​ដែល​ប្រជាជន​ផ្អើល​នោះ ខ្ញុំ​បាន​សួរ​ផ្ទាល់​ចំពោះ​លោក ឃឹម ប៉ាក។ សួរ​ចុះ​សួរ​ឡើង​ទៅ​គាត់​អត់​មាន​ដី​ទាក់ទង​នឹង​កន្លែង​ហ្នឹង​ទេ! ដី​របស់​គាត់​មាន​ប្រវែង​ពីរ​បី​រយ​ម៉ែត្រ ប្រហែល​ឆ្ងាយ​ដែរ! គាត់​គ្រាន់តែ​ឃើញ​បង្គោល គាត់​តម្រង់​ខ្លួន គាត់​ថា​បាត់​ដី​ស្រែ អ៊ីចឹង​គាត់​ផ្អើល​ឆោឡោ។ ហើយ​ចំណុច​មួយ​ទៀត​ដែល​ថា ដក​បង្គោល​ឈើ​មាន​ទង់​ជាតិ​វៀតណាម​ហ្នឹង តាម​ពិត​គឺ​អត់​មាន​ទេ។ អត់​មាន​ទង់​ជាតិ​វៀតណាម អត់​មាន​អី​ផង ក៏​ប៉ុន្តែ​គ្រាន់តែ​ជា​បង្គោល​តម្រុយ​ឈើ និង​មាន​សរសេរ លេខ ២៧០ តែ​ប៉ុណ្ណឹង​ទេ គឺ​លេខ​ទីតាំង​បង្គោល​ព្រំដែន​បណ្ដោះ​អាសន្ន មិន​មែន​ជា​បង្គោល​ថ្ម​ទេ យើង​អត់​ទាន់​ធ្វើ​បង្គោល​ថ្ម ហើយ​ខ្ញុំ​សូម​ជម្រាប​ថា ការ​អនុវត្ត​លើ​ដី មិន​មែន​ដូច​គាត់​ថា សុទ្ធតែ​វៀតណាម​ទេ​ណា៎! ម្សិលមិញ​គាត់​ឈរ​មើល​ពី​ចម្ងាយ គាត់​ថា​សុទ្ធតែ​វៀតណាម តាម​ពិត​វៀតណាម​ពាក់​កណ្ដាល ខ្មែរ​ពាក់​កណ្ដាល»

ក្រុម​អ្នក​វិភាគ​និយាយ​ថា បញ្ហា​ព្រំដែន​ខាង​កើត​របស់​ប្រទេស​កម្ពុជា​ជា​ចំណុច​ដ៏​រសើប​សម្រាប់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្ក្រាប​យ៉ាង​ខ្លាំង​ដល់​ក្រុម​សកម្មជន​ដែល​ហ៊ាន​ប្រឆាំង​ជំទាស់​នឹង​សន្ធិសញ្ញា​បំពេញ​បន្ថែម​លើ​សន្ធិសញ្ញា​ព្រំដែន​គោក​រវាង​កម្ពុជា​និង​វៀតណាម ក្នុង​ឆ្នាំ​១៩៨៥ ដែល​គេ​ចាត់​ទុក​ថា​ជា​សន្ធិសញ្ញា​ខុស​ច្បាប់ ហើយ​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ឲ្យ​សន្ធិសញ្ញា​នោះ​ទៅ​ជា​សន្ធិសញ្ញា​ស្រប​ច្បាប់​វិញ នៅ​ឆ្នាំ​២០០៥។ ក្រុម​អ្នក​តវ៉ា​និយាយ​ថា សន្ធិសញ្ញា​នោះ​ធ្វើ​ឲ្យ​បាត់​បង់​ដែន​ដី​គោក​របស់​កម្ពុជា ចាប់​ពី​ខេត្ត​កំពត រហូត​ដល់​តំបន់​កន្ទុយ​នាគ ខេត្ត​រតនគិរី។

ក្រុម​អ្នក​ឃ្លាំ​មើល​និយាយ​ថា ទាក់ទិន​នឹង​ការ​តវ៉ា​សន្ធិសញ្ញា​បំពេញ​បន្ថែម​នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ចាប់​សកម្មជន​មួយ​ចំនួន​ដាក់​ពន្ធនាគារ មួយ​ចំនួន​ភៀស​ខ្លួន​ចេញ​ក្រៅ​ប្រទេស។ លោក ហ៊ុន សែន ក៏​បាន​គំរាម​រំលាយ​របប​រាជា​និយម​ផង​ដែរ ប្រសិន​បើ​ព្រះ​មហាក្សត្រ​មិន​ព្រម​ឡាយ​ព្រះហស្តលេខា​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​នោះ។

លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា ៖ «ខ្ញុំ​និយាយ​ជាមួយ​សម្ដេច​ក្រុម​ព្រះ​ហើយ ខ្ញុំ​ថា ព្រះ​អង្គ​និយាយ​ប្រាប់​ឯកឧត្ដម ស៊ុន ចាន់ថុល, កុល ផេង, អ៊ឹង កន្ថាផាវី, ស៊ីសុវត្តិ ប៉ាន់ណារ៉ា លើ​យន្ត​ហោះ ហើយ​ខ្ញុំ​បាន​ប្រាប់​សម្ដេច​ក្រុម​ព្រះ​ពេល​ជួប​តាម​ទូរស័ព្ទ ខ្ញុំ​ថា ព្រះអង្គ​បើ​រឿង​នេះ​វា​ពិបាក​ស៊ីញ៉េ ត្រូវតែ​ពិនិត្យ​ឡើង​វិញ​ថា យើង​គួរ​ទុក​រាជា​និយម ឬ​ធ្វើ​ជា​សាធារណ​រដ្ឋ ឲ្យ​វា​មាន​ប្រធានាធិបតី​តែម្ដង ឬ​យ៉ាង​ហោច​ណាស់​ដាក់​បញ្ចូល​ក្នុង​រដ្ឋ​ធម្មនុញ្ញ​នូវ​មាត្រា​ណា​មួយ តែ​កាល​ណា​ដាក់​ទៅ​ក្នុង​រង្វង់​ប៉ុន្មាន​ថ្ងៃ ត្រូវ​ចុះ​ហត្ថលេខា ឬ​ឡាយ​ព្រះហស្តលេខា ហើយ​បើ​មិន​ឡាយ​ព្រះហស្តលេខា​ទេ គឺ​នឹង​ចូល​ជា​ធរមាន»

កាល​ពី​ខែ​មករា ឆ្នាំ​២០០៩ តុលាការ​ខែត្រ​ស្វាយរៀង​បាន​កាត់​ទោស​ប្រជា​ពលរដ្ឋ​ខ្មែរ ២​នាក់​ឲ្យ​ជាប់​គុក​រយៈ​ពេល ២​ឆ្នាំ ពី​បទ​បំផ្លាញ​សម្បត្តិ​សាធារណៈ ដោយសារ​ពួក​គេ​បាន​ចូលរួម​ជាមួយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ជំទាស់​ចុះ​ដក​បង្គោល​តម្រុយ​ព្រំដែន ដែល​អ្នក​ភូមិ​នៅ​ទី​នោះ​អះអាង​ថា​បាន​បោះ​នៅ​លើ​ដី​ស្រែ​របស់​ពួក​គាត់។ តុលាការ​ខេត្ត​ស្វាយរៀង​ក៏​បាន​កាត់​ទោស​លោក សម រង្ស៊ី កំបាំង​មុខ​ឲ្យ​ជាប់​គុក​រយៈ​ពេល ២​ឆ្នាំ​ផង​ដែរ ខណៈ​លោក សម រង្ស៊ី កំពុង​រស់​នៅ​និរទេស​ក្នុង​ប្រទេស​បារាំង៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល