របាយការណ៍របស់ក្រសួងមហាផ្ទៃ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ទី៧ ខែធ្នូ បានឲ្យដឹងថា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០១០នេះ មនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍សរុបទាំងអស់មាន ១.៥៤៥នាក់ អ្នករងរបួសធ្ងន់មាន ៤.៦៤៥នាក់ និងរបួសស្រាលមាន ៤.១៦៥នាក់។
របាយការណ៍ដដែលបន្តថា ៤៥% នៃគ្រោះថ្នាក់ចរាចរណ៍គឺបណ្ដាលមកពីបើកបរហួសល្បឿនកំណត់ ១៦% មានការធ្វេសប្រហែស ១១% ដោយសារអ្នកបើកបរស្រវឹង ហើយបន្ថែមពីហ្នឹងគឺការបើកបរបញ្ច្រាសទិស មិនផ្ដល់អាទិភាពដល់អ្នកដែលត្រូវបើកចេញទៅមុន និងមិនគោរពអ្នកបើកបរដូចគ្នាជាដើម។
លោក ព្រាប ចាន់វិបុល ប្រធាននាយកដ្ឋានផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ប្រទេសកម្ពុជា មានអត្រាមនុស្សស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ជាងគេបំផុតនៅក្នុងទ្វីបអាស៊ី៕