នៅចុងខែមីនាកន្លងមកនេះ មេដឹកនាំធំៗរបបជ័យជំនះ១៧មេសា ត្រូវសាលាក្តីខ្មែរក្រហមបានចាប់ផ្តើមរៀបចំកាត់ទោសដើម្បីរកយុត្តិធម៌ដល់អ្នកស្លាប់ពីអតីតកាល។
«នៅថ្ងៃ១៧មេសា១៩៧៥នោះមក បក្សកុម្មុយនីស្តកម្ពុជាដឹកនាំបដិវត្តន៍សង្គមនិយមនិងការកសាងសង្គមនិយមតទៅទៀតដោយផ្តាច់មុខដាច់ខាតនិងគ្រប់ផ្នែក»។ នេះជាចម្លើយរបស់អតីតមេគុកទួលស្លែង ឌុច នៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា គ្រាដែលកំពុងធ្វើសវនាការកាត់ក្តីពីករណីប្រព្រឹត្តឧក្រិដ្ឋកម្មដែលបានផ្តើមកាលពី៣៤ឆ្នាំមុន គ្រាដែលក្រុមខ្មែរក្រហមបានចូលកាន់កាប់ប្រទេសកម្ពុជា។
រំឭកព្រឹត្តិការណ៍ជំនាន់នោះ គឺនៅវេលាម៉ោង៩កន្លះព្រឹក ថ្ងៃទី១៧មេសា កងទាហានស្លៀកខោអាវខ្មៅបានដើរប្រសាចពាសពេញទីក្រុង នៅគ្រាដែលក្រុមទាហានរបបសាធារណរដ្ឋខ្មែរលោក លន់ នល់ បានលើកទង់ជ័យសនៅគ្រប់កន្លែង។ ក្រុមទាហានខ្មែរក្រហមបានបញ្ជូនគ្នាចូលត្រួតត្រាគ្រប់កន្លែង ហើយចាប់ពីថ្ងៃទី១៧ មេសានោះមក របបកម្ពុជាប្រជាធិបតេយ្យបានបង្កើតឡើង។
ឌុច បានថ្លែងថា ចាប់តាំងពីថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ នោះមក មេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យបានចាប់អនុវត្តផែនការដែលបានធ្វើឲ្យមនុស្សស្លាប់ពិតប្រាកដនោះមែន។
ឌុច បានបន្ទោសទៅលើការដឹកនាំរបស់ប៉ុលពតដែលជាអគ្គលេខាបក្សដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ ៖ «ក្រោយ១៧ មេសា ១៩៧៥ ប៉ុល ពត កើតចិត្តភ្លើតភ្លើនខ្លាំងណាស់ បានលើកមាគ៌ាដែលប៉ះពាល់ដល់អាយុជីវិតមនុស្ស។ នេះមកពីប៉ុលពតគាត់មានសព្វមានគ្រប់»។
សវនាការកាត់ទោសនេះ គឺជាលើកទីមួយហើយដែលមនុស្សជាច្រើនតែងសង្ឃឹមថា អ្នកប្រព្រឹត្តអំពើឧក្រិដ្ឋក្នុងរបបខ្មែរក្រហមតាំងពីថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ នោះ ត្រូវតែទទួលផលនូវអំពើដែលពួកគេបានប្រព្រឹត្តកន្លងមក។
អតីតជនរងគ្រោះក្នុងរបបខ្មែរក្រហម លោក ប្រាក់ ណាលី វិស្វករសំណង់ជំនាន់ទី២ បានថ្លែងថា លោកទើបបានស្ងប់ចិត្តនៅពេលដែលបានឮសម្តីសារភាពរបស់ ឌុច ទទួលកំហុស។
ទោះយ៉ាងណាក្តី លោកថ្លែងថា ស្រមោលអតីតកាលដែលមានក្រុមទាហានស្លៀកខោអាវខ្មៅ បានបណ្តេញមនុស្សចេញពីភ្នំពេញ កាលពីថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ គឺនៅតែស្ថិតក្នុងអារម្មណ៍ជានិច្ច។
នៅថ្ងៃទី១៧ មេសា វេលា៣៤ឆ្នាំមុននោះ លោក ប្រាក់ ណាលី គឺជាយុវជនទើបតែអាយុ២២ឆ្នាំ រស់នៅភូមិចុងខ្សាច់ សង្កាត់លេខ១ ក្រុងភ្នំពេញ ៖ «ដំបូងបំផុត យើងហាក់ដូចជាសប្បាយណាស់ ព្រោះយើងនឹកឃើញថា ស្រុកយើងចប់សង្គ្រាមទៅហើយ តែក្រោយមក ក៏មានពួកស្លៀកខោអាវខ្មៅ បានដើរប្រកាសដាក់មេក្រូសុំឲ្យយើងដកថយចេញពីភ្នំពេញក្នុងរយៈពេល៣ថ្ងៃ ដោយខ្លាចអាមេរិកាំងទម្លាក់គ្រាប់បែក»។
តែប្រមាណមួយម៉ោងក្រោយការប្រកាសរបស់ទាហានខ្មែរក្រហម វិថីនានាក្នុងក្រុងភ្នំពេញបានកកកុញទៅដោយមនុស្សប្រជ្រៀតគ្នាចាកចេញពីទីលំនៅ។
តាមផ្លូវចាកចេញតាមគីឡូលេខ៦ តាមព្រែកព្នៅ គេប្រទះមនុស្សជាច្រើនស្លាប់ដោយសារគេសម្លាប់នឹងគ្រាប់កាំភ្លើង ខ្លះស្លាប់ដេកស្តូកស្តឹងនៅតាមវាលជាប់នឹងថ្នល់និងខ្លះស្លាប់នៅពីមុខផ្ទះ សាកសពមួយចំនួនទៀត ត្រូវគេប្រទះឃើញស្លាប់នៅក្នុងអណ្តូងទឹក។
លោក ប្រាក់ ណាលី បានថ្លែងថា កិច្ចសន្យា៣ថ្ងៃរបស់ទាហានខ្មែរក្រហមមិនដែលបានក្លាយជាការពិតនោះឡើយ។ ក្រុមគ្រួសារលោកត្រូវគេជម្លៀសទីបំផុតមកនៅក្នុងភូមិមួយកណ្តាលព្រៃភ្នំ ឈ្មោះភូមិអារក្សត្នោត សង្កាត់អារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ នៅទីនោះ ក៏មានករណីសម្លាប់មនុស្សផងដែរ។ លោកបានរំឭកព្រឹត្តិការណ៍ខ្លះ ដែលជាប់ទាក់ទងនឹងការដែលគេយកមនុស្សទៅសម្លាប់។
លោក ប្រាក់ ណាលី មានប្រសាសន៍ដូច្នេះថា ៖ «បងប្អូនយើងថ្មីសុទ្ធ គាត់អត់សូវដឹងទេ។ ពួកវាចាក់មេក្រូគ្រប់ទិសទាំងអស់ ទោះបីគេវាយដំយ៉ាងម៉េចក៏យើងអត់ដឹងដែរ ព្រោះវាថ្លង់សំឡេង។ ពេលដែលបងប្អូនយើងឡើង ទៅលើឡាន គេក៏ចាប់ចង ហើយដាក់ចុះបណ្តើរទៅ គេឲ្យចូលទៅម្តងមួយៗ គេក៏វាយទម្លាក់រណ្តៅ ហើយទម្លាក់ចូលអណ្ដូងតែម្ដង»។
លោក ប្រាក់ ណាលី បានថ្លែងថា ក្នុងជំនាន់របបខ្មែរក្រហម លោកមានបងប្អូនស្លាប់អស់ចំនួន៦នាក់។ របបខ្មែរក្រហម នៅថ្ងៃទៅ៧មករា ឆ្នាំ១៩៧៩ ក៏បានដួលរំលំ។ រហូតដល់ចុងខែមីនា ឆ្នាំ២០០៩ តុលាការដែលបង្កើតចម្រុះរវាងរដ្ឋាភិបាលជាមួយនឹងអង្គការសហប្រជាជាតិ បានយកមេធំៗនៃរបបទទួលខុសត្រូវនេះយកមកកាត់ទោស។
លោក ប្រាក់ ណាលី ថ្លែងថា លោកមានអារម្មណ៍ស្ងប់ចិត្តបន្តិច ក្រោយការសារភាពរបស់ ឌុច អតីតមន្ត្រីជាន់ខ្ពស់របបខ្មែរក្រហម។
អតីតមេគុកទួលស្លែង ឌុច បានថ្លែងសារភាពថា របបគ្រប់គ្រងកាលពី៣៤ឆ្នាំមុន ពិតជាបានធ្វើឲ្យមនុស្សស្លាប់និងរងគ្រោះពិតមែន ៖ «ឧក្រិដ្ឋកម្មជំនាន់នោះធំធេងណាស់។ ការបាត់បង់អាយុជីវិតមានទៅដល់ជាង ១លាននាក់។ ដោយខ្ញុំជាបក្ខជនមួយរូបរបស់បក្សកុម្មុយនីស្តកម្ពុជា ខ្ញុំទទួលស្គាល់ថា ខ្ញុំពិតជាមានតួនាទីទទួលខុសត្រូវខាងផ្លូវចិត្ត...»។
ឌុច បានឆ្លើយបន្ទោសម្តងទៀតថា ការដែលនាំឲ្យមនុស្សស្លាប់គឺដោយសារតែការដឹកនាំរបស់មេដឹកនាំកំពូលខ្មែរក្រហមឈ្មោះ សាឡុត ស ហៅ ប៉ុល ពត។ ប៉ុល ពត បានបាត់បង់ជីវិតក្នុងអាយុ៧៣ឆ្នាំកាលពីថ្ងៃ១៥មេសា ឆ្នាំ១៩៩៨ នៅអតីតភូមិខ្មែរក្រហមអន្លង់វែង ខេត្តឧត្តរមានជ័យ។
ប៉ុល ពត កាលមានជីវិតរស់នៅ បានប្រាប់អ្នកកាសែតដែលបានជួបសម្ភាសន៍ថា គាត់បានដឹងថា មានការសម្លាប់មនុស្សមែន ប៉ុន្តែគាត់បានអះអាងថា អំពើទាំងប៉ុន្មានដែលគាត់បានធ្វើគឺដើម្បីបុព្វហេតុការពារកម្ពុជា ដោយគាត់បានចោទថា នៅពេលនោះវៀតណាមកំពុងតែប៉ុនប៉ងលេបយកទឹកដីកម្ពុជា។
ទោះជាមានការបកស្រាយយ៉ាងណាក្តី សាច់ញាតិរបស់ ប៉ុល ពត មិនបានកាន់ជើងគាត់ឡើយ។
យុវជនឈ្មោះ សយ ឃោសាកា អាយុ ៣៤ឆ្នាំ ដែលត្រូវជាចៅរបស់ ប៉ុល ពត បានថ្លែងថា ៖ «ក្នុងនាមខ្ញុំជាសាច់ញាតិមួយរូបរបស់គាត់ ខ្ញុំមិនបានគិតថា គាត់ជាមនុស្សដែលធ្វើត្រូវនោះទេ ហើយរហូតមកដល់ឥឡូវនេះទៀត រដ្ឋាភិបាលបានបង្កើតឡើងនូវតុលាការមួយដែលជាតុលាការអព្យាក្រឹត ហើយនិងមានការចូលរួមពីអង្គការអន្តរជាតិទៀតផងនោះ»។
សយ ឃោសាកា ដែលទើបបានវិលត្រឡប់ពីសហរដ្ឋអាមេរិក ក្រោយការបំពេញសិក្សានៅសកលវិទ្យាល័យមួយនៅក្នុងរដ្ឋ Iowa បានថ្លែងថា លោកមានការសោកស្តាយណាស់ដែល ប៉ុល ពត បានប្រព្រឹត្តអំពើសម្លាប់មនុស្ស។
លោកមិនសង្ឃឹមថា ប្រជារាស្ត្រខ្មែរទូទៅនឹងមិនអត់ឱនដល់អំពើរបស់ជីតាលោកនោះទេ ប៉ុន្តែលោកថា ការកាត់ទោសដល់អតីតមេដឹកនាំនិងអ្នកទទួលខុសត្រូវរបបខ្មែរក្រហមដែលសាលាក្តីបាននិងកំពុងតែធ្វើមកនេះ នឹងអាចនាំឲ្យអារម្មណ៍មនុស្សខឹងសម្បា ប៉ុល ពត បានស្ងប់ចិត្តខ្លះប៉ុណ្ណោះ នឹងព្យាយាមបំភ្លេចនូវរឿងនានាពីអតីតកាលចោល៕