មនុស្ស​២​នាក់​នៅ​បាត់ដំបង​ត្រូវ​ចាប់​ខ្លួន​ពី​បទ​ជួញដូរ​គ្រឿង​ញៀន

អាជ្ញាធរ​ប៉ូលិស​បាន​ចាប់​មនុស្ស​២​នាក់​ដែល​បាន​ធ្វើ​សកម្មភាព​ចែកចាយ​ថ្នាំ​ញៀន នៅ​ក្នុង​ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង។
ដោយ សុផល មុន្នី
2008.08.31

លោក​វរសេនីយ៍​ត្រី គិត ហៀង អធិការ​នគរបាល​ស្រុក​មោងឫស្សី បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​អាទិត្យ ទី​៣១ សីហា ថា ថ្នាំ​ញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន​៨២​គ្រាប់ និង​យ៉ាម៉ា​ទឹកកក​២​កញ្ចប់ ត្រូវ​បាន​កម្លាំង​នគរបាល ស្រុក​មោងឫស្សី ចាប់​បាន​ពី​មនុស្ស​ពីរ​នាក់​ដែល​បាន​ធ្វើ​សកម្មភាព​ចែកចាយ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៣០ សីហា ឆ្នាំ​២០០៨។

លោក​វរសេនីយ៍​ត្រី គិត ហៀង បាន​ឲ្យ​ដឹង​ថា ៖ «ពីរ​នាក់​ហ្នឹង​កំពុងតែ​ចែកចាយ។ យើង​ចាប់​ក្នុង​ករណី​ជាក់ស្តែង ព្រោះ​អា​ថ្នាំ​ម៉ា​ហ្នឹង​វា​៨២​គ្រាប់​នៅ​ជាប់​នឹង​ខ្លួន និង​មាន​អា​ម៉ា​ទឹកកក​ពីរ​កញ្ចប់​ទៀត។ វា​ចែក​ពីរ​ដង ហើយ​លើក​ទី​២​នេះ​យើង​ចាប់​បាន»

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មនុស្ស​ទាំង​ពីរ​នាក់​ដែល​រង​ការចោទ​ពី​ការចែកចាយ​គ្រឿង​ញៀន​នោះ​មាន​ឈ្មោះ សាត ណែត ភេទ​ប្រុស អាយុ​២២​ឆ្នាំ និង​ឈ្មោះ ហន ឆៃយ៉ា ភេទ​ស្រី អាយុ​២២​ឆ្នាំ ស្នាក់​នៅ​បណ្តោះអាសន្ន​នៅ​ភូមិ​មោង ឃុំ​មោង ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង។

លោក​វរសេនីយ៍​ត្រី គិត ហៀង អធិការ​នគរបាល​ស្រុក​មោងឫស្សី​បាន​ថ្លែង​ថា អ្នក​ចែកចាយ​គ្រឿង​ញៀន​ទាំង​ពីរ​នាក់​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​នេះ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​គ្រឿង​ញៀន​នេះ កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ លោក សំ កន នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ត្រាង​បាន​ថ្លែង​ថា នៅ​ឯ​ស្រុក​កំរៀង​ជាប់​ព្រំដែន​ថៃ​ក៏​មាន​ក្រុម​ក្មេង​ស្ទាវ​ធ្វើ​សកម្មភាព​ជួញដូរ​និង​ប្រើប្រាស់​គ្រឿង​ញៀន​យ៉ាង​ខ្លាំងក្លា​ដែរ។

ថ្លែង​បា្រប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​អាទិត្យ ទី​៣១ សីហា​នេះ លោក​វរសេនីយ៍​ត្រី ឈឹម គឹមហុង បាន​បញ្ជាក់​ថា​សមត្ថកិច្ច​នគរបាល​ក៏​បាន​ចាប់​អ្នក​សេព​គ្រឿង​ញៀន​ម្នាក់​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ​នៅ​ស្រុក​បវេល​ដែរ។

លោក ជា ថូន ស្នងការ​រង​ទទួល​បន្ទុក​បញ្ហា​គ្រឿង​ញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​សកម្មភាព​ចរាចរណ៍​គ្រឿង​ញៀន​នៅ​ក្នុង​ខេត្ត​បាត់ដំបង​ទេ ប៉ុន្តែ​លោក​បញ្ជាក់​ថា​នៅ​ក្នុង​មជ្ឈមណ្ឌល​ស្ដារ​នីតិ​សម្បទា​ជន​រងគ្រោះ​ដោយសារ​គ្រឿង​ញៀន​នៅ​ក្នុង​ខេត្ត​បាត់ដំបង​មាន​ចំនួន​៧៥​នាក់ ក្នុង​នោះ​មាន​ស្រី​បី​នាក់ ភាគ​ច្រើន​គឺ​ជា​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​ក្នុង​ខេត្ត​បាត់ដំបង។

លោក កង សាខន ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​បាន​ថ្លែង​ថា ចរាចរណ៍​គ្រឿង​ញៀន​នៅ​ក្នុង​ខេត្ត​បាត់ដំបង​មិន​មាន​អ្វី​ធ្ងន់ធ្ងរ​ទេ។

លោក កង សាខន បាន​មាន​ប្រសាសន៍​ថា ៖ «យើង​មិន​ទាន់​ឃើញ​មាន​អី​ប្លែក​ខ្លាំង​ទេ គ្រាន់តែ​ជា​បន្ត​បន្ទាប់​ថ្មីៗ​នេះ យើង​បង្រ្កាប​ការ​ចរាចរ​គ្រឿង​ញៀន​តូចៗ​មួយចំនួន។ កន្លង​មក​នេះ​នៅ​ទីរួមខេត្ត​យើង​បាន​ចំនួន​ពីរ​ករណី​ដែល​មាន​ថ្នាំ​ញៀន​រាប់​រយ​គ្រាប់ និង​នៅ​ស្រុក​មោងឫស្សី​មួយ​ករណី​ទៀត»

លោក​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​បាន​បន្ត​ថា ករណី​ចរាចរណ៍​គ្រឿង​ញៀន​កើត​មាន​ឡើង​ជា​បន្ត​បន្ទាប់​គឺ​ដោយសារ​រយៈពេល​កន្លង​មក​កម្លាំង​សមត្ថកិច្ច​បាន​ជាប់​រវល់​ការពារ​ដំណើរការ​បោះ​ឆ្នោត ហើយ​បច្ចុប្បន្ន​នេះ​សមត្ថកិច្ច​កំពុង​តែ​ពង្រឹង​និង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការបង្រ្កាប​ការជួញ​ដូរ​ថ្នាំ​ញៀន៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។