សមាជិក​សភា​ស.រ.អា.​២​រូប​ស្នើ​កុំ​ឲ្យ​លើកលែង​បំណុល​ដែល​​កម្ពុជា​ជំពាក់

សមាជិក​សភា​សហរដ្ឋ​អាមេរិក (ស.រ.អា.) ២​រូប បាន​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​មួយ​ស្នើ​ឲ្យ​សភា​អាមេរិក​កុំ​លើកលែង​បំណុល​ដែល​ប្រទេស​កម្ពុជា​ជំពាក់​សហរដ្ឋ​អាមេរិក ក្នុង​អំឡុង​សង្គ្រាម​ស៊ីវិល​ក្នុង​របប លន់ នល់។

0:00 / 0:00

ការ​ស្នើ​ច្បាប់​នេះ​ឡើង គឺ​គេ​បាន​ចោទ​ថា ប្រទេស​កម្ពុជា​មិន​គោរព​ច្បាប់​អន្តោប្រវេសន៍​អន្តរជាតិ ដោយសារ​តែ​ការ​បញ្ជូន​ជនជាតិ​អ៊ុយហ្គ័រ ២០​នាក់​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ កាល​ពី​ចុង​ឆ្នាំ​២០០៩។

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការ​បរទេស​កម្ពុជា បាន​ថ្លែង​នៅ​ថ្ងៃ​២៥ ឧសភា​នេះ ថា រដ្ឋាភិបាល​នឹង​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​ណា​មួយ​ឡើយ ទាក់ទង​នឹង​សេចក្ដី​ព្រាង​ច្បាប់​របស់​សមាជិក​សភា​អាមេរិក ២​រូប​ដែល​បាន​ស្នើ​ឲ្យ​សភា​អាមេរិក​កុំ​លើកលែង​បំណុល​កម្ពុជា​ជំពាក់​សហរដ្ឋ​អាមេរិក​នោះ។

លោក កុយ កួង អនុ​រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ផង​នោះ មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ៖ «កម្ពុជា​មិន​មាន​ប្រតិកម្ម​អ្វី​ទេ ដោយសារ​នេះ​គឺ​ជា​សិទ្ធិ​របស់​សភា​សហរដ្ឋ​អាមេរិក រីឯ​កម្ពុជា​វិញ​គឺ​ជា​ប្រទេស​ឯករាជ មាន​អធិបតេយ្យ​ពេញលេញ ហើយ​កម្ពុជា​មាន​នយោបាយ​ការ​បរទេស​របស់​ខ្លួន មាន​ច្បាប់​របស់​ខ្លួន។ ដូច្នេះ​កម្ពុជា​ត្រូវតែ​អនុវត្ត​តាម​នយោបាយ​ការ​បរទេស​របស់​ខ្លួន ហើយ​និង​ច្បាប់​របស់​ខ្លួន​ប៉ុណ្ណោះ! ខ្ញុំ​សូម​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ សហរដ្ឋ​អាមេរិក និង​រាជ​រដ្ឋាភិបាល​កម្ពុជា គឺ​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​ទាំង​ពីរ​មិន​មាន​បញ្ហា​អ្វី​ទេ គឺ​មាន​លក្ខណៈ​ជា​ធម្មតា»

ករណី​ដែល​បណ្ដាល​ឲ្យ​សមាជិក​សភា​សហរដ្ឋ​អាមេរិក​ពីរ​រូប​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់ ដើម្បី​ស្នើ​ទៅ​សភា​អនុម័ត​កុំ​លុប​បំណុល ដែល​ប្រទេស​កម្ពុជា​បាន​ជំពាក់​សហរដ្ឋ​អាមេរិក​ក្នុង​សម័យ​សង្គ្រាម​នោះ គឺ​ដោយសារ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០០៩ ប្រទេស​កម្ពុជា​បាន​បញ្ជូន​ជនជាតិ​អ៊ុយហ្គ័រ​ចំនួន ២០​នាក់ ក្នុង​នោះ​មាន​កុមារ ២​នាក់​ផង ឲ្យ​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ។ ការ​បញ្ជូន​ជនជាតិ​អ៊ុយហ្គ័រ​ចំនួន ២០​នាក់​ទៅ​ប្រទេស​ចិន​វិញ​នោះ បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ទទួល​រង​ការ​ថ្កោល​ទោស​ជា​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ កួង មាន​ប្រសាសន៍​ទៀត​ថា ជនជាតិ​អ៊ុយហ្គ័រ​ទាំង ២០​នាក់​នោះ គឺ​បាន​ចូល​មក​ប្រទេស​កម្ពុជា​ដោយ​រំលោភ​ច្បាប់​អន្តោប្រវេសន៍។

លោក កុយ គួង បាន​បញ្ជាក់​ថា ៖ «កម្ពុជា​បាន​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​របស់​ខ្លួន​យ៉ាង​ត្រឹមត្រូវ ហើយ​ដោយសារ​តែ​ជនជាតិ​អ៊ុយហ្គ័រ​ទាំង ២០​រូប​នោះ ដែល​មក​កម្ពុជា​នោះ គឺ​ថា គាត់​ចូល​មក​មិន​មាន​លិខិត​ស្នាម​អ្វី​ទាំង​អស់! ដែល​ហៅ​ថា​ជា​អន្តោប្រវេសន៍​ខុស​ច្បាប់ ដែល​តម្រូវ​ឲ្យ​យើង កម្ពុជា អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​របស់​ខ្លួន»

សមាជិក​សភា​អាមេរិក​ពីរ​រូប គឺ​លោក វីលៀម ដេឡាហាន់ (William Delahunt) និង​លោក ដាណា រ៉ូរ៉ាបាឃើរ៍ (Dana Rohrabacher) បាន​ដាក់​សេចក្តី​ព្រាង​ច្បាប់​របស់​ខ្លួន​ជូន​ទៅ​សភា​អាមេរិក ដើម្បី​ទី​១ ទប់​ស្កាត់​ការ​កាត់​បន្ថយ​បំណុល​ដែល​ប្រទេស​កម្ពុជា​ជំពាក់​សហរដ្ឋ​អាមេរិក​ពី​របប លន់ នល់ និង​ទី​២ ទប់​ស្កាត់​កុំ​ឲ្យ​ប្រទេស​កម្ពុជា​ទទួល​បាន​ការ​លើកលែង​ពន្ធ​ពី​ការ​នាំ​សម្លៀក​បំពាក់​ចូល​សហរដ្ឋ​អាមេរិក។ កាល​ពី​ឆ្នាំ​២០០៨ គេ​បាន​វាយ​តម្លៃ​ថា ប្រទេស​កម្ពុជា​បាន​ជំពាក់​បំណុល​សហរដ្ឋ​អាមេរិក​ទាំង​ការ​ទាំង​ដើម​ចំនួន ៣៣៩​លាន​ដុល្លារ​អាមេរិក។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មាន​ប្រសាសន៍​ថា រាល់​ជំនួយ និង​បំណុល​មួយ​ចំនួន គឺ​តម្រូវ​ឲ្យ​ប្រទេស​កម្ពុជា​គោរព​សិទ្ធិ​មនុស្ស ក៏​ប៉ុន្តែ​កម្ពុជា​បាន​ខាត​ប្រយោជន៍​យ៉ាង​ច្រើន​ទាក់ទង​នឹង​បញ្ហា​នេះ។

លោក អ៊ូ វីរៈ បាន​អះអាង​ថា ៖ «យើង​ខាត​ប្រយោជន៍​ច្រើន​រួច​ហើយ ទាក់ទង​រឿង​អត់​គោរព​សិទ្ធិ​មនុស្ស​នេះ យើង​ខាត​ប្រយោជន៍​ច្រើន​មែនទែន!»

កន្លងមក ប្រទេស​កម្ពុជា​ធ្លាប់​សុំ​ឲ្យ​អាមេរិក​លុប​ចោល​បំណុល​ដែល​ខ្លួន​ជំពាក់ ក៏​ប៉ុន្តែ​សហរដ្ឋ​អាមេរិក​មិន​ទាន់​បាន​ផ្ដល់​ចម្លើយ​ជាក់លាក់​ណា​មួយ​នៅ​ឡើយ​ទេ។ ក្នុង​ដំណើរ​ទស្សនកិច្ច​មក​ប្រទេស​កម្ពុជា​កាល​ពី​ខែ​មករា សមាជិក​សភា​សហរដ្ឋ​អាមេរិក​បី​រូប ធ្លាប់​លើក​ឡើង​ថា នឹង​ស្នើ​សុំ​ឲ្យ​អាមេរិក​ពិចារណា​បង្វែរ​បំណុល​ដែល​ប្រទេស​កម្ពុជា​ជំពាក់​តាំង​ពី​ឆ្នាំ​១៩៧២​នោះ ឲ្យ​ទៅ​ជា​ជំនួយ​អភិវឌ្ឍន៍​វិញ៕