អង្គការ​អន្តរជាតិ​៣​ស្នើ​ឲ្យ​តុលាការ​ខ្មែរ​ផ្ដល់​យុត្តិធម៌​ដល់ សំណាង និង សំអឿន

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​បី​បាន​ស្នើ​ឲ្យ​តុលាការ​កំពូល​ខ្មែរ​ផ្ដល់​យុត្តិធម៌​ដល់ ប៊ន សំណាង និង សុខ សំអឿន។

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​បី គឺ​អង្គការ Human Rights Watch, the International Trade Union Confederation និង the Observatory for the Protection of Human Rights Defenders បាន​ចេញ​សេចក្តី​ថ្លែងការ​រួម​មួយ​កាលពី​ថ្ងៃ​២៨ ធ្នូ ស្នើ​ឲ្យ​តុលាការ​កំពូល​ផ្តល់​យុត្តិធម៌​ឲ្យ​បាន​ត្រឹមត្រូវ​ដល់​ពិរុទ្ធជន​ពីរ​រូប​គឺ ប៊ន សំណាង និង សុខ សំអឿន។

អ្នកស្រី Sara Colm អ្នក​ស្រាវជ្រាវ​នៃ​អង្គការ Human Rights Watch បញ្ជាក់​ថា អ្នក​ទាំង​ពីរ​បាន​ជាប់​ពន្ធនាគារ​ប្រាំ​ឆ្នាំ​រួច​ទៅ​ហើយ ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​គេ​មិន​បាន​ប្រព្រឹត្ត។

អង្គការ​អន្តរជាតិ​ទាំង​បី​ថ្លែង​ថា ករណី​នេះ​ជា​ការពិសោធន៍​មួយ​ចំពោះ​តុលាការ​កំពូល ហើយ​ថា​ស្ថាប័ន​នេះ​គប្បី​វិនិច្ឆ័យ​ក្តី​ក្នុង​បទ​ឧក្រិដ្ឋ​ផ្អែក​លើ​ភស្តុតាង​និង​វត្ថុតាង​គឺ​មិន​គួរ​បណ្តោយ​ទៅ​តាម​សម្ពាធ​ពី​រដ្ឋាភិបាល​នោះ​ឡើយ។

ចំណែក លោក រ៉ុង ឈុន ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា បាន​ចាត់​ទុក​ការកាត់​សេចក្តី​ពេល​មុនៗ​ថា​ជា​រឿង​កំប្លែង​ធ្វើ​ត្រាប់​តាម​គ្នា។

រីឯ​ការិយាល័យ​ស្នងការ​ជាន់ខ្ពស់​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​ឲ្យ​កាសែត​ភ្នំពេញប៉ុស្តិ៍​ដឹង​ថា បើ​តុលាការ​កំពូល​បញ្ជូន​សំណុំរឿង​នេះ​ទៅ​សាលា​ឧទ្ធរណ៍​វិញ ពិភពលោក​មើល​ឃើញ​ថា កម្ពុជា​បាន​ផ្តើម​ការប្រឹងប្រែង​ប្រយុទ្ធ​និង​កាត់​បន្ថយ​និទណ្ឌភាព ឬ​ការបណ្តោយ​ឲ្យ​អ្នក​មាន​ទោស​រួច​ខ្លួន​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ៕