នាយចំណង់របស់កងយោធពលខេមរភូមិន្ទប្រចាំព្រំដែនច្រកជប់គគីរ លោក ពាន សារាម បានមានប្រសាសន៍ឲ្យដឹងកាលពីព្រឹកថ្ងៃសៅរ៍ ទី៣០ ខែសីហា ថា ទាហានឈុតខ្មៅថៃមានគ្នា៣នាក់ប្រដាប់ដោយអាវុធ២ដើម បានលបលួចចូលមកភូមិជប់គគីរខាងកើត កាលពីវេលាម៉ោងប្រមាណ៨យប់ថ្ងៃសុក្រ ទី២៩ ខែសីហា ដោយមិនដឹងពីបំណងចូលមកនោះយ៉ាងណានៅឡើយទេ ហើយពួកគេបានប្រញាប់ចាកចេញទៅវិញភ្លាមដែរ។
កងរក្សាព្រំដែនដដែលបានមានប្រសាសន៍ថា ការលបលួចចូលភូមិខ្មែរនោះបានធ្វើឡើងបន្ទាប់ពីកងទាហានថៃមួយក្រុមបានមកបំផ្លាញដើមដំឡូងមីរបស់អ្នកភូមិខ្មែរ កាលពីពេលថ្ងៃម្ដងរួចមកហើយ។
លោក ពាន សារាម បានឲ្យដឹងថា ៖ «ទាហានថៃ៣នាក់ យប់មិញវាឆ្មក់ចូលមកមួយភ្លែត កម្លាំងយើងនៅទីនេះ វាទៅវិញភ្លាម។ ម្សិលមិញកាប់ដើមដំឡូងបីបួនប្រាំគុម្ពទៅ»។
ប្រជាពលរដ្ឋខ្មែរនៅភូមិជប់គគីរខាងលិចបានមានប្រសាសន៍ថា បើទោះបីជាពេលនេះគេឃើញកងទាហានឈុតខ្មៅថៃបានចូលមកដើរល្បាតនៅក្បែរៗភូមិជប់គគីរខាងកើតនិងខាងលិចស្ទើរតែជារៀងរាល់ថ្ងៃក៏ដោយ ក៏ពួកគេមិនខ្លាចនិងមិនចាកចោលទីលំនៅទេ។
ចំណែកឯស្ថានការណ៍នៅប្រាសាទតាមាន់ នៅស្រុកបន្ទាយអំពិលនោះដែរ រហូតមកដល់ថ្ងៃសៅរ៍នេះ មេបញ្ជាការកងយោធពលខេមរភូមិន្ទនៃកងវរសេនាតូច៤២២ ដែលប្រចាំការនៅតំបន់នោះ គឺលោក ប៉ុល ថេន បានមានប្រសាសន៍ថា ៤ថ្ងៃមកហើយកងទាហានឈុតខ្មៅថៃបានព្យាយាមគេចចេញពីការមិនចូលប្រជុំជាមួយកងទាហានខ្មែរ ហើយច្រកចេញចូលទៅកាន់ប្រាសាទតាមាន់នោះត្រូវថៃបិទជាស្ថាពរមិនឲ្យខ្មែរចេញចូលទៀតឡើយ។
លោក ប៉ុល ថេន បានមានប្រសាសន៍ថា ៖ «យើងហៅវាមកជួប វាអត់ជួប វារវល់រហូត។ ឥឡូវហ្នឹងប្រាសាទហ្នឹងវាបិទអត់ឲ្យចេញចូលទេ បើនៅម្នាក់មួយចំហៀងរបង។ ព្រឹកមិញឲ្យជួបទៀត វាអត់បានជួបទៀត។ ៤ថ្ងៃហើយដែលត្រូវជួបវាហ្នឹង វាអត់ឲ្យជួប»។
វត្តមានកងទ័ពថៃបានជ្រៀតចូលមកក្នុងអធិបតេយ្យភាពនៃព្រំដែនខ្មែរជាច្រើនកន្លែង ចាប់តាំងពីមានកងទ័ពឈុតខ្មៅនិងប៉ារ៉ាថៃជាច្រើនរយនាក់ បានចូលលុកលុយជិតប្រាសាទព្រះវិហារដោយមិនទាន់មានដំណោះស្រាយប្រសើរនៅឡើយទេ។
រដ្ឋលេខាធិការក្រសួងការពារជាតិនៃប្រទេសកម្ពុជា លោក នាង ផាត បានមានប្រសាសន៍កាលពីល្ងាចថ្ងៃសៅរ៍ថា ការបន្ធូរបន្ថយនៃការប្រឈមមុខដាក់គ្នាកងទ័ពខ្មែរថៃនៅជិតតំបន់ប្រាសាទព្រះវិហារនិងតំបន់ផ្សេងទៀត មិនទាន់ឈានទៅដល់ការជជែកគ្នាបាននៅឡើយទេដោយសារតែនៅរង់ចាំមន្ត្រីការបរទេសនៃប្រទេសទាំងពីរធ្វើការទំនាក់ទំនងដើម្បីបន្តការចរចាឡើងវិញ។
លោក នាង ផាត បានបញ្ជាក់ថា ៖ «អត់ទាន់និយាយអាហ្នឹងទេ។ ឥឡូវហ្នឹងសម្ដេចមានគោលការណ៍ឲ្យក្រសួងការបរទេសធ្វើការទំនាក់ទំនងគ្នាឡើងវិញថាពេលណា»។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថាកាលពីថ្ងៃសុក្រ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា លោក ហ៊ុន សែន បានក្រើនរំឮកឲ្យមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង ចាប់ផ្ដើមទំនាក់ទំនងមន្ត្រីថៃដើម្បីផ្ដើមជួបចរចាឡើងវិញស្ដីពីបញ្ហាតំបន់ប្រាសាទព្រះវិហារ បន្ទាប់ពីគម្រោងជួបចរចាលើកទី៤ ដែលគ្រោងនឹងធ្វើឡើងកាលពីថ្ងៃទី២៩ ខែសីហា នៅខែត្រសៀមរាប ត្រូវបានលុបចោលដោយសារប្រទេសថៃកំពុងមានវិបត្តិបាតុកម្មនោះ៕