និពន្ធ​នាយក​កាសែត​ក្នុង​ស្រុក​ម្នាក់​និង​ពលរដ្ឋ​២​នាក់​ត្រូវ​ចាប់​ខ្លួន​ដោយសារ​ទំនាស់​ដី​ធ្លី

និពន្ធ​នាយក​របស់​កាសែត​ក្នុង​ស្រុក​ម្នាក់​និង​ប្រជាពលរដ្ឋ​២​នាក់​ផ្សេង​ទៀត​នៅ​ឃុំ​ជីក្រែង ស្រុក​ជីក្រែង ខែត្រ​សៀមរាប ត្រូវ​សមត្ថកិច្ច​ប៉ូលិស​ចាប់​ខ្លួន​បញ្ជូន​មក​ពន្ធនាគារ​ដោយសារ​ទាក់ទិន​នឹង​បញ្ហា​ទំនាស់​ដី​ធ្លី​ក្នុង​តំបន់​នោះ​ប្រមាណ​៩០​ហិកតារ។

ចាងហ្វាង​ការផ្សាយ​របស់​កាសែត​សង្គមខ្មែរ លោក ហួង សាវឿន បាន​អះអាង​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​ធ្នូ ថា និពន្ធ​នាយក​កាសែត​របស់​លោក​ឈ្មោះ ស៊ីង សំឡី ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ជាមួយ​អ្នក​ភូមិ​២​នាក់​ទៀត។

ចាងហ្វាង​កាសែត​ដដែល​នោះ​បាន​ចោទ​ប្រកាន់​ថា ការចាប់​ខ្លួន​និពន្ធ​នាយក​ឈ្មោះ ស៊ីង សំឡី ដោយសារ​បាន​ការពារ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​នៅ​ក្នុង​រឿង​ទំនាស់​ដី​ស្រែ​ប្រាំង​ដែល​ពាក់ព័ន្ធ​នឹង​អភិបាល​ស្រុក​ជីក្រែង ហើយ​កើត​មាន​ជម្លោះ​ជាមួយ​នឹង​អភិបាល​ស្រុក​នោះ​ផង។

លោក ហួង សាវឿន បាន​មាន​ប្រសាសន៍​ថា ៖ «លោក ស៊ីង សំឡី គាត់​និយាយ​ថា រឿង​នេះ​រឿង​ទំនាស់​ជាមួយ​អភិបាល​ស្រុក​ហ្នឹង​បញ្ហា​ដី​ស្រែ។ អភិបាល​ស្រុក​ជីក្រែង​ហ្នឹង​កោះហៅ​គាត់​ដើម្បី​បំភ្លឺ​នៅ​ស្រុក គាត់​អត់​បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​ទេ»

ក៏ប៉ុន្តែ​អភិបាល​ស្រុក​ជីក្រែង លោក កៅ សោភ័ណ បាន​បដិសេធ​ចោល​ចំពោះ​បញ្ហា​ដែល​ថា​ការចាប់​ខ្លួន​ដោយសារ​តែ​មាន​ទំនាស់​ជាមួយ​លោក​នោះ​គឺ​មិន​ពិត​ទេ។

លោក​អភិបាល​ស្រុក​បាន​ចោទ​ប្រកាន់​ថា ការចាប់​ខ្លួន​ដោយសារ​អ្នក​ទាំង​នោះ​បាន​ដឹកនាំ​ប្រជាពលរដ្ឋ​ចំនួន​បី​ភូមិ​នៅ​ក្នុង​ឃុំ​ជីក្រែង​ទៅ​ដណ្ដើម​យក​ដី​ស្រែ​ប្រាំង​ជាង​៩០​ហិកតារ​ពី​អ្នក​ភូមិ​ឃុំ​ផ្សេង​គ្នា ហើយ​អាជ្ញាធរ​ស្រុក​ធ្លាប់​បាន​កោះ​អញ្ជើញ​ឲ្យ​ចូល​ខ្លួន​មក​សាកសួរ​នៅ​សាលា​ស្រុក​ចំនួន​បី​លើក ក៏​ប៉ុន្តែ​ពុំ​មាន​ការចូល​ខ្លួន​ទេ។

លោក កៅ សោភ័ណ បាន​បញ្ជាក់​ថា ៖ «ដោយសារ​អស់​លោក​ទាំងអស់​បាន​ដឹកនាំ​ប្រជាជន​បី​ភូមិ​នៅ​ក្នុង​ឃុំ​ជីក្រែង​ទៅ​ដណ្ដើម​យក​ដី​ស្រែ​ប្រាំង​ជាង​៩០​ហិកតារ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រពាំងត្រោះ ឃុំ​អន្លង់សំណ»

ចៅក្រម​ស៊ើបអង្កេត​របស់​តុលាការ​ខែត្រ​សៀមរាប លោក ងួន ណារ៉ា បាន​មាន​ប្រសាសន៍​ថា សំណុំរឿង​អ្នក​ទាំង​បី​គឺ​លោក​ជា​អ្នក​ទទួល​បន្ទុក​ចាត់ការ​ដែល​ការចាប់​ខ្លួន​នោះ​ត្រូវ​បាន​តំណាង​អយ្យការ​ចោទ​ប្រកាន់​តាម​ច្បាប់​ព្រហ្មទណ្ឌ​អន្តរកាល​មាត្រា​៥៩​និង​៦០​រហូត​ដល់​ទៅ​ពីរ​បី​បទល្មើស។

លោក ងួន ណារ៉ា បាន​មាន​ប្រសាសន៍​ថា ៖ «តំណាង​អយ្យការ​ចោទ​ពីរ​បី​បទល្មើស​ឯណោះ មាន​បទ​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត​ផង ហើយ​និង​បទ​រំលោភ​កម្មសិទ្ធិ​ឯកជន»

តាម​ការបង្ហើប​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​សៅរ៍​នេះ​ប៉ូលិស​បាន​តាម​រក​ចាប់​ខ្លួន​អ្នក​ភូមិ​២​នាក់​ផ្សេង​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​ទំនាស់​ដី​ធ្លី​ដដែល​នោះ។

អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​បាន​សម្ដែង​កង្វល់​ថា បញ្ហា​ទំនាស់​ដី​ធ្លី​ដែល​កន្លង​មក​បាន​ហាម​ឃាត់​មិន​ឲ្យ​មាន​ការចាប់​ខ្លួន​ត្រូវ​បាន​គេ​បង្វែរ​ឲ្យ​ទៅ​ជា​រឿង​ព្រហ្មទណ្ឌ​វិញ​នៅ​មុន​ពេល​ដែល​ត្រូវ​ដោះស្រាយ​ទំនាស់​ស៊ីវិល។

អ្នក​ស៊ើបអង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ខែត្រ​សៀមរាប លោក សួស ណារិន បាន​មាន​ប្រសាសន៍​ថា សង្គម​ស៊ីវិល​តែងតែ​ឲ្យ​អនុសាសន៍​ទៅ​ក្រុម​អ្នក​ច្បាប់​ថា ទំនាស់​ដី​ធ្លី​សុំ​កុំ​ឲ្យ​បង្វែរ​ទៅ​ជា​រឿង​ព្រហ្មទណ្ឌ​ដែល​នាំ​ទៅ​ដល់​ការចាប់​ខ្លួន ក៏​ប៉ុន្តែ​អនុសាសន៍​នោះ​ពុំ​មាន​ប្រសិទ្ធភាព​ទេ។

តាម​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា រយៈពេល​បី​បួន​ខែ​មក​នេះ​ទំនាស់​ដី​ធ្លី​នៅ​ខែត្រ​សៀមរាប​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​៧​នាក់​ដាក់​ពន្ធនាគារ ហើយ​អ្នក​ដែល​កំពុង​តែ​ប្រឈម​មុខ​នឹង​ការចាប់​ខ្លួន​ដាក់​ពន្ធនាគារ​នា​ពេល​ខាង​មុខ​មាន​ប្រហែល​ជា​១០​នាក់​ទៀត៕