កម្មករ​ដាំ​ដំឡូង​ឲ្យ​ក្រុមហ៊ុន​ភាពីម៉ិច ៤ រូប ត្រូវ​មេការ​ជន​ជាតិ​ចិន​ចាប់​ធ្វើ​ទារុណកម្ម

កម្មករ​ដាំ​ដំឡូង​ឲ្យ​ក្រុមហ៊ុន​ភាពីម៉ិច​(Pheapimex) ៤ រូប ត្រូវ​មេការ​ជន​ជាតិ​ចិន​ចាប់​ធ្វើ​ទារុណកម្ម​វាយដំ និង​ឆក់​ដោយ​ដំបង​ឆក់​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ។ មេការ​ជន​ជាតិ​ចិន​ចោទ​ប្រកាន់​ថា កម្មករ​ទាំង ៤ រូប​នេះ បាន​ចូលរួម​ក្នុង​ការ​ធ្វើ​បាតុកម្ម​ហិង្សា​មួយ ទាមទារ​ឲ្យ​ក្រុមហ៊ុន​បើក​ប្រាក់​ខែ​កាល​ពី​ថ្ងៃ​ទី ៧ កក្កដា​កន្លង​ទៅ។
ដោយ មណ្ឌល កែវ
2011-07-11
Share

គ្រួសារ​ជន​រងគ្រោះ​អះអាង​ថា ពួក​គេ​ទាំង ៤ នាក់​នេះ​មិន​បាន​ចូលរួម​ធ្វើ​បាតុកម្ម​ទេ ហើយ​ពួក​គេ​មាន​ភស្តុតាង និង​សាក្សី​គ្រប់គ្រាន់​ក្នុង​ការ​បញ្ជាក់ ប៉ុន្តែ ទាំង​មេការ​ចិន​ទាំង​អាជ្ញាធរ​ប៉ូលិស​មិន​ព្រម​ស្តាប់។

លោក កាន់ ផេង ឪពុក​បង្កើត​ជន​រង​គ្រោះ​ឈ្មោះ កាន់ កក្កដា បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី ១១ កក្កដា​ថា មេការ​ជន​ជាតិ​ចិន​ក្នុង​ក្រុមហ៊ុន ភាពីម៉ិច ដែល​គេ​ស្គាល់​ថា ឈ្មោះ លី បាន​ចាប់​កូន​គាត់​យក​ទៅ​ធ្វើ​ទារុណកម្ម​ដោយ​ចង​ដៃ​ជាប់​រួច​វាយ​តប់ ព្រម​ទាំង​ប្រើ​ដំបង​ឆក់​កូន​គាត់​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ។

លោក កាន់ ផេង បន្ត​ថា បន្ទាប់​ពី​វាយ​ដំ​អស់​ចិត្ត​ហើយ គេ​ក៏​ចាប់​បញ្ជូន​កូន​គាត់​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ។ ឥឡូវ​គេ​បញ្ជូន​បន្ត​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទៀត «ចិន​វា​មក​ចាប់​ផ្ទាល់​ វា​ចាប់​កូន​ខ្ញុំ និង​កម្មករ ៣ នាក់​ទៀត​បញ្ចូល​ក្នុង​បន្ទប់ រួច​វា​វ៉ៃ​ហើយ​វា​ប្រើ​ដំបង​ឆក់ៗ ទៀត ហើយ​វា​ចាប់​ក្បាល​បោក​ទៅ​ជញ្ជាំង»។

ស្ត្រី​វ័យ ២៣ ឆ្នាំ​ឈ្មោះ ហម សុជាតិ ដែល​ប្ដី​គាត់​ក៏​ត្រូវ​រង​ទារុណកម្ម​ដូច​គ្នា​ដែរ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​គេ​ធ្វើ​បាតុកម្ម​នោះ​ប្ដី​គាត់​កំពុង​នៅ​ជាមួយ​គាត់ ហើយ​គាត់​ថែម​ទាំង​ទាញ​ដៃ​ប្ដី​គាត់ ដែល​ប្រុង​រត់​ទៅ​មើល​នោះ​មិន​ឲ្យ​ទៅ​ទៀត​ផង។ ស្រាប់​តែ​ឥឡូវ​គេ​ចោទ​ប្ដី​គាត់​ថា បាន​ទៅ​ធ្វើ​បាតុកម្ម​ដែរ «ខ្ញុំ​ឈរ​មើល​ប្ដី​ខ្ញុំ​ពេល​ប៉ូលិស​ចេញ​ទៅ​ញ៉ាំ​បាយ ចិន​ក៏​ចូល​ទៅ​វ៉ៃ​ប្ដី​ខ្ញុំ និង​ចាប់​បោក​ក្បាល​ទៅ​នឹង​ជញ្ជាំង និង​ធាក់​ដើម​ទ្រូង​គាត់»។

កាល​ពី​ថ្ងៃ​ទី​៧ កក្កដា​កន្លង​ទៅ កម្មករ​នៅ​ការដ្ឋាន​ដាំ​ដំឡូង​ទី ១ របស់​ក្រុមហ៊ុន ភាពីម៉ិច ដែល​មាន​ទី​ តាំង​នៅ​ចំណុច​ព្រែក​ជីក​ស្ថិត​ក្នុង​ឃុំ​អន្សា​ចំបក់ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ធ្វើ​ បាតុកម្ម​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បើក​ប្រាក់​ខែ ដែល​ការ​ធ្វើ​បាតុកម្ម​នេះ បាន​កើត​ជា​អំពើ​ហិង្សា​វាយ​បំផ្លាញ​ម៉ូតូ និង​កញ្ចក់​រថយន្ត​របស់​ក្រុមហ៊ុន​ផង។

លុះ​ដល់​ថ្ងៃ​ទី​៩ កក្កដា ក្រុមហ៊ុន​បាន​បើក​ប្រាក់​ខែ​ឲ្យ​កម្មករ ស្រាប់​តែ​មេការ​ជន​ជាតិ​ចិន​ឈ្មោះ លី បែរ​ជា​ចាប់​កម្មករ​ទាំង ៤ នាក់​នេះ​ធ្វើ​ទារុណកម្ម​ដោយ​ចោទ​ប្រកាន់​ថា ពួក​គាត់​បាន​ចូលរួម​ក្នុង​ការ​ធ្វើ​បាតុកម្ម។

ប៉ុន្តែ ប្រភព​ពី​កម្មករ​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា ក្រុម​កម្មករ ដែល​បាន​ប្រើ​អំពើ​ហិង្សា​វាយ​បំផ្លាញ​ម៉ូតូ និង​កញ្ចក់​រថយន្ត​របស់​ក្រុមហ៊ុន​នោះ បាន​គេច​ខ្លួន​មិន​ហ៊ាន​ចូល​មក​បើក​ប្រាក់​ខែ​នោះ​ទេ។

ប្រធាន​ក្រុម​កម្មករ​ការដ្ឋាន​ទី​១ លោក សា យូ បញ្ជាក់​ថា កម្មករ​ទាំង ៤ រូប​នេះ​ពិត​ជា​មិន​បាន​ចូល​ធ្វើ​បាតុកម្ម​នោះ​ទេ។ លោក​បន្ត​ថា លោក​បាន​ប្រាប់​អ្នក​បក​ប្រែ​ឲ្យ​ប្រាប់​ទៅ​មេការ​ចិន​ដែរ តែ​គេ​មិន​ស្ដាប់ «ពេល​កើត​ហេតុ​វា​ម៉ោង ៨ ឬ ៩ ព្រឹក​ទេ។ ឯ​ក្មេង​ដែល​គេ​ចាប់​ទៅ​នោះ​វា​ទៅ​ដើរ​លេង​ជាមួយ​កូន​ខ្ញុំ។ ដល់​ម៉ោង ៣ រសៀល​ឯ​ណោះ ទើប​វា​ត្រឡប់​មក​វិញ។ ស្រាប់​តែ​គេ​ចោទ​ថា បាន​ចូលរួម​បាតុកម្ម​ដែរ។ វា​ដូច​ជា​មិន​ត្រូវ។»

ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​លោក ម៉ូ លីដា មាន​ប្រសាសន៍​ថា លោក​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ករណី​នេះ​ទៅ​តុលាការ​ហើយ «ពី​អធិការដ្ឋាន​ស្រុក​គេ​បញ្ជូន​មក​នោះ​ក្នុង​ឯកសារ​បញ្ជាក់​ថា គឺ ៤ នាក់​នេះ​ជា​អ្នក​ចូលរួម​ធ្វើ​បាតុកម្ម និង​វាយ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ក្រុមហ៊ុន។ តែ​គេ​ទាំង ៤ នាក់​នេះ​បាន​បដិសេធ។ដោយ​រយៈ​ពេល​ខ្លី ខ្ញុំ​មិន​មាន​ពេល​ធ្វើ​ការ​ស្រាវជ្រាវ​ឡើង​វិញ​ទេ។ ខ្ញុំ​បាន​កសាង​សំណុំរឿង​បញ្ជូន​ករណី​នេះ​ទៅ​តុលាការ​ហើយ»។

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​អង្គការ លីកាដូ ខេត្ត​ពោធិ៍សាត់ លោក អេង ឈុនហាន មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ។ ប្រសិន​បើ​កម្មករ​ទាំង ៤ នាក់​នេះ​បាន​ចូលរួម​ក្នុង​ការ​ធ្វើ​បាតុកម្ម​មែន​ក៏​ដោយ ក៏​ពួក​គាត់​មិន​ត្រូវ​ទទួល​រង​ទារុណកម្ម ដើម្បី​ជា​ការ​សងសឹក​នោះ​ដែរ។

លោក​សំណូមពរ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ក៏​ដូច​ជា​ប្រព័ន្ធ​យុត្តិធម៌ ខេត្ត​ពោធិ៍សាត់​ស្វែង​រក​ការ​ពិត និង​ផ្ដល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​ទាំង ៤ រូប​នេះ៕

ព័ត៌មាន (2)

មើល​មតិ​ទាំង​អស់.

Anonymous says:
Jul 11, 2011 07:04 PM

We have law and court, why the company don't respect our laws? the persons who do this action must be punish, the workers must be protected!!!

Anonymous says:
Jul 11, 2011 10:14 PM

នឹងគ្មានមន្រី្តខ្មែរណាម្នាក់ហ៊ានដាក់ទោសមេកាចិនទាំងនេះទេ ពីព្រោះជាជនជាតិចិន ហើយជាមេការបស់ក្រុមហ៊ុនខ្មែរដើមកំណើតចិន ដែលស្និទ្ឋនឹងនាយករដ្ឋមន្រ្តីខ្មែរ!

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល