ក្រុមអ្នកភូមិខ្លះដែលចូលទៅធ្វើស្រែជាប់ទន្លេ នាតំបន់ភាគខាងលិចភ្នំក្រោម ក្នុងក្រុងសៀមរាប ខេត្តសៀមរាប បានអះអាងថា គេបានប្រទះឃើញព្រៃលិចទឹកប្រហែល ៤ហិកតារត្រូវបានគេកាប់បំផ្លាញ ដើម្បីពង្រីកយកដីធ្វើជាកម្មសិទ្ធិឯកជនកាលពីពេលថ្មីៗនេះ។
បុរសម្នាក់សុំមិនបញ្ចេញឈ្មោះ ដែលមានដីស្រែនៅជាប់តំបន់ព្រៃលិចទឹក បានអះអាងកាលពីល្ងាចថ្ងៃច័ន្ទ ទី២៨ ខែមិថុនា ថា គាត់បានធ្វើដំណើរទៅស្រែ និងបានប្រទះឃើញព្រៃលិចទឹកប្រមាណ ៤ហិកតារនៅតំបន់ថ្នល់រលំអន្លង់ត្រែង និងវាលចាំងក្ដារ នៅភាគខាងលិចភ្នំក្រោម ត្រូវបានជនមិនស្គាល់មុខប្រើគ្រឿងចក្រទៅឈូសបំផ្លាញ ដើម្បីរុករានយកដី។
បុរសដដែលបានមានប្រសាសន៍ថា ក្រុមអ្នកភូមិនៅទីនោះមិនសប្បាយចិត្តទេ នៅពេលដែលឃើញព្រៃលិចទឹកត្រូវបានគេឈូសបំផ្លាញ ពីព្រោះវាអាចធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជម្រកត្រីពងកូននៅរដូវទឹកឡើងឆ្នាំនេះ។
បុរសដដែលបានបញ្ជាក់ថា ៖ «ខ្ញុំទៅមើលទៅឃើញព្រៃឈូសឆាយប្រហែល ៤ហិកតារនៅខាងលិចភ្នំក្រោមវាលអន្លង់ត្រែង ប៉ុន្តែមិនដឹងពួកណាធ្វើ ឃើញតែគន្លងត្រាក់ទ័រ។ កាលខ្ញុំឃើញ ថ្ងៃទី២០ ព្រៃប្រហែលជាងាប់បីថ្ងៃមុន។ ខ្ញុំសួរគេក៏គេថា គ្រាន់តែឃើញដូចតែគ្នាអ៊ីចុះឯង ប៉ុន្តែអត់ដឹងអ្នកណាជាអ្នកឈូស»។
ទោះយ៉ាងណាមន្ត្រីជលផលបានបដិសេធថា ពុំមានការប្រើគ្រឿងចក្រឈូសបំផ្លាញព្រៃលិចទឹកនៅតំបន់ដូចការអះអាងពីប្រជាពលរដ្ឋនោះទេ។
លោក ទឹម សាវុធ នាយខណ្ឌរដ្ឋបាលជលផលនៃអធិការដ្ឋានជលផលខាងជើងបឹងទន្លេសាប ប្រចាំខេត្តសៀមរាប បានមានប្រសាសន៍ថា លោកទើបបានចុះទៅពិនិត្យនៅកន្លែងដែលមានការកាប់បំផ្លាញព្រៃលិចទឹកនោះ ដោយមិនឃើញមានការប្រើគ្រឿងចក្រឈូសឆាយបំផ្លាញទេ ប៉ុន្តែវាពិតជាមានការកាប់បំផ្លាញព្រៃលិចទឹកនៅតំបន់នោះប្រហែលជា ២០ថ្ងៃមុន។
លោក ទឹម សាវុធ បានមានប្រសាសន៍ថា វាគ្រាន់តែជាការកាប់ទន្ទ្រានពីម្ចាស់ស្រែដែលនៅជាប់នឹងព្រៃលិចទឹកប៉ុណ្ណោះ។ ទោះយ៉ាងណាលោកកំពុងចាត់មន្ត្រីរបស់លោកឲ្យស្រាវជ្រាវរកមុខជនពាក់ព័ន្ធ ដើម្បីធ្វើកំណត់ហេតុបញ្ជូនទៅតុលាការ។
លោក ទឹម សាវុធ បានឲ្យដឹងថា ៖ «ខ្ញុំបានចុះទៅផ្ទាល់ជួបជាមួយមេឃុំ ទៅដល់ទីតាំងហ្នឹងទៀត ដើរអត់ចង់ដល់ផង ព្រោះវារអិលណាស់ មិនអាចមាននរណាទៅភ្ជួរដី ឬក៏ទន្ទ្រានដោយប្រើត្រាក់ទ័របានទេ ព្រោះចុះអត់រួចទេ។ កន្លងមកធ្លាប់មានប្រហែលជា ២០ថ្ងៃមុនគ្រាន់តែជាការកាប់ទន្ទ្រានរបស់ម្ចាស់ដីដែលជាប់នឹងព្រៃលិចទឹក។ យើងបានទប់ស្កាត់ ហើយគ្រាន់តែកាប់ត្រួសៗទេ ប៉ុន្តែឥឡូវដីហ្នឹងវាបានដុះព្រៃប្រហែល ១ចង្អុលដៃឡើងវិញហើយ»។
មន្ត្រីខណ្ឌរដ្ឋបាលជលផលបានឲ្យដឹងថា នៅខេត្តសៀមរាបមានព្រៃលិចទឹកលាតសន្ធឹងលើដីនៅតាមមាត់បឹងទន្លេសាបប្រមាណ ១៧.៨៩០ហិកតារ ដែលមន្ត្រីជលផលកំពុងប្រឹងប្រែងការពារយ៉ាងខ្លាំង ដោយគ្រាន់តែរយៈពេល ៦ខែ ឆ្នាំ២០១០នេះ គេបានចាប់ខ្លួនមនុស្សចំនួន ២៩នាក់បញ្ជូនទៅតុលាការ ពីបទចោទប្រកាន់ថា បានកាប់ និងដុតបំផ្លាញព្រៃលិចទឹក។
លោក ម៉ក់ សិទ្ធិរិទ្ធ នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល បានមានប្រសាសន៍ថា ព្រៃលិចទឹកគឺជាជម្រកសម្រាប់ត្រីពងកូនយ៉ាងសំខាន់។ លោកបានមានប្រសាសន៍ទៀតថា តាមការស្រាវជ្រាវព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាបប្រទេសកម្ពុជាមានប្រហែលជាង ១៩០គីឡូម៉ែត្រការ៉េ ហើយវាគួរឲ្យមានការព្រួយបារម្ភ ដោយសារព្រៃលិចទឹកទាំងនោះធ្លាប់បានទទួលរងការកាប់បំផ្លាញជារៀងរាល់ឆ្នាំ៕