តុលាការ​កោះ​ហៅ​អ្នក​កាសែត​៤​រូប​ឲ្យ​ចូល​បំភ្លឺ​រឿង​ជំរិត​ទារ​ប្រាក់

តុលាការ​ខេត្ត​កំពង់ឆ្នាំង កោះ​ហៅ​អ្នក​កាសែត ៤​រូប ឲ្យ​ចូល​ខ្លួន​មក​បំភ្លឺ​ចំពោះ​ករណី​បណ្ដឹង​ចោទ​ប្រកាន់​របស់​អ្នក​ដឹក​ឈើ​ដែល​បាន​ចោទ​ថា អ្នក​កាសែត​បាន​ជំរិត​ទារ​ប្រាក់​ពី​ពួកគាត់។

លោក ចាន់ ធី អ្នក​យក​ព័ត៌មាន​ឲ្យ​មជ្ឈមណ្ឌល​ព័ត៌មាន​ដើម​អំពិល បាន​ថ្លែង​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៣០ ឧសភា ថា ខ្លួន​លោក​ពុំ​បាន​ប្រព្រឹត្ត​អំពើ​ដូច​ជា​ការ​ចោទ​ប្រកាន់​ក្នុង​ដីកា​កោះ​ហៅ​នោះ​ទេ។លោក​ថា ការ​កោះ​ហៅ​នេះ​គឺ​ក្នុង​គោលបំណង​ដើម្បី​បំបាក់​ស្មារតី​អ្នក​កាសែត​កុំ​ឲ្យ​ទៅ​យក​ព័ត៌មាន​ពី​សកម្មភាព​ដឹក​ឈើ​ខុស​ច្បាប់​របស់​ក្រុម​ឈ្មួញ ដែល​មាន​ការ​ឃុបឃិត​ពី​មន្ត្រី​មាន​សមត្ថកិច្ច​ពុករលួយ​មួយ​ចំនួន​ប៉ុណ្ណោះ។

លោក ចាន់ ធី មាន​ប្រសាសន៍​បន្ត​ថា ៖ «និយាយ​រួម​ខ្ញុំ​អត់​បាន​ដឹង​ពី​រឿង​ថា អ្នក​ណា​ទៅ​យក​លុយ​ពី​ប្រជាពលរដ្ឋ​ហ្នឹង​ផង។ អ្នក​រទេះ​ក៏​គេ​បាន​អះអាង​ដែរ​ថា ខ្ញុំ​មិន​បាន​យក​លុយ​ពី​គេ​នោះ​ដែរ ហើយ​ដល់​តែ​អ៊ីចឹង​ខ្ញុំ​វា​ឆ្ងល់​ដែរ តើ​ខ្ញុំ​បាន​ទៅ​ជំរិត​ទារ​ប្រាក់​ពី​ពេល​ណា?»

ចំណែក​លោក លី ហួ អ្នក​យក​ព័ត៌មាន​កាសែត​សំឡេង​អមតៈ ក៏​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ក្នុង​ដីកា​កោះ​ហៅ​នេះ​ដែរ។

លោក​សំណូមពរ​ឲ្យ​អាជ្ញាធរ​ធ្វើការ​ស្រាវជ្រាវ​ករណី​បទល្មើស​ព្រៃ​ឈើ​ជា​ជាង​ចំណាយ​ពេល​ដើម្បី​គាប​សង្កត់​អ្នក​កាសែត ៖ «ខ្ញុំ​គ្រាន់​តែ​បាន​ថត​រូបភាព ហើយ​និង​បាន​សួរ​ពួកគាត់​ថា តើ​ហេតុ​អី​បាន​ជា​គាត់​ដឹក​ឈើ​ចូល​មក​ដល់​ទី​នេះ​បាន? ពួកគាត់​បាន​ឆ្លើយ​ថា ពួកគាត់​បាន​គិតគូរ​ឲ្យ​សមត្ថកិច្ច​គ្រប់​កន្លែង​អស់​ហើយ ហើយ​ខ្ញុំ​ក៏​បាន​សរសេរ​ជា​របាយការណ៍​ទុក​តែ​ប៉ុណ្ណឹង។ ស្រាប់​តែ​ក្រោយ​មក ខ្ញុំ​បែរ​ជា​ឮ​ថា ខ្ញុំ​បាន​ជំរិត​ទារ​ប្រាក់​ពី​ប្រជាពលរដ្ឋ​ទៅ​វិញ»

ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង គឺ​លោក ពេញ វិបុល មាន​ប្រសាសន៍​ថា ការ​កោះ​ហៅ​អ្នក​កាសែត​ទាំង ៤​រូប​នៅ​ថ្ងៃ​នេះ គឺ​ដើម្បី​ឲ្យ​ពួកគេ​មក​បំភ្លឺ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​ភាគី​ដើម​បណ្ដឹង​តាម​នីតិវិធី​ធម្មតា​ប៉ុណ្ណោះ។ លោក​បន្ត​ថា អ្នក​កាសែត​ទាំង ៤​រូប​នេះ​មាន​ពាក់ព័ន្ធ​នឹង​ពាក្យ​បណ្ដឹង​របស់​ភាគី​ដើម​បណ្ដឹង​ឈ្មោះ សុខ ជ្រា និង​ឈ្មោះ ទិត ស្រឿ ដែល​ប្ដឹង​ចោទ​ពី​បទ​ជំរិត​ទារ​ប្រាក់​ពី​ការ​ដឹក​ឈើ​ដែល​គាត់​បាន​ដឹក​យក​ទៅ​ប្រើប្រាស់​ធ្វើ​របង​ផ្ទះ។

មេធាវី​ការពារ​ក្ដី​ឲ្យ​អ្នក​កាសែត​ទាំង ៤​រូប គឺ​លោក អ៊ិន វណ្ណឈាន មាន​ប្រសាសន៍​បន្ទាប់​ចេញ​ពី​តុលាការ​ថា លោក​សង្ឃឹម​ថា កូន​ក្ដី​លោក​នឹង​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់ ៖ «ឥឡូវ​គេ​កំពុង​តែ​សាកសួរ​បាទ! ព្រោះ​វា​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ព្រះរាជ​អាជ្ញា​នៅ​ឡើយ វា​មិន​ទាន់​ចប់​នីតិវិធី​នៅ​ឡើយ»

យ៉ាង​ណា​ក៏ដោយ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា មាន​ប្រសាសន៍​ថា តាម​អង្គ​ហេតុ ការ​ចោទ​ប្រកាន់​អ្នក​កាសែត​ពី​បទ​ជំរិត​ទារ​ប្រាក់​មិន​មាន​សុពលភាព​ទេ។ លោក​ថា ប្រសិន​បើ​គេ​រក​ឃើញ​ថា អ្នក​កាសែត​ពិត​ជា​បាន​ទទួល​ប្រាក់​ពី​អ្នក​ដឹក​ឈើ​មែន​នោះ គេ​គួរ​តែ​ចោទ​ប្រកាន់​ពី​បទ​សម​គំនិត​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​ព្រៃ​ឈើ​ប៉ុណ្ណោះ។

គួរ​បញ្ជាក់​ថា អ្នក​សារព័ត៌មាន​ទាំង ៤​រូប ដែល​ត្រូវ​បាន​តុលាការ​កោះ​ហៅ​នោះ រួម​មាន ១​រូប​ជា​អ្នក​យក​ព័ត៌មាន​កាសែត "សំឡេង​អមតៈ" ១​រូប​ជា​អ្នក​យក​ព័ត៌មាន​កាសែត "ដំណឹង​ថ្ងៃ​នេះ" ១​រូប​ជា​អ្នក​យក​ព័ត៌មាន​ឲ្យ​មជ្ឈមណ្ឌល​ព័ត៌មាន "ដើម​អំពិល" និង​១​រូប​ទៀត​ជា​សមាជិក​នៃ​សមាគម​សារព័ត៌មាន​អ្នក​ប្រជាធិបតេយ្យ៕