មន្ត្រីអាជ្ញាធរមូលដ្ឋានឃុំល្បាំងមួយ ស្រុកលំផាត់ ខេត្តរតនគិរី ឲ្យដឹងនៅថ្ងៃអង្គារ ទី២៩ ខែមិថុនាថា អ្នកភូមិកាទឹងចំនួន ៥នាក់ ទៀតបានស្លាប់ដោយសារជំងឺរាកក្អួត។ មេឃុំល្បាំងមួយ លោក ប៉េវ វិល បញ្ជាក់ថា អ្នកភូមិដែលស្លាប់ ៥នាក់នោះ ឋិតក្នុងសមាជិក ៤គ្រួសារនៃសហគមន៍ជនជាតិដើមគ្រឹង ក្នុងនោះមាន ៣នាក់ ជាមនុស្សចាស់ និងពីរនាក់ជាក្មេងអាយុ ៦ឆ្នាំ បានស្លាប់បន្តបន្ទាប់គ្នា កាលពីរាត្រីថ្ងៃទី២៧ និងព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១០ ដោយសារជំងឺរាកក្អួត។
លោក ប៉េវ វិល មានប្រសាសន៍ដូច្នេះ ៖ «រាកក្អួតៗ ស្លាប់ភ្លាមៗម៉្មង អស់កម្លាំងដាច់ខ្យល់ម៉្មង។ពេទ្យហ្នឹងពីផ្លូវថ្នល់ទៅដល់កន្លែងគេហ្នឹងឆ្ងាយដែរ»។
នៅថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០១០ ក្រុមមន្ត្រីសុខាភិបាលខេត្តរតនគិរី បានធ្វើដំណើរទៅកាន់ទីកើតហេតុនោះហើយ ដើម្បីធ្វើការសង្គ្រោះ និងសិក្សាស្វែងរកហេតុផលពិតប្រាកដ ដែលធ្វើឲ្យអ្នកភូមិស្លាប់បែបនេះ។
ប្រធានមណ្ឌលសុខភាពស្រុកលំផាត់ លោក សាយ សឿន មានប្រសាសន៍ថា តួលេខសរុប អ្នកភូមិដែលរងនូវជំងឺរាកធ្ងន់ធ្ងរនៅភូមិកាទឹង មាន១៨ករណី ក្នុងនោះ៥នាក់ស្លាប់ និង១៣នាក់ត្រូវបានជួយសង្គ្រោះទាន់ និងកំពុងព្យាបាលបន្តទៀតនៅក្នុងភូមិរបស់ពួកគេដោយមន្ត្រីសុខាភិបាល។
លោកបន្តថា នេះគឺជាលើកទីមួយហើយ នាឆ្នាំ២០១០ នេះ ក្នុងស្រុកលំផាត់មានផ្ទុះចេញនូវជំងឺរាកក្អួតដោយសារអ្នកភូមិរស់នៅខ្វះអនាម័យ ក្នុងការបរិភោគចំណីអាហារ និងការប្រើប្រាស់ទឹក ៖ «ភូមិវាដាច់ស្រយាលពេក យើងពិបាកចេញចូល យើងទៅមិនទាន់។ ទើបកើតមួយកន្លែងហ្នឹងទេ»។
អនុប្រធានមន្ទីរសុខាភិបាលខេត្តរតនគីរី លោកវេជ្ជបណ្ឌិត ថា ប៊ុនថាក់ មានប្រសាសន៍បញ្ជាក់ថា ភូមិនេះនៅដាច់ស្រយាល មិនមានផ្លូវងាយស្រួលធ្វើដំណើរទើបអ្នកភូមិមិនយកអ្នកជំងឺទៅមន្ទីរពេទ្យ ហើយអ្នកភូមិនៅប្រកាន់អប្បិយជំនឿ មិនយកអ្នកជំងឺមកមន្ទីរពេទ្យ ឬមណ្ឌលសុខភាពទាន់ពេលវេលា។ លោកបន្តថា មន្ត្រីផ្នែកសុខាភិបាលខេត្តកំពុងផ្សព្វផ្សាយការអប់រំកែប្រែឥរិយាបថប្រជាពលរដ្ឋទាក់ទិនជំងឺរាករូស ដើម្បីកាត់បន្ថយជំនឿមិនសមហេតុផល។
លោកវេជ្ជបណ្ឌិត ថា ប៊ុនថាក់ មានប្រសាសន៍ដូច្នេះ ៖ «យើងទើបធ្វើហើយថ្មីៗ នៅកាចាញ ប៉ុន្តែយើងផ្ដោតលើខ្លឹមសារនៃជំងឺរាករូស ដើម្បីឲ្យប្រជាជនគាត់បានយល់ពីការរាករូសហ្នឹង ដើម្បីឲ្យមានអារបៀបវិធានការជួយអន្តរាគមន៍ទាំងអស់គ្នា»។
ចាប់ពីថ្ងៃទី១០ ខែមេសា ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១០ តួលេខផ្ដល់ដោយមន្ត្រីសុខាភិបាលខេត្តរតនគិរី ឲ្យដឹងថា មានមនុស្សស្លាប់ដោយសារជំងឺរាកក្អួតចំនួន ២៤នាក់ និង១០២៣ករណីមានជំងឺរាករូស និងព្យាបាលបានទាន់ពេលវេលា។
មន្ត្រីផ្នែកសុខាភិបាលខេត្តឲ្យដឹងដែរថា តាមលទ្ធផលនៃការស្រាវជ្រាវដោយនាយកដ្ឋានជំងឺឆ្លង នៃក្រសួងសុខាភិបាល ដែលវិភាគទៅលើលាមកអ្នកជំងឺរាកក្អួតនៅខេត្តរតនគិរី លើកទី១ចំនួន ៨ករណី បានបង្ហាញថា មានពីរករណីបណ្ដាលមកពីមេរោគអាសន្នរោគ (Virus Cholera) និងការពិសោធន៍លើកទី២ ក្នុងចំណោម១៨ករណី មាន៣ករណី ក៏បង្ហាញថា បណ្ដាលមកពីមេរោគអាសន្នរោគដូចគ្នា៕