ប្រធានមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម លោក យន្ត ថារ៉ូ និងជាតំណាងរាស្ត្រ គណបក្ស សម រង្ស៊ី មានប្រសាសន៍នៅថ្ងៃទី ៩ ខែមិថុនាថា ព្រះចៅអធិការវត្តអង្គតាម៉ិញ នៅមានការរារែកមិនចង់ឲ្យធ្វើពិធីនេះទេ ដោយសារតែគ្មានលិខិតអនុញ្ញាតជាផ្លូវការ។
គេបានរំពឹងទុកថា នឹងមានព្រះសង្ឃខ្មែរកម្ពុជាក្រោមចំនួនជាង ១.០០០ អង្គចូលរួម និងមានប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមជិត ១.០០០ នាក់ចូលរួមក្នុងពិធីនោះ។
កាលពីថ្ងៃទី ៣ ខែមិថុនាកន្លងទៅនេះ លោក យន្ត ថារ៉ូ បានស្នើសុំអភិបាលក្រុងភ្នំពេញ លោក កែប ជុតិមា រៀបចំធ្វើពិធីនេះ នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១១ នៅលើសួនច្បារមុខវត្តបទុមវតី នាក្នុងទីក្រុងភ្នំពេញ ប៉ុន្តែ សាលាក្រុងភ្នំពេញ និងក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យអង្គការ និងសមាគមខ្មែរកម្ពុជាក្រោមផ្សេងទៀត រៀបចំធ្វើពិធីនេះជំនួសវិញ។
ការរំលឹកខួបលើកទី ៦២ ឆ្នាំ នៅថ្ងៃទី ១០ ខែមិថុនា ខាងមុខនេះ គឺជាការសម្ដែងការឈឺចាប់ និងសោកស្ដាយទឹកដីខ្មែរកម្ពុជាក្រោម ២១ ខេត្តក្រុង ដែលត្រូវបានអាណានិគមនិយមបារាំង កាត់ប្រគល់ឲ្យវៀតណាមគ្រប់គ្រង នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩៕