ថៃ​៧​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ពី​បទ​ឆ្លង​ដែន​​ចូល​កម្ពុជា​ខុស​ច្បាប់

កង​ការពារ​ព្រំដែន​លេខ​៥០៣ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១០​នេះ បាន​ធ្វើការ​ឃាត់​ខ្លួន​ជន​ជាតិ​ថៃ ចំនួន ៧​នាក់ ដោយ​ចោទ​ប្រកាន់​ពី​បទ​ឆ្លង​ដែន​ពី​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ខុស​ច្បាប់ ចូល​មក​ទឹក​ដី​ខ្មែរ​ក្នុង​ខេត្ត​បន្ទាយមានជ័យ។

លោក​ឧត្ដមសេនីយ៍​ត្រី ហ៊ុន ហ៊ាន ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៩ ខែ​ធ្នូ​ថា ជនជាតិ​ថៃ​ទាំង ៧​នាក់ មាន​ប្រុស ៥​នាក់ និង​ស្រី​ពីរ​នាក់ ហើយ​ម្នាក់​ក្នុង​ចំណោម ៧​នាក់​នោះ មាន​តួនាទី​ជា​តំណាងរាស្ត្រ​ផង បាន​ឆ្លង​ដែន​ពី​ដី​ថៃ ចូល​មក​ទឹក​ដី​ខ្មែរ​ខុស​ច្បាប់ ក្នុង​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ។

លោក ហ៊ុន ហ៊ាន បន្ត​ថា ៖ «ខេមរភូមិន្ទ​គាត់​បាន​ឃាត់​ខ្លួន ហើយ​បាន​រាយការណ៍​មក​ថា ព្រឹកមិញ (២៩ ធ្នូ) ខាង​ខេមរភូមិន្ទ​ចាប់​បាន​ជនជាតិ​ថៃ ដែល​ឆ្លង​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា​យើង​ខុស​ច្បាប់​ចំនួន ៧​នាក់ ក្នុង​នោះ​មាន​តំណាងរាស្ត្រ​មួយ​ផង អ៊ីចឹង​ខាង​យោធា​គេ​សំណូមពរ​ឲ្យ​ខាង​នគរបាល​ទៅ​ធ្វើការ​បញ្ចប់​ឯកសារ»

លោក ហ៊ុន ហ៊ាន ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​បន្ត​ថា ខាង​សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍​កំពុង​ចុះ​ទៅ​ធ្វើការ​សាកសួរ​ជន​ជាតិ​ថៃ​ទាំង ៧​នាក់​នោះ​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​បាន​ដឹង​ពី​លទ្ធផល​ពិស្ដារ​ទេ។

កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១០ ទាហាន​ការពារ​ព្រំដែន​ថៃ នៃ​ស្រុក​ឃុនហាន និង​ស្រុក​ខាន់ថារៈឡាក់ នៃ​ខេត្ត​ស៊ីសាកេត របស់​ថៃ បាន​បាញ់​រះ​ទៅ​លើ​ក្រុម​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ក្រុម​ ដែល​ចូល​ទៅ​ក្នុង​ព្រំដែន​ថៃ ដើម្បី​ធ្វើ​ការងារ​កាប់​ឈើ​គ្រញូង​ឲ្យ​គេ បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ២​នាក់​ស្លាប់ និង​ខ្មែរ ៤​នាក់​ផ្សេង​ទៀត​រង​ការ​ចាប់​ខ្លួន លុះ​ដល់​ថ្ងៃ​ទី​២១ ខែ​ធ្នូ ទើប​ភាគី​ថៃ បញ្ជូន​មក​ឲ្យ​ភាគី​កម្ពុជា​វិញ៕