របរ​ចិញ្ចឹម​ចង្រិត​នៅ​ខេត្ត​ព្រះសីហនុ

ក្រុង​ព្រះសីហនុ​គឺជា​តំបន់​ទេសចរណ៍​មួយ​យ៉ាង​សំខាន់។ ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ឆ្នេរសមុទ្រ​មួយ​នេះ ភាគច្រើន​ប្រកបរបរ​លក់ដូរ បើក​សណ្ឋាគារ ផ្ទះសំណាក់ ឬ​ធ្វើ​អាជីវកម្ម​សេវា​ផ្សេងៗ​សម្រាប់​បម្រើ​វិស័យ​ទេសចរណ៍។

0:00 / 0:00

បើ​សិន​ជា​គេ​ធ្វើដំណើរ​ឆ្លងកាត់​ភូមិ​មួយ នៅ​លើ​ផ្លូវលំ​ត្រង់​ម្ដុំ​អូរ​សំអាត ឆ្ពោះ​ទៅកាន់​ពន្ធនាគារ ក្រុង​ព្រះសីហនុ គេ​នឹង​ឮ​សំឡេង​ចង្រិត​យំ​ទ្រហឹង​ចេញពី​រោង​មួយ​នៅ​ក្បែរ​ផ្លូវ។ នោះ​គឺជា​កសិដ្ឋាន​ចិញ្ចឹម​ចង្រិត​របស់​កសិករ គុយ ផេង។ លោក គុយ ផេង ដែល​កំពុង​ឲ្យ​ចំណី និង​ថែទាំ​ចង្រិត មាន​ប្រសាសន៍​ថា កាលពីមុន​លោក​ធ្លាប់​ចិញ្ចឹម​សត្វ ដូចជា មាន់ ទា តែ​មិន​កាក់កប​សោះ ព្រោះ​មាន់ទា​ឈឺ​ច្រើន ជួន​ងាប់​អស់​ធ្វើ​ឲ្យ​លោក​ខាតដើម​យ៉ាង​ច្រើន។ ក្រោយមក​លោក​បាន​សម្រេចចិត្ត​ងាក​មក​ចិញ្ចឹម​ចង្រិត​វិញ​ម្ដង។ លោក​ថា របរ​ចិញ្ចឹម​ចង្រិត​នេះ​ហាក់​ដូចជា ស្រួល​ជាង​ចិញ្ចឹម​មាន់ទា។

លោក គុយ ផេង៖ «ហើយ​ចង្រិត​បើ​ខ្ញុំ​មើល​ទៅ​អត់មាន​អី​ផ្ដាសាយ​បក្សី​ដូច​សត្វ​ផ្សេងៗ​ឆ្លង​ជំងឺ​ទេ។ មិន​ងាយ​ងាប់​ទេ។ អ៊ីចឹង​ក៏​ចាប់អារម្មណ៍​ថា ដាក់ចិត្ត​ចិញ្ចឹម​ចង្រិត​ទៅ»

អស់​រយៈពេល​កន្លះ​ឆ្នាំ​មក​ហើយ​ដែល លោក គុយ ផេង ចាប់ផ្ដើម​របរ​ចិញ្ចឹម​ចង្រិត​នេះ ដោយ​បាន​រៀន​ចិញ្ចឹម​តាម​មិត្តភ័ក្ដិ​ខ្លះ តាម​កសិករ​ផ្សេងទៀត​ដែល​ចិញ្ចឹម​ចង្រិត​នៅ​ខេត្ត​ដទៃ។

លោក​ថា លោក​ចង់​ប្រកបរបរ​ធំដុំ ដូចជា សង់​សណ្ឋាគារ ផ្ទះសំណាក់ ឬ​ក៏​បើកហាង​អាហារដ្ឋាន​ដែរ ព្រោះ​របរ​នេះ​រក​ប្រាក់ចំណូល​បាន​ច្រើន នៅ​ខេត្ត​ព្រះសីហនុ ដែល​ជា​តំបន់​ទេសចរណ៍​មួយ​ដ៏​ធំ​បន្ទាប់ពី​ខេត្ត​សៀមរាប។ ក៏ប៉ុន្តែ​លោក​មិន​មាន​ទុន​ទេ មុខរបរ​នេះ​គេ​ត្រូវការ​ដើមទុន​រាប់​ម៉ឺន លាន​ដុល្លារ​ទើប​ទៅ​រួច។

ចំពោះ​លោក​មាន​ប្រាក់​បន្តិចបន្តួច ដូច្នេះ​លោក​បាន​ជ្រើស​យក​របរ​ចិញ្ចឹម​ចង្រិត​នេះ ដោយ​រំពឹង​ថា ជា​មុខរបរ​មួយ​រក​ប្រាក់​ចំណូល​ប្រចាំ​គ្រួសារ​ទៅ​អនាគត​បាន​ប្រសើរ។

លោក គុយ ផេង បញ្ជាក់​ថា​ដំបូង​ឡើយ លោក​ចំណាយ​ប្រាក់​ប្រហែល ២​ទៅ ៣ រយ​ដុល្លារ ចិញ្ចឹម​ ចង្រិត​សាកល្បង។ ជា​បន្តបន្ទាប់​គាត់​ក៏បាន​បន្ថែម​ដើមទុន​បន្តិចម្ដងៗ រហូត​ដល់​សព្វថ្ងៃ ដើមទុន​សរុប​របស់​គាត់​ឡើង​ដល់​ប្រហែល ៣.០០០​ដុល្លារ គឺ​ស្មើ​ប្រហែល ១២​លាន​រៀល។ ទុន​នេះ​គិត​ទាំង​ប្រាក់ចំណាយ​សង់​រោង​ចិញ្ចឹម​ចង្រិត ដែល​មាន​ទទឹង​ប្រវែង ៦​ម៉ែត្រ បណ្ដោយ ២៥​ម៉ែត្រ មាន​ចំនួន​ចង្រិត​មាន​រាប់​លាន​ក្បាល។

លោក​ថា ក្នុង​ចំនួន​ទុន​សរុប​នោះ ក៏​បាន​ចំណាយ​លើ​ការសាងសង់​អាង​ចិញ្ចឹម​ចង្រិត ៤ ដែល​អាង​នីមួយៗ​មាន​ទទឹង​ប្រវែង​ពីរ​ម៉ែត្រ​កន្លះ បណ្ដោយ​ប្រហែល ១២​ម៉ែត្រ រួម​ទាំង​ទិញ​សម្ភារៈ​សម្រាប់​ឆ្នៃ​ធ្វើ​ជា​ជម្រក​ឲ្យ​ចង្រិត​នៅ ដូចជា​ទិញ​សំបក​ត្រឡោកដូង ទិញ​ស្នោ​សម្រាប់​ដាក់​ស៊ុត​មាន់ទា ធ្វើ​ជា​ជម្រក​ឲ្យ​ចង្រិត​នៅ​ជាដើម។

ការ​ចិញ្ចឹម​ចង្រិត​ងាយ​ហុច​ផល និង​ផ្ដល់​ប្រាក់ចំណេញ​បាន​ទាន់ចិត្ត​យ៉ាង​ឆាប់រហ័ស។ លោក គុយ ផេង បញ្ជាក់​ថា លោក​ចំណាយ​ពេល​ចិញ្ចឹម​ចង្រិត​តែ ៤០​ថ្ងៃ​ទេ​បាន​លក់​ហើយ។ គឺ​គិត​រយៈពេល​តាំងពី​ថ្ងៃ​កូន​ចង្រិត​ញាស់ មកដល់​ថ្ងៃ​ចង្រិត​ធំ​ល្មម​លក់។

លោក គុយ ផេង៖ «អស់​ប្រហែល​ជា ៣.០០០​ដុល្លារ​ទាំង​រោង​ទាំង​អី​នឹង​ណាស់។ តែ​ក្នុង ៣.០០០​ក្នុង ៤០​ថ្ងៃ​យើង​រើស​បាន​លុយ​បាន​ហើយ បើ​ខ្ញុំ​រើស​អស់ ៤០​ថ្ងៃ​ក្នុង ៤​អាង​នឹង​បាន​ប្រហែល​ជា ២​លាន​ជាង​ចូល ៣​លាន​រៀល»

ចំពោះ​ចំណី​សម្រាប់​ដាក់​ឲ្យ​ចង្រិត​វិញ លោក​ថា​ជា​របស់​ងាយ​រក នៅ​ក្បែរ​ផ្ទះ ឬ​នៅ​ក្នុង​ភូមិ។ លោក​ថា​ចង្រិត​ស៊ី​ចំណី​រុក្ខជាតិ​ពណ៌ខៀវ ដូច​គោ​ដែរ​គឺ​ស៊ី​ស្មៅ ស្លឹក​ដំឡូង ដើម​ចេក កាក​ដូង កន្ទក់​ជាដើម។

លោក​ថា មុខរបរ​នេះ គឺ​ជា​ការងារ​មួយ​ដែល​ផ្ដល់​ឲ្យ​លោក​មាន​ការងារ​ធ្វើ​ដោយ​ខ្លួនឯង ហើយ​ផ្ដល់​ប្រាក់ចំណូល​ប្រចាំថ្ងៃ​បាន​ប្រសើរ​ជាង​ទៅ​ធ្វើ​ការងារ​ចំណាកស្រុក​ឆ្ងាយ​ពី​ផ្ទះ ហើយ​ជាង​នេះ​ទៅ​ទៀត ការងារ​នេះ​ប្រសើរ​ជាង​កម្មករ​សំណង់​ដែល​ធ្វើការ​ហាលថ្ងៃ​ហាលភ្លៀង ប្រឈម​គ្រោះថ្នាក់​ច្រើន។

លោក គុយ ផេង៖ «បើ​ថា​ប្រៀប​ដូច​ខ្ញុំ​ធ្វើ ៤​អាង​នឹង បើ​មាន​ខ្ញុំ​ម្នាក់ឯង​មើល​ចង្រិត​គិត​ប្រាក់ចំណូល​ ថា​គិត​ថា ខែ​ជា​ថ្ងៃ​វិញ​ក្នុង​មួយថ្ងៃ​ខ្ញុំ​ដើរ​ជិះ​ម៉ូតូ​បេះ​បន្លែ​កាប់​ដើម​ចេក​កំប៉ិកកំប៉ុក​នាយអាយ​ចំណូល​ខ្ញុំ​ប្រហែល ៥​ទៅ ៦​ម៉ឺន​ក្នុង​មួយថ្ងៃ សម្រាប់​ខ្ញុំ​ម្នាក់»

ក្រុង​ព្រះសីហនុ​ជា​ក្រុង​ទេសចរណ៍​មួយ សម្បូរ​ទៅ​សណ្ឋាគារ ភោជនីយដ្ឋាន និង​រង្គសាល។ គេ​សង្កេតឃើញ​ថា ក្រៅ​ពី​ម្ហូប​សមុទ្រ ភ្ញៀវ​និយម​ទទួលទាន​ចង្រិត ឬ​ជា​គ្រឿងក្លែម។ ភ្ញៀវ​ខ្លះ​បញ្ជាក់​ថា ពួកគេ​ចូលចិត្ត​ទទួលទាន​ចង្រិត ព្រោះ​ចង្រិត​មាន​តម្លៃ​ថោក​ជាង​ម្ហូប​សមុទ្រ ហើយ​ម្យ៉ាង​វិញ​ទៀត​ ចង្រិត​មិន​មាន​ផ្ទុក​សារ​ជាតិ​កូលេសតូរ៉ល (Cholesterol) ដូច​គ្រឿង​សមុទ្រ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ទៅ​អនាគត​ទៀត​ផង។

ម្ចាស់​ភោជនីយដ្ឋាន​នានា រួម​ទាំង​អ្នកលក់​គ្រឿងក្លែម​ផ្សារ​រាត្រី​នៅ​តោ ២​ក្បែរ​អូរ​ឈើទាល ត្អូញត្អែរ​ថា សព្វថ្ងៃ​សេចក្ដី​ត្រូវការ​ទីផ្សារ​ចង្រិត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​កំពុង​ត្រូវការ​ខ្លាំង ចំណែក​ការ​ផ្គត់ផ្គង់​ ចង្រិត​លើ​ទីផ្សារ​នៅ​មានកម្រិត។ ហើយ​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​ពួកគាត់​មិន​មាន​ចង្រិត​លក់​ទេ ៖ «ភ្ញៀវ​គេ​រក​ច្រើន​ដែរ​ម្ដុំ​នេះ​គេ​ចូលចិត្ត​ចង្រិត។ ចង្រិត​អត់​អត់​ផង អត់​មាន​បី​ថ្ងៃ​ហើយ។ វា​មិនមែន​ថា​អត់​ដាច់​ទេ ដូច​ថា​អត់មាន​ថា​បី​បួន​ថ្ងៃ​ទៀត​បាន​មាន»

ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ចង្រិត​នៅ​ក្រុង​ព្រះសីហនុ​នេះ លោក គុយ ផេង អះអាង​ថា លោក​មាន​គម្រោង​ពង្រីក​កសិដ្ឋាន​ចិញ្ចឹម​ចង្រិត​របស់​លោក​ឲ្យបាន ២០​អាង​នៅ​ពេល​ឆាប់​ខាងមុខ​នេះ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។