គ្រួសារ​អ្នក​កាសែត​ជប៉ុន​ដែល​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម​មក​គោរព​វិញ្ញាណក្ខន្ធ

ភរិយា និង​មិត្តភក្ដិ​ជាច្រើន​នាក់​របស់​អ្នក​កាសែត​ជន​ជាតិ​ជប៉ុន​ម្នាក់​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន ឃ្យូដូ (Kyodo News Agency) បាន​មក​គោរព​វិញ្ញាណក្ខន្ធ​ចំពោះ​លោក កូគី អីស៊ិយ៉ាម៉ា (koki Ishiyama) ដែល​បាន​ស្លាប់​នៅ​ប្រទេស​កម្ពុជា នៅ​គ្រា​ដែល​មក​យក​ព័ត៌មាន​នៅ​ក្នុង​សង្គ្រាម​ទសវត្ស​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ កន្លង​ទៅ។

0:00 / 0:00

ពិធី​បង្សុកូល​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​ចំពោះ​អ្នក​កាសែត​ជប៉ុន លោក កូគី អីស៊ិយ៉ាម៉ា នៅ​វត្ត​ឧណ្ណាលោម នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៦ កុម្ភៈ គឺ​ជា​ផ្នែក​មួយ​នៃ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​ធំ​មួយ​រៀបចំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ចំពោះ​អ្នក​កាសែត​បរទេស​សរុប​ចំនួន ៣៧​នាក់ ដែល​បាន​ស្លាប់​ក្នុង​បេសកកម្ម​យក​ព័ត៌មាន​នៅ​ក្នុង​សង្គ្រាម​នៅ​កម្ពុជា កន្លង​មក។

អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​នៃ​របប​សេនា​ប្រមុខ លន់ នល់ លោក ឆាំង សុង និង​អ្នក​កាសែត​បរទេស​ជាច្រើន​នាក់​ទៀត ព្រម​ទាំង​តំណាង​ស្ថានទូត​បរទេស​មួយ​ចំនួន​ចូល​រួម​ក្នុង​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​ចំពោះ​អ្នក​កាសែត​ទាំង ៣៧​នាក់​នោះ។

ក្រសួង​ព័ត៌មាន​បាន​សាងសង់​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​មួយ​នៅ​មុខ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់ (Le Royal) ដើម្បី​ធ្វើ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​នៅ​ថ្ងៃ​ទី៦ ខែ​កុម្ភៈ។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មាន​អ្នក​កាសែត​ជប៉ុន សរុប​ចំនួន ១០​នាក់ បាន​ស្លាប់​នៅ​ក្នុង​សង្គ្រាម​នៅ​ប្រទេស​កម្ពុជា នៅ​ចន្លោះ​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ នៅ​ក្នុង​ចំណោម​អ្នក​កាសែត​បរទេស​សរុប ៣៧​នាក់​នោះ។

អ្នកស្រី យូកូ អីស៊ិយ៉ាម៉ា (Yoko Ishiyama) ជា​ភរិយា​របស់​អ្នក​កាសែត​ជន​ជាតិ​ជប៉ុន ម្នាក់ ឈ្មោះ កូគី អីស៊ិយ៉ាម៉ា ដែល​បាន​ស្លាប់​នៅ​ក្នុង​សង្គ្រាម​នៅ​កម្ពុជា កាល​ពី​ឆ្នាំ​១៩៧៤ កន្លង​ទៅ បាន​និយាយ​ប្រាប់​អ្នក​កាសែត​នៅ​ក្បែរ​ស្តូប​គោរព​វិញ្ញាណក្ខន្ឋ នៅ​ថ្ងៃ​ទី៦ ខែ​កុម្ភៈ ថា ស្វាមី​របស់​អ្នកស្រី​បាន​បំពេញ​បេសកកម្ម​យក​ព័ត៌មាន​យ៉ាង​ក្លាហាន​នៅ​កម្ពុជា។

អ្នកស្រី យូកូ អីស៊ិយ៉ាម៉ា៖ «ខ្ញុំ​មក​ទី​នេះ គឺ​បួង​សួង​សុំ​ឲ្យ​ព្រលឹង​របស់​ស្វាមី​ខ្ញុំ ទៅ​សោយ​សុខ​នៅ​ឋាន​សួគ៌ា ហើយ​សុំ​កុំ​ព្រួយ​បារម្ភ​អ្វី​ចំពោះ​កូនៗ ពីព្រោះ​កូន​ប្រុស និង​កូន​ស្រី​របស់​យើង បាន​ធំ​ហើយ​នៅ​ពេល​នេះ។ កូន​ប្រុស គឺ​ជា​កូន​បង ចំណែក​ឯ​កូន​ស្រី គឺ​ជា​កូន​ពៅ។ កូន​ប្រុស​របស់​យើង​ក៏​បាន​ក្លាយ​ជា​អ្នក​កាសែត​អាជីព​ម្នាក់​ដែរ»

អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន ឃ្យូដូ លោក ពុយ គា និង​ជា​អ្នក​សម្រប​សម្រួល​ឲ្យ​មាន​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​នេះ បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ថា នេះ​ជា​ការ​រំលឹក​វិញ្ញាណក្ខន្ធ​លើក​ទី២ តាំង​ពី​ឆ្នាំ​២០១០ កន្លង​មក៖ «គឺ​ទី១ ដោយ​សារ​ថា​យើង​មាន​ធ្វើ​ស្តូប​ធំ​មួយ​នៅ​មុខ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់ ជា​ស្តូប​អនុស្សាវរីយ៍ ដើម្បី​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​អ្នក​កាសែត​ជន​ជាតិ​បរទេស​ទាំង​អស់ ហើយ​និង​ខ្មែរ​យើង​ដែល​បាន​ស្លាប់​ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ គឺ​មាន​ចំនួន ៣៧​រូប។ ហើយ​ដោយ​ឡែក​នៅ​ទីនេះ គឺ​មាន​ស្តូប​អនុស្សាវរីយ៍​រំលឹក​វិញ្ញាណក្ខន្ធ​ម្នាក់​ទៀត​ដល់​ជន​ជាតិ​ជប៉ុន មួយ​រូប ដែល​គ្រួសារ​របស់​គាត់ មាន​ន័យ​ថា ប្រពន្ធ​របស់​គាត់​នៅ​រស់​រាន​មាន​ជីវិត​នៅ​ឡើយ ហើយ​បច្ចុប្បន្ន​នេះ ប្រពន្ធ​របស់​គាត់​អាយុ ៦៧​ឆ្នាំ​ហើយ»

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ និង​អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ឆាំង សុង បាន​ដឹកនាំ​ក្រុម​អ្នក​កាសែត​ជាតិ និង​អន្តរជាតិ​ជាច្រើន​នាក់ ទៅ​រំលឹក​វិញ្ញាណក្ខន្ធ​ចំពោះ​អ្នក​កាសែត​ចំនួន ៩​នាក់​ទៀត ដែល​ត្រូវ​បាន​ទាហាន​ខ្មែរ​ក្រហម​សម្លាប់​នៅ​ក្បែរ​វត្ត​ពោធិ៍ នៅ​ក្នុង​ឃុំ​ពោធិ៍ធំ ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ កាល​ថ្ងៃ​ទី៥ ខែ​កុម្ភៈ កន្លង​ទៅ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។