ដើមបណ្ដឹងរដ្ឋប្បវេណីទាមទារឲ្យអតីតមេដឹកនាំខ្មែរក្រហមសារភាព
2013.02.07
ជនរងគ្រោះទទូចឱ្យអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ជាជនជាប់ចោទទាំង ៣នាក់ ក្លាហានហ៊ានធ្វើស្វ័យទិតៀន និងសារភាពការទទួលខុសត្រូវចំពោះការដឹកនាំរបស់ខ្លួន ដែលនាំឱ្យប្រទេស និងពលរដ្ឋកម្ពុជា អន្តរាយ។
ការទទូចបែបនេះ ត្រូវបានធ្វើឡើងដោយដើមបណ្ដឹងរដ្ឋប្បវេណី ឈ្មោះ ពិន យ៉ាថៃ ពេលថ្លែងអំពីទុក្ខសោក មុនបញ្ចប់សក្ខីកម្មរបស់គាត់ក្នុងសវនាការសាលាក្ដីខ្មែរក្រហម នៅរសៀលថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០១៣។
លោក ពិន យ៉ាថៃ៖ «អស់លោកជនជាប់ចោទទាំងបី គួរតែសារភាពកំហុស និងឧក្រិដ្ឋកម្មទាំងឡាយនោះដោយសុទ្ធចិត្ត និងដោយស្មោះស្ម័គ្រឱ្យសមជាអ្នកបដិវត្តន៍គំរូ ដែលហ៊ានទទួលខុសត្រូវទាំងស្រុងចំពោះអំពើមិនគប្បីដែលខ្លួនបានប្រព្រឹត្ត»។
ជនរងគ្រោះដែលជាដើមបណ្ដឹងរដ្ឋប្បវេណី ឈ្មោះ ពិន យ៉ាថៃ អំពាវនាវទៅកាន់ជនជាប់ថា ប្រសិនបើពួកគាត់ធ្វើស្វ័យទិតៀន និងសារភាពមែននោះ ដំណើរការជំនុំជម្រះក្ដីរកការពិត និងយុត្តិធម៌ដល់ជនរងគ្រោះខ្មែរ នឹងឆាប់ចប់ជាស្ថាពរ។ លោក ពិន យ៉ាថៃ អះអាងថា លោកគឺជាមនុស្សតែម្នាក់គត់ដែលនៅរស់ក្នុងចំណោមសមាជិកគ្រួសារសាច់ញាតិ ១៨នាក់ផ្សេងទៀត ដែលបានស្លាប់ដាច់ពូជក្នុងរបបខ្មែរក្រហម។ នៅក្នុងចំណោមគ្រួសារសាច់ញាតិរបស់លោកខ្លះ ត្រូវស្លាប់ដាច់ពូជ។
លោក ពិន យ៉ាថៃ ថ្លែងថា អង្គការបដិវត្តន៍របស់ខ្មែរក្រហម បានបំផ្លាញប្រទេស និងប្រជាពលរដ្ឋកម្ពុជា ឱ្យទទួលរងវិនាសកម្មហួសពីការស្មាន។
បន្ទាប់ពីការឆ្លងកាត់ភាពរងគ្រោះក្នុងរបបខ្មែរក្រហម លោក ពិន យ៉ាថៃ បាននិពន្ធសៀវភៅមួយមានចំណងជើងថា "ជីវិតកូនថ្លៃ កូនត្រូវតែរស់"។ លោក ពិន យ៉ាថៃ បានរៀបរាប់អំពីហេតុការណ៍នយោបាយនានាដែលកើតមានក្នុងសង្គមកម្ពុជា និងរបបខ្មែរក្រហម នៅឆ្នាំ១៩៧៥។
សវនាការនៅថ្ងៃទី៧ កុម្ភៈ យើងឃើញមានតែជនជាប់ចោទ ខៀវ សំផន ទេ ដែលចូលរួមនៅក្នុងសវនាការផ្ទាល់។ រីឯជនជាប់ចោទ អៀង សារី ចូលរួមតាមដានសវនាការដោយប្រយោលតាមទូរទស្សន៍ពីចម្ងាយ ហើយជនជាប់ចោទ នួន ជា មិនបានចូលរួមទេ ដោយសារតែគាត់មានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ប្រធានអង្គជំនុំជម្រះសាលាដំបូង លោកចៅក្រម និល ណុន ប្រកាសឱ្យដឹងថា នៅថ្ងៃសុក្រ ទី៨ និងនៅសប្ដាហ៍ក្រោយនេះ នឹងមិនមានសវនាការទេ ហើយអង្គជំនុំជម្រះលើកយកសវនាការទៅធ្វើបន្តនៅថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ដដែល។ លោកចៅក្រម និល ណុន បញ្ជាក់មូលហេតុថា ការផ្អាកសវនាការនេះ គឺទាក់ទងនឹងជនជាប់ចោទ នួន ជា ដែលកំពុងសម្រាកនៅមន្ទីរពេទ្យ។
លោកចៅក្រម និល ណុន៖ «បច្ចុប្បន្ន គាត់កំពុងសម្រាកទទួលការព្យាបាលនៅឯមន្ទីរពេទ្យនៅឡើយ ហើយលោក នួន ជា ក៏មិនបានលះបង់សិទ្ធិក្នុងការចូលរួមសវនាការពិភាក្សាដេញដោលក្នុងការស្ដាប់សក្ខីកម្មសាក្សី ឬដើមបណ្ដឹងរដ្ឋប្បវេណី ឬអ្នកជំនាញ ដែលនឹងត្រូវមកផ្ដល់សក្ខីកម្មនាពេលខាងមុខដែរ។ ដូចជាសវនាការលើប្រធានបទផ្សេងៗដទៃទៀត ក៏ដូច្នោះដែរ»។
លោកចៅក្រម និល ណុន ថ្លែងបន្តថា អង្គជំនុំជម្រះនឹងប្រកាសឱ្យដឹងអំពីស្ថានភាពសុខភាពរបស់ជនជាប់ចោទ នួន ជា នៅពេលណាអង្គជំនុំជម្រះទទួលបានព័ត៌មានជាក់លាក់។ លោកចៅក្រមប្រមើលមើលថា ស្ថានភាពរបស់ជនជាប់ចោទ នួន ជា ទំនងជាមិនមានប៉ះពាល់ទេ៖ «លោក នួន ជា គាត់ទំនងជាមិនមានស្ថានភាពរបស់គាត់ដែលមិនអាចឱ្យចូលរួមសវនាការបានដែរ នៅថ្ងៃច័ន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣»។
កាលពីប៉ុន្មានថ្ងៃមុននេះ មេធាវីការពារក្ដីជនជាប់ចោទ នួន ជា ឱ្យដឹងថា សុខភាពកូនក្ដីរបស់លោកមានស្ថានភាពរឹតតែធ្ងន់ធ្ងរ។
លោកចៅក្រម និល ណុន ប្រកាសដល់ភាគីក្នុងសំណុំរឿងលេខ០០២ ថា សវនាការនៅថ្ងៃទី១៨ កុម្ភៈ អង្គជំនុំជម្រះនឹងស្ដាប់សក្ខីកម្មរបស់អ្នកជំនាញអន្តរជាតិមួយរូប ឈ្មោះ អេលីហ្សាប៊ែត បែកឃើរ (Elizabeth Becker)។ អ្នកស្រី អេលីហ្សាប៊ែត បែកឃើរ ជាអ្នកកាសែតអាមេរិកាំង ដែលត្រូវរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ អនុញ្ញាតឱ្យចូលមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៧៨៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។