ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក អ៊ឹម សួស្ដី បានមានប្រសាសន៍នៅក្នុងពិធីចាប់ឆ្នោតនោះថា ការចាប់ឆ្នោតដើម្បីកំណត់លេខរៀងឈ្មោះគណបក្សនយោបាយ គឺជួយបង្កលក្ខណៈងាយស្រួលសម្រាប់គណបក្សនីមួយៗក្នុងការឃោសនា និងជួយឲ្យអ្នកបោះឆ្នោតកាន់តែមានភាពងាយស្រួលក្នុងការចំណាំគណបក្សដែលខ្លួនស្រឡាញ់ ។
លោក អ៊ឹម សួស្ដី បានមានប្រសាសន៍ថា ៖ «លទ្ធផលនៃការចាប់ឆ្នោតលេខរៀងគណបក្សនយោបាយលើសន្លឹកឆ្នោតមានអត្ថន័យសំខាន់ណាស់សម្រាប់គណបក្សនយោបាយទាំងអស់ដែលឈរឈ្មោះបោះឆ្នោត ។ ការកំណត់លេខរៀងគណបក្សនយោបាយនីមួយៗលើសន្លឹកឆ្នោតនឹងជួយបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយពាក់ព័ន្ធក្នុងការឃោសនាបោះឆ្នោត ការបោះឆ្នោត និងជួយឲ្យអ្នកបោះឆ្នោតអាចស្គាល់បានដោយងាយស្រួលនូវគណបក្សនយោបាយដែលគាត់ស្រឡាញ់ពេញចិត្ត» ។
ការចាប់សន្លឹកឆ្នោតគឺត្រូវបានធ្វើឡើងដោយសម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ ប៊ូ គ្រី និងសម្ដេចព្រះសង្ឃនាយក នន្ទ ង៉ែត ។
ផ្អែកតាមលទ្ធផលនៃការចាប់ឆ្នោតកំណត់លេខរៀងបានបង្ហាញដូចតទៅ ៖ លេខរៀងទី១ គឺគណបក្ស នរោត្តម រណឫទ្ធិ, លេខ២ គណបក្ស ប្រជាធិបតេយ្យខ្មែរ, លេខ៣ គណបក្ស សម័្ពន្ធដើម្បីប្រជាធិបតេយ្យ, លេខ៤ គណបក្ស ប្រជាជនកម្ពុជា, លេខ៥ គណបក្ស ខ្មែរឈប់ក្រ, លេខ៦ គណបក្ស ខ្មែរសាធារណរដ្ឋ, លេខ៧ គណបក្ស សង្គមយុត្តិធម៌, លេខ៨ គណបក្ស ហ៊្វុនស៊ិនប៉ិច, លេខ៩ គណបក្ស សមរង្ស៊ី, លេខ១០ គណបក្ស ហង្សដារ៉ាចលនាប្រជាធិបតេយ្យ និងលេខ១១ គណបក្ស សិទ្ធិមនុស្ស ។
នៅក្នុងការចាប់ឆ្នោតកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយនោះ មានការចូលរួមពីតំណាងគណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោត តំណាងប្រទេសម្ចាស់ជំនួយសម្រាប់ការបោះឆ្នោត តំណាងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) តំណាងអង្គទូតនិងអង្គការក្រៅរដ្ឋាភិបាលនានា ។
គួរជម្រាបថា នៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៤ខាងមុខនេះ មានគណបក្សចំនួន១១ចូលរួម ហើយមានអាសនៈសរុបចំនួន ១២៣អាសនៈ ។
គណបក្សនយោបាយទាំងអស់សុទ្ធតែបានដាក់បញ្ជីឈ្មោះបេក្ខជនគ្រប់ខេត្តក្រុង លើកលែងតែគណបក្សសង្គមយុត្តិធម៌ គណបក្សខ្មែរឈប់ក្រ និងគណបក្សខ្មែរសាធារណរដ្ឋ ដែលមិនបានដាក់បញ្ជីឈ្មោះបេក្ខជននៅក្នុងខេត្តមួយចំនួន ៕