អង្គការ​ក្នុង​ស្រុក​មួយ​នាំ​លិខិត​ថ្វាយ​ព្រះ​មហាក្សត្រ​ថៃ​ដើម្បី​ឲ្យ​ថៃ​ដក​ទ័ព

អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ​ដឹកនាំ​ដោយ​លោក មឿង សុន បាន​នាំ​លិខិត​ថ្វាយ​ព្រះករុណា ព្រះ​មហាក្សត្រ​ថៃ តាម​រយៈ​ស្ថានឯកអគ្គរាជទូត​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ថ្ងៃ​ទី​៣១ កក្កដា​នេះ ដើម្បី​សូម​ព្រះករុណា ភូមិផុន អាឌុនយ៉ាដេត ទ្រង់​ព្រះរាជ​តំរិះ​ព្រះរាជ​ត្រាស់​បង្គាប់​ដល់​កម្លាំង​ប្រដាប់​អាវុធ​នៃ​ព្រះរាជាណាចក្រ​ថៃ ឲ្យ​ដក​ចេញ​ពី​បរិវេណ​វត្ត​កែវសិក្ខាគិរីស្វារៈ ដែល​ជា​វត្ត​របស់​ខ្មែរ​ស្ថិត​នៅ​លើ​ទឹក​ដី​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ ។

ការស្នើសុំ​ឲ្យ​កងទ័ព​ថៃ​ដក​ចេញ​ពី​បរិវេណ​វត្ត​កែវសិក្ខាគិរីស្វារៈ​ដោយ​ព្រះ​មហាក្សត្រ​ថៃ​នេះ ត្រូវ​បាន​លោក មឿង សុន ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ​ពន្យល់​ថា ៖ «លិខិត​របស់​យើង​ហ្នឹង គឺ​យើង​ស្នើ​ហ្នឹង​គឺ​អត់​មាន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ទេ គឺ​យើង​សុំ​ឲ្យ​កម្លាំង​ប្រដាប់​អាវុធ​ទាំង​សងខាង ទាំង​ភាគី​កម្ពុជា​ក៏​ដូច​ជា​ភាគី​ថៃ ទាំង​ពីរ​ភាគី​ហ្នឹង​គឺ​រក​ការជួប​គ្នា​ដក​កងទ័ព​ជាមួយ​គ្នា»

លោក មឿង សុន បាន​ជួប​ពិភាក្សា​និង​សំណេះ​សំណាល​ជាមួយ​លេខា​ទី​មួយ​នៃ​ស្ថានឯកអគ្គរាជទូត​ថៃ ប្រមាណ​ជា​១​ម៉ោង​ដោយ​បាន​លើក​យក​នូវ​បញ្ហា​អាក្រក់​ជា​ច្រើន​ដែល​បណ្តាល​មក​ពី​ការដែល​ទាហាន​ខ្មែរ​ថៃ​មិន​ព្រម​ដក​ចេញ​ពី​បរិវេណ​វត្ត​កែវសិក្ខាគិរីស្វារៈ​ហៅ​វត្ត​ព្រះវិហារ ។

លោក​បាន​មាន​ប្រសាសន៍​ទៅ​ដល់​ផល​ប៉ះពាល់​នៃ​បរិស្ថាន​ដែល​បង្កឡើង​ដោយ​កងទ័ព​ខែ្មរ​ថៃ​ដែល​កំពុង​ឈរ​ជើង​នៅ​ទីសក្ការៈ​ខ្មែរ​ដែល​រង​ការបំពាន​ពី​ទ័ព​ថៃ ។

លោក មឿង សុន បាន​មាន​ប្រសាសន៍​ថា ៖ «ទាហាន​ទាំងអស់​រាប់​រយ​នាក់​នាំ​គ្នា​បត់​ជើង​បត់​ដៃ ចោល​សំរាម​នៅ​លើ​ទួល ពីព្រោះ​វត្ត​ហ្នឹង​កសាង​នៅ​លើ​ទួល ហើយ​នៅ​ក្រោម​ទួល​ជំរាល​ចុះ​ទៅ​ហ្នឹង​មាន​ស្រះ​ទឹក អ៊ីចឹង​ធ្វើ​ឲ្យ​ការបត់​ជើង​បត់​ដៃ និង​ចោល​សំរាម​ទាំងអស់​ហ្នឹង ពេល​ភ្លៀង​មក​ធ្វើ​ឲ្យ​រលាយ​ហូរ​ចូល​ទៅ​ក្នុង​ទឹក​ហ្នឹង​ធ្វើ​ឲ្យ​ទឹក​ហ្នឹង​ខូច»

គួរ​រំឭក​ថា​រដ្ឋមន្រី្ត​ការ​បរទេស​នៃ​ប្រទេស​កម្ពុជា​បាន​ជួប​ចរចា​ជាមួយនឹង​រដ្ឋមន្រ្តី​ការ​បរទេស​ថៃ​នៅ​ឯ​ខេត្ត​សៀមរាប កាលពី​ថៃ្ង​ច័ន្ទ ទី​២៨ ខែ​កក្កដា​កន្លង​ទៅ​នេះ ដើម្បី​ដោះស្រាយ​លើ​ដី​ជុំវិញ​តំបន់​ប្រាសាទ​ព្រះវិហារ​ដែល​ភាគី​ថៃ​ចោទ​ថា​ជា​ដី​មាន​ជម្លោះ ។

បន្ទាប់ពី​កិច្ច​ចរចា​នោះ​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង បាន​ឲ្យ​ដឹង​ពី​ចំណុច​ជោគជ័យ​មួយ​ថា ប្រទេស​ទាំង​ពីរ​យល់ព្រម​ដក​កម្លាំង​ទ័ព​ចេញ​ពី​ទឹក​ដី​ដែល​កំពុង​មាន​ទំនាស់​នោះ ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ភាគី​ថៃ​មិន​ព្រម​ដក​កម្លាំង​ចេញ​ពី​តំបន់​នោះ​ឡើយ​ដោយ​រង់ចាំ​ការចេញ​បញ្ជា​ពី​រដ្ឋាភិបាល​របស់​ខ្លួន ។

លោក មឿង សុន បាន​ឲ្យ​ដឹង​ថា​វត្តមាន​នៃ​ព្រះ​មហាវីរក្សត្រ នរោត្តម សីហនុ គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់​ក្នុង​ការដោះស្រាយ​ជម្លោះ​ព្រំដែន​ខ្មែរ​ថៃ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ។

លោក មឿង សុន បាន​បញ្ជាក់​ថា ៖ «បើ​លោក​សព្វ​ព្រះទ័យ​លោក​ចូលរួម​ដោះស្រាយ​ជា​ការល្អ​ដែរ ពីព្រោះ​លោក​បាន​ដឹង​រឿង​ប្រវត្តិសាស្ត្រ​តាំងពី​ឆ្នាំ​១៩៦២ ដែល​ប្រាសាទ​ព្រះវិហារ​ឈ្នះ​ក្ដី​នៅ​តុលាការ​ឡាអេ​នោះ»

ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ​រូប​នេះ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា កម្ពុជា​ត្រូវ​ស្វែងរក​សហគមន៍​អន្តរជាតិ​ឲ្យ​ចូលរួម​ក្នុង​កិច្ច​ចរចា​រវាង​កម្ពុជា​និង​ថៃ ពីព្រោះ​ថៃ​គេ​បាន​ស្វែងរក​ការជួយ​ពី​អន្តរជាតិ​រួច​ទៅ​ហើយ តួយ៉ាង​គឺ​ថៃ​បាន​នាំ​មន្រ្តី​យោធា​អម​ស្ថានទូត​១១ ប្រទេស​មក​ពិនិត្យ​តំបន់​ដែល​មាន​ជម្លោះ កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៨ កក្កដា គឺ​នៅ​ថ្ងៃ​ដែល​ប្រទេស​ទាំង​ពីរ​បាន​បើក​កិច្ចចរចា​ជា​មួយ​គ្នា ៕